អ្នក​ឃ្លាំ​មើល​សង្គម​ថា រដ្ឋាភិបាល​គួរ​មាន​គោលនយោបាយ​ដោះ​ស្រាយ​បញ្ហា​សង្គម​ជា​ជាង​រង់ចាំ​រហូត​ដល់​មាន​ពលរដ្ឋ​តវ៉ា​ទើប​ចេញ​មុខ​ដោះ​ស្រាយ

ដោយ ប្រាជ្ញ ចេវ
2025.01.24
អ្នក​ឃ្លាំ​មើល​សង្គម​ថា រដ្ឋាភិបាល​គួរ​មាន​គោលនយោបាយ​ដោះ​ស្រាយ​បញ្ហា​សង្គម​ជា​ជាង​រង់ចាំ​រហូត​ដល់​មាន​ពលរដ្ឋ​តវ៉ា​ទើប​ចេញ​មុខ​ដោះ​ស្រាយ លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត

​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន តែងតែ​អួត​សរសើរ​កូន​ប្រុស​ច្បង​របស់​លោក គឺ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ថា ជា​មេ​ដឹក​នាំ​ ដែល​មាន​សមត្ថភាព​ជាង​អ្នក​ផ្សេង​ទៀត ទាំង​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពលរដ្ឋ និង​អ្នក​ឃ្លាំ​មើល​សង្គម​ថា រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អសមត្ថភាព​ និង​មិន​បាន​ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល​វេលា​នោះ​ទេ គឺ​ទាល់​តែ​មាន​ពលរដ្ឋ​ចេញ​តវ៉ា ទើប​មន្ត្រី​នាំ​គ្នា​ចេញ​មុខ​ដោះ​ស្រាយ។

នៅ​ខែមករា​នេះ មាន​ពលរដ្ឋ​កម្មករ​ និង​កសិករ​ជា​ច្រើន​រយ​នាក់​ចេញ​មុខ​តវ៉ា​ទាមទារ​ឱ្យ​ លោក ហ៊ុន ម៉ាណែត​ និង​មន្ត្រី​របស់​លោក​ចេញ​មុខ​ដោះ​ស្រាយ​បញ្ហា​ជូន​ពួក​គាត់។ ជាក់​ស្ដែង​​ប្រជា​កសិករ​រាប់​រយ​នាក់ នៅ​ស្រុក​បាទី​ខេត្ត​តាកែវ នាំគ្នា​ចេញ​តវ៉ា និង​បិទ​ផ្លូវ​ជាតិ២ ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ជូន​ប្រជា​កសិករ​ឱ្យ​បាន​ត្រឹម​ត្រូវ ខណៈ​ស្រូវ​របស់​កសិករ​រាប់​ពាន់​ហិកតារ កំពុង​ប្រឈម​ការ​ខូចខាត។

ដោយ​ឡែក ក្រុម​កសិករ​ប្រមាណ ៦០នាក់ នៅ​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ក៏​បាន​បិទ​ផ្លូវ​ជាតិ​លេខ៥ លើក​បដា​ទាមទារ​ឱ្យ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង ដំឡើង​ថ្លៃ​ស្រូវ​ជូន​ពួកគាត់។ ក្រៅ​ពី​នេះ​ កម្មករ​នៅ​ខេត្តកណ្ដាល ​រាប់​រយ​នាក់ ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ៤ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ទូទាត់​ប្រាក់​បំណាច់​ឆ្នាំ​សម្រាប់​ឆ្នាំ២០២៤​ជា​ដើម។ ចំណែក​ពលរដ្ឋ​តវ៉ា​បញ្ហា​ដី​ធ្លី​ក៏​បាន​កើត​មាន​ឡើង​ជា​ហូរ​ហែ​ទាំង​នៅ​តាម​ខេត្ត និង​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ។

ជុំវិញ​រឿង​នេះ មេ​ដឹក​នាំ​សហជីព​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ (Nagaworld) កញ្ញា ឈឹម ស៊ីថរ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​លើក​ដោយ​សារ​ការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ សោក​ស្ដាយ​ដែល​មន្ត្រី​រដ្ឋាភិបាល​ភាគ​ច្រើន​មិន​ចេញ​មុខ​ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ ដែល​បាន​ស្នើ​សុំ​ភ្លាមៗ នោះ​ទេ ហើយ​បាន​ទុក​បញ្ហា​របស់​ពលរដ្ឋ​ចោល​ រហូត​ដល់​ពលរដ្ឋ​បង្ខំ​ចិត្ត​ចេញ​តវ៉ា​ដូច​ជា​ ករណី​បុគ្គលិក និង​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជា​ដើម។ កញ្ញា ឈឹម ស៊ីថរ ស្នើ​ឱ្យ​រដ្ឋាភិបាល​ងាក​មក​យក​ចិត្ត​ទុក​ដាក់​រាល់​សំណូមពរ​របស់​ពលរដ្ឋ និង​ដោះ​ស្រាយ​ឱ្យ​ទាន់​ពេល​វេលា។

កញ្ញា ឈឹម ស៊ីថរ៖ «ប្រាកដ​ណាស់ៗ មិន​មែន​សុខៗ ប្រជាពលរដ្ឋ ឬ​កម្មករ​គាត់​ចេញ​តវ៉ា​ទេ ពី​ព្រោះ​ការ​ចេញ​តវ៉ា​ប្រឈម​មុខ​ច្រើន​ណាស់ បើ​និយាយ​ពី​ខាង​កម្មករ​វិញ​ពេល​កូដកម្ម​ពួក​គាត់​អត់​ត្រូវ​ទទួល​បាន​ប្រាក់​ខែ​នោះ​ទេ យោង​តាម​ច្បាប់ ហើយ​ប្រសិន​បើ​គាត់​ព្យាយាម​រក​ដំណោះ​ស្រាយ​ហើយ​គាត់​នៅ​តែ​មិន​អាច​រក​ដំណោះ​ស្រាយ​បាន​ទើប​គាត់​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​កូដកម្ម​បាន​ន័យ​ថា​បញ្ហា​ហ្នឹង​ធ្ងន់ធ្ងរ​ណាស់ ដែល​ទាមទារ​ឱ្យ​មាន​ការ​ដោះ​ស្រាយ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ ឬ​ពី​សំណាក់​ក្រសួង​មាន​សមត្ថកិច្ច»

ទាក់​ទង​នឹង​រឿង​នេះ​ដែរ​ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ​ លោក ឯម សុវណ្ណារ៉ា​ លើក​ឡើង​ថា​ការ​ចេញ​មក​តវ៉ា​របស់​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​​នានា​មួយ​រយៈ​​ពេល​ចុង​ក្រោយ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​របៀប​ដឹក​នាំ​របស់​រដ្ឋាភិបាល​​មិន​មាន​ប្រសិទ្ធភាព​​នោះ​ទេ​ និង​កាន់​តែ​បង្ហាញ​ថា​រដ្ឋាភិបាល​បាន​ទុក​សំណើ​របស់​ពលរដ្ឋ​ចោល​រហូត​ដល់​ពលរដ្ឋ​ទ្រាំ​លែង​បាន ទើប​នាំ​គ្នា​ចេញ​មុខ​តវ៉ា។

លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថា ក្នុង​នាម​ជា​មន្ត្រីរាជការ​ដែល​ទទួល​បាន​ប្រាក់​ខែ​ពី​ពលរដ្ឋ​គួរ​តែ​មាន​ផែនការ​ជាក់លាក់ និង​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល​វេលា ហើយ​អាជ្ញាធរ​មិន​ត្រូវ​រឹតត្បិត​ពលរដ្ឋ​មិន​ឱ្យ​ធ្វើ​បាតុកម្ម និង​កូដកម្ម​ទាម​ទារ​ដំណោះស្រាយ​នោះ​ឡើយ។

លោក ឯម សុវណ្ណារ៉ា៖ «អ៊ីចឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​មិន​អាច​ឆ្លើយ​តប ហើយ​ចេះ​តែ​ធ្វើ​តាម​តម្រូវ​ការ​របស់​គាត់ គាត់​អាច​តវ៉ា​នេះ​ជា​សិទ្ធិ​សេរីភាព ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ សម្ដែង​មតិ បាតុកម្ម​ជា​ដើម នេះ​ជា​សិទ្ធិ​របស់​គាត់​ហ៊ាន​នៅ​ពេល​ដែល​គាត់​ខ្វះ​ខាត​ គាត់​ទាល់​ខ្លាំង»

មាត្រា ៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ​ ។ សេចក្ដី​​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះ​ស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ ។

ទោះ​ជា​យ៉ាង​ណា​ក្ដី អតីត​សមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក ហុង លីម មាន​ប្រសាសន៍​ថា មូលហេតុ ដែល​បញ្ហា​របស់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​មិន​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ដោះ​ស្រាយ​ភ្លាម គឺ​ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​បាន​សំឡេង​ឆ្នោត​របស់​ពលរដ្ឋ​ទាំង​ស្រុង​នោះ​ទេ តែ​ជា​ការ​ប្លន់​អំណាច​ពី​គណបក្ស​ប្រឆាំង។ លោក​ថា រដ្ឋាភិបាល​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ ពិត​ប្រាកដ​នឹង​ខិតខំ​បម្រើ​ពលរដ្ឋ និង​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​នៅ​មុន​ពេល​បោះ​ឆ្នោត។

លោក ហុង លីម សោក​ស្ដាយ​ដែល​ពលរដ្ឋ​ខ្មែរ​មាន​រដ្ឋាភិបាល​មិន​សូវ​គិតគូរ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ តែ​បែរ​ជា​ប្រើ​លេស​ផ្សេងៗ ដូចជា​ប្រៀបធៀប​ការ​ដឹកនាំ​របស់​ខ្លួន​ថា​ល្អ​ជាង​របប ប៉ុល ពត ដែល​លោក ហុង លីម យល់​ថា រដ្ឋាភិបាល​ព្យាយាម​លាក់បាំង និង​មិន​ទទួល​ស្គាល់​អសមត្ថភាព​ក្នុង​ការ​ដឹកនាំ​របស់​ខ្លួន​ប៉ុណ្ណោះ។

លោក ហុង លីម៖ «យើង​ឃើញ​ថា​រដ្ឋាភិបាល​អត់​មាន​ធ្វើ​អី​ទាំង​អស់​គឺ​អាង​តែ​កម្លាំង​ចាប់​ចង​ អាង​តែ​កម្លាំង​ចាប់​ដាក់​គុក​ អាង​តែ​កម្លាំង​លួច​វាយ​ប្រហារ អាង​តែ​កម្លាំង​ធ្វើ​បំបាត់​ខ្លួន​ និង​សម្លាប់​ខ្លួន​នៅ​ប្រទេស​ទី​បី​អី​ជា​ដើម មិន​មែន​ជា​របប​រដ្ឋាភិបាល​ស្រប​ច្បាប់​មាន​លក្ខណៈ​គួរ​ឱ្យ​គោរព​ទេ គឺ​ថា ជា​ម៉ាហ្វីយ៉ា គាប​សង្កត់​អត់​មាន​គម្រោង​ផែន​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាល់​ច្រក​របស់​អ្នក​ស្រុក​ទាល់​តែ​សោះ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​នាយក​រដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃ​ទី២៣ ខែមករា។

ទោះ​ជា​យ៉ាង​ណា​ នាយក​រដ្ឋមន្ត្រី​ លោក​ ហ៊ុន ម៉ាណែត​ ហាក់​ទទួល​ស្គាល់​ថា ពលរដ្ឋ​ពិត​ជា​មាន​បញ្ហា​ ​ប៉ុន្តែ​ក្នុង​ពេល​ជា​មួយ​គ្នា លោក​ក៏​មិន​បាន​បន្ទោស​ទៅ​លើ​មន្ត្រី​​ថ្នាក់​ក្រោម​របស់​លោក​ដែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ ហើយ​បណ្ដែតបណ្ដោយ​​​រហូត​ដល់​ពលរដ្ឋ​ចេញ​តវ៉ា​នោះ​ដែរ។ លោក​ ហ៊ុន ម៉ាណែត​ បាន​ថ្លែង​កាល​ពី​នៅថ្ងៃទី២០ ខែ​មករា​ ថា​​​លោក​គាំ​ទ្រ​ការ​បញ្ចេញ​មតិ​របស់​ប្រជាកសិករ​​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ​បញ្ហា​ទីផ្សារ ​សម្រាប់​កសិកម្ម​ ហើយ​លោក​ថា​រដ្ឋាភិបាល​​​ក៏​កំពុង​ជួយ​រក​ទីផ្សារ​​សម្រាប់​កសិកម្ម​ ​រៀប​ចំ​ប្រព័ន្ធ​ទឹក និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ​ជា​ដើម។ លើស​ពី​នេះ លោក​ថា ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល គឺ​ពលរដ្ឋ​គ្មាន​កំហុស​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត ៖«នេះ​ជា​ការ​ជួយ​ ហើយ​គាត់​ស្រែក​ប្រជាពលរដ្ឋ​ទូទៅ​មិន​ថា​កសិករ មិន​ថា​អ្នក​ផ្សេងៗ ដែល​ព្រួយបារម្ភ​គាត់​ជួយ​កង្វល់ ហើយ​គាត់​បញ្ចេញ​មតិ ដើម្បី​រដ្ឋាភិបាល​ផ្ដល់ ខ្ញុំ​សូម​អរគុណ​ណាស់ គ្មាន​កំហុស​អី​ទេ ការ​ទទួល​ស្គាល់​ និង​ការ​ចែក​រំលែក​ព័ត៌មាន​ជូន​ពួក​យើង​ដើម្បី​រក​វិធី​ជួយ​ដល់​កសិករ»

បើ​ទោះ​ជា​លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ​ក្ដី ក៏​កាល​ពី​ពេល​កន្លង​ទៅ ពលរដ្ឋ​អះអាង​ថា នៅ​ពេល​ពួក​គាត់​មាន​បញ្ហា ហើយ​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ អាជ្ញាធរ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​នោះ​ទេ ហើយ​នៅ​ពេល​ពួក​គាត់​ចេញ​មុខ​តវ៉ា ពេល​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​រារាំង មិន​ទទួល​យក​បញ្ហា​ទៅ​ដោះស្រាយ និង​ពេល​ខ្លះ​ថែម​ទាំង​ចោទ​ប្រកាន់​ពលរដ្ឋ​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ទៀត។ អ្នក​ឃ្លាំមើល​សង្គម​លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​មិន​អាច​ស្ដារ​សេដ្ឋកិច្ច និង​លើក​កម្ពស់​ជីវភាព​របស់​ពលរដ្ឋ​បាន​ទេ ប្រសិនបើ​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស និង​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។