អាជ្ញាធរខណ្ឌសែនសុខ រាជធានីភ្នំពេញប្រមាណ ១០នាក់ ក្នុងសំលៀកបំពាក់ស៊ីវិលចុះរារាំងការតវ៉ាលើកបដារបស់មន្ត្រីគណបក្សភ្លើងទៀន ដែលប្រមូលផ្ដុំគ្នានៅទីស្នាក់ការគណបក្សខ្លួន ដើម្បីទាមទារឱ្យដោះលែងមន្ត្រីគណបក្សភ្លើងទៀន។
ក្រុមយុវជនគណបក្សភ្លើងទៀន នៅព្រឹកថ្ងៃទី៧ មេសានេះ បានធ្វើការទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំមនសិការនៅខាងមុខទីស្នាក់ការគណបក្សភ្លើងទៀននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពួកគេកាន់បដា សារ រូបថតសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនសិទ្ធិមនុស្សផ្សេងទៀត។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន និងក្រុមយុវជនបក្សភ្លើងទៀន ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយផ្ទាល់ពីនាយប៉ុស្តិ៍រដ្ឋបាលខណ្ឌ បានរុញច្រាន និងដេញមិនឲ្យក្រុមសកម្មជនគណបក្សភ្លើងទៀន ធ្វើការទាមទារនៅមុខទីស្នាក់ការបក្សនោះទេ ដោយអាជ្ញាធរ បានដេញឲ្យពួកគេឡើងទៅលើចិញ្ចើមផ្លូវ ដោយយកលេសថា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។ ក្រោយពីជជែកគ្នាយ៉ាងតឹងសរសៃកមួយសន្ទុះមក អាជ្ញាធរខណ្ឌនៅមិនទាន់ទៅណាឆ្ងាយពីទីស្នាក់ការគណបក្សភ្លើងទៀន ដែលមានការប្រជុំក្រុមយុវជនជាង ១០០នាក់ មកពីបណ្ដាខេត្តផ្សេងៗ នោះដែរ។
ប្រធានស្ដីទីចលនាយុវជនគណបក្សភ្លើងទៀន លោក ថន ចន្ថា ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលសកម្មជនភ្លើងទៀន ធ្វើការសម្ដែងមតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំនយោបាយ និងអ្នកជាប់ឃុំមនសិការទាំងអស់ នៅខាងមុខទីស្នាក់ការបក្សបែបនេះ គឺបណ្ដាលមកពីសាលារាជធានីភ្នំពេញ មិនអនុញ្ញាតតាមការស្នើសុំរបស់គណបក្សភ្លើងទៀន ដើម្បីធ្វើការសម្ដែងមតិនៅទីលានប្រជាធិបតេយ្យក្រោមហេតុផលមិនអាចទទួលយកបានមួយចំនួន។ លោកបន្តថា ការមិនអនុញ្ញាតឲ្យធ្វើការសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ក៏ដូចជាការមកចង្អុលមុខ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងរារាំងដេញមិនឲ្យសម្ដែងមតិមុខទីស្នាក់ការបក្សបែបនេះ ជាការបំបិទសិទ្ធិបញ្ចេញមតិរបស់គណបក្សដទៃ មុនពេលការបោះឆ្នោតខិតជិតមកដល់នាខែកក្កដាខាងមុខ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពីអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បាននៅឡើយទេ នៅថ្ងៃទី៧ មេសានេះ។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលជិត ៨០នាក់ហើយ កំពុងជាប់ឃុំក្នុងពន្ធនាគារ។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ និងបទរួមគំនិតក្បត់ ហើយចំពោះក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ហៅការចោទប្រកាន់ទាំងនេះថា ជាការបង្ក្រាបផ្នែកនយោបាយ ហើយទាមទារឲ្យរដ្ឋាភិបាលទម្លាក់បទចោទ និងអន្តរាគមន៍ដោះលែងពួកគេឲ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។