លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ អះអាងដូចគ្នាថា លោក ហ៊ុន សែន កំពុងតែសារភាពថា លោកជាឃាតកសម្លាប់ពលរដ្ឋរបស់ខ្លួនឯងនិងអ្នកមានគំនិតជំទាស់ ដើម្បីបន្តអំណាចទៅមុខទៀត។ ការលើកឡើងរបស់លោក សម រង្ស៊ី នេះដោយសារតែ លោក ហ៊ុន សែន កាលពីថ្ងៃទី២៨វិច្ឆិកាបានលើកឡើងជាសាធារណៈថា លោកសោកស្ដាយ ដែលលោកមិនបានសម្លាប់មេដឹកនាំក្រុមបាតុករប្រឆាំងលោក កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤។
លោក សម រង្ស៊ី និងអ្នកច្បាប់អន្តរជាតិ បានហៅលោក ហ៊ុន សែន ថា ជាឃាតកតាំងពីសម័យខ្មែរក្រហម ដល់សម័យបច្ចុប្បន្ន។
លោក សម រង្ស៊ី មានប្រសាសន៍ថា លោក ហ៊ុន សែន ជាមេដឹកនាំប្រើប្រាស់អំពើហិង្សា ដើម្បីបានឡើងកាន់អំណាច និងបន្តក្រាញអំណាចរបស់ខ្លួនដល់បច្ចុប្បន្នទៀត។ លោក សម រង្ស៊ី អះអាងថា ដោយសារតែលោក ហ៊ុន សែន ជាមេដឹកនាំបែបហិង្សា និងផ្ដាច់ការនេះ ទើបលោកមិនញញើតនិយាយអំពីការសម្លាប់មនុស្សម្ដងហើយម្ដងទៀត ៖ «កុំភ្លេចថា លោក ហ៊ុន សែន ជាមេដឹកនាំខ្មែរក្រហម មេកងពលខ្មែរក្រហម ដូច្នេះគាត់សម្លាប់មនុស្សមិនញញើតដៃទេ ហើយគាត់និយាយពីការសោកស្ដាយមិនបានសម្លាប់នេះ ដូច្នេះបើគាត់សម្លាប់បានគាត់សម្លាប់ហើយ»។
លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២៨ វិច្ឆិកា ថា លោកមិនឲ្យមានបាតុកម្មនៅតាមចិញ្ចើមផ្លូវដូចកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤ ទៀតឡើយ។ លើសពីនេះ លោកសំដែងការសោកស្ដាយដែលមិនបានសម្លាប់មេដឹកនាំ ដឹកនាំបាតុកម្ម។ ទោះជាលោក ហ៊ុន សែន ថ្លែងមិនចំឈ្មោះក្ដី ប៉ុន្តែលោក ហាក់ចង់សំដៅទៅលើលោក សម រង្ស៊ី ថា បើមិនគេចខ្លួនទាន់ទេ គឺប្រហែលជាត្រូវធ្វើបុណ្យខ្មោចជាដើម៖ «ហ្អែងចង់ដឹងពេលហ្នឹងហា បើមិនហ្អែងមិនគេចទាន់ទេ ពេលនេះ គឺធ្វើបុណ្យខ្មោចហ្អែងបាត់ទៅហើយ តែឯងពូកែរត់ ពូកែស្រែក ហើយរត់ក៏លឿន តែគ្រាន់តែគេមិនដេញតាមតែប៉ុណ្ណឹងទេឲ្យឯងរត់សិន អញក៏មិនទាន់ចង់សម្លាប់ហ្អែងដែរ ព្រោះរដ្ឋាភិបាលមួយមិនឲ្យមានការចង់ផ្ដួលរំលំតាមចិញ្ចើមផ្លូវនោះទេ»។
នេះ មិនមែនជាលើកទី១ទេ ដែលលោក ហ៊ុន សែន បង្ហាញពីការសោកស្ដាយ ដែលមិនបានសម្លាប់បាតុកររបស់គណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤នោះ។ លោក ហ៊ុន សែន បានចោទប្រកាន់បាតុករគណបក្សសង្គ្រោះជាតិទាំងនោះថា មានបំណងចង់ផ្ដួលរលំរបបរបស់លោកជាដើម។
អ្នកច្បាប់អន្តរជាតិ មិនភ្ញាក់ផ្អើលនឹងភាសាហិង្សា របស់លោក ហ៊ុន សែន នេះទេ។ មេធាវីជនជាតិអង់គ្លេស ដែលបានដាក់ប្ដឹងលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ជំនួសឲ្យជនរងគ្រោះខ្មែរ លោក រីឆាត រ៉យជើស៍ (Richard Rogers) ចាត់ទុកសម្ដីរបស់លោក ហ៊ុន សែន បែបនេះគឺបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ការសម្លាប់បាញ់បាតុករកាលពីដើមឆ្នាំ២០១៤នោះ គឺធ្វើឡើង ក្រោមការបញ្ជារបស់លោក ជាពិសេសការសម្លាប់មនុស្ស ដោយកងកម្លាំងប្រដាប់អាវុធរបស់កងកម្លាំងឆ័ត្រយោង៩១១ដែលដឹកនាំដោយលោក ចាប ភក្ដី។
លោក រីឆាត រ៉យជើស៍ បន្ថែមថា នេះជាសម្តីមេដឹកនាំផ្ដាច់ការ ដែលជ្រើសយកវីធីចាប់ដាក់គុក ដាក់ច្រវ៉ាក់ និងសម្លាប់អ្នកតវ៉ា ដើម្បីបំបិទមាត់។ លោកបញ្ជាក់ថា លោក ហ៊ុន សែន នឹងគេចមិនផុត ពីនាំគ្នាមកកាត់ទោស នៅថ្ងៃណាមួយជាក់ជាមិនខាន ដោយសារតែ ចេតនាឧក្រិដ្ឋ។ លោកបន្ថែមថា ការគំរាម ឬចេតនាសម្លាប់មនុស្ស ដោយគ្មានហេតុផលផ្លូវច្បាប់បែបនេះ គឺធាតុផ្សំនៃបទល្មើសមួយរួចស្រេចទៅហើយ៖ «ការណ៍ដែលលោក ហ៊ុន សែន ថ្លែងជាសារធារណៈអំពីការចង់សម្លាប់មនុស្សបែបនេះ គឺរឹតតែបញ្ជាក់យ៉ាងច្បាស់អំពីចេតនាឧក្រិដ្ឋ ដែលជាបទឧក្រិដ្ឋព្រហ្មទណ្ឌមួយ។ នេះគឺជាភាពអាម៉ាស់មួយ ដែលលោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំ មិនស្ដាប់មតិពលរដ្ឋខ្លួនឯង តែបែរជាជ្រើសរើសយកវិធីគំរាមសម្លាប់មនុស្ស ដែលប្រឆាំងខ្លួន បែបនេះទៅវិញ។ នេះក៏សបញ្ជាក់ឲ្យឃើញថា កម្ពុជាសព្វថ្ងៃ គ្មានទេប្រជាធិបតេយ្យនោះ»
របាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights watchរកឃើញថា លោក ហ៊ុន សែន បានប្រជុំបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិចាប់តាំងពីលោកបានកាន់តួនាទីជាមេបញ្ជាការទ័ពខ្មែរក្រហម ក្នុងអំឡុងទសវត្ស៧០ ចំពោះការប្រព្រឹត្តប្រឆាំងជនជាតិចាម។ លុះក្នុងទសវត្ស៩០ លោកបានពាក់ព័ន្ធនឹងការកាប់សម្លាប់ក្រៅច្បាប់ក្នុងរដ្ឋប្រហារ ការគប់គ្រាប់បែកលើហ្វូងបាតុករ។ ចាប់ពីទសវត្ស៩១ មក លោកបានប្រើតួនាទីនាយករដ្ឋមន្ត្រី ដឹកនាំប្រទេស ពោពេញដោយការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ រួមមានអំពើកាប់សម្លាប់ក្រៅច្បាប់ ទារុណកម្ម ការចាប់ឃុំខ្លួន ត្រួតត្រា រារាំងសេរីភាពសមាគម ការជួបប្រជុំ និងការបង្កើតបណ្ដាញស៊ើបការណ៍រាយការណ៍នៅពេញប្រទេស ក្នុងគោលបំណងបំភិតបំភ័យ បំភ័ន្តសាធារណមតិ។ យុទ្ធសាស្ត្រចម្បងជាងគេរបស់លោក ហ៊ុន សែន គឺការគំរាមកំហែង និងប្រើប្រាស់កម្លាំងដើម្បីកម្ចាត់អ្នករិះគន់ ឬអ្នកប្រឆាំង។ ស្របគ្នានេះកម្ពុជា ក៏ជាប្រទេសដែល ប្រព្រឹត្តិអំពើពុករលួយធ្ងន់ធ្ងរ រីឯលោក ហ៊ុន សែន មានទ្រព្យសម្បត្តិរាប់រយលានដុល្លារ តែក្នុងរយៈពេលដែលលោកលេចមុខកាន់តួនាទីដឹកនាំគិតពីឆ្នាំ១៩៧៩មក។
រីឯអ្នកវិភាគនយោបាយ លោក គឹម សុខ ដែលទទួលបានសិទ្ធិជ្រកកោននៅបរទេស ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញរបស់របបលោក ហ៊ុន សែន ដែរនោះ ពន្យល់ថា លោក ហ៊ុន សែន ចង់ទម្លាក់កំហុសទៅបក្សប្រឆាំង និងដើម្បីបង្ហាញភាពចិត្តធម៌របស់លោក ចំពោះបាតុករកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤នោះ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន ហាក់សោកស្ដាយ ដែលលោកកម្ទេចមូលដ្ឋានរឹងមាំរបស់គណបក្សប្រឆាំងបាន ទោះបីជាបានរំលាយបក្សនេះបានហើយក្ដី ក៏កម្លាំងបក្សនេះនៅតែមិនទន់ខ្សោយ៖ «ភាសាកម្ចាត់អ្នកដទៃដោយពាក្យហិង្សាមិនមែនជាទស្សនៈវិទ្យានយោបាយ ឬ មនោគមនយោបាយដែលមេដឹកនាំម្នាក់យកមកសាបព្រួសទេ វាជាគំរូអាក្រក់ ព្រោះហិង្សានិយមចេញពីមេដឹកនាំ បញ្ជាក់ថាជាមេដឹកនាំផ្ដាច់ការ ហើយមេដឹកនាំផ្ដាច់ការនិយមគ្មានការអភិវឌ្ឍន៍ប្រទេសទេ គឺមានតែធ្វើឲ្យប្រទេសជាតិវិនាស»។
សារបែបហិង្សារបស់លោក ហ៊ុន សែន នៅពេលនេះ ហាក់ផ្ទុយពីសេចក្ដីជូនដំណឹងរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី២៧ វិច្ឆិកា ណែនាំឱ្យអភិបាលខេត្តក្រុង អាជ្ញាធរមូលដ្ឋាន ត្រូវបើកសិទ្ធិសេរីភាពឱ្យបានពេញលេញជូនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍នានា ក្នុងការធ្វើសកម្មភាពនៅតាមមូលដ្ឋាន ដោយពុំចាំបាច់ត្រូវសុំសិទ្ធិអនុញ្ញាត ដូចកាលពីមុនទៀត។ សេចក្ដីជូនដំណឹងនេះ ត្រូវបានអង្គការសង្គមស៊ីវិលសាទរ ហើយត្រូវបានគេមើលឃើញថា របបលោក ហ៊ុន សែន កំពុងតែបន្ធូរស្ថានការណ៍នយោបាយ និងបើកចំហសិទ្ធិសេរីភាពវិញជាបណ្ដើរៗ។
នៅត្រង់ចំណុចនេះ លោក គឹម សុខ បញ្ជាក់ថា ជាឆាកល្ខោននយោបាយរបស់របបលោក ហ៊ុន សែន ដែលប្រើប្រាស់របបប្រជាធិបតេយ្យបន្លំភ្នែកប្រជារាស្ត្រ និងសហគមន៍អន្តរជាតិ ដើម្បីឲ្យគេមើលឃើញថា របបនេះ បានកែរបៀបដឹកនាំបន្តិចម្តងៗតែប៉ុណ្ណោះ។ ហើយបញ្ហាសំខាន់មួយទៀត នៅក្នុងរបបតែមួយ ហើយមេដឹកនាំសម្ដែងកាយវិការផ្ទុយពីគ្នានេះ លោក ហ៊ុន សែន ចេញសារព្រមាន រីឯលោក ស ខេង ប្រកាសឲ្យបន្ធួរស្ថានការណ៍រឹតត្បិតនេះ គឺទី១ចង់ព្រមានពលរដ្ឋនៅក្នុងប្រទេសកុំឲ្យមានចលនាងើបបះបោរ និង ទី២ ចង់បង្ហាញអន្តរជាតិថា កម្ពុជាមិនមានភាពចលាចល៖ «វាជាឆាកល្ខោននយោបាយសហការផ្ទៃក្នុងដោយប្រព័ន្ធប្រជាធិបតេយ្យ ប្រមូលផ្ដុំនៃក្រុមកុម្មុយនិស្ត ដូចជា ប៉ុល ពត និងមេដឹកនាំកុម្មុយនិស្តដទៃទៀតធ្លាប់ធ្វើកន្លងមក វាក្រុមធ្វើសម្រាប់បន្ធួរស្ថានការណ៍ និងមានក្រុមដើម្បីគាបសង្កត់ប្រជាពលរដ្ឋ»។
លោក សម រង្ស៊ី បន្ថែមថា របបលោក ហ៊ុន សែន កំពុងស្ថិតនៅក្នុងដំណាក់កាលទ័លច្រកមួយ ដែលមិនអាចបោកបញ្ឆោតពលរដ្ឋ និងសហគមន៍អន្តរជាតិមិនបានទៀតឡើយ។ លោកបញ្ជាក់ថា ការបន្ធូរបន្ថយក្លែងក្លាយនេះ គេមិនជឿទៀតឡើយ ហើយជម្រើសដ៏ល្អរបស់របបឯកបក្សនេះ គឺត្រូវបើកចំហសិទ្ធិសេរីភាពឲ្យបានពេញលេញពិតប្រាកដ បើកចំហសារព័ត៌មានឯករាជ្យ អង្គការសង្គមស៊ីវិល និងបើកឲ្យមានគណបក្សសង្គ្រោះជាតិវិញជាដើម៖ «លោក ហ៊ុន សែន គាត់ទ័លច្រក គាត់ថយក្រោយក៏មិនរួច ទៅមុខក៏មិនរួច ដូចជាគាត់អង្គុយលើគម្របឆ្នាំបាយ ដែលទឹកកំពុងតែពុះ ដូចជាគាត់កំពុងអង្គុយនៅលើភ្នំភ្លើងអីចឹង បើគាត់នៅតទៀតមិនអាចទេ នឹងរលាក និងផ្ទុះ ហើយចុះចេញក៏មិនរួចខ្លួនដែរ»។
អ្នកវិភាគលើកឡើងថា វិធានការដាក់សម្ពាធរបស់អន្តរជាតិ គេនឹងធ្វើជាដំណាក់កាលៗ នៅស្របពេលរបបឯកបក្សប្រទេសលោកសេរីមិនទទួលស្គាល់នោះ វិធានការដែលជាបញ្ហាប្រឈមខ្លាំងរបស់កម្ពុជានេះ គឺលក្ខខណ្ឌដកប្រព័ន្ធអនុគ្រោះពន្ធEBA ដែលសហភាពអឺរ៉ុបបានកំណត់ពេលវេលាមួយឆ្នាំ ដើម្បីឲ្យរបបនេះកែប្រែ របៀបដឹកនាំរបស់ខ្លួនឲ្យងាកមកដើរលើគន្លងប្រជាធិបតេយ្យដ៏ពិតប្រាកដឡើងវិញ។ ក្រៅពីនេះទៀត ជំនួយនិងកម្ចីពីប្រទេសលោកសេរីដទៀត ក៏នឹងអាចមិនផ្ដល់ជូនរបបឯកបក្សនេះដែរ នៅខណៈកម្ពុជាអភិវឌ្ឍន៍ប្រទេសពឹងលើជំនួយ កម្ចីបរទេស និងបញ្ហាផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
