ការបោះឆ្នោតព្រឹទ្ធសភាពោរពេញទៅដោយភាពចម្រូងចម្រាស
2024.02.25

លទ្ធផលក្រៅផ្លូវការ នៃការបោះឆ្នោតព្រឹទ្ធសភា គឺគណបក្សប្រជាជនកម្ពុជាឈ្នះបាន ៥៥កៅអី ហើយគណបក្សឆន្ទៈខ្មែរបាន៣កៅអី។ ប្រធាន គ.ជ.ប. និងអ្នកនាំពាក្យគណបក្សកាន់អំណាច ថាជាជោគជ័យ ប៉ុន្តែមន្ត្រីបក្សក្រៅរដ្ឋាភិបាលថា មានរឿងមិនប្រក្រតី ដែល គ.ជ.ប ត្រូវពិនិត្យមើលឡើងវិញ។
មន្ត្រីគណបក្សក្រៅរដ្ឋាភិបាលឱ្យដឹងថា លទ្ធផលក្រៅផ្លូវការ នៃការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី ២៥កុម្ភៈ នេះ គឺគណបក្សប្រជាជនកម្ពុជាឈ្នះបាន ៥៥កៅអី នៃអាសនៈប្រកួតប្រជែងសរុបចំនួន៥៨ តាមពីក្រោយដោយគណបក្សឆន្ទៈខ្មែរ ដែលបានចំនួន ៣កៅអី រីឯគណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច មិនបានឈ្នះអាសនៈទេ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ ថ្លែងក្នុងសន្និសីទកាសែត បន្ទាប់ពីការបោះឆ្នោតថា ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ នេះ មានការិយាល័យបោះឆ្នោតចំនួន៣៣ ក្នុង ៨ភូមិភាគនៅទូទាំងប្រទេស ដោយមានអ្នកទៅបោះឆ្នោតសរុបជាង ១ម៉ឺន ១ពាន់ (១១.៧៣០) នាក់ ស្មើនឹង ៩៩,៨៦% នៃចំនួនអ្នកបោះឆ្នោតសរុប ១១.៧៤៧ នាក់។ លោកថា លទ្ធផលផ្លូវការ អាចនឹងប្រកាសនៅចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា។
លោក ប្រាជ្ញ ចន្ទ៖ «តាមប្រតិទិន គ.ជ.ប នឹងបិទផ្សាយលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតនៅថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២៤ ហើយបើសិនគ្មានពាក្យបណ្ដឹងតវ៉ា ឬបណ្ដឹងជំទាស់នឹងលទ្ធផលបណ្ដោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាសនៅចន្លោះ នៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤»។
បរិយាកាសទូទៅ នៅថ្ងៃបោះឆ្នោតត្រូវបានអ្នកតាមដាននានា រួមទាំងមជ្ឈដ្ឋាន អ្នកសង្កេតការណ៍ និងមន្ត្រីជាន់ខ្ពស់នៃគណបក្សនយោបាយ មើលឃើញថា មានភាពរលូន ប៉ុន្តែមន្ត្រីមូលដ្ឋាននៃគណបក្សក្រៅរដ្ឋាភិបាល នៅតែអះអាងអំពីភាពមិនប្រក្រតី រីឯដំណើរការទាំងមូល នៃការបោះឆ្នោត ពោរពេញដោយភាពចម្រូងចម្រាសតាំងពីមុនពេលបោះឆ្នោត។
នៅមុនការបោះឆ្នោតគណបក្សភ្លើងទៀន ដែលជាគូប្រជែងដ៏មានសក្ដានុពលទល់ នឹងគណបក្សកាន់អំណាច ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងក្រសួងមហាផ្ទៃ បិទមិនឱ្យចូលរួមបោះឆ្នោត ហើយក្រុមមេដឹកនាំគណបក្សភ្លើងទៀន បាននាំគ្នាទៅឈរឈ្មោះនៅគណបក្សឆន្ទៈខ្មែរយ៉ាងប្រញាប់ប្រញាល់។
បេក្ខជនចូលរួមប្រកួតសំខាន់ៗ ពីគណបក្សក្រៅរដ្ឋាភិបាល ហាក់មិនសូវហ៊ាន បង្ហាញសេរីភាព ក្នុងការអត្ថាធិប្បាយអំពីដំណើរការបោះឆ្នោតនៅពេល លោក សុន ឆ័យ ដែលជាបេក្ខជនលេខរៀងទី១ នៃគណបក្សឆន្ទៈខ្មែរ ត្រូវជាប់បណ្ដឹងនៅតុលាការដែលប្ដឹងដោយគណបក្សប្រជាជនកម្ពុជា និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ហើយនៅមុនការបោះឆ្នោតព្រឹទ្ធសភាលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសមិនលើកលែង ចំពោះករណីលោក សុន ឆ័យ ទៀត។
នៅមុនការបោះឆ្នោតព្រឹទ្ធសភានេះ ពាក់ព័ន្ធនឹងករណីលោក សុន ឆ័យ ដដែល ក៏មានការគំរាមកំហែងដ៏ធំមួយ គឺគណបក្សប្រជាជនកម្ពុជាបានប្ដឹងអ្នកនាំពាក្យ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា។ នេះជាសញ្ញា ដែលក្រុមអ្នកឃ្លាំមើលយល់ឃើញថា ជាយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច គំរាមកំហែងភ្នាក់ងារសង្គមស៊ីវិលដែលតែងតែស៊ើបអង្កេតប្រមូលភស្តុតាងអំពី ដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជា។
ក្រៅពីនេះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៃគណបក្សក្រៅរដ្ឋាភិបាល ដែលជាអង្គបោះឆ្នោត ក៏ត្រូវបានមន្ត្រីអាជ្ញាធររដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប.) ធ្វើការអុកឡុកច្រើនបែបយ៉ាង ដូចជា ការទិញទឹកចិត្ត និងការមិនព្រមផ្លាស់ប្ដូរសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់ តាមការស្នើរបស់គណបក្ស ភ្លើងទៀនជាដើម។
ចំពោះស្ថានភាពក្នុងថ្ងៃបោះឆ្នោត ត្រូវបានអនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ កុម្ភៈថា មានព័ត៌មានពីថ្នាក់ក្រោមអំពីការទិញទឹកចិត្ត ប៉ុន្តែលោកនៅមិនទាន់កំណត់ច្បាស់នៅឡើយទេ។
លោក សុន ឆ័យ៖ «ខ្ញុំមិនៗច្បាស់ទេ ទោះបីជាមានរបាយការណ៍ពីខេត្តមកខ្លះថា មានការទិញទឹកចិត្តអីកន្លងមក។ ខ្ញុំមិនមានព័ត៌មានបន្ថែម ឬច្បាស់ការនៅឡើយទេ»។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការចោទប្រកាន់អំពីការគំរាមកំហែង អង្គបោះឆ្នោតបក្សប្រឆាំង។
លោក សុខ ឥសាន៖ «ការបោះឆ្នោតប្រព្រឹត្តទៅដោយសម្ងាត់ ដូច្នេះ គ្មានហេតុណាដែលត្រូវសម្លុតគំរាមកំហែងបោះឆ្នោតទេ។ ការសម្លុត កំហែងអង្គបោះឆ្នោត វាមិនហុចអង្គបោះឆ្នោត វាមិនហុចលទ្ធផលទេ ផ្ទុយទៅវិញគេមិនបោះឆ្នោតឱ្យយើង។ អ៊ីចឹង គណបក្សមិនដែលធ្វើករណីនេះទេ»។
ចំណែកប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ វិញអះអាងថា ការបោះឆ្នោតប្រព្រឹត្តទៅជោគជ័យ ប្រកបដោយសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា និងគ្មានបាតុភាពគួរឱ្យកត់សម្គាល់ឡើយ។
លោក ប្រាជ្ញ ចន្ទ៖ «ការបោះឆ្នោតប្រព្រឹត្តទៅរលូន គ្មានអំពើហិង្សា គ្មានគំរាមកំហែង និងពុំមានសកម្មភាពអ្វី ធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ យើងចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរទីមោទន»។
ទោះជាយ៉ាងណា ប្រធានប្រតិបត្តិនៃគណបក្សភ្លើងទៀននៅខេត្តស្ទឹងត្រែង លោក ពុយ ចាន់ថាឡា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ កុម្ភៈ ថា លោកបានទទួលព័ត៌មានពីសមាជិកគណបក្សភ្លើងទៀនមួយចំនួន អំពីការដើរទិញទឹកចិត្ត ប៉ុន្តែលោកមិនហ៊ានអះអាងជាការពិត ១០០%ទេ ហើយកំពុងស្រាវជ្រាវផ្ទៀងផ្ទាត់ព័ត៌មាននេះ។
យ៉ាងណាលោកឆ្ងល់ថា ហេតុអ្វីមន្ត្រី គ.ជ.ប យករថយន្តទៅដឹកអង្គបោះឆ្នោតម្នាក់របស់គណបក្សភ្លើងទៀន គឺលោក រស់ ឡាច ដែលកំពុងមានជំងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅមន្ទីរពេទ្យយកទៅឱ្យបោះឆ្នោត។
លោក ពុយ ចាន់ថាឡា៖ «សុខភាពគាត់ទ្រុឌទ្រោមខ្លាំងមិនអាចមកបោះឆ្នោតបាន ។ ខ្ញុំមានការសោកស្ដាយហេតុផលអ្វី ដែលបានគណៈកម្មការរៀបចំការបោះឆ្នោតយកឡានរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តទៅដឹកគាត់មកបោះឆ្នោត ចម្ងល់ប៉ុណ្ណឹងតើមាននីតិវិធីចែងឬយ៉ាងណា?»។
មន្ត្រីសម្របសម្រួលផ្នែកអង្កេត នៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ កុម្ភៈ ដោយពន្យល់ថា ករណីមានមន្ត្រី គ.ជ.ប ដឹកអង្គបោះឆ្នោតទៅបោះឆ្នោត គឺវាមិនខុសច្បាប់នោះទេ បើគ្មានការបង្ខិតបង្ខំ ប៉ុន្តែកាលណាមានការបង្ខិតបង្ខំឱ្យ បោះឆ្នោតឱ្យគណបក្សណាមួយ ខុសពីឆន្ទៈរបស់អ្នកបោះឆ្នោត គឺជាអំពើខុសច្បាប់។
លោក កន សាវាង្ស៖ «បើសិនជាការលើកឡើងឱ្យទៅបោះឆ្នោតនរណាមួយដោយការបង្ខិតបង្ខំ ឬក៏ការប្រើប្រាស់ការគំរាមកំហែង ណាមួយអាហ្នឹង វាជាដំណើរនៃខុសហើយ ខុសនីតិវិធី ខុសនឹងច្បាប់ហើយ។ មានន័យថា វាជាការគំរាមកំហែង វាជាការបំភិតបំភ័យ ហើយករណីទាំងអស់ហ្នឹង គឺថា ច្បាប់មានចែង គឺថា វាខុសពីនីតិវិធីច្បាប់ហើយ។ អ៊ីចឹង វាអាចទទួលទម្ងន់ទោសផ្សេងៗថែមទៀតទៅតាមនីតិវិធីច្បាប់ដែលបានចែង»។
អ្នកឃ្លាំមើលបង្ហាញការយល់ឃើញថា ការបោះឆ្នោតព្រឹទ្ធសភា គឺជាការបោះឆ្នោត ដែលប្រជាពលរដ្ឋ អង្គបោះឆ្នោត និងបេក្ខជនចូលរួមប្រកួតប្រជែងបោះឆ្នោតពីគណបក្សក្រៅរដ្ឋាភិបាល ស្ទាក់ស្ទើរមិនហ៊ានសម្ដែងមតិពីការបោះឆ្នោត នៅពេលដែលអង្គការតាមដានការបោះឆ្នោតធំៗ ដូចជា និកហ្វិក និងខុមហ្វ្រែល ជាដើម មិនបានដាក់អ្នកសង្កេតការណ៍តាមដានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។