មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បញ្ជាក់ជាថ្មីថា លោក ហ៊ុន សែន មិនអាចបំបែកលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ និងលោកបាននោះទេ។ ការបញ្ជាក់បែបនេះដោយសារមន្ត្រីគណបក្សប្រជាជនកម្ពុជាប្រាប់ទៅក្រុម កឹម សុខា និយម និងកូនស្រីលោក កឹម សុខា ឱ្យឆាប់ដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក សម រង្ស៊ី លើកឡើងថា ទោះជាលោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ចាប់យកធ្វើជាចំណាប់ខ្មាំងនយោបាយ និងឃុំខ្លួនក្នុងផ្ទះយ៉ាងណាក៏ដោយក៏លោក កឹម សុខា នៅតែស្មោះត្រង់ចំពោះគណបក្ស សង្គ្រោះជាតិ ដដែល។
លោកបន្តថា ក្រោមសម្ពាធអន្តរជាតិ ដែលជាការដាក់ទណ្ឌកម្មពាណិជ្ជកម្មដ៏ធ្ងន់ធ្ងរពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនឹងធ្វើឱ្យរបបទីក្រុងភ្នំពេញដោះលែង កឹម សុខា ក្នុងពេលឆាប់ៗ នេះហើយអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ នេះបើការសរសេររបស់លោក សម រង្ស៊ី នៅលើហ្វេសប៊ុករបស់លោកថ្ងៃទី៩ ខែមីនា។
លោកប្រាប់ទៅមន្ត្រីគណបក្ស សង្គ្រោះជាតិ ដែលជាប់បម្រាមទាំងអស់មិនចាំបាច់ទៅសុំសិទ្ធិធ្វើនយោបាយពីរបបក្រុងភ្នំពេញទេ ព្រោះពួកនឹងទទួលបានសិទ្ធិនេះជាស្វ័យប្រវត្តិក្នុងពេលឆាប់ៗ នេះ។
លោកចោទប្រកាន់ថាព្រមានថា ការទៅសុំសិទ្ធិពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយឡើងវិញក្នុងកាលៈទេសៈ ដែលលោក កឹម សុខា នៅជាប់ឃុំឃាំង និងគណបក្ស សង្គ្រោះជាតិ មិនទាន់បានដំណើរការឡើងវិញបែបនេះ គឺជាការចុះចូលជាមួយលោក ហ៊ុន សែន។ ការលើកឡើងរបស់លោកសម រង្ស៊ី ជាការឆ្លើយតបទៅនឹងមន្រ្តីគណបក្សកាន់អំណាច។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន សរសេរនៅលើប្រពន្ធតេឡេក្រាមថា នៅពេលនេះជាឱកាសសម្រាប់ក្រុម កឹម សុខានិយម ជាពិសេសកូនស្រី កឹម សុខា ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ លោកបន្តថា លោក កឹម សុខា និងលោក សម រង្ស៊ី មិនមែនជាមនុស្សតែមួយទៀតទេ ព្រោះលោក សម រង្ស៊ី តែងជាន់ពន្លិចលោកលោក កឹម សុខា។
សកម្មជនគណបក្ស សង្គ្រោះជាតិ ម្នាក់ដែលកំពុងនិរទេសខ្លួននៅបរទេសលោក ស្រី មាស លក្ខិណា មានប្រសាសន៍ថា ប្រសិនបើគណបក្ស សង្គ្រោះជាតិ រូបណាទៅសុំសិទ្ធិធ្វើនយោបាយពីលោក ហ៊ុន សែន គឺមានន័យថា គេទទួលស្គាល់ថា ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្ស សង្គ្រោះជាតិ ថា ស្របច្បាប់៖ «អ្នកចូលរួមសុំសិទ្ធិដោយយកលេសថា ដើម្បីបង្រួបបង្រួមជាតិខ្ញុំគិតថា នេះលេសដោះសារប៉ុណ្ណោះ អ្នកនោះ គឺជាមនុស្សគ្មានតម្លៃទេអន់ជាងសកម្មជនជាន់ក្រោមទៀត » ។
មកទល់ពេលនេះមានអតីតមន្ត្រីគណបក្ស សង្គ្រោះជាតិ ៣រូប បានចុះធ្វើនយោបាយឡើងវិញ។ ពីរនាក់ក្នុងចំណោម ៣នាក់នោះធ្លាប់រិះគន់គណបក្ស សង្គ្រោះជាតិ។ អ្នកស្គាល់មនុស្សពីរនាក់នោះច្បាស់អះអាងថា ពួកគេសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ ដើម្បីអាចលក់ដី។
អ្នកវិភាគនយោបាយលោកដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសលោក គឹម សុខ យល់ថាគណបក្សប្រឆាំងត្រូវពង្រឹងវិន័យផ្ទៃក្នុងរបស់គណបក្ស ហើយធានាថា បក្សនេះដើរលើបន្ទាត់តែមួយ គឺរួមគ្នាស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា ដើម្បីទប់ស្កាត់មិនឱ្យមន្ត្រីគណបក្ស សង្គ្រោះជាតិ រត់ទៅសុំសិទ្ធិធ្វើនយោបាយពីរបបក្រុងភ្នំពេញលុះត្រាណាមេដឹកនាំកំពូលនៃគណបក្សនេះចេះធ្វើការជាមួយគ្នាដោយតម្កល់ផលប្រយោជន៍ជាតិជាធំ៖ «ប្រជាធិបតេយ្យណាក៏ដោយ ត្រូវមានវិន័យបើអត់វិន័យទៅជាអនាធិបតេយ្យទៅជាការបង្ហាញទៅជាជម្លោះបែកបាក់ហើយម៉្លោះហើយ ត្រូវមានវិន័យផ្ទៃក្នុងឱ្យច្បាស់ហើយវិន័យផ្ទៃក្នុងហ្នឹង គឺផ្ដើមចេញពីការជជែកគ្នាក្នុងផ្ទៃក្នុងកំណត់ផ្ទៃក្នុងឱ្យច្បាស់ » ។
ក្រោយការយុទ្ធនាការរបស់របបលោកហ៊ុន សែនរំលាយបក្ស សង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មក យ៉ាងហោចណាស់ក៏មានមន្ត្រីបក្សប្រឆាំងប្រមាណជិត ៨០នាក់ បានភៀសខ្លួនទៅលាក់ខ្លួននៅទីសុវត្ថភាព ដើម្បីជៀសពីការធ្វើទុក្ខបុកម្នេញរបស់គណបក្សកាន់អំណាច និងរបបលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។