តុលាការកំពូលសម្រេចបិទផ្លូវតវ៉ាលើសំណុំរឿងបក្សកាន់អំណាច និង គ.ជ.ប ប្ដឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ ដោយបន្តឱ្យលោក សុន ឆ័យ ចាញ់ក្ដីភាគីដើមបណ្ដឹងដដែល។ មន្ត្រីសង្គមស៊ីវិលស្នើទៅបក្សកាន់អំណាច និង គ.ជ.ប គួរមានការយោគយល់ដល់លោក សុន ឆ័យ បំភ្លេចចោលប្រាក់សំណងជំងឺចិត្តជាង ១លានដុល្លារ។
ប្រធានប្រឹក្សាជំនុំជម្រះ និងជាអនុប្រធានតុលាការកំពូលលោក ជីវ កេង បានប្រកាសសាលដីកាសំណុំរឿងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដោយតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាការដដែល។ សេចក្ដីសម្រេចចុងក្រោយរបស់តុលាការកំពូលពេលនេះ ដូចទៅនឹងការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាភាគីដើមបណ្ដឹង។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ទ លើកឡើងថា គណបក្សភ្លើងទៀននៅតែមិនទាន់អស់ចិត្តលើការសម្រេចក្ដីរបស់តុលាការកំពូលពេលនេះទេ។ លោកបន្តទៀតថា ការតម្រូវឱ្យលោក សុន ឆ័យ បង់ប្រាក់ជំងឺចិត្តទៅភាគីដើមចោទច្រើនលើសលប់ដល់ ១លានដុល្លារ គឺច្រើនលើសលប់ដែលតុលាការនៅប្រទេសមួយចំនួនទាមទារប្រាក់ជំងឺចិត្តក្នុងសំណុំរឿងបែបនេះ ត្រឹមប្រាក់តិចតួចបំផុត ឬប្រាក់មួយដុល្លារប៉ុណ្ណោះ។ អ្នកនាំពាក្យគណបក្សភ្លើងទៀន រូបនេះ មិនទាន់ដឹងថា តុលាការកំពូលទុករយៈពេលប៉ុន្មានឱ្យលោក សុន ឆ័យ សម្រាប់រកប្រាក់យកទៅបង់ប្រាក់ជំងឺចិត្តជូនភាគីឈ្នះក្ដីនៅឡើយទេ ប៉ុន្តែលោកចង់ឃើញថា គណបក្សកាន់អំណាច គួរមានការយោគយល់ឬបន្ធូរបន្ថយការទាមទារប្រាក់ជំងឺចិត្តពីលោក សុន ឆ័យ។
លោក គីមសួរ ភីរិទ្ទ៖ « និយាយឱ្យស្រួលស្ដាប់យើងរស់នៅប្រទេសមួយហ្នឹង គេយកច្បាប់អ៊ីចឹងប្រើដូច្នេះយើងអត់មានអីគេ ( តុលាការ ) បិទផ្លូវតវ៉ា ព្រោះដល់កំពូលហើយណា អ៊ីចឹង មានតែឯកឧត្ដម ដែលជាចុងចោទហ្នឹងគាត់គិតគូររកលុយរកកាកសងគេអ៊ីចឹងទៅតាមអ្វី ដែលបង្គាប់ប៉ុន្តែយើងនៅតែមិនអស់ចិត្តអ៊ីចឹង»។
តុលាការកំពូលនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ បានប្រកាសសាលដីកាដោយ គ្មានវត្តមានលោក សុន ឆ័យ ទេ មានតែមានតែមេធាវីការពារក្ដីរបស់លោក គឺលោកមេធាវី ជូង ជូងី និងមេធាវីតំណាងភាគីដើមបណ្ដឹងគឺលោកមេធាវី គី តិច។ សវនាការនេះក៏មានការឃ្លាំមើលពីតំណាងស្ថានទូតអូស្ត្រាលី និងសហភាពអឺរ៉ុប។ នៅខាងក្រៅតុលាការវិញ កម្លាំងស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប្រមាណ ៣០នាក់ ត្រូវបានដាក់ពង្រាយដើម្បីតាមឃ្លាំមើលសកម្មភាពរបស់សកម្មជនបក្សភ្លើងទៀនប្រហែល ១០នាក់ ដែលមកតាមដានស្ដាប់លទ្ធផល។
ទាក់ទងបញ្ហានេះវិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយណាមួយពីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ មេធាវីការពារក្ដីរបស់លោក គឺលោកមេធាវី ជូង ជូងី និងមេធាវីភាគីដើមបណ្ដឹងគឺលោកមេធាវី គី តិច បានទេ នៅថ្ងៃទី២៣ ខែកុម្ភៈ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការសម្រេចរបស់តុលាការពេលនេះ ជាការផ្ដល់យុត្តិធម៌ដល់គណបក្សរបស់លោក។ លោក សុខ ឥសាន ឱ្យដឹងទៀតថា គណបក្សកាន់អំណាច នៅតែទាមទារប្រាក់ជំងឺចិត្តពីលោក សុន ឆ័យ ចំនួន ១លានដុល្លារដដែល។
លោក សុខ ឥសាន៖ « ខ្ញុំអត់យល់យ៉ាងម៉េចទេ គឺថា យើងគោរពឆន្ទានុសិទ្ធិរបស់តុលាការ ដែលបានកាត់សេចក្ដីបីជំហានមកហើយ ហើយនៅតែរកយុត្តិធម៌ឱ្យគណបក្សប្រជាជនកម្ពុជា និង គ . ជ . ប យើងស្ងប់អារម្មណ៍ ពីព្រោះទទួលបានយុត្តិធម៌ហើយ»។
តុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ បានកាត់ក្ដីឱ្យលោក សុន ឆ័យ ចាញ់ក្ដីគណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ករណីលោក សុន ឆ័យ រិះគន់ថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កន្លងទៅថា មិនបានឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ មានការបំភិតបំភ័យ និងលួចបន្លំសន្លឹកឆ្នោតជាដើម។ តុលាការបានដាក់វិធានការ រក្សាទុកផ្ទះ និងដីរបស់លោក សុន ឆ័យ ពីរកន្លែងដើម្បីសងសំណងដើមបណ្ដឹង។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី សង្កេតឃើញថា ការរិះគន់បញ្ហាបោះឆ្នោតរបស់លោក សុន ឆ័យ មិនមែនជាការបរិហារកេរ្តិ៍ ដូចការចោទប្រកាន់ឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បារម្ភថា ការចោទប្រកាន់លើលោក សុន ឆ័យ ពេលនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការដំណើរការបោះឆ្នោតថ្នាក់ជាតិខាងមុខ ដែលធ្វើឱ្យគណបក្សនយោបាយក្រៅរដ្ឋាភិបាលបារម្ភពីការធ្វើសកម្មភាពរបស់ខ្លួន។
លោក សំ គន្ធាមី៖ « ខ្ញុំមើលទៅដូចមិនមានចេតនាបរិហារកេរ្តិ៍គាត់គ្រាន់តែនិយាយនូវដែលភ្នាក់ងារគណបក្សគាត់ ( លោក សុន ឆ័យ ) រកឃើញណា កំឡុងសង្កេតការណ៍ហ្នឹងបាទ អនុគ្រោះអធ្យាស្រ័យគ្នាទៅបើតុលាការសម្រេចឱ្យគាត់ចាញ់ក្ដីហើយជារឿងមួយហើយ ហើយសម្រេចការពិន័យលុយកាកហ្នឹងគួរតែលើកលែងឱ្យគ្នាទៅបាទ»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ទ លើកឡើងដែរថា បើទោះជាតុលាការគ្រប់ជាន់ថ្នាក់របស់កម្ពុជា សម្រេចឱ្យលោក សុន ឆ័យ ចាញ់ក្ដីភាគីដើមបណ្ដឹងក្ដី ក៏លោកទុកឱ្យសហគមន៍អន្តរជាតិ ជួយវិនិច្ឆ័យការសម្រេចក្ដីបែបនេះរបស់តុលាការ។ ប្រព័ន្ធតុលាការកំពុងតែងតែរងការរិះគន់ថា ឧបករណ៍របស់គណបក្សកាន់អំណាចសម្រាប់ធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងនិងអ្នកដែលទស្សនៈមិនស្របនឹងរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
