ម្ចាស់​ហាង​ខ្មែរ​អាមេរិកាំង​ពីរ​នៅ​ក្រុង​ឡូវែល​បដិសេធ​ជាប់​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន ម៉ាណែត

មួង ណារ៉េត
2018-08-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ
AFP

កាលពីដើម​សប្ដាហ៍​នេះ អាស៊ីសេរី ផ្សាយ​សេចក្ដីរាយការណ៍​មួយ អំពី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ ចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ខ្នាត​តូច រឺ​មិន​ចូល​ទិញ​ទំនិញ​ក្នុង​ហាង​នានា​ដែល​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​បក្ស​កាន់អំណាច របស់​លោក ហ៊ុន សែន។ ក្រោយ​ពី​ផ្សាយ​របាយការណ៍​នោះ​រួច អាស៊ីសេរី​បាន​រក​ឃើញ​ថា ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដីរាយការណ៍​នោះ មិន​ត្រឹមត្រូវ​នោះ​ទេ។

កាលពី​ថ្ងៃ​អង្គារ ទី១៤ ខែ​សីហា អាស៊ីសេរី បាន​ធ្វើ​សេចក្ដីរាយការណ៍​មួយ ថា​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន បាន​ចាប់ផ្ដើម​ធ្វើ​ពហិការ មិន​ទិញ​ទំនិញ​ពី​ហាង​ណា ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

សកម្មជន​ម្នាក់​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត គឺ​លោក អ៊ូ ថុល ដែល​ចូលរួម​ក្នុង​ការ​ធ្វើ​ពហិការ​នេះ បាន​អះអាង​ថា ម្ចាស់​ផ្សារ K-Market និង ម្ចាស់​ហាង​លក់​ថ្នាំពេទ្យ K-Pharmacy ដែល​ស្ថិតនៅ​ផ្លូវ School Street កាច់ជ្រុង​ជាមួយ​ផ្លូវ Westford មិន​ត្រឹមតែ​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ មាន​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​លោក ហ៊ុន សែន ចូល​ហ៊ុន​រកស៊ី​ជាមួយ​ថែម​ទៀត​ផង។ អាស៊ីសេរី ក៏បាន​ព្យាយាម​ទាក់ទង​ម្ចាស់​ហាង​ទាំងនោះ អោយ​ឆ្លើយតប ចំពោះ​ការចោទប្រកាន់​នេះ​ដែរ ដោយ​ហៅ​ទូរស័ព្ទ ដែល​មាន​នៅ​លើ​គេហទំព័រ ក៏ប៉ុន្តែ​មិន​មាន​អ្នក​ឆ្លើយ។

ប៉ុន្តែ ក្រោយពី​ការផ្សាយ​សេចក្ដីរាយការណ៍​នេះ មាន​ពលរដ្ឋ​ជាច្រើន បាន​ទូរស័ព្ទ​មក​ប្រាប់​អាស៊ីសេរី ថា ការ​អះអាង​របស់​សកម្មជន​រូប​នេះ មិន​ត្រឹមត្រូវ​នោះ​ទេ។ អាស៊ីសេរី ក៏​បាន​ទាក់ទង​ទៅ​ខាង​ម្ចាស់​ហាង​ទាំងពីរ​នោះ និង​រក​ឃើញ​ថា ហាង​ទាំងពីរ គ្មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ទៅ​នឹង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត នោះ​ឡើយ។

ម្ចាស់​ផ្សារ K-Market លោក គៀង រ៉ូបើត បាន​បញ្ជាក់​ថា លោក​ធំ​ក្តី​នៅ​អាមេរិក និង​មិនដែល​មាន​ជាប់​ព័ន្ធ​អ្វី​ជាមួយ​មន្ត្រី ឬ​គណបក្ស​កាន់អំណាច​នោះ​ឡើយ៖ «ខ្ញុំ​មក​ធំ​នៅ​ស្រុក​អាមេរិក​នេះ។ ខ្ញុំ​គ្មាន​ទំនាក់ទំនង​អ្វី​ជាមួយ ហ៊ុន ម៉ាណែត ឬ​រដ្ឋាភិបាល​ខ្មែរ​ទេ។ អ្វី​ដែល​ខ្ញុំ​រកស៊ី គឺ​រកស៊ី​ដោយ​ដៃ ញើស​ឈាម​របស់​ពួក​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ។ មុខរបរ​យើង គឺជា​មុខ​របប​របៀប​ជា​ក្រុម​គ្រួសារ​ទេ។ ខ្ញុំ​រស់នៅ​ទីក្រុង​ឡូវែល​នេះ ៣០​ឆ្នាំ​ហើយ។ អ្នក​ដែល​ស្គាល់​ខ្ញុំ​គឺ​ច្រើន​ណាស់»

អាស៊ីសេរី ក៏បាន​ទាក់ទង ម្ចាស់​ហាង​លក់​ថ្នាំពេទ្យ K-Pharmacy គឺ​លោក ហុក ប៉ូច ដែល​បញ្ជាក់​ថា រូប​លោក និង​ក្រុម​គ្រួសារ ក៏​គ្មាន​ជាប់​ពាក់ព័ន្ធ ឬ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឬ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ដែរ៖ «ខ្ញុំ​មិនដែល​ជួប ហ៊ុន ម៉ាណែត អី​ផង​ហ្នឹង។ កូន​របស់ខ្ញុំ​ហ្នឹង ក៏​អត់​ដែល​ស្គាល់​ដែរ។ ខ្ញុំ​សូម​បដិសេធ។ ខ្ញុំ​មិនដែល​ស្គាល់ ហ៊ុន ម៉ាណែត។ កូន​ខ្ញុំ​ទាំងអស់​ក៏​អត់​ដែល​ស្គាល់។ រឿង​បក្ស​ពួក​គណបក្ស​នោះ ក៏​អត់​ដែរ។ អត់​មាន​ពាក់ព័ន្ធ​អី រឿង​លុយកាក់​អី​ជាមួយ ហ៊ុន ម៉ាណែត ទេ»

ម្ចាស់​ហាង​ទាំងពីរ​គឺ​លោក គៀង រ៉ូប៊ើត និង លោក ហុក ប៉ូច សុទ្ធតែ​សម្ដែង​ការ​ហួសចិត្ត និង​មិន​ពេញចិត្ត​ទៅ​នឹង​ការចោទប្រកាន់​មិន​ត្រឹមត្រូវ មក​លើ​ហាង​ពួកគាត់។

អាស៊ីសេរី ក៏​បាន​ទាក់ទង​ទៅ​លោក អ៊ូ ថុល ដែល​ក្រោយ​មក​សម្ដែង​ការ​សោកស្ដាយ ដែល​លោក​បាន​ថ្លោះធ្លោយ​សម្ដី​បែបនេះ ព្រោះ​លោក​និយាយ​ជឿ​តាម​គេ​ថា។ លោក អ៊ូ ថុល បញ្ជាក់​ថា លោក​ពិតជា​ជ្រុលមាត់​មែន ហើយ​សុំទោស​ម្ចាស់​ហាង​ទាំងពីរ​ជា​សាធារណៈ ព្រោះ​នោះ​ជា​ការ​យល់​ច្រឡំ៖ «ខុស​ឬ​ត្រូវ​អី ខ្ញុំ​សុំទោស។ ខ្ញុំ​ក៏​សុំទោស​ចំពោះ​ម្ចាស់​ហាង​ដែរ»

អាស៊ីសេរី ក៏​សូម​សោកស្ដាយ​ដោយ​ស្មោះ ចំពោះ​ការផ្សាយ​ការ​ចោទប្រកាន់ ដែល​មិន​ត្រឹមត្រូវ​នេះ។

អាស៊ីសេរី ក៏បាន​សម្ភាស​សកម្មជន​ម្នាក់ទៀត គឺ​លោក ណាំ អែម នៅ​ទីក្រុង Philadelphia ដែល​អះអាង​ថា មាន​ហាង​ជាច្រើន​នៅ​ទីក្រុង​នេះ គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ អាស៊ីសេរី បាន​ព្យាយាម​សុំ​ជួប​ម្ចាស់​ហាង​ទាំងនោះ ដើម្បី​សុំ​ការ​បំភ្លឺ​ដែរ ប៉ុន្តែ រហូតមកដល់​ពេលនេះ យើង​នៅតែ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ពួកគាត់ បាន​នៅឡើយ។ អាស៊ីសេរី នឹង​ធ្វើ​សេចក្ដីរាយការណ៍​បន្ថែម​ទៀត នៅ​ពេល​យើង​បាន​ព័ត៌មាន​បន្ថែម ជុំវិញ​រឿង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល