ថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅខេត្តមួយចំនួនបានត្រៀមសមាជិករបស់ខ្លួនរួចជាស្រេចដើម្បីទៅទទួលស្វាគមន៍លោក សម រង្ស៊ី នៅគ្រប់ទីកន្លែងដែលលោកនឹងវិលត្រឡប់មកកម្ពុជាក្នុងពេលខាងមុខនោះ។ ថ្នាក់ដឹកនាំទាំងនោះអះអាងថា បើទោះបីជាអាជ្ញាធររារាំងនឹងចាប់ខ្លួនពួកគាត់ក៏ពួកគេមិនខ្លាចដែរ ព្រោះនេះជាជម្រើសដ៏ល្អដែលអាចជួយស្ដារប្រជាធិបតេយ្យនៅកម្ពុជាឲ្យរស់ឡើងវិញបាន។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង លោក ម៉ៅ វិបុល អះអាងប្រាប់អាស៊ីសេរីនៅថ្ងៃព្រហស្បតិ៍ទី២០ ធ្នូ ថា បន្ទាប់ពីពួកគាត់ទទួលដំណឹង លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិវិលចូលមកកម្ពុជាវិញភ្លាម គឺសកម្មជននៅក្នុងមូលដ្ឋានក្នុងខេត្តនេះមានការសប្បាយរីករាយយ៉ាងខ្លាំង ហើយបានប្រមូលកម្លាំងឡើងវិញ ដើម្បីត្រៀមធ្វើសកម្មភាពនយោបាយជាមួយ លោក សម រង្ស៊ី និងលោក កឹម សុខា នៅខាងពេលមុខ។ លោក ម៉ៅ វិបុល បន្ថែមទៀតថា រហូតមកទល់ពេលនេះសកម្មជនតាមស្រុកបានប្រមូលកម្លាំងព្រមហើយ ដើម្បីទៅទទួលលោក សម រង្ស៊ី បានគ្រប់ពេល និងគ្រប់ទិសទីដែលលោកចូលមកកម្ពុជា ទោះនៅទីកន្លែងណាក៏ដោយ ក៏ពួកគាត់អាចទៅបានទាំងអស់ ដោយមិនខ្លាចញញើតការធ្វើទុក្ខបុកម្នេញពីសំណាងអាជ្ញាធររបបលោកហ៊ុន សែននោះឡើយ៖ «ព្រោះឆន្ទៈរបស់ប្រជាពលរដ្ឋនិងសកម្មជនគណបក្ស លែងព្រួយបារម្ភការចាប់ដាក់គុកហើយ ព្រោះស្រលាញ់យុត្តិធម៌និងប្រជាធិបតេយ្យនៅកម្ពុជា គឺមិនខ្វល់អីអ្វីទាំងអស់ ហើយយើងធ្វើយ៉ាងណាឲ្យលោកប្រធានវិលមកដឹកនាំគណបក្សដូចដើមវិញ ដើម្បីទាមទារឲ្យលោក កឹម សុខា មានសិទ្ធិសេរីភាពវិញ»។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ឯណោះវិញ លោក ឌឹម សារឿន អះអាងថា តាំងពីទទួលដំណឹងលោក សម រង្ស៊ី វិលចូលស្រុកវិញមក គឺសមាជិកក្រុមប្រឹក្សារបស់គណបក្សបានជួបជុំពិភាក្សាគ្នាស្ទើររាល់ថ្ងៃ ដើម្បីពង្រឹងសាមគ្គីភាពរបស់សមាជិកបក្សឡើងវិញ និងដើម្បីត្រៀមទៅស្វាគមន៍ប្រធានស្ដីគណបក្សខ្លួនប្រកបដោយភាពកក់ក្ដៅបំផុត។ លោក ឌឹម សារឿន បន្ថែមទៀតថា លោក សម រង្ស៊ី ត្រឡប់មកវិញ គឺជាសញ្ញាដ៏ល្អ ដែលធ្វើឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដូច្នេះពួកគាត់មិនអាចនៅស្ងៀមដូចពេលមុននោះទេ គឺត្រូវតែទៅអមដំណើរលោក សម រង្ស៊ី ត្រឡប់មកវិញឲ្យទាល់តែបាន៖ «ពួកយើងខ្ញុំនៅបាត់ដំបងទាំង ១៤ស្រុកបានត្រៀមចូលគុកជាមួយលោក សម រង្ស៊ី ប្រសិនបើអាជ្ញាធរចាប់លោកដាក់គុកពីព្រោះយើងបាននិយាយគ្នារួចហើយថាយើងមិនខ្លាច។ ព្រោះដោយសារពួកខ្ញុំនៅជាមួយលោក សម រង្ស៊ី ខ្លះ២០ឆ្នាំ និងខ្លះជាង១០ឆ្នាំហើយយើងដឹងច្បាប់ណាស់ គាត់ធ្វើដើម្បីជាតិសុទ្ធ ហើយគាត់មិនគិតលុយកាក់និងអំណាចនោះទេ ហើយពួកយើងខ្ញុំក៏ចង់ធ្វើឲ្យលោកប្រធានដែរ»។
លោក បន្ថែមទៀតថា មិនមែនតែអ្នកគាំទ្រគណបក្សប្រឆាំងទេដែលត្រេកអរ សូម្បីសមត្ថកិច្ចនៅក្នុងខេត្តនេះមួយចំនួនក៏ចង់ឲ្យលោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញដែរ ព្រោះបុគ្គលម្នាក់នេះជាដៃគូប្រកួតប្រជែងសំខាន់ជាមួយគណបក្សកាន់អំណាច ដើម្បីឲ្យមានការផ្លាស់ប្ដូរដោយវិជ្ជមាននៅពេលខាងមុខបាន៖ «ដូច្នេះសមត្ថកិច្ចលើកនេះបើថាទៅ គឺទៅបង្ខំតែក្នុងចិត្តពួកគាត់មិនទៅទេ ព្រោះអាជ្ញាធរពាក់ព័ន្ធគេចង់ផ្លាស់ប្ដូរដែរ ព្រោះពួកគេលើកឡើងថា របបលោក ហ៊ុន សែន បានបោកពួកគាត់ជាង៣០ឆ្នាំហើយ។ ដូច្នេះចំពោះសមត្ថកិច្ចដែលឈាមជ័រជាខ្មែរគាត់គាំទ្រ លើកលែងតែសមត្ថកិច្ចមួយចំនួនតូចដែលជាជនជាតិបរទេសដូចនៅភ្នំពេញអី គេមិនគាំទ្រយើងទេ តែនៅខេត្តគាំទ្រទាំងអស់នឹង»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅថ្ងៃទី២០ ធ្នូ ដោយលោកមិនលើកទទួលទូរស័ព្ទ។ រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ក៏មិនអាចសុំអត្ថាធិប្បាយបានដែរ ដោយលោកប្រាប់ថា ឈឺបំពងក។
ប៉ុន្តែថ្មីៗនេះ លោក ផៃ ស៊ីផាន ធ្លាប់អះអាងថា លោកមិនចាប់អារម្មណ៍នឹងការរួមកម្លាំងគ្នាជាធ្លុងមួយរបស់មន្ត្រីបក្សប្រឆាំងនេះទេ ព្រោះលោកថា នេះជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ៖ «កុំឲ្យគេប៉ះពាល់ដល់សន្តិសុខជាតិ កុំឲ្យប៉ះពាល់ដល់ការងារប្រទេសជាតិនឹងជារឿងផ្ទៃក្នុងបោះគេ។ បាទកាលណាគាត់រៀបចំគម្រោងដែលរំខានដល់ការបោះឆ្នោត អានឹងត្រូវមានការគ្រប់គ្រងដោយដែនសមត្ថកិច្ច តែឥឡូវការបោះឆ្នោតបានកន្លែងផុតហើយ»។
ទោះជាយ៉ាងណាមន្ត្រីគណបក្សប្រឆាំងនៅខេត្តប៉ៃលិន លោក ឃឹម ប៉ុន លើកឡើងថា នៅពេលនេះកម្លាំងរបស់សង្គ្រោះជាតិខេត្តនេះ ប្រមាណ៩០រយបានរួមគ្នាជាធ្លុងមួយអស់ហើយ ដើម្បីត្រៀមចូលធ្វើនយោបាយឡើងវិញ។ លោកថា សកម្មភាពលើកនេះ ពួកគាត់ត្រៀមពុះពារគ្រប់បែបយ៉ាង ហើយសកម្មជាងពេលមុនៗទ្វេដង ព្រោះនេះជាទឹកចុងក្រោយរបស់គណបក្សប្រឆាំងហើយ ដូច្នេះពួកគាត់មិនឲ្យលោក ហ៊ុន សែន និងបក្សពួក យកពលរដ្ឋធ្វើជាឈ្នាន់បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាទៀតទេ៖ «យើងខ្ញុំទាំងអស់គ្នាគាំទ្រមិនថា លោកមកផ្លូវណាទេ ក៏យើងទៅទទួលលោកដែរ ឲ្យតែពួកយើងបានទទួលព័ត៌មាន ព្រោះពួកយើងទាំងអស់គ្នាដឹងច្បាស់ថា ប្រជាធិបតេយ្យមិនមានអ្នកណាលើកមកដាក់ជើងពានឲ្យយើងទេ មានតែយើងតស៊ូប្ដូរផ្ដាច់ដោយអហិង្សា ហើយនឹងធ្វើការលះបង់ ជាពិសេសខ្លួនខ្ញុំផ្ទាល់ហ៊ានធ្វើការលះបង់ដើម្បីចូលស្ដារប្រជាធិបតេយ្យឡើងវិញ ព្រោះពេលនេះជាពេលចុងក្រោយហើយក៏ជាឱកាសសម្រាប់យើងទាំងអស់គ្នាដែរ»។
រីឯប្រធានគណបក្សប្រឆាំងខេត្តកំពង់ឆ្នាំងឯណោះវិញលោក កែវ ថៃ មានប្រសាសន៍ថា មានតែលោក សម រង្ស៊ី និងលោក កឹម សុខា ទេ ដឹកនាំគណបក្សប្រឆាំងដណ្ដើមយកជ័យពីគណបក្សកាន់អំណាចបាន ដូច្នេះសមាជិកគណបក្សខ្លួនក្នុងខេត្តនេះប្រមាណ ៩០ភាគរយ រួមនឹងប្រជាពលរដ្ឋគាំទ្រផង ក៏នឹងទៅចូលរួមដង្ហែលោក សម រង្ស៊ី ត្រឡប់មកវិញដែរ។ លោកថា ធ្វើនេះដើម្បីដាក់សម្ពាធឲ្យរបបលោក ហ៊ុន សែនប្រគល់តំណែងសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សត្រឡប់មកវិញ និងដើម្បីឲ្យមានការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពឡើងវិញ ហើយត្រូវរៀបចំឲ្យមានការបោះឆ្នោតឡើងវិញ ដោយមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង៖ «ហើយអាចមានកម្លាំងថ្មីបន្ថែមទៀត ដោយសារមើលឃើញភាពអយុត្តិធម៌កន្លងទៅនេះតាមចាប់លោកប្រធានដោយអយុត្តិធម៌ បន្ទាប់មកចាប់លោក កឹម សុខា ដាក់គុកយ៉ាងអយុត្តិធម៌បំផុត ហើយរំលាយគណបក្សសង្គ្រោះជាតិ ធ្វើឲ្យសមាជិករាប់ពាន់បាត់បង់តំណែងដែលពលរដ្ឋបោះឆ្នោតឲ្យទៅចែកឲ្យគណបក្សផ្សេងដោយអយុត្តិធម៌ ដែលអាក្រក់អាក្រីជាងគេបំផុតនៅលើពិភពលោក»។
ការធ្វើសកម្មភាពរបស់មន្ត្រីបក្សប្រឆាំងនេះ ដោយសារថ្មីៗនេះលោក សម រង្ស៊ី បានប្រកាសជាចំហថាលោកនឹងត្រឡប់មកកម្ពុជាវិញនៅឆ្នាំ២០១៩ខាងមុខ ហើយឲ្យពលរដ្ឋខ្មែរក្រោកឡើងតស៊ូជាមួយលោក ក្រោយក្បាលម៉ាស៊ីនបក្សសង្គ្រោះជាតិ មានរូបលោកជាប្រធានស្តីទីជាផ្លូវការ។ លោកបញ្ជាក់ថា ការរៀបចំក្បាលម៉ាស៊ីនបក្សប្រឆាំងនៅពេលនេះ មានសារៈសំខាន់សម្រាប់ជាបុគ្គលបង្គោល ក្នុងការតស៊ូ មតិជាមួយអន្តរជាតិ ដើម្បីបន្តដាក់សម្ពាធរបបលោក ហ៊ុន សែន។
ក៏ប៉ុន្តែលោក ហ៊ុន សែន ធ្លាប់បានព្រមានម្ដង ជាពីរដងថា លោកមិនអនុញ្ញាតឲ្យមានបាតុកម្មតាមដងផ្លូវទៀតឡើយ។ លោក ហ៊ុន សែន ថែមទាំងសម្ដែងការសោកស្ដាយ ដែលលោកមិនបានសម្លាប់ក្រុមបាតុកម្មកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤ ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា នោះ។ បន្ថែមពីនេះទៀត កាលពីខែវិច្ឆិកាកន្លងទៅ លោក ហ៊ុន សែន ថែមទាំងប្រកាសសោកស្ដាយ មិនបានសម្លាប់មេបាតុករ ទោះជាលោកប្រកាសមិនចំឈ្មោះក្ដី តែត្រូវគេដឹងថា លោក ហ៊ុន សែន ចង់សំដៅទៅលើលោក សម រង្ស៊ី៖ «ហេងចង់ដឹងពេលហ្នឹងហ្អា បើហ្អែងមិនគេចឲ្យរហ័សទេ ហ្អែងងាប់បាត់ហើយ អញប្រាប់បុណ្យខ្មោចហ្អែងទេ តែហ្អែងពូកែរត់ ពូកែស្រែក រត់ក៏លឿន គ្រាន់តែថា អញមិនចង់តាមទេ ហើយពេលនោះបើហ្អែងហួសបន្ទាត់ក្រហម ក៏យើងមានការឆ្លើយតបវិញដែរ ព្រោះរដ្ឋាភិបាលមួយមិនឲ្យមានការផ្ដួលរំលំ និងមានបាតុកម្មនៅតាមចិញ្ចើមផ្លូវនោះទេ»។
អ្នកវិភាគនយោបាយលោក គឹម សុខ លើဋរបស់ខ្លួនធ្វើការតស៊ូមតិ ទាមទារសិទ្ធិសេរីភាព និងទាមទារប្រជាធិបតេយ្យឡើងវិញ ដូចដែលលោក សម រង្ស៊ី បានអះអាងនៅប្រទេសបារាំងកាលពីថ្ងៃទី១៥ ធ្នូ។លោក បន្ថែមទៀតថា សកម្មជនគណបក្សប្រឆាំងទៅទទួលសម រង្ស៊ី គឺជាការបង្ហាញភាគរឹងមាំរបស់គណបក្សនេះនៅក្នុងប្រទេស ហើយក៏ជាសញ្ញាឲ្យធ្វើឲ្យលោក ហ៊ុន សែនភ័យខ្លាចទៅវិញទេ៖ «ដូច្នេះគេត្រូវចាត់វិធានការថាតើត្រូវចាប់លោក សម រង្ស៊ី ឬក៏ធ្វើឲ្យហួសពីនេះ មានន័យថាលើសពីចាប់ដាក់គុកទៅទៀត ឬកាលណាគេធ្វើដាក់លោក សម រង្ស៊ី ធ្ងន់ធ្ងរសកម្មជនរបស់លោកនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលមាននៅពេញប្រទេសនិងអាចមានសកម្មភាពជាក់ស្ដែង ហើយកាលណាមានសកម្មភាពជាក់ស្ដែងតវ៉ានោះ លោក ហ៊ុន សែន ពិបាកទប់ ដូច្នេះហើយបានជាគេបន្លាចហើយបន្លាចទៀតមិនចង់ឃើញវត្តមានលោក សម រង្ស៊ី»។
អ្នកវិភាគរូបនេះមានជំនឿថា កម្លាំងសាមគ្គីរបស់បក្សប្រឆាំងនេះ ប្រសិនបើមានយុទ្ធសាស្ត្ររឹងមាំនឹងអាចយកឈ្នះលើគណបក្សកាន់អំណាចនៅពេលខាងមុខបាន ព្រោះរបបលោក ហ៊ុន សែន រងសម្ពាធ២ គឺសម្ពាធពីប្រជាពលរដ្ឋជិតប្រហែលកន្លះនគរមិនពេញចិត្តនឹងរបបដឹកនាំសព្វថ្ងៃ ហើយមានចំនួនកាន់តែច្រើនឡើង និងរងសម្ពាធពីសហគមន៍អន្តរជាតិ៕
