មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បន្តចោទប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន និងភរិយាគឺអ្នកស្រី ប៊ុន រ៉ានី ជាអ្នកនៅពីក្រោយការសម្លាប់សាច់ញាតិ បុគ្គលល្បីៗ ក្នុងនោះរួមទាំងអតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ផង។ ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បដិសេធថា រដ្ឋាភិបាលនិងគ្រួសារលោកមិនជាប់ពាក់ព័ន្ធនឹងឃាតកម្មនយោបាយ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានបង្ហោះសារលើហ្វេសប៊ុក នៅថ្ងៃទី២៤ ខែមករា ដោយចោទត្រង់ៗ ថា លោក ហ៊ុន សែន ជាមួយភរិយាគឺអ្នកស្រី ប៊ុន រ៉ានី ជាប់ពាក់ព័ន្ធនឹងឃាតកម្មលើអ្នកស្រី ពិសិដ្ឋ ពិលិកា លោក ជា វិជ្ជា លោក ឈុត វុទ្ធី បណ្ឌិត កែម ឡី និងលោក លិម គិមយ៉ា ជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៥ ខែមករា។ ប៉ុន្តែកន្លងទៅទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត តែងបដិសេធការចោទប្រកាន់ពាក់ព័ន្ធឃាតកម្មទាំងនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ ខែមករា បានចេញប្រតិកម្មទាំងកំហឹង ដោយច្រានចោលការចោទប្រកាន់ឪពុកលោក គឺលោក ហ៊ុន សែន និងរដ្ឋាភិបាល ពាក់ព័ន្ធឃាតកម្មលើលោក លិម គិមយ៉ា នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា។
ទោះជាយ៉ាងណាក្ដី របាយការណ៍របស់អង្គការសហប្រជាជាតិថា លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការទទួលខុសត្រូវ លើការសម្លាប់បាតុករ និងប្រជាពលរដ្ឋយ៉ាងតិច ១៦នាក់ និងរបួសធ្ងន់ជាង ១២០នាក់ ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកលើហ្វូងបាតុករ ដែលដឹកនាំ ដោយលោក សម រង្ស៊ី នៅខែមីនា ឆ្នាំ១៩៩៧។ លោក ហ៊ុន សែន ក៏ជាប់ឈ្មោះ ក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ ថា លោកជាមេដឹកនាំរដ្ឋប្រហារ នៅខែកក្កដា ឆ្នាំ១៩៩៧ ដែលបានសម្លាប់ទាហាន និងកម្លាំងប្រដាប់អាវុធរបស់គណបក្សហ៊្វុនស៊ិនប៉ិច ប្រជាពលរដ្ឋ រួមទាំងកុមារជាង ២០០នាក់។
បន្ថែមលើសនេះ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានបង្ហាញរបាយការណ៍ថា លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវលើការសម្លាប់បាតុករ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ ការបង្ក្រាបដោយហិង្សាលើបាតុកម្មនៅផ្លូវ វេង ស្រេង ឆ្នាំ២០១៤ រួមទាំងអំពើឃាតកម្មជាប្រព័ន្ធ ដែលបានសម្លាប់បុគ្គលល្បីៗ ដូចជា អ្នកស្រី ពិសិដ្ឋ ពិលីកា ព្រះអង្គ សំ ប៊ុនធឿន លោក ឈុត វុទ្ធី លោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី ព្រមទាំងមេដឹកនាំសហជីព អ្នកនយោបាយ និងអ្នកសារព័ត៌មានជាច្រើននាក់ទៀត។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរីថារាល់ករណីឃាតកម្មទាំងនោះ រដ្ឋាភិបាលត្រកូល ហ៊ុន មិនដែលវែកមុខជនឧក្រិដ្ឋពិតប្រាកដ យកមកផ្ដន្ទាទោសម្តងណាឡើយ ខណៈលោក ហ៊ុន សែន តែងព្យាយាមទុករឿងឱ្យស្ងាត់ ដើម្បីកុំឱ្យមហាជនចាប់អារម្មណ៍។
លោក ម៉ែន ណាត៖«ករណីឃាតកម្មទាំងអស់នេះមិន ដែលវែកមុខឃាតករពិតប្រាកដទេ សម្លាប់គេហើយស្ងាត់ឈឹង សម្លាប់ហើយស្ងាត់ឈឹង ដូចករណីលោក ជា វិជ្ជា ទៅជាយកមនុស្សពីរនាក់មកធ្វើពពែមកជំនួសដល់ពេលស៊ើបចុះឡើងដោះលែងវិញ។ អាហ្នឹងជាអំពើឧក្រិដ្ឋរបស់អ្នកនយោបាយគឺលោក ហ៊ុន សែន ជាអ្នកបញ្ជាឱ្យប្រព្រឹត្តបទឧក្រិដ្ឋដើម្បីបង្រ្កាបសំឡេងប្រឆាំង និងរក្សាអំណាចតពូជរបស់គាត់»។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រកឃើញថា លោក ហ៊ុន សែន អាចរក្សាដំណែងទល់សព្វថ្ងៃ តាមរយៈការប្រើប្រាស់អំពើហិង្សា កេងបន្លំការបោះឆ្នោត ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។ អង្គការនេះបន្តថា លោក ហ៊ុន សែន ជាអ្នកពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមមានអំពើកាប់សម្លាប់ក្រៅច្បាប់ ទារុណកម្ម ការចាប់ឃុំខ្លួន និងការបង្កើតបណ្ដាញស៊ើបការណ៍ រាយការណ៍នៅពេញប្រទេស ក្នុងគោលបំណងបំភិតបំភ័យ បំភាន់សាធារណមតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
