អនុប្រធាន​បក្ស​ភ្លើងទៀន លោក សុន ឆ័យ បន្ត​ចាញ់​ក្តី​នៅ​តុលាការ​កំពូល

0:00 / 0:00

តុលាការ​កំពូល​សម្រេច​បិទ​ផ្លូវ​តវ៉ា​លើ​សំណុំរឿង​បក្ស​កាន់អំណាច និង គ.ជ.ប ប្ដឹង​លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍ ដោយ​បន្ត​ឱ្យ​លោក សុន ឆ័យ ចាញ់​ក្ដី​ភាគី​ដើមបណ្ដឹង​ដដែល។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​បក្ស​កាន់​អំណាច និង គ.ជ.ប គួរ​មាន​ការ​យោគយល់​ដល់​លោក សុន ឆ័យ បំភ្លេច​ចោល​ប្រាក់​សំណង​ជំងឺ​ចិត្ត​ជាង ១លាន​ដុល្លារ។

ប្រធាន​ប្រឹក្សា​ជំនុំជម្រះ​ និង​ជា​អនុប្រធាន​តុលាការ​កំពូល​លោក ជីវ កេង បាន​ប្រកាស​សាលដីកា​​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដោយ​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​ទុក​ជា​ការ​ដដែល។ សេចក្ដី​សម្រេច​ចុង​ក្រោយ​របស់​តុលាការ​កំពូល​ពេល​នេះ ដូច​ទៅ​នឹង​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ភាគី​ដើម​បណ្ដឹង។

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក គីមសួរ ភីរិទ្ទ លើក​ឡើង​ថា គណបក្ស​ភ្លើង​ទៀន​នៅតែ​មិន​ទាន់​អស់​ចិត្ត​លើ​ការ​សម្រេច​ក្ដី​របស់​តុលាការ​កំពូល​ពេល​នេះ​ទេ។ លោក​បន្ត​ទៀត​ថា ការ​តម្រូវ​ឱ្យ​លោក សុន ឆ័យ បង់​ប្រាក់​ជំងឺ​ចិត្ត​ទៅ​ភាគី​ដើម​ចោទ​ច្រើន​លើសលប់​ដល់ ១លាន​ដុល្លារ គឺ​ច្រើន​លើសលប់​ដែល​តុលាការ​នៅ​ប្រទេស​មួយ​ចំនួន​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ក្នុង​សំណុំរឿង​បែប​នេះ ត្រឹម​ប្រាក់​តិចតួច​បំផុត ឬ​ប្រាក់​មួយ​ដុល្លារ​ប៉ុណ្ណោះ។ អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន រូប​នេះ ​មិន​ទាន់​ដឹង​ថា តុលាការ​កំពូល​​ទុក​រយៈ​ពេល​ប៉ុន្មាន​ឱ្យ​លោក សុន ឆ័យ សម្រាប់​រក​ប្រាក់​យក​ទៅ​បង់​ប្រាក់​ជំងឺ​ចិត្ត​ជូន​ភាគី​ឈ្នះ​ក្ដី​នៅឡើយ​ទេ ប៉ុន្តែ​លោក​ចង់​ឃើញ​ថា គណបក្ស​កាន់​អំណាច គួរ​មាន​ការ​យោគយល់​ឬ​បន្ធូរបន្ថយ​ការ​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ពី​លោក សុន ឆ័យ។

លោក គីមសួរ ភីរិទ្ទ៖ « និយាយ​ឱ្យ​ស្រួល​ស្ដាប់​យើង​រស់នៅ​ប្រទេស​មួយ​ហ្នឹង គេ​យក​ច្បាប់​អ៊ីចឹង​ប្រើ​ដូច្នេះ​យើង​អត់​មាន​អី​​គេ ( តុលាការ ) បិទ​ផ្លូវ​តវ៉ា ព្រោះ​ដល់​កំពូល​ហើយ​ណា អ៊ីចឹង មាន​តែ​ឯកឧត្ដម ដែល​ជា​ចុង​ចោទ​ហ្នឹង​គាត់​គិតគូរ​រក​លុយ​រក​កាក​សង​គេ​អ៊ីចឹង​ទៅ​តាម​អ្វី ដែល​បង្គាប់​ប៉ុន្តែ​យើង​នៅតែ​មិន​អស់​ចិត្ត​អ៊ីចឹង»

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែកុម្ភៈ បាន​ប្រកាស​សាលដីកា​ដោយ គ្មាន​វត្តមាន​លោក សុន ឆ័យ ទេ មាន​តែ​មាន​តែ​មេធាវី​ការពារ​ក្ដី​របស់​លោក គឺ​លោក​មេធាវី ជូង ជូងី និង​មេធាវី​តំណាង​ភាគី​ដើម​បណ្ដឹង​គឺ​លោក​មេធាវី គី តិច។ សវនាការ​នេះ​ក៏​មាន​ការ​ឃ្លាំមើល​ពី​តំណាង​ស្ថានទូត​អូស្ត្រាលី និង​សហភាព​អឺរ៉ុប។ នៅ​ខាង​ក្រៅ​តុលាការ​វិញ កម្លាំង​ស្លៀក​ពាក់​ស៊ីវិល និង​ឯកសណ្ឋាន​ប្រមាណ ៣០នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​តាម​ឃ្លាំ​មើល​សកម្មភាព​របស់​សកម្មជន​បក្ស​ភ្លើង​ទៀន​ប្រហែល ១០នាក់ ដែល​មក​តាមដាន​ស្ដាប់​លទ្ធផល។

ទាក់ទង​បញ្ហា​នេះ​វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ណា​មួយ​ពី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ មេធាវី​ការពារ​ក្ដី​របស់​លោក គឺ​លោក​មេធាវី ជូង ជូងី និង​មេធាវី​ភាគី​ដើមបណ្ដឹង​គឺ​លោក​មេធាវី គី តិច បាន​ទេ នៅ​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ។

ចំណែក​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់ថា ការ​សម្រេច​របស់​តុលាការ​ពេល​នេះ ជា​ការ​ផ្ដល់​យុត្តិធម៌​ដល់​គណបក្ស​របស់​លោក។ លោក​ សុខ ឥសាន ឱ្យ​ដឹង​ទៀត​ថា គណបក្ស​កាន់​អំណាច នៅតែ​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ពី​លោក សុន ឆ័យ ចំនួន ១លាន​ដុល្លារ​ដដែល។

លោក សុខ ឥសាន៖ « ខ្ញុំ​អត់​យល់​យ៉ាងម៉េច​ទេ គឺ​ថា យើង​គោរព​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែល​បាន​កាត់​សេចក្ដី​បី​ជំហាន​មក​ហើយ​ ហើយ​នៅតែ​រក​យុត្តិធម៌​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង គ . . ប យើង​ស្ងប់​អារម្មណ៍ ពីព្រោះ​ទទួល​បាន​យុត្តិធម៌​ហើយ»

តុលាការ​ក្រុង​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​កាត់​ក្ដី​ឱ្យ​លោក សុន ឆ័យ ចាញ់​ក្ដី​គណបក្ស​កាន់​អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ ករណី​លោក សុន ឆ័យ រិះគន់​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៥ កន្លង​ទៅ​ថា មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ មាន​ការ​បំភិតបំភ័យ និង​លួច​បន្លំ​សន្លឹក​ឆ្នោត​ជា​ដើម។ តុលាការ​បាន​ដាក់​វិធានការ រក្សា​ទុក​ផ្ទះ​ និង​ដី​របស់​លោក សុន ឆ័យ ពីរ​កន្លែង​ដើម្បី​សង​សំណង​ដើម​បណ្ដឹង។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី សង្កេត​ឃើញ​ថា ការ​រិះគន់​បញ្ហា​បោះឆ្នោត​របស់​លោក សុន ឆ័យ មិនមែន​ជា​ការ​បរិហារកេរ្តិ៍​ ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បារម្ភ​ថា ការ​ចោទ​ប្រកាន់​លើ​​លោក សុន ឆ័យ ពេល​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ដំណើរការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ ដែល​ធ្វើ​ឱ្យ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​បារម្ភ​ពី​ការ​ធ្វើ​សកម្មភាព​របស់​ខ្លួន។

លោក សំ គន្ធាមី៖ « ខ្ញុំ​មើល​ទៅ​ដូច​មិន​មាន​ចេតនា​បរិហារកេរ្តិ៍​គាត់​គ្រាន់តែ​និយាយ​នូវ​ដែល​ភ្នាក់ងារ​គណបក្ស​គាត់ ( លោក សុន ឆ័យ ) រក​ឃើញ​ណា កំឡុង​សង្កេត​ការណ៍​ហ្នឹង​បាទ អនុគ្រោះ​អធ្យាស្រ័យ​គ្នា​ទៅ​បើ​តុលាការ​សម្រេច​ឱ្យ​គាត់​ចាញ់​ក្ដី​ហើយ​ជា​រឿង​មួយ​ហើយ ហើយ​សម្រេច​ការ​ពិន័យ​លុយ​កាក​ហ្នឹង​គួរតែ​លើកលែង​ឱ្យ​គ្នា​ទៅ​បាទ»

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ទ លើក​ឡើង​ដែរ​ថា បើ​ទោះ​ជា​តុលាការ​គ្រប់​ជាន់​ថ្នាក់​របស់​កម្ពុជា សម្រេច​ឱ្យ​លោក សុន ឆ័យ ចាញ់​ក្ដី​ភាគី​ដើម​បណ្ដឹង​ក្ដី ក៏​លោក​ទុក​ឱ្យ​សហគមន៍​អន្តរជាតិ ជួយ​វិនិច្ឆ័យ​ការ​សម្រេច​ក្ដី​បែប​នេះ​របស់​តុលាការ។ ប្រព័ន្ធ​តុលាការ​កំពុង​តែងតែ​រង​ការ​រិះគន់​ថា ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច​សម្រាប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង​និង​អ្នក​ដែល​ទស្សនៈ​មិន​ស្រប​នឹង​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។