អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​យក​សេចក្ដី​សុខ​របស់​លោក កឹម សុខា និង​រឿង​ជាតិ​ដើម្បី​ឈ្នះ​ចាញ់

ដោយ មួង ណារ៉េត
2018.11.09
សម រង្ស៊ី កឹម សុខា និង​ហ៊ុន សែន ៦១០ ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tin Zakariya

អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​យក​សេចក្តី​សុខ របស់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា និង​រឿង​ជាតិ ជា​ល្បែង​ដើម្បី​ភ្នាល់​យកឈ្នះ​ចាញ់ ក្រោយ​លោក ហ៊ុន សែន ប្រកាស​ព្រម​ភ្នាល់​រឿង​ដោះលែង ឬ​មិន​ដោះលែង​លោក កឹម សុខា មុន​ថ្ងៃទី៣ ខែ​មីនា ឆ្នាំ​ក្រោយ។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ ចាត់​ទុក​ការណ៍​ដែល​លោក ហ៊ុន សែន យក​ការ​ដោះលែង ឬ​មិន​ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ តំណាង​ឲ្យ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ជាង បី​លាន​នាក់ មក​ភ្នាល់​គ្នា​លេង​បែបនេះ គឺជា​កំហុស​ខុសឆ្គង​ធំ​បំផុត​មួយ ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​ជាតិ​សាសន៍​ខ្មែរ​ទាំងមូល។

លោក គឹម សុខ ចាត់​ទុក​អាកប្បកិរិយា​របស់​លោក ហ៊ុន សែន បែបនេះ ថា​បង្ហាញ​ឲ្យ​ឃើញ​អំពី​ចរិត​មេដឹកនាំ ដែល​មិន​អាច​រក​ប្រយោជន៍​ជូន​ជាតិ និង​មិន​គួរ​កូន​ខ្មែរ​យក​តម្រាប់​តាម​នោះ​ឡើយ៖ «លោក សម រង្ស៊ី រុក​ទៅ លោក ហ៊ុន សែន គាត់​ថា​គាត់​ហ៊ាន​ភ្នាល់។ សម្ដី​លោក ហ៊ុន សែន ក្នុងនាម​ខ្លួនឯង ដែល​ប្រកាស​ខ្លួន​ថា ជា​មេដឹកនាំ​ជាតិ ពាក្យ​ភ្នាល់​គ្នា​មួយ​ម៉ាត់​នេះ និយាយ​ឲ្យ​ចំ​មិនមែន​លក្ខណៈ នៃ​មេដឹកនាំ​ជាតិ​នោះ​ទេ។ បើ​យើង​ពិនិត្យ​ឲ្យ​ច្បាស់​ទៅ គឺជា​ការ​បង្ហាញ​គំរូ​អាក្រក់​សម្រាប់​ជាតិ ពីព្រោះ​ល្បែងភ្នាល់ គេ​និយាយ​តែ​ជាមួយ​នឹង​ក្មេង​កាង​តាម​ភូមិ និយាយ​តែ​ជាមួយ​អ្នក​លេងបៀ​អាប៉ោង ផឹកស៊ី​ប៉ោឡែ​ទេតើ​! និយាយ​ជាមួយ​ដែល​អត់​ហេតុផល​ពន្យល់​ច្បាស់លាស់​ទេតើ!»

លោក ហ៊ុន សែន តាមរយៈ​ប្រព័ន្ធ​ឃោសនា​របស់​លោក កាលពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា បាន​ប្រកាស​ព្រម​ភ្នាល់​ជាមួយ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី រឿង​មិន​ដោះលែង​លោក កឹម សុខា ឆាប់ៗ។ លោក ហ៊ុន សែន ដែល​ឧស្សាហ៍​បបួល​លោក សម រង្ស៊ី ស្បថស្បែ​ដែរ​នោះ ថែមទាំង​ប្រកាស​ឲ្យ​ពិភពលោក ជួយ​ធ្វើជា​សាក្សី​ក្នុង​រឿង​ភ្នាល់​នេះ​ទៀត​ផង។ លោក​ហ៊ាន​ភ្នាល់​ថា​លោក កឹម សុខា នឹង​មិន​ត្រូវ​បាន​ដោះលែង នៅមុន​ថ្ងៃទី៣ ខែ​មីនា ឆ្នាំ​ក្រោយ តាម​ការ​បបួល​ភ្នាល់​របស់​លោក សម រង្ស៊ី នោះ​ជាដាច់ខាត។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន ធ្វើឡើង​តែ​ប៉ុន្មាន​នាទី ក្រោយ​លោក សម រង្ស៊ី សរសេរ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ថា​លោក​ហ៊ាន​ភ្នាល់​ដើរចូល​គុក បើ​ថា​លោក កឹម សុខា មិន​ដោះលែង​ឆាប់ៗ ក្រោម​សម្ពាធ​អន្តរជាតិ។ លោក សម រង្ស៊ី បបួល​លោក ហ៊ុន សែន ឲ្យ​ភ្នាល់​ចុះ​ចេញពី​តំណែង បើ​ចាញ់​ការ​ភ្នាល់​នេះ។ លោក​អះអាង​ថា លោក​នៅតែ​ជឿជាក់​ថា ក្រោម​សម្ពាធ​អន្តរជាតិ លោក ហ៊ុន សែន នឹង​ត្រូវ​បង្ខំចិត្ត​ដោះលែង​លោក កឹម សុខា ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ អាច​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ ២០១៨ នេះ ឬក៏​យ៉ាងយូរ​បំផុត ត្រឹម​ថ្ងៃ៣ ខែ​មីនា ឆ្នាំ​២០១៩។

លោក សម រង្ស៊ី បន្ត​ថាបើ​លោក ហ៊ុន សែន ចាញ់​លោក ក្នុង​ការ​ភ្នាល់​នេះ លោក ហ៊ុន សែន មិន​ចាំ​បាច់​កាត់​ក​ខ្លួនឯង ដូច​ក្នុង​ការសន្យា​បញ្ឈប់​ការ​កាប់​ព្រៃឈើ​នោះ​ទេ។ លោក​គ្រាន់តែ​សុំ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង​បាន​ហើយ។ តែ​បើ​លោក​ចាញ់​លោក ហ៊ុន សែន វិញ លោក​សុខចិត្ត​ដើរចូល​ឲ្យ​លោក ហ៊ុន សែន ចាប់​លោក​យក​ទៅ​ឃុំ​ទន្ទឹម​នឹង​លោក កឹម សុខា។

លោក សម រង្ស៊ី សម្អាង​លើក​ភាព​ជឿជាក់ ថា គេ​មិន​អាច​បន្ត​ឃុំខ្លួន​លោក កឹម សុខា បាន​ហួស​ពី​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំក្រោយ​នោះ គឺ​ទី​មួយ ដោយសារតែ​រយៈពេល នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នឹង​ត្រូវ​ផុត​កំណត់​នៅ​ត្រឹម​ថ្ងៃ​នោះ និង​ទី​ពីរ​គឺ​សម្ពាធ​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប ដែល​កំពុង​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា និង​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ជា​ថ្នូរ​នឹង​ការ​មិន​ដក​ការ​អនុគ្រោះ​ពន្ធ។

លោក គឹម សុខ ថា លោក ហ៊ុន សែន ដែល​មេដឹកនាំ​ចាស់​វស្សា បែរ​ជា​ធ្លាក់​ក្នុង​អន្ទាក់ នៃ​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​ចង់​ចាក់​ឲ្យ​លោក ហ៊ុន សែន លោត​ដើម្បី​លាតត្រដាង​ឲ្យ​ពិភពលោក ឃើញ​កាន់តែ​ច្បាស់​ថា ស្រុក​ខ្មែរ​ពិតជា​គ្មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ គ្មាន​គោរព​នីតិរដ្ឋ​អ្វី​ទាំងអស់ ព្រោះ​អំណាច​គ្រប់យ៉ាង ស្ថិត​នៅ​ក្នុង​ដៃ​តែ​មនុស្ស​ម្នាក់ គឺ​លោក ហ៊ុន សែន នេះឯង៖ «គេ​អាច​មើល​ច្បាស់​ថា លោក ហ៊ុន សែន ពិតជា​អ្នកបញ្ជា​អ្វីៗ​ទាំងអស់ នៅ​ប្រទេស​កម្ពុជា​មែន។ គោលដៅ​របស់​លោក សម រង្ស៊ី គឺថា​ឲ្យ​លោក ហ៊ុន សែន បង្ហាញ​ឲ្យ​កាន់តែ​ឃើញច្បាស់ ដើម្បី​ទាមទារ ឲ្យ​អន្តរជាតិ​ក្ដី ពលរដ្ឋ​ខ្មែរ​ក្ដី ចូលរួម​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន ឲ្យ​កាន់តែ​ខ្លាំង»

អ្នកវិភាគ​ដដែល​បន្ត​ថា លោក ហ៊ុន សែន ចៀស​មិន​ផុត​ពី​ដោះលែង​លោក កឹម សុខា នោះ​ឡើយ។ប៉ុន្តែ ក្នុង​រយៈពេល​មុន​ការ​ដោះលែង​នេះ លោក ហ៊ុន សែន ត្រូវការ​ពេលវេលា ដើម្បី​លោក​អាច​ពង្រឹង​ខ្លួន​លោក ដើម្បី​ទប់​នឹង​ប្រជាប្រិយ និង​ការ​ប្រមូល​កម្លាំង​ប្រជាធិបតេយ្យ​ឡើងវិញ​របស់​លោក កឹម សុខា ក្រោយ​ការ​ដោះលែង​នោះ។ ម្យ៉ាងទៀត លោក គឹម សុខ បន្ថែម​ថា រឿង​មុខមាត់​បុគ្គល និង​បក្សពួក សម្រាប់​លោក ហ៊ុន សែន គឺ​សំខាន់​ជាង​មុខមាត់ និង​ប្រយោជន៍​ជាតិ។ មូលហេតុ​នេះ ហើយ​ដែល​លោក ហ៊ុន សែន នឹង​ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ការ​ដោះលែង​លោក កឹម សុខា មើល​ទៅ​ដូចជា​លោក ហ៊ុន សែន ជា​អ្នកមានគុណ​លើ​លោក កឹម សុខា ទើប​មានការ​ដោះលែង​នេះ៖ «គាត់​បោក​អន្តរជាតិ​មិនបាន ក៏​គាត់​ធ្វើ​ដើម្បី​បោក​ពលរដ្ឋ​ខ្មែរ​ដែរ។ អាច​ដោះលែង ប៉ុន្តែ មិន​ស្រួល​ពេក​ទេ។ អាច​ឲ្យ​នៅ​ក្រៅ​ឃុំ ធ្វើ​សកម្មភាព​នយោបាយ ក៏ប៉ុន្តែ​មិន​ឲ្យ​រួច​អំពី​បទចោទប្រកាន់​ទេ។ ឬ​អាច​កាត់ទោស​ហើយ គាត់​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​លើកលែងទោស​។ អាហ្នឹង​គាត់​ទុក​ផ្លូវ​មួយ គាត់​ទុក​ផ្លូវ​ថា​គាត់​ជា​អ្នកមានគុណ។ អាហ្នឹង​របៀប​របស់​លោក ហ៊ុន សែន ធ្វើ​អ៊ីចឹង ធ្វើ​ឲ្យ​ពលរដ្ឋ​ច្របល់។ គាត់​ដឹង​ថា អន្តរជាតិ​មិន​ជឿ​គាត់ អន្តរជាតិ​ដឹង​ល្បិច​គាត់ ប៉ុន្តែ គាត់​នៅតែ​លេងល្បែង​ហ្នឹង ដើម្បី​បោក​ប្រជាពលរដ្ឋ​ខ្លួនឯង»

លោក គឹម សុខ ស្នើ​ឲ្យ​លោក ហ៊ុន សែន ប្រឹង​ស្វះ​ស្វែងរក​ដំណោះស្រាយ ស្ដារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ឲ្យ​បាន​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន កុំ​ឲ្យ​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ ជាជាង​រវល់​រឿង​ភ្នាល់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។