មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន ប្រើប្រាស់​ស្ថាប័ន​អង្គ​ព្រះមហាក្សត្រ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន

ដោយ មាន ឫទ្ធិ
2023.11.15
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន ប្រើប្រាស់​ស្ថាប័ន​អង្គ​ព្រះមហាក្សត្រ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី និង​លោក ហ៊ុន ម៉ាណែត ហ៊ុន សែន (ស្ដាំ) ក្នុង​ពិធី​ពន្លត់​ទៀន​ជ័យ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ខួប​លើក​ទី៧០ (ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣) ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង ស្រប​គ្នា​នឹង​ខួប​លើក​ទី៧០ នៃ​ការ​បង្កើត​កងយោធពលខេមរភូមិន្ទ។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា លោក ហ៊ុន សែន មិន​បាន​លើក​កម្ពស់​ស្ថាប័ន​អង្គ​ព្រះមហាក្សត្រ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​គ្រួសារ​ត្រកូល​ហ៊ុន ប្រើប្រាស់​ប្រជាប្រិយ​ភាព​អង្គ​ព្រះមហាក្សត្រ​ ដើម្បី​រក្សា​អំណាច​ផ្ដាច់ការ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ ការ​លើក​ឡើង​នេះ​ស្រប​ពេល​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ផ្សព្វផ្សាយ​វីដេអូ​នៃ​ការ​យាង​និវត្ត​មក​កាន់​មាតុ​ប្រទេស​កម្ពុជា​វិញ របស់​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ និង​សម្ដេច​ម៉ែ កាល​ពី​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១។

ថ្ងៃ​ទី១៤ ខែវិច្ឆិកា ២០២៣ គឺជា​ខួប ៣២ឆ្នាំ ដែល​អង្គ​ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​មាតុភូមិ​និវត្ត​មក​ប្រទេស​កម្ពុជា​វិញ ដោយ​មាន​វត្តមាន​លោក ហ៊ុន សែន ជា​អ្នក​ទៅ​យាង​ព្រះអង្គ​ពី​ទីក្រុង​ប៉េកាំង (Beijing) ប្រទេស​ចិន (China) ហើយ​លោក ហ៊ុន សែន ក៏​បាន​ផ្សព្វផ្សាយ​វីដេអូ​ដើម្បី​រម្លឹក​ឡើង​វិញ​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ។

ទោះ​ជា​យ៉ាងណា មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា លោក ហ៊ុន សែន មិន​បាន​លើក​កម្ពស់​ព្រះកិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ លោក ហ៊ុន សែន គ្រាន់​តែ​ទាញ​យក​ប្រជាប្រិយភាព​របស់​ស្ថាប័ន​ព្រះមហាក្សត្រ ដើម្បី​ការពារ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​គ្រួសារ​ត្រកូល ហ៊ុន តែ​ប៉ុណ្ណោះ។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន មាន​ប្រសាសន៍​ថា បើ​ទោះបីជា លោក ហ៊ុន សែន និង​កូន​ប្រុស​បន្ត​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​លោក គឺលោក ហ៊ុន ម៉ាណែត ហាក់​ដូច​ជា​គោរព​ព្រះមហាក្សត្រ​នៅ​ទី​សាធារណៈ​ក្ដី ប៉ុន្តែ​ជាក់​ស្ដែង លោក​ទាំង​ពីរ​នាក់​នេះ មិន​បាន​ផ្ដល់​តម្លៃ​ដល់​អង្គ​ព្រះមហាក្សត្រ​នោះ​ឡើយ។ លោក​បន្ត​ថា ចំណុច​សំខាន់​ដែល​ឆ្លុះ​បញ្ចាំង​ថា លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត មិន​បាន​ផ្ដល់​តម្លៃ​ទៅ​ដល់​ស្ថាប័ន​អង្គ​ព្រះមហាក្សត្រ​នោះ​គឺ រដ្ឋាភិបាល នៅ​តែ​បន្ត​បោះ​បង្គោល​ព្រំដែន ដោយ​អនុលោម​ទៅ​តាម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ទ្វេភាគី​ជាមួយ​ប្រទេស​វៀតណាម (Vietnam) កាល​ពី​ឆ្នាំ២០០៥។

លោក អ៊ំ សំអាន ៖ «រដ្ឋធម្មនុញ្ញ​ក៏​មាន​ចែង​ដែរ ព្រះ​មហាក្សត្រ គឺជា​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម មាន​ន័យ​ថា លោក​ជា​អ្នក​ធានា​នូវ​ឯករាជ្យ​ភាព​របស់​តុលាការ ប៉ុន្តែ​លោក ហ៊ុន សែន មិនបាន​ផ្ដល់​អំណាច​ទៅលើ ព្រះ​មហាក្សត្រ​នោះ​ទេ ហើយ​ព្រះ​មហាក្សត្រ​ក៏​ជា​អ្នក​ធានា​នូវ​ឯករាជ្យ​ភាព បូរណភាព​ដែនដី​របស់​កម្ពុជា ក៏​ប៉ុន្តែ​លោក ហ៊ុន សែន ក៏​មិន​បាន​ផ្ដល់​តម្លៃ​ទៅ​ឱ្យ​ព្រះ​មហាក្សត្រ​ផង​ដែរ លោក ហ៊ុន សែន ចាត់​ទុក​ថា​ព្រះ​មហាក្សត្រ​ហ្នឹង​គឺជា ឧបករណ៍​របស់​ខ្លួន​ដើម្បី​កាន់​អំណាច​តែ​ប៉ុណ្ណោះ ដូច​ក្នុង​រឿង​សាមកុក​អ៊ីចឹង​ឯង ឆាវឆាវ ចាត់​ទុក​ថា ស្ដេច​ហ្នឹង គឺ​ជា​អាយ៉ង​របស់​ខ្លួន ដើម្បី​ប្រើប្រាស់​រក្សា​អំណាច»

ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ លោក ហ៊ុន សែន បាន​ទៅ​យាង ព្រះមហាក្សត្រ ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​សម្ដេច​ម៉ែ ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា ឆ្នាំ១៩៩១ ដោយ​កាល​នោះ​ព្រះអង្គ​មាន​តួនាទី​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​នៃ​កម្ពុជា។ បើ​ទោះបីជា​ការ​ធ្វើ​មាតុភូមិ​និវត្ត​របស់​អង្គ​ព្រះមហាក្សត្រ ក្នុង​នាម​ជា​ព្រះ​ប្រមុខ​រដ្ឋ ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្រួប​បង្រួម​ជាតិ ការពារ​បូរណភាព​ទឹក​ដី និង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ តាម​រយៈ​ការ​បោះឆ្នោត​ដោយ​មាន​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​ក្ដី ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​ធ្វើ​នយោបាយ ស្រប​តាម​ព្រះរាជ​បំណង​របស់​អង្គ​ព្រះមហាក្សត្រ​នោះ​ឡើយ។ ជាក់​ស្ដែង ក្រៅ​ពី​ឡាំប៉ា​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​កាល​ពី​ឆ្នាំ១៩៩៣ រហូត​ទាមទារ​ឱ្យ​បង្កើត​រដ្ឋាភិបាល​ក្បាល​ពីរ ដែល​មាន​នាយករដ្ឋមន្ត្រី​ពីរ​រូប និង​សហ​រដ្ឋមន្ត្រី​តាម​បណ្ដា​ក្រសួង​ហើយ​នោះ លោក ហ៊ុន សែន ថែម​ទាំង​បាន​ដឹកនាំ​រដ្ឋប្រហារ​បង្ហូរ​ឈាម ដើម្បី​ដណ្ដើម​អំណាច​ពី​នាយករដ្ឋមន្ត្រី​ទី១ សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ក្នុង​ឆ្នាំ​១៩៩៧ ទៀត​ផង។

បន្ថែម​ពី​នេះ ដើម្បី​ផ្គាប់ផ្គុន​ប្រទេស​វៀតណាម លោក ហ៊ុន សែន ថែម​ទាំង​ធ្លាប់​គំរាម​រំលាយ​ស្ថាប័ន​អង្គ​ព្រះមហាក្សត្រ​ទៀត​ផង កាល​ពី​ចុង​ឆ្នាំ២០០៥ បើ​សិន​ជា​ព្រះបាទ នរោត្តម សីហមុនី មិន​ព្រម​ចុះ​ព្រះហស្ត​លេខា​លើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ទ្វេ​ភាគី​ជាមួយ​ប្រទេស​វៀតណាម។

លោក ហ៊ុន សែន៖ «ខ្ញុំ​និយាយ​ជាមួយ​សម្ដេច​ក្រុមព្រះ​ហើយ ខ្ញុំ​ថា ព្រះអង្គ និយាយ​ប្រាប់​ឯកឧត្តម ស៊ុន ចាន់ថុល កុល​ ផេង អ៊ឹង​ កន្ថាផាវី ស៊ីសុវត្ថិ ប៉ាណារ៉ា លើ​​យន្ត​ហោះ​តាម​ទូរស័ព្ទ ខ្ញុំ​ថា​​ព្រះអង្គ​​ បើ​​លើក​​នេះ​​វា​ពិបាក​​ស៊ីញ៉េ ត្រូវ​​ពិនិត្យ​​ឡើង​​វិញ យើង​គួរ​ទុក​រាជានិយម ឬ​ធ្វើ​​សាធារណរដ្ឋ​ ឲ្យ​វា​មាន​ប្រធានាធិបតី​​តែ​​ម្តង? ឬ​ហោច​ណាស់​​ដាក់​បញ្ចូល​​ក្នុង​​រដ្ឋ​ធម្មនុញ្ញ លើ​មាត្រា​ណាមួយ ដែល​កាល​ណា​​ដាក់​ទៅ​ក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ ត្រូវ​ឡាយ​ព្រះហស្តលេខា។ បើ​មិន​ឡាយ​ព្រះហស្តលេខា ​ទេ គឺ​នឹង​ចូល​ជាធរមាន»

ទំនង​ដោយសារ​ការ​គំរាម​របស់​លោក ហ៊ុន សែន បែបនេះ ហើយ​បាន​ជា​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហមុនី ដែល​ទើប​តែ​បាន​ឡើង​គ្រង​រាជ​ថ្មីៗ ផង​នោះ បង្ខំ​ព្រះ​ហរទ័យ​ឡាយ​ព្រះហស្ត​លេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស រហូត​ដល់​ទៅ​ពីរ​ដង គឺ​ម្ដង​នៅ​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ និង​ម្ដង​ទៀត នៅ​ថ្ងៃ​ទី៥ ខែធ្នូ ឆ្នាំ២០១៩។ សន្ធិសញ្ញា​ទាំង​នេះ ត្រូវ​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា ជា​ការ​ទទួល​ស្គាល់​លើ​សន្ធិ​សញ្ញា​ខុស​ច្បាប់​ដែល​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​វៀតណាម បាន​ចុះ​ក្នុង​ពេល​ដែល​កម្ពុជា​ស្ថិត​នៅ​ក្រោម​រណប និង​ការ​ត្រួតត្រា​របស់​វៀតណាម ក្នុង​អំឡុង​ពេល​ពេញ​មួយ​ទសវត្សរ៍​ទី៨០។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើក​ឡើង​ថា ដើម្បី​បញ្ជាក់​ពី​ការ​គោរព និង​ផ្ដល់​តម្លៃ​ដល់​អង្គ​ព្រះមហាក្សត្រ​ពិត​ប្រាកដ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរ​ធ្វើ​នយោបាយ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​បើក​លំហ​ប្រជាធិបតេយ្យ ឱ្យ​ស្រប​ទៅ​តាម​ពាក្យ​សម្បថ ដែល​លោក​បាន​ស្បថ​នៅ​ចំពោះ​ព្រះ​ភក្តិ​របស់​អង្គ​ព្រះមហាក្សត្រ។ លោក​បន្ថែម​ថា អង្គ​ព្រះមហាក្សត្រ​មាន​សិទ្ធិ​ចុះ​ព្រះហស្ត​លេខា ឬ​មិន​ចុះ​ព្រះហស្ត​លេខា ហើយ​ក៏​មាន​សិទ្ធិ​លើក​លែង​ទោស ដោយ​មិន​បាច់​មាន​ការ​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ផង​ដែរ។

លោក វ៉ន ចាន់ឡូត៖ «ហើយ​នៅ​មួយ​ទៀត​គ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​សមាជ​ជាតិ ហើយ​កន្លែង​ហ្នឹង​ដែល​យើង​ឃើញ​ថា​អ្នក​នយោបាយ​ធ្វើ​មិន​ដឹង​មិន​ឮ ឬ​បំភ្លេច​ចោល ដែល​រដ្ឋធម្មនុញ្ញ​មាន​ចែង ហើយ​ការ​ធ្វើ​សមាជ​ជាតិ​នេះ​គឺ​ក្រោម​អធិបតីភាព​របស់​អង្គ​ព្រះមហាក្សត្រ ដើម្បី​លោក​ស្ដាប់​ទុក្ខ​កង្វល់​តំណាង​ប្រជារាស្ត្រ​ពី​គ្រប់​មូលដ្ឋាន​មក​រាយការណ៍​ជូន​ព្រះអង្គ មន្ត្រី​ណា​ដែល​អសកម្ម មន្ត្រី​ណា​ដែល​រំលោភ​បំពាន​ប្រជាពលរដ្ឋ​គឺ​គេ​មាន​អង្គ​សមាជ​ដើម្បី​ឱ្យ​ព្រះមហាក្សត្រ​ហ្នឹង​លោក​ស្ដាប់​ហើយ លោក​អាច​មាន​ជា​ចំណាត់​ការ ឬ​វិធានការ អ៊ីចឹង​អ្នក​នយោបាយ​ខ្ញុំ​គិត​ថា បើ​ពិត​ជា​គោរព​ស្រលាញ់​ព្រះមហាក្សត្រ គឺ​ត្រូវ​ធ្វើ​ឱ្យ​ព្រះមហាក្សត្រ​លោក​អាច​អនុវត្ត​នូវ​​ព្រះរាជ​តួនាទី​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ផ្ដល់​ឱ្យ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា។

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា លោក ហ៊ុន សែន គ្មាន​គោល​បំណង​ល្អ​ក្នុង​ការ​លើក​កម្ពស់​របប​រាជា​និយម​នោះ​ឡើយ។ ពួកគេ​អះអាង​ថា ប្រសិន​បើ​លោក ហ៊ុន សែន គោរព​ព្រះមហាក្សត្រ​មែន​នោះ ក្នុង​ពេល​កាន់​អំណាច​លោក ហ៊ុន សែន ត្រូវ​បើក​ផ្លូវ​ឱ្យ​ព្រះអង្គ​អាច​បំពេញ​ព្រះរាជ​កិច្ច​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ជា​ពិសេស លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ត្រូវ​រៀបចំ​ឱ្យ​មាន​សមាជ​ជាតិ ដែល​មាន​ព្រះ​វត្តមាន​អង្គ​ព្រះ​មហាក្សត្រ ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន ដូច​ដែល​សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​ធ្វើ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។