អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​លោក ហ៊ុន ម៉ាណែត ដែល​ចំណាយ​លុយ​ជាង ១លាន​ដុល្លារ​ឱ្យ​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក

0:00 / 0:00

អ្នកឃ្លាំមើល​បញ្ហា​សង្គម​មិន​ជឿ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ប្រមាណ ១លាន ៦សែន​ដុល្លារ ដើម្បី​ជួល​ក្រុមហ៊ុន​មេតា (Meta) ឬ​ក្រុមហ៊ុន​ហ្វេសប៊ុក​ផ្សព្វផ្សាយ​សកម្មភាព​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ទេ។ ការ​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់​ពី​ក្រុម​អ្នក​នាំ​ពាក្យ​របស់​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា ការ​ចំណាយ​លុយ​របស់​លោក ហ៊ុន ម៉ាណែត ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វេសប៊ុក គឺ​មិន​បាន​ប្រើ​លុយ​ជាតិ​ឡើយ។

អ្នក​សិក្សា​បញ្ហា​សង្គម​សង្ស័យ​ថា ដោយសារ​តែ​ប្រាក់ខែ​របស់​នាយក​រដ្ឋមន្ត្រី​ក្នុង​មួយ​ខែ​ទទួល​តែ​ជាង ២ពាន់​ដុល្លារ ដូច្នេះ លោក​មិន​អាច​ចំណាយ​ថវិកា​ប្រមាណ​ជាង​មួយ​លាន​កន្លះ​ដុល្លារ​ផ្សព្វផ្សាយ​សកម្មភាព​ផ្ទាល់​ខ្លួន​របស់​លោក​បាន​ទេ​នោះ​ទេ។

អ្នក​សិក្សា​បញ្ហា​សង្គម លោក ប៉ោ មករា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ ខែកុម្ភៈ ការ​ផ្សាយ​តាម Facebook របស់​លោក ហ៊ុន ម៉ាណែត កន្លង​មក មិន​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​ពលរដ្ឋ​ឱ្យ​ចំ​គោលដៅ​ឡើយ។

លោក ប៉ោ មករា៖ «ដឹង​ហើយ​ថា ការ​ដែល​ផ្សព្វផ្សាយ​នេះ​មិន​ថា មេ​ដឹកនាំ​កម្ពុជា មិន​ថា មេដឹកនាំ​បណ្ដា​ប្រទេស​ពិភពលោក ឬ​ក៏​ក្រុមហ៊ុន​ធំៗ ល្បីៗ ដែល​គេ​រក​ប្រាក់​ចំណេញ​ពី​ការ​ផ្សព្វផ្សាយ​នេះ​ពិត​មែន ប៉ុន្តែ យើង​ត្រូវ​ដឹង​ថា ការ​ផ្សព្វផ្សាយ​នេះ​ក្នុង​គោលបំណង​អី​គេ ចំនួន ឬ​ក៏​នៃ​ការ​ផ្សាយ​ហ្នឹង​កម្រិត​ណា​ដែល​អ៊ីចឹង កាល​ណា​យើង​យក​លុយ​ទៅ​ខ្ជះខ្ជាយ​លើសលប់​បែប​នេះ ខ្ញុំ​គិត​ថា វា​ជា​ការ​ចាយ​លុយ​មិន​ចំ​គោលដៅ ហើយ​វា​ខ្ជះខ្ជាយ​ទាំង​ពេល​វេលា និង​ថវិកា​ទៀត»។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង គឺ​បន្ទាប់​ពី​ក្រុម​អ្នក​នាំ​ពាក្យ​របស់​នាយក​រដ្ឋមន្ត្រី បាន​ចេញ​សេចក្តី​លិខិត​ស្រាយ​បំភ្លឺ កាល​ពី​ថ្ងៃ​ទី១៤ ខែកុម្ភៈ ដោយ​ចាត់​ទុក​ការ​ចំណាយ​លុយ​របស់​លោក ហ៊ុន ម៉ាណែត ប្រមាណ ១លាន ៦សែន​ដុល្លារ ដើម្បី​ជួល​ឱ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ផ្សព្វផ្សាយ ឬ​ប្រម៉ូត​សកម្មភាព​របស់​លោក ហ៊ុន ម៉ាណែត នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​ជា​ការ​ជួយ​បម្រើ​ផល​ប្រយោជន៍​ជាតិ ហើយ​ការ​ចំណាយ​ទាំង​នោះ មិនមែន​ជា​លុយ​ជាតិ​ឡើយ។ លើស​ពី​នេះ ក្រុម​អ្នក​នាំ​ពាក្យ​របស់​នាយក​រដ្ឋមន្ត្រី (ឈ្មោះអ្វីដែរ?) បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន ម៉ាណែត គឺ​មិន​ខុស​គ្នា​ទៅ​នឹង​បណ្ដា​ក្រុមហ៊ុន ឬ​អ្នក​រកស៊ី​ឡើយ ហើយ​ការ​ផ្សព្វផ្សាយ​នេះ មិនមែន​ជា​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុម «អគតិ» មួយ​ចំនួន​ឡើយ។

ទិន្នន័យ​ ក្រុមហ៊ុនមេតា (Meta)បង្ហាញ​ថា គិត​ចាប់​ពី​ខែកញ្ញា ឆ្នាំ២០២២ ដល់​ខែកុម្ភៈ ឆ្នាំ២០២៥ បង្ហាញ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចំណាយ​លុយ​ជាង ១លាន ៦សែន​ដុល្លារ (១.៦១៨.៦៣៩) ក្នុង​រយៈ​ពេល ៣ឆ្នាំ។ ក្រៅ​ពី​នេះ នៅ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន ក៏​បាន​ចំណាយ​លុយ​ជួល​ក្រុមហ៊ុន​ហ្វេសប៊ុក​ឱ្យ​ជួយ​ផ្សព្វផ្សាយ​សកម្មភាព​របស់​ខ្លួន​ដែរ។

អត្ថបទ​ដែល​ទាក់ទង៖

លោក ហ៊ុន ម៉ាណែត ជះលុយ​ជិត​២លាន​ដុល្លារ​ឱ្យ​ក្រុមហ៊ុនហ្វេសប៊ុក​ផ្សព្វផ្សាយ​សកម្មភាព​របស់​លោក​ក្នុង​រយៈពេល​៣ឆ្នាំOpens in new window ]

អ្នក​សិទ្ធិ​មនុស្ស​អន្តរជាតិ ស្នើ​ឱ្យ​ក្រុមហ៊ុនមេតា​មាន​វិធានការ​លើ​ហ្វេសប៊ុក​លោក ហ៊ុន សែន ឡើងវិញOpens in new window ]

ទោះ​បី​ជា​រដ្ឋាភិបាល​ខំ​បក​ស្រាយ​ថា ការ​ចំណាយ​លុយ​ផ្សព្វផ្សាយ​សកម្មភាព​របស់​លោក ហ៊ុន ម៉ាណែត គឺ​មិន​ចំណាយ​លុយ​ជាតិ​យ៉ាង​ណា​ក្តី ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​រិះគន់​ថា លុយ ដែល​លោក ហ៊ុន ម៉ាណែត បាន​មក​នៅ​ពេល​នេះ គឺ​អាច​ជាប់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

«​អួត​សម្ញែង​ភាព​ហ៊ឺហា​ ជាង​គិត​គូរ​ពី​ផល​ប្រយោជន៍​ជាតិ»

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា គឺ​ជា​រឿង​ដ៏​អាម៉ាស់ ដែល​ពលរដ្ឋ​កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រ ប៉ុន្តែ មេ​ដឹកនាំ​បែរ​ជា​មាន​ដុល្លារ​រាប់​លាន​ដុល្លារ​ជួល​ឱ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ផ្សព្វផ្សាយ​សកម្មភាព​ឥត​ប្រយោជន៍​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម។ លោក​សង្កេត​ឃើញ​ថា ការ​បង្ហោះ​សកម្មភាព​របស់​លោក ហ៊ុន ម៉ាណែត នៅ​លើ​គណនី​ហ្វេសប៊ុក​ភាគ​ច្រើន​ជា ការ​អួត​សម្ញែង​ភាព​ហ៊ឺហា​របស់​ខ្លួន ច្រើន​ជាង​គិត​គូរ​ពី​ផល​ប្រយោជន៍​ជាតិ។

លោក គឹម សុខ៖«រដ្ឋាភិបាល​ត្រកូល ហ៊ុនមិន​ដឹង​ចាយ​លុយ​ប៉ុន្មាន​លាន​ដុល្លារ​ទេ ក្នុង​មួយ​ឆ្នាំៗ នៅ​ក្នុង​ការ​ទិញ(like)ឡាយ ទិញ ស៊ែរ(share)នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នេះ​គ្រាន់តែ​នៅ​លើ​ហ្វេសប៊ុក។ អាម៉ាស់​ទី២ មិន​ដឹង​ថា ក្រៅ​ពី​ការ​ចាយ​លុយ​ទិញ​ឡាយ ទិញ ស៊ែរ​លើ​​​​​​​​​​​​​​បណ្ដាញ​ហ្វេសប៊ុក​នេះ​គេ​ចាយ​លុយ​លើ​ឧក្រិដ្ឋកម្ម​អី​ទៀត​ទេ។ ឧទាហរណ៍​ចាយ​លុយ​ទិញ​ទឹក​ចិត្ត​សកម្មជន​អ្នក​ប្រឆាំង ចាយ​លុយ​ប្រើ​ពួក​ចារ​ជន»។

អ្នក​ឃ្លាំមើល​យល់​ឃើញ​ថា ការ​ចំណាយ​របស់​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​រដ្ឋាភិបាល មួយ​ចំនួន​ទៅ​លើ​ការ​ផ្សព្វផ្សាយ​នេះ គួរតែ​បើក​ការ​ស៊ើប​អង្កេត​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពីព្រោះ​លុយ ដែល​ពួក​គេ​បាន​ចំណាយ​ទាំង​នោះ អាច​បាន​មក​ពី​អំពើ​ពុករលួយ ដូច្នេះ រដ្ឋាភិបាល​គួរតែ​បង្ហាញ​អំពី​តម្លាភាព​ជុំវិញ​ករណី​នេះ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​ពលរដ្ឋ​លើ​មេ​ដឹកនាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។