ព្រះមហាក្សត្រ​ប្រទាន​ការ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី

ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​ប្រទាន​ការ​លើក​លែង​ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ផ្លូវ​ការ​ហើយ និង​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​បាន​វិល​ចូល​ប្រទេស​វិញ មុន​ការ​បោះឆ្នោត​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ។
ដោយ ម៉ម មុនីរតន៍
2013-07-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និយាយ​ជាមួយ​លោក សម រង្ស៊ី (ឆ្វេង) នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ក្នុង​ទីក្រុង​ភ្នំពេញ នាថ្ងៃទី ២៨ កុម្ភៈ ២០០៦។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និយាយ​ជាមួយ​លោក សម រង្ស៊ី (ឆ្វេង) នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ក្នុង​ទីក្រុង​ភ្នំពេញ នាថ្ងៃទី ២៨ កុម្ភៈ ២០០៦។
AFP Photo

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រស់នៅ​ដោយ​និរទេស​ខ្លួន​អស់​រយៈពេល ៥​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០០៩ អាច​វិល​ចូល​ប្រទេស​វិញ​បាន​ដោយ​ពុំ​ប្រឈម​មុខ​នឹង​ការ​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់​ទៀត​ឡើយ។

ព្រះរាជក្រឹត្យ​លើក​លែង​ទោស​របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃ​ទី១២ កក្កដា ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ហើយ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​សម្រេច​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ផ្លូវ​ការ​តាម​ការ​ស្នើសុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះរាជក្រឹត្យ​លើក​លែង​ទោស​របស់​ព្រះមហាក្សត្រ បាន​ហៅ​លោក សម រង្ស៊ី ថា​ជា​ទណ្ឌិត ហើយ​ការ​លើក​លែង​ទោស​នោះ គឺ​ឲ្យ​ផុត​ពី​អំណាច​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ចុះ​ថ្ងៃ​ទី១ មីនា ឆ្នាំ​២០១១ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ និង​សាល​ដីកា​ស្ថាពរ​របស់​សាលា​ឧទ្ធរណ៍ ចុះ​ថ្ងៃ​ទី២០ កញ្ញា ឆ្នាំ​២០១១។

ចំណែក​លិខិត​ចុះ​ថ្ងៃ​ទី១២ កក្កដា របស់​លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​មាន​ឆន្ទៈ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ខាង​មុខ​នេះ ប្រព្រឹត្តិ​ទៅ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ត្រូវ​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម។ លិខិត​ស្នើសុំ​លើក​លែង​ទោស​លោក សម រង្ស៊ី របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​ជិត​មួយ​ខែ បន្ទាប់​ពី​លោក សម រង្ស៊ី ស្នើសុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី១៣ មិថុនា ដើម្បី​អាច​ឲ្យ​លោក​បាន​វិល​ចូល​ប្រទេស​កម្ពុជា វិញ មុន​ការ​បោះឆ្នោត​ត្រូវ​ចាប់​ផ្ដើម។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចាត់​ទុក​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន គឺ​ជា​រដ្ឋាភិបាល​ដែល​មាន​ទស្សនវិស័យ​សន្តិភាព​ដ៏​ស៊ី​ជម្រៅ។ លោក​បន្ត​ថា ជាង​នេះ​ទៅ​ទៀត កិច្ច​អន្តរាគមន៍​នេះ​ផ្អែក​លើ​យន្តការ​មួយ​ចំនួន​ជា​អាទិ៍ យោង​លើ​សំណើ​របស់​លោក សម រង្ស៊ី សុំ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ និង​ជា​ចេតនា​បន្ទន់​ឥរិយាបថ​ផ្នែក​នយោបាយ​របស់​លោក សម រង្ស៊ី ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ហើយ​ជា​ពិសេស គណបក្ស​ប្រជាជន​កម្ពុជា មាន​គោល​នយោបាយ​កសាង​សន្តិភាព​ជា​មូលដ្ឋាន​របស់​ខ្លួន។

លោក ផៃ ស៊ីផាន៖ «៣​ចំណុច​នៅ​ក្នុង​សាច់​រឿង​ហ្នឹង គឺ​ចំណុច​ទី១ ឯកឧត្ដម សម រង្ស៊ី បាន​ទទួល​ទោស​សុំ​ព្រះរាជទាន​ឲ្យ​ព្រះករុណា​សុំ​ព្រះរាជទាន​ទោស​រាល់​ការ​វិនិច្ឆ័យ​ទោស​របស់​តុលាការ​កម្ពុជា ដើម្បី​ឲ្យ​ជន​ក្លាយ​មាន​សេរី។ ហើយ​ចំណុច​ទី​ពីរ ឯកឧត្ដម សម រង្ស៊ី លោក​បាន​លើក​ឡើង​អំពី​គុណធម៌​របស់​សម្ដេច​ក្នុង​កាយ​វិការ​បង្រួបបង្រួម​ជាតិ ពង្រឹង​ផ្ទៃ​ក្នុង​កម្ពុជា តាម​រយៈ​ប្រសាសន៍​របស់​សម្ដេច​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី១០-១១ នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​ពោធិ៍សាត់។ អា​ហ្នឹង​ចំណុច​ទី​ពីរ សំខាន់។ ហើយ​ចំណុច​ទី​៣ យើង​សង្កេត​ឃើញ​ថា សម្ដេច​លោក​មាន​សីលធម៌ និង​គុណធម៌​នយោបាយ​ប្ដេជ្ញា​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​រាជាណាចក្រ​កម្ពុជា»

គិត​មក​ដល់​ពេល​នេះ លោក សម រង្ស៊ី ត្រូវ​បាន​ព្រះមហាក្សត្រ​លើក​លែង​ទោស​ចំនួន ៤​ដង ក្នុង​ជីវិត​នយោបាយ​របស់​លោក។

លោក សម រង្ស៊ី និយាយ​តាម​ទូរស័ព្ទ​ជាមួយ​វិទ្យុ​អាស៊ីសេរី ពី​ប្រទេស​បារាំង ជា​ទី​ដែល​លោក​រស់នៅ​ដោយ​និរទេស​ខ្លួន​នោះ​ថា កិច្ច​អន្តរាគមន៍​លើក​នេះ​ពុំ​មាន​ការ​ចរចា​លក្ខខណ្ឌ​ណា​មួយ​ក្រៅ​ឆាក​នោះ​ឡើយ​ជាមួយ​លោក ហ៊ុន សែន ហើយ​លោក​ក៏​មិន​ទាន់​ប្រាកដ​ថា​នឹង​វិល​ចូល​ប្រទេស​កម្ពុជា វិញ​នៅ​ពេល​ណា​ប្រាកដ​នោះ​ដែរ៖ «ខ្ញុំ​ត្រូវ​រៀបចំ​ខ្លួន រៀបចំ​ឯកសារ រៀបចំ​ការងារ​មួយ​ចំនួន​ចប់​សព្វគ្រប់។ ជា​ពិសេស ខ្ញុំ​រង់ចាំ​លិខិត​ឆ្លង​ដែន​ថ្មី​របស់​ខ្ញុំ ដែល​មិន​ទាន់​នៅ​ក្នុង​ដៃ​ខ្ញុំ​ទេ។ ពេល​ណា​ខ្ញុំ​បាន​លិខិត​ឆ្លង​ដែន​ថ្មី ពេល​នោះ​ខ្ញុំ​នឹង​កំណត់​ថ្ងៃ​ធ្វើ​ដំណើរ​បាន​ភ្លាម​បាទ។ ប៉ុន្តែ​មិន​យូរ​ទេ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​បាទ»

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បញ្ជាក់​ថា លោក សម រង្ស៊ី នៅ​តែ​ពុំ​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន​ឡើយ បើ​ទោះ​ជា​លោក​ត្រូវ​បាន​វិល​ចូល​ប្រទេស​កម្ពុជា ដោយ​ពុំ​មាន​ទោស​ក៏ដោយ។ លោក​អះអាង​ថា ប្រសិន​បើ​មាន​ការ​ប្រែប្រួល​នៅ​នាទី​ចុង​ក្រោយ​សម្រាប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី លុះត្រា​តែ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត។ ក៏ប៉ុន្តែ លោក​បញ្ជាក់​ថា ទោះ​ជា​បែប​ណា ស្ថានការណ៍​នៅ​ពេល​នេះ​ពុំ​អាច​ថយ​ក្រោយ​បាន​ឡើយ។

លោក ទេព នីថា៖ «ច្បាប់​បោះឆ្នោត​ដែល​នៅ​ជា​ធរមាន គឺ​មិន​អាច​ទេ​បាទ ព្រោះ​ថា​ឈ្មោះ​គាត់​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​ហើយ។ ហើយ​គាត់​ពុំ​មាន​សិទ្ធិ​បោះឆ្នោត​ទេ។ ហើយ​ក្នុង​ករណី​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត គឺ​មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​បាន​ទេ។ ហើយ​ម្យ៉ាង​ទៀត ការ​ចុះ​ឈ្មោះ​បោះឆ្នោត ក៏​ដូច​ជា​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ត្រូវ​បាន​បញ្ចប់​អស់​ហើយ យើង​នៅ​ចាំ​តែ​ថ្ងៃ​បោះឆ្នោត​ប៉ុណ្ណោះ។ អ៊ីចឹង​ទេ គឺ​តាម​ច្បាប់​ដែល​ធរមាន​បច្ចុប្បន្ន មិន​អាច​ធ្វើ​បាន​ទេ។ វា​មិន​ដឹង​ជា​កែប្រែ​របៀប​ម៉េច​ទេ ព្រោះ​ថា​ការងារ​នេះ​វា​ទាក់ទង​នឹង​ច្បាប់ ហើយ​បើ​កែប្រែ គឺ​កែប្រែ​ច្បាប់»

លោក សម រង្ស៊ី មាន​គម្រោង​វិល​មក​ប្រទេស​វិញ​មុន​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​អាណត្តិ​ទី៥ នា​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ។ ហើយ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ភ្នំពេញ​ផ្ដន្ទាទោស​កំបាំង​មុខ ដាក់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ ទាក់ទង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម និង​បទ​បរិហារកេរ្តិ៍​លោក ហោ ណាំហុង។

លោក សម រង្ស៊ី ថ្លែង​អំណរ​គុណ​ថ្វាយ​ព្រះមហាក្សត្រ

លោក សម រង្ស៉ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ថ្លែង​អំណរ​គុណ​ថ្វាយ​ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ព្រះអង្គ​បាន​ព្រះរាជទាន​លើក​លែង​ទោស​ឲ្យ​លោក​វិល​ចូល​ប្រទេស​កម្ពុជា វិញ។

ក្នុង​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ចុះ​ថ្ងៃ​ទី១២ ខែ​កក្កដា មាន​ខ្លឹមសារ​ថា ទូល​ព្រះ​បង្គំ​មាន​សេចក្តី​រំភើប​ឥត​ឧបមា និង​សូម​ព្រះ​បរម​រាជានុញ្ញាត​ថ្លែង​អំណរ​ព្រះគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ព្រះទ័យ​សន្តោស​ប្រោស​ប្រណី​របស់​ព្រះករុណា ដែល​បាន​ព្រះរាជទាន​លើក​លែង​ទោស​ឲ្យ​ទូល​ព្រះ​បង្គំ​មាន​សេរីភាព​វិល​ចូល​ប្រទេស​កម្ពុជា វិញ ដើម្បី​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

បក្ស​សង្គ្រោះ​ជាតិ​ថា​ការ​លើក​លែង​ទោស​លោក សម រង្ស៊ី ជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ ថា​ការ​លើក​លែង​ទោស​លោក សម រង្ស៊ី គឺ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ។

ក្នុង​លិខិត​នោះ លោក សម រង្ស៊ី បាន​អះអាង​ថា គណបក្ស​លោក​នៅ​តែ​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ជា​ដដែល។ លោក​បន្ត​ថា ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ គឺ​ជា​កត្តា​ចាំបាច់​សម្រាប់​លទ្ធិប្រជាធិបតេយ្យ។ គ.ជ.ប ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច ត្រូវ​បាន​ស្នើសុំ​ឲ្យ​មាន​ការ​កែ​ទម្រង់​សមាជិក​ភាព និង​ប្រព័ន្ធ​រៀបចំ​បោះឆ្នោត ដោយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Suriya Subedi)។

លោក សម រង្ស៊ី ក៏​បាន​គូស​បញ្ជាក់​ថា ការ​វិល​ត្រឡប់​របស់​លោក​ទៅ​កម្ពុជា វិញ ពុំ​មែន​មាន​ន័យ​ថា ការ​បោះឆ្នោត​សកល​ខាង​មុខ​ប្រកប​ដោយ​សេរី យុត្តិធម៌​នោះ​ទេ និង​ក៏​ពុំ​មែន​ជា​ការ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នោះ​ដែរ។ បន្ថែម​ពី​នេះ ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក ក៏​ពុំ​មែន​មាន​ន័យ​ថា បាន​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (60)
Share

Castro De La Monreo

ពី Paris, France

Now is the time for huging, loughing, cheering with shampaign glasses again. It feels confidence for everyone who is in the block and the suffered ones are those followers. Don't forget water and oil never mix 100% even they are the same liquit.

Jul 13, 2013 06:32 PM

អាជ័យ

ពី ទន្លេសាប

នែ៌អាពួកម៉ាក!ឯងដឹងថាហេតុអីអញមកវិញអត់!..គឺ
មោពីអញមិនទុកចិត្តអាពួកម៉ាកឯងហ្នឹងណា!..
គឺចង់មិនចង់ឯងធើបក្សប្រហារ ស៊ីដាច់បក្សអញ!..អញចប់ប៉ារូយយយយ..!!

Jul 13, 2013 08:04 AM

អ្នក​អាន​អនាមិក

Sommeone of RFA in khmer section who work for hun sen,Please stop your action against your Own people,you must to know that hun sen 's a marionnette of youne all activity that,he try to make 's for youne,if you worke for hun as you worke for youne,and when you worke for youne,you are a really traitor of khmer people,and especially USA that they try to pay for you.

Jul 13, 2013 07:26 AM

JOE

ពី SIEM REAP

My dear nationalist !!! Be strong and asertive and be successful for your mission. I'm together with you

Jul 13, 2013 07:04 AM

k

ពី s

It is too early to judge over Hun Sen's flexible stance. However, it has released political tension for a while. Hun Sen never accepts his lost to anyone. Previous experience has shown itself. Hun Sen is a kind of a tricky man. National reconciliation is employed for political gain. I think there is no true national reconciliation in the heart of a dictator. Sam Rainsy should be careful and fall to Hun Sen's trap. If it is real Hun Sen's goodwill toward national reconciliation, Hun Sen should be upgraded to a hero in Cambodian modern history. The government and opposition should work together and put the Cambodian people and national development as highest priority. Take Burma as an example.

Jul 13, 2013 07:03 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល