មេឃុំស្រែគរជាប់ឆ្នោត កូតាពីគណបក្សសង្គ្រោះជាតិ នៅខេត្តស្ទឹងត្រែង បានជ្រើសរើសមុខរបរ ដើររកខ្យងតាមបឹង និងត្រពាំង ដើម្បីលក់ចិញ្ចឹមជីវិត ក្រោយពីបាត់បង់ដំណែង ដោយមិនចុះចូលបម្រើគណបក្សកាន់អំណាចនោះទេ បើទោះបីជាមានការគំរាម និងអូសទាញលោកយ៉ាងណាក៏ដោយ។មេឃុំស្រែគរ ស្រុកសេសាន លោក សៀក មេគង្គ ដែលរបបក្រុងភ្នំពេញដកពីតំណែង ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំស្រែគរ ពីរអាណត្តិមកហើយ។
មេឃុំស្រែគរជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ លោក សៀក មេគង្គ ប្រាប់អាស៊ីសេរីនៅថ្ងៃទី ២៣ មិថុនាថា ក្រោយពីរបបក្រុងភ្នំពេញ ដកលោកពីតំណែង យ៉ាងអយុត្តិធម៌ គ្រួសារលោកសម្រេចចិត្ត ដើររើសខ្យងតាមបឹង អូរ និងត្រពាំងលក់រកប្រាក់ចិញ្ចឹមជីវិត និងដោះបំណុលគេ។
ក្នុងមួយថ្ងៃលោកអាចរើសខ្យងបាន ចាប់ពី ១០គីឡូក្រាម ដល់ ២០គីឡូក្រាម ហើយក្នុងមួយគីឡូក្រាមលក់បានប្រាក់ ៥ពាន់រៀល។ លោកថា លុយដែររកបាន សម្រាប់សងបំណុលធនាគារ និងផ្គត់ផ្គង់កូនរៀន ៣នាក់ ។ លោកចាំថា កន្លងទៅមានមន្ត្រីបក្សកាន់អំណាច មកលួងលោមឱ្យលោក ចុះចូលជាមួយបក្សប្រជាជនកម្ពុជាដែរ ដោយសន្យារក្សាតំណែង តែលោកបានបដិសេធ ដោយសុខចិត្តដើររើសខ្យងលក់ចិញ្ចឹមជីវិត៖ «មុខរបរនៅឃុំស្រែគរ សុទ្ធតែបទល្មើសព្រៃឈើ ដូច្នេះយើងគិតថា មិនឱ្យមានបញ្ហាប្រឈមសុខចិត្តដាក់ខ្លួន ដាក់កាយ ដាក់មងផង និងដើររើសខ្យងផង និងកៀរគរម៉ូយ ម៉ូយនៅគេជួយទិញ នៅភ្នំពេញ និងនៅរតនគិរីខ្លះ»។
លោក សៀក មេគង្គ បន្ថែមថា លោកនៅតែស្រមៃថាថ្ងៃណាមួយ នឹងមានឱកាសធ្វើជាមេឃុំបម្រើពលរដ្ឋដោយស្មោះត្រង់ និងអភិវឌ្ឍន៍ឃុំស្រែគឱ្យរីកចម្រើន៖ «ខ្ញុំឈ្នះឆ្នោតដោយស្របច្បាប់ ដល់ពេលរំលាយអ៊ីចឹងទៅមានន័យថា មិនទទួលស្គាល់សន្លឹកឆ្នោតដែរយើង បាត់បង់ទៀត។ ខ្ញុំថាមិនអាចទៅណាបានទេ លេបថ្មលេបគ្រួសទៅ ទ្រាំឈឺចិត្តទៅ វាអយុត្តិធម៌ពេកយើងសុខចិត្តនៅធ្វើស្រែធម្មតា ប្រកបរបរដើរទិញខ្យងផង និងដើររើសខ្យងចិញ្ចឹមប្រពន្ធកូនទៅ»។
លោក សៀក មេគង្គ ជាប់ឆ្នោតជាមេឃុំចំនួន ២អាណត្តិជាប់គ្នា គឺក្នុងអាណត្តិទី៣ លោកឈរឈ្មោះកូតាពីគណបក្ស សម រង្ស៊ី ជាលទ្ធផលលោកទទួលបាន ៣អាសន្ន ក្នុងចំណោម ៥អាសន្ន។ កាលពីអាណត្តិទី ៤ លោកបានឈរឈ្មោះបេក្ខភាពមេឃុំ កូតាពីគណបក្សសង្គ្រោះជាតិ ហើយបានជាប់ឆ្នោតជាមេឃុំ ដោយទទួលបាន ៣អាសនៈ ក្នុងចំណោម ៥អាសនៈដូចគ្នា។
ពលរដ្ឋរស់នៅភូមិស្រែគរ១ ក្នុងឃុំស្រែគរ លោក ភ័ក្ត្រ សារិទ្ធ សម្ដែងការសោកស្តាយ ដែលរបបក្រុងភ្នំពេញដក លោក សៀក មេគង្គ ពីតំណែងយ៉ាងយុត្តិធម៌ ខណៈដែលជំហររបស់ពលរដ្ឋភាគច្រើន គាំទ្រលោកធ្វើជាមេឃុំ ព្រោះមេឃុំរូបនេះជាមនុស្សស្មោះត្រង់ មានសមត្ថភាព និងឆន្ទៈនយោបាយ ជួយដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋក្រីក្រដោយយកចិត្តទុកដាក់ ផ្ទុយគ្នាស្រឡះ និងមេឃុំស្រែគរថ្មី ដែលរបបក្រុងភ្នំពេញ លើកបន្តុក គឺលោក ហ្វឿន ជឿន៖ «មេឃុំសៀក មេគង្គ មានបញ្ហាអីជួយដោះស្រាយយើងបាន មេឃុំថ្មី ហ្វឿន ជឿន គាត់រអាក់រអួលណាស់ មេឃុំថ្មីវាខុសគ្នាឆ្ងាយ មួយចេះដោះស្រាយ និងមួយទៀតអត់ចេះដោះស្រាយ។ យើងមានបញ្ហាអី អត់មានខ្វល់ការងារអីទេ»។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេច រំសាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា និងបានរំលាយអាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ៥.០០៧នាក់។ គណបក្សជំទាស់ និងពលរដ្ឋមួយចំនួន ចាត់ទុកសេចក្ដីសម្រេចនេះ មើលងាយឆន្ទៈរាស្ត្រ និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា នឹងគ្មានការចរចាណាមួយរវាងគណបក្សកាន់អំណាច និងគណបក្សជំទាស់ទេ ដោយសារវប្បធម៌សន្ទនាបានស្លាប់បាត់ទៅហើយ។ លោកបញ្ជាក់ថា នៅគ្រាដែលគណបក្សប្រឆាំងត្រូវបានរំលាយហើយ អាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ក៏រលាយដោយស្វ័យប្រវត្តិដែរ៖ «មូលហេតុមកពីគណបក្សសង្គ្រោះជាតិងាប់បាត់ទៅហើយ ទី២ វប្បធម៌សន្ទនាស្លាប់បាត់ទៅហើយ តាំងពីសម័យទណ្ឌិតសម រង្ស៊ីត្រូវបានបំផ្លាញចោល ដល់ចុងក្រោយនេះ ទណ្ឌិតសម រង្ស៊ី ទុកឱ្យ លោក ហ៊ុន សែន ចរចាជាមួយអន្តរជាតិ។ អ៊ីចឹងបានសេចក្ដីថា វាគ្មានតម្រុយណាមួយរវាងគណបក្សកាន់អំណាច និងខ្មោចគណបក្សសង្គ្រោះជាតិទេ»។
ទោះយ៉ាងណា ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ការរំសាយគណបក្សសង្គ្រោះជាតិ បង្កប៉ះពាល់ធំធេងដល់ជីវភាពប្រជាជនដោយផ្ទាល់ និងប្រយោល ជាពិសេសប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ចប្រជាជនកម្ពុជាធំធេង។ លោកថា គណបក្សកាន់អំណាច និងគណបក្សប្រឆាំងគួរតែចរចាគ្នា ដោះស្រាយបញ្ហាជាតិ មិនគួរអូសបន្លាយដល់ពេលនោះទេ ដែលលោកចាត់ទុកថា ជាឧបសគ្គរាំងស្ទះដល់អ្នកវិនិយោគអន្តរជាតិ និងអ្នកទេសចរមកពីប្រទេសលោកសេរី៖ «យើងចង់ឱ្យមានការចរចាដោះស្រាយ បញ្ហាជាតិឱ្យបានឆាប់ ដើម្បីកុំឱ្យមានអសកម្មមួយចំនួនបន្តទៀត ប៉ះពាល់ជីវភាពរស់នៅ និងបញ្ហាប្រឈមប្រជាពលរដ្ឋ និងប្រទេសលោកខាងលិច ដែលគេចង់វិនិយោគនៅប្រទេសកម្ពុជា នេះជាទូទៅ គេតែងតែសម្លឹងមើលបញ្ហានយោបាយ និងបញ្ជាការរំលោភសិទ្ធិមនុស្សជាដើម»។
ឃុំស្រែគ មានពីរភូមិ គឺភូមិស្រែគ១ និងភូមិស្រែគ២ និងមានប្រជាជនរស់នៅជាង ២.៥០០នាក់ស្មើនឹងជិត ១ពាន់គ្រួសារ។ ឃុំនេះឋិតក្នុងផ្ទៃអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយត្រូវបានជម្លៀសប្ដូរមកទីតាំងថ្មី ឆ្ងាយពីភូមិចាស់ជាង ១០គីឡូម៉ែត្រ នៅគ្រាដែលមានវត្តមានក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរចុះសិក្សា និងសាងសង់ទំនប់ កាលពីឆ្នាំ២០១២។ ពលរដ្ឋរស់នៅឃុំស្រែគរភាគច្រើនជាជនដើមភាគតិចឡាវ និយាយភាសាឡាវ ទំនាក់ទំនងក្នុងតំបន់៕
