ក្រសួងមហាផ្ទៃព្រមានអំពីការប្រើប្រាស់ធនធានរបស់រដ្ឋ ដើម្បីបម្រើឲ្យការឃោសនាបោះឆ្នោត
2022.04.26
ក្រសួងមហាផ្ទៃ ផ្ញើសារទៅមន្ត្រីរាជការស៊ីវិលកុំឲ្យប្រើប្រាស់ធនធានរបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍ក្នុងផលនយោបាយ នៅអំឡុងឃោសនាបោះឆ្នោត។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតផ្ញើទៅអភិបាលរាជធានី-ខេត្ត កាលពីថ្ងៃទី២២ ខែមេសា ឱ្យដឹងថា មន្ត្រីរាជការស៊ីវិលទាំងអស់ ត្រូវរក្សាអព្យាក្រឹត្យក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។
ជាងនេះទៅទៀត មន្រ្តីរាជការស៊ីវិលមិនត្រូវយកម៉ោងការងារ ឬម៉ោងរដ្ឋបាលទៅបម្រើឱ្យគណបក្សនយោបាយណាមួយឡើយ នៅអំឡុងពេលនៃយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតនេះ ហើយពួកគេត្រូវមានតែមានអព្យាក្រឹត្យចំពោះការងាររបស់ខ្លួន។
លិខិតដដែលបញ្ជាក់ទៀតថា ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត មន្ត្រីរាជការស៊ីវិលមិនត្រូវប្រើប្រាស់ថវិកា សម្ភារ ទីកន្លែង និងមធ្យោបាយដឹកជញ្ជូន ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយនោះឡើយ។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក សោម សូរីដា ប្រាប់សារព័ត៌មានវីអូឌី (VOD) ថា គ.ជ.ប នឹងចាត់វិធានការប្រឆាំងរាល់ការប្រើប្រាស់ធនធានរបស់រដ្ឋ ដែលបម្រើឱ្យសកម្មភាពគណបក្សនយោបាយណាមួយ ហើយក៏មិនគិតថា អ្នកទាំងនោះចេញពីប្រភពបក្សនយោបាយណាមួយនោះដែរ។
ចំណែកអ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស វិញយល់ឃើញថា អង្គការមិនមែនរដ្ឋាភិបាលពុំដែលទទួលបានព័ត៌មានស្ដីពីការពិន័យទៅលើភ្នាក់ងារគណបក្សនយោបាយ ដែលអនុវត្តផ្ទុយពីគោលការណ៍កំណត់ដោយ គ.ជ.ប ម្ដងណាទេ។ ប៉ុន្តែលោកថា សង្គមស៊ីវិលបានទទួលត្រឹមតែព័ត៌មានអំពីមន្ត្រីរាជការស៊ីវិលនៅទីតាំងខ្លះបានប្រើប្រាស់ធនធាន និងម៉ោងការងាររដ្ឋបាលរបស់រដ្ឋ លួចទៅជួយឃោសនា ឬចុះពង្រឹងបក្ស។
លោក កន សាវាង្ស យល់ឃើញថា ដើម្បីធានាថា ការបោះឆ្នោតឃុំសង្កាត់ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ លុះត្រាតែគ្រប់ភាគី ដែលចូលរួមអនុវត្តច្បាប់ និងទាំងបទបញ្ជាព្រមទាំងនីតិវិធីនានា ឲ្យបានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។