មន្ត្រី​គណបក្សប្រឆាំង​ ៦​នាក់​​ ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ក្រៅ​ប្រទេស​​ក្រោយ​ពី​ភៀស​ខ្លួន​

0:00 / 0:00

សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​​គណបក្ស សង្គ្រោះ​ជាតិ ចំនួន ៦នាក់ បាន​​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​បន្ទាប់​ពី​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​កាល​ពី​សប្ដាហ៍​មុន ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​របប​ក្រុង​ភ្នំពេញ​ពាក់ព័ន្ធ​រឿង​ពួក​គាត់​​​ថ្លែង​សារ​គាំទ្រ​ និង​រៀបចំ​គម្រោង​ទទួល​លោក សម រង្ស៊ី វិល​ចូល​មាតុ​ប្រទេស​វិញ។

មន្ត្រី​របប​ក្រុង​ភ្នំពេញ បាន​ចាត់​ទុក​ការ​ចាក​ចេញ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​នោះ​ថា គ្រាន់តែ​ចង់​បាន​សិទ្ធិ​ជ្រកកោន​ប្រទេស​ទី៣ និង​ធ្វើ​សកម្មភាព​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ពី​ក្រៅ​ប្រទេស។

ប្រធាន​គណៈកម្មការ​គ្រប់គ្រង​នយោបាយ​គណបក្ស សង្គ្រោះ​ជាតិ ប្រចាំ​ទី​ក្រុង​បាងកក​ លោក​ ម៉ោញ សារ៉ាត់​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១១ មីនា​ថា អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​ទីក្រុង​បាងកក បាន​ទទួល​យក​ពាក្យ​សកម្មជន​គណបក្ស​ សង្គ្រោះ​ជាតិ ​ជាតិ​ទាំង ៦នាក់​នោះ​ហើយ ក្រោយ​ពី​ពួក​គេ​បាន​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​ទៅ​កាន់​ប្រទេស​ទីបី។

លោក​បញ្ជាក់​ថា មូល​ហេតុ​ដែល​សម្រេច​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ជ្រកកោន​នយោបាយ គឺ​ដើម្បី​ចង់​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​អស់​ ដែល​ភៀស​ខ្លួន​មក​ក្រៅ​ប្រទេស​មាន​សុវត្ថិភាព​ផ្លូវ​ច្បាប់​ និង​ចង់​បង្ហាញ​អង្គការ​សហប្រជាជាតិ​ឲ្យ​បាន​ដឹង​ថា ​ការ​តាម​យាយី​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ពី​របប​ក្រុង​ភ្នំពេញ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ បើ​ទោះ​ជា​របប​លោក ហ៊ុន សែន បាន​រំលាយ​​គណបក្ស​ប្រឆាំង​ដោយ​ខុស​ច្បាប់ ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧ ក៏​ដោយ៖ «ការ​តាម​រំខាន​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​នៅ​តែ​មាន​នៅ​តែ​បន្ត​ដដែល​មិន​ព្រម​ស្ដាប់​នៅ​អ្វី​ដែល​ជា​ការ​ក្រើន​រំលឹក​របស់​អន្តរជាតិ​ ទាក់ទិន​ទៅ​នឹង​សុំ​ឲ្យ​បន្ថយ ឬ​ក៏​ទម្លាក់​ចោល​គ្រប់​សកម្មភាព​ទាំង​ឡាយ​ណា ដែល​យាយី​ដល់​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ »

អតីត​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ក្រុង​ច្បារមន​ម្នាក់​ ក្នុង​ចំណោម​អ្នក​ទាំង៦ គឺ​អ្នកស្រី គុណ ម៉ាច បញ្ជាក់​ថា ​អ្នក​ស្រី​គ្មាន​បំណង​ចង់​រស់​នៅ​ក្នុង​ប្រទេស​ទី​បី​ទេ​ ក៏​ប៉ុន្តែ ដោយសារ​តែ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ បាន​បង្ខំ​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​បែប​នេះ។

អ្នក​ស្រី​បញ្ជាក់​ទៀត​ថា ​នៅ​ពេល​ស្ថាន​ភាព​នយោបាយ​វិល​ត្រឡប់​ដូច​ដើម​វិញ​ពួក​គេ​នឹង​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដើម្បី​បន្ត​សកម្ម​ភាព​នយោបាយ​ជាមួយ​លោក​គណបក្ស សង្គ្រោះ​ជាតិ៖ «មូលហេតុ​ដែល​ពួក​ខ្ញុំ​ទៅ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​យូអិន (UN) នៅ​ប្រទេស​ថៃ​នេះ​ ដោយ​សារ​ខ្ញុំ​មាន​បញ្ហា​ខាង​អាជ្ញាធរ​តុលាការ​ខេត្ត​កំពង់ស្ពឺ​បាន​ចេញ​ដីកា​កោះ​ឲ្យ​ចូល​រួម​ថ្ងៃ​ទី២១ »

ចំណែក​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន បាន​ហៅ​ការ​ចាក​ចេញ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ថា គ្រាន់តែ​ចង់​បាន​សិទ្ធិ​ជ្រកកោន​ប្រទេស​ទី៣ និង​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ពី​ក្រៅ​ប្រទេស។

សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ទាំង ៦នាក់ បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់​កាល​ពី​សប្ដាហ៍​មុន ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​តុលាការ​របស់​របប​ក្រុង​ភ្នំពេញ។​

សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​ដីកាកោះ​ជា​លើក​ទី២ កាល​ពី​ថ្ងៃ​ទី២៨​ កុម្ភៈ​ ចំពោះ​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ចំនួន ៦នាក់ ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី១៩ ខែ​មីនា​ខាង​មុខ​នេះ ពី​បទ​សង្ស័យ​ថា «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ» ទាក់ទិន​ទៅ​នឹង​ក្រុម​សកម្មជន​ទាំង​នោះ បាន​ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ២០១៨ និង​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ២០១៩ ដើម្បី​គាំទ្រ​លោក​ សម រង្ស៊ី។

ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដាក់​គម្រោង​ជា​ថ្មី​ថា​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ២០១៩ នេះ​ ហើយ​លោក​ប្រកាស​ថា ការ​ភ្នាល់​គ្នា​ជាមួយ​លោក​ ហ៊ុន​ សែន កាល​ពី​ថ្ងៃ​ទី៣ មីនា​ បាន​បិទ​បញ្ចប់ ហើយ​លោក​ ហ៊ុន សែន​ បាន​ចាញ់​នៅ​ក្នុង​ការ​ភ្នាល់​នេះ។ គណនី​ហ្វេសបុក​​របស់​លោក​ សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ លោក សម រង្ស៊ី អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា បាន​ដក​ខ្លួន​ចេញ​ពី​ការ​ភ្នាល់​គ្នា​ជាមួយ​លោក ដោយ​សារ​បាន​កែ​ប្រែ​លក្ខខណ្ឌ​នៃ​ការ​ភ្នាល់​គ្នា។

ប្រធាន​គណៈកម្មការ​គ្រប់គ្រង​នយោបាយ​គណបក្ស សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង​បាងកក​ លោក​ ម៉ោញ សារ៉ាត់​ បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ មាន​សកម្មជន​ប្រមាណ​ជិត ១០០នាក់​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចាប់​ពី​គណបក្ស សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​មួយ​ចំនួន​ធំ បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នៅ​ទី​ក្រុង​បាងកក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។