លោក ហ៊ុន សែន ព្រម​ដក​ពាក្យ​បណ្ដឹង​ពី​លោក ជា ប៉ូច ដែល​ប្រកាស​ផ្ដាច់ខ្លួន​ពី​លោក សម រង្ស៊ី

ដោយ ប្រាជ្ញ ចេវ
2024.04.24
លោក ហ៊ុន សែន ព្រម​ដក​ពាក្យ​បណ្ដឹង​ពី​លោក ជា ប៉ូច ដែល​ប្រកាស​ផ្ដាច់ខ្លួន​ពី​លោក សម រង្ស៊ី អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន លោក ជា ប៉ូច ថ្លែង​ក្នុងកិច្ចប្រជុំគណបក្សភ្លើងទៀន។
រូប​៖ ហ្វេសប៊ុក​លោក ជា ប៉ូច

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន យល់ព្រម​ដក​ពាក្យ​បណ្ដឹង​ពី​អតីតមន្ត្រី​បក្ស​ប្រឆាំង​លោក ជា ប៉ូច ដោយ​ឱ្យ​មេធាវី​របស់​លោក​ដក​ពាក្យ​បណ្ដឹងចេញពី​តុលាការ​ឱ្យ​បាន​ឆាប់​។ អន្តរាគមន៍​របស់​លោក ហ៊ុន សែន ពេលនេះ ក្រោយ​លោក ជា ប៉ូច សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន និង​ប្រកាស​ផ្ដាច់ខ្លួន​ចេញពី​លោក សម រង្ស៊ី។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី​២៣ ខែ​មេសា ថា លោក​ទទួល​ការ​សុំ​អភ័យទោស​ពី​លោក ជា ប៉ូច ដោយ​ឈរ​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ​។ លោក ហ៊ុន សែន ក៏​ឆ្លៀត​ប្រកាស​ទទួល​យក​ការ​សុំ​ទោស​ពី​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត​បើ​ពួកគេ​ប្រកាស​ផ្ដាច់ខ្លួន​ចេញពី​លោក សម រង្ស៊ី។ ផ្ទុយ​ពី​នេះ អតីត​នាយករដ្ឋមន្ត្រី រូប​នេះ នៅតែ​បន្ត​ព្រមាន​មិន​លើកលែង​ឱ្យ​ជន​ណា ឬ​ក្រុម​ណា ដែល​បន្ត​ដើរ​តាម​លោក សម រង្ស៊ី។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន លោក ជា ប៉ូច បាន​លិខិត​សុំទោស​លោក ហ៊ុន សែន ពី​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី​២៣ ខែមេសា សុំទោស​រដ្ឋាភិបាល និង​សុំទោស​លោក ហ៊ុន សែន ដោយ​លោក​លើកឡើង​ថា លោក​សោកស្ដាយ​ដែល​បាន​ធ្វើ​សកម្មភាព​និង​ប្រើប្រាស់​ពាក្យពេចន៍​កន្លងទៅ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ និង​សន្តិភាព​របស់​រដ្ឋាភិបាល​។ អតីត​សមាជិកសភា​គណបក្ស​សង្គ្រោះជាតិ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន រូប​នេះ ក៏​ប្រកាស​ផ្ដាច់ខ្លួន​ចេញ​ពី​លោក សម រង្ស៊ី ចេញ​ពី​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ បាន​លោក ជា ប៉ូច បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៣ ខែ​មេសា។

លោក ជា ប៉ូច ធ្លាប់​បាន​ធ្វើ​លិខិត​សុំទោស​លោក ហ៊ុន សែន ម្ដង​រួច​ហើយ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៣ ក្រោយ​ពេល​លោក ហ៊ុន សែន ឱ្យ​មេធាវី​របស់​លោក​ប្ដឹង​លោក ជា ប៉ូច ទៅ​តុលាការ​ទាក់ទង​សំឡេង​បែកធ្លាយ​របស់​លោក ជា ប៉ូច និយាយ​ទាក់ទង​រឿង​ទម្លាក់​លោក ហ៊ុន សែន​។ ប៉ុន្តែ កាល​នោះ​លោក ហ៊ុន សែន មិន​ព្រម​ទទួល​យក​ការ​សុំ​ទោស លោក ជា ប៉ូច ក៏​បាន​គេច​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
គ្រួសារ​រៀបចំ​ពិធី​បញ្ចុះសព​លោក លិម គិមយ៉ា នៅ​ជាយ​ទីក្រុង​ប៉ារីស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។