មេដឹកនាំលំដាប់ទី២ នៃរបបក្រុងភ្នំពេញ ប្រកាសឲ្យបន្តចាប់ខ្លួនអ្នកចូលរួមទទួលស្វាគមន៍ ដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលប្រកាសវិលចូលកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា។ មន្ត្រីសិទ្ធិមនុស្សសម្ដែងការសោកស្ដាយចំពោះការប្រកាសបែបនេះ ព្រោះធ្វើឲ្យពលរដ្ឋរងគ្រោះ ព្រមទាំងទទួលរងការរិះគន់បន្ថែមទៀតពីរឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញ លទ្ធិប្រជាធិបតេយ្យ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញបញ្ជាឲ្យបន្តតាមចាប់ខ្លួនមុខសញ្ញា ដែលចូលរួមទទួលលោក សម រង្ស៊ី បន្ថែមទៀត ដោយលោកចោទថា គម្រោងមាតុភូមិនិវត្តន៍របស់មេបក្សប្រឆាំងរូបនេះ ជាការប៉ុនប៉ងបំផ្លាញសន្តិភាព។ ប្រមុខផ្នែកសន្តិសុខជាតិនៃរបបក្រុងភ្នំពេញរូបនេះបន្តថា ការដែលលោក សម រង្ស៊ី ប្រើពាក្យប្រមាថព្រះមហាក្សត្រ និងការប៉ុនប៉ងបង្កើតកងទ័ពប្រឆាំងរដ្ឋាភិបាលរបស់ក្រុមលោក គឺជារឿងខុសច្បាប់ធ្ងន់ធ្ងរ មិនមែនជាការធ្វើនយោបាយតស៊ូដោយសន្តិវិធីតាមបែបប្រជាធិបតេយ្យនោះទេ៖ « គាត់មកដើម្បីបំផ្លាញសន្តិភាព មិនមែនដូចឆ្នាំ២០១៣ ទេ ព្រោះ ២០១៣ គាត់មកដោយមានការលើកលែងទោស ហើយមកចូលរួមការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដូច្នេះគាត់មកស្របច្បាប់ ហើយប្រជាពលរដ្ឋទៅទទួលជារឿងធម្មតាអត់មានអីខុសទេ ប៉ុន្តែលើកនេះគាត់មកមិនមែនន័យចឹងទេ គឺខុសគ្នាស្រឡះ » ។
ក្រុមមេដឹកនាំកំពូលៗ របស់របបក្រុងភ្នំពេញ បានប្រកាសជាបន្តបន្ទាប់អំពីវិធានការបង្ក្រាប និង វាយកម្ទេចក្រុមគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី ដាក់ផែនការជាក់លាក់វិលចូល កម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ដែលថាដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ លោក សម រង្ស៊ី ក៏ធ្លាប់អំពាវនាវឲ្យដល់កងទ័ពថា កុំឱ្យបាញ់សម្លាប់ពលរដ្ឋតាមបញ្ជារបស់ក្រុមលោក ហ៊ុន សែន ហើយចូលរួមជាមួយប្រជាពលរដ្ឋជាធ្លុងមួយ ដើម្បីទាមទារឲ្យលោក ហ៊ុន សែន ដែលលោកចាត់ទុកជាមេដឹកនាំផ្ដាច់ការនោះ ចុះចេញពីអំណាច។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង លោក ម៉ៅ វិបុល កំពុងរស់នៅប្រទេសថៃ ដើម្បីគេចពីការតាមចាប់ខ្លួន លើកឡើងថា អ្វីដែលលោក ស ខេង ថ្លែង គឺជាការរំលោភច្បាប់ជាតិ និងអន្តរជាតិ ហើយមិនគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនោះទេ គឺគិតតែពីការការពារអំណាចរបស់ក្រុមខ្លួន។ លោកបន្តថា ទោះបីជាមានការប្រកាសបែបនេះ ក៏លោកនៅតែប្រមូលកម្លាំងពលករនៅប្រទេសថៃ ដើម្បីចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ដោយគ្មានខ្លាចរអានោះទេ ព្រោះលោកយល់ថា បើមិនធ្វើអ្វីសោះ ក៏នឹងរងគ្រោះដូចសម័យខ្មែរក្រហមដែរ៖ «លោក ស ខេង ប្រកាសចាប់ខ្លួនពលរដ្ឋ ដែលច្បាប់រដ្ឋធម្មនុញ្ញមានចែងថា ពលរដ្ឋមានសិទ្ធិធ្វើនយោបាយ និងធ្វើអ្វីផ្សេងៗ នោះ គឺការប្រកាសនេះកាន់តែធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់ និងចូលរួមកាន់តែច្រើន ព្រោះឥឡូវនេះគាត់លែងខ្លាចទៀតហើយ»។
អង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស សម្ដែងការសោកស្ដាយ ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា ការដែលគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ជ្រើសរើសមធ្យោបាយ គំរាមកំហែងគ្នាទៅវិញទៅមក ឬក៏ចាប់ចងពលរដ្ឋដាក់ពន្ធនាគារនេះ គឺមិនមែនជាជម្រើសល្អក្នុង ការបញ្ចប់វិបត្តិនយោបាយនោះទេ។ លោកយល់ថា ប្រសិនបើរដ្ឋាភិបាលចេះតែបង្កើនសកម្មភាពចាប់ខ្លួនបែបនេះ នឹងទទួលរងការរិះគន់បន្តទៀត ពីរឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។ មន្ត្រីសិទ្ធិមនុស្សរូបនេះអំពាវនាវដល់មេដឹកនាំគណបក្សនយោបាយទាំងពីរថា គួរតែវិលទៅរកតុចរចាដោះស្រាយវិបត្តិនយោបាយ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ព្រោះការបន្តឈ្លោះគ្នារវាងមេដឹកនាំនយោបាយទាំងពីរនេះ គ្មានចំណេញអ្វីឡើយ ក្រៅតែពីធ្វើឲ្យប្រទេសជាតិ និងពលរដ្ឋរងគ្រោះ៖ «បញ្ចប់ការធ្វើទុក្ខបុកម្នេញ ឬការចោទប្រកាន់ ការចាប់ខ្លួន ព្រោះកុំឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស ព្រោះយើងឃើញហើយថា ព្រោះម្សិលមិញក៏មានទិវា កិច្ចព្រមព្រៀងទីក្រុងប៉ារីសលើកទី២៨ ដែរ ដែលភាគីខ្មែរសន្យាដោះស្រាយជម្លោះនយោបាយដោយសន្តិវិធី ហើយយើងអាចធ្វើបានក្នុងឆ្នាំ១៩៩១ ហេតុអ្វីយើងមិនអាចធ្វើបានក្នុងឆ្នាំ២០១៩ ដើម្បីនាំសន្តិភាពពិតដល់កម្ពុជា » ។
កាលពីថ្ងៃទី២១ ខែតុលា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍ថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាច្រើននាក់ ក្រោមហេតុផលនយោបាយ បង្ហាញថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានបំណងបញ្ឈប់ទង្វើវាយបង្ក្រាបយ៉ាងចាស់ដៃលើសំឡេងប្រឆាំង និងសំឡេងឯករាជ្យ ដែលបណ្ដាលឱ្យកម្ពុជាស្ថិតក្នុងភាពខ្មៅងងឹតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឡើយ។ អង្គការអន្តរជាតិមួយនេះ ក៏អំពាវនាវដល់រដ្ឋាភិបាល និងប្រទេសម្ចាស់ជំនួយ ឱ្យដាក់សម្ពាធរបបក្រុងភ្នំពេញ ឱ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ទាំងឡាយជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
