ចលនា​និស្សិត​​ស្នើ​រដ្ឋាភិបាល ឱ្យ​​ដក​ខ្លួន​ពី​គម្រោង​​អភិវឌ្ឍ​ន៍​តំបន់​ត្រីកោណ​ ​កម្ពុជា​ ​វៀតណាម និង​ឡាវ

0:00 / 0:00

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ​ចេញ​សេចក្ដីថ្លែង​ការណ៍​ ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ ​ដក​ខ្លួន​ជាបន្ទាន់​ ​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ​កម្ពុជា ឡាវ វៀតណាម ដើម្បី​បញ្ចៀស​ការឈ្លានពាន​ទឹកដី​កម្ពុជា​បន្ថែម​ទៀត​ ​ពីសំណាក់​រដ្ឋាភិបាល​វៀតណាម​។​ ​ការ​លើកឡើង​នេះ​ ​ក្រោយ​ពី​ប្រមុខ​ដឹកនាំ​រដ្ឋ​ ​កម្ពុជា​ ​វៀតណាម​ ​និង​ឡាវ​ថ្មីៗ​ ​នេះ​ ​បាន​ព្រមព្រៀងគ្នា​ ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ ​១​១​ ​តាម​វីដេអូ​ខន​ហ្វឺ​រិន​ (​Video Conference​) ​ក្រោម​ប្រធាន​បទ​លើ​គម្រោង​អភិវឌ្ឍន៍​ ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ​ឡាវ​ ​និង​វៀតណាម។

សេ​ច​ក្កី​ថ្លែងការណ៍ ២ទំព័រ របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ​បង្ហាញ​ពី​គ្រោះអាសន្ន​ធំធេង​ ​បង្ក​ហា​និ​ភ័យ​ខ្ពស់​ដល់​អនាគត​ទឹកដី​កម្ពុជា​ចំនួន​បួន ​(​៤​) ​ខេត្ត​ ​នា​ភាគ​ឦសាន​ ​ប្រសិន​បើ​​រដ្ឋាភិបាល​​មិន​​ងាក​ចេញ​ ​ពី​គម្រោង​អភិវឌ្ឍន៍​ត្រី​ក្រោ​ណ​ដ៏​គ្រោះថ្នាក់​នេះ​ទេ​។​

ខ្លឹមសារ​សេចក្ដីថ្លែង​ការណ៍​ដែល​ចេញពី​ផ្សាយ​ ​កាលពី​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​បាន​បង្ហាញ​ពី​ចំណុច​ស្នូល​ ​៥​ចំណុច​ ​រុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ដើម្បី​ការពារ​ទឹកដី​កម្ពុជា​ ​គឺ​ទី​១​ ​ទប់ទល់​ ​កា​រហូរ​ចូល​ប្រជាជន​វៀតណាម​ ​ក្រោម​លេស​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នេះ​។ ​២​. ​បញ្ចៀស​គ្រោះ​នៃ​ការ​បាត់បង់​បូរណភាពទឹកដី​ខ្មែរ​បន្ថែម​ទៀត​ ​ពី​នយោបាយ​ឈ្លានពាន​របស់​វៀតណាម​។​ ៣​. ​បញ្ចៀស​គ្រោះ​នៃ​ការ​បំបែក​ខេត្ត​ខ្មែរ​តូច​ៗ ​បន្ថែម​ទៀត​ ​ក្រោម​លេស​​​បង្កើត​រដ្ឋបាល​មូលដ្ឋាន​ ​ដើម្បី​ងាយ​គ្រប់គ្រង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​។​ ៤​. ​បញ្ចៀស​អសន្តិសុខ​សង្គម​ ​បង្កឡើង​ដោយ​ប្រជាជន​ជាតិ​វៀតណាម​ ​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ ​និង​ទី​៥​. ​បញ្ចៀស​​​ភាព​​ហិនហោច​​ព្រៃ​ឈើ​ ​រ៉ែ​ ​និង​បរិស្ថាន​ជាដើម​។​

ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ​ដែល​កំពុង​រស់នៅ​ប្រទេស​ន័រ​វេ៉ (​Nor​way​) ​លោក​ ​ម៉ែន​ ​ណា​ត​ ​បារម្ភ​ថា​ ​ផែនការ​អភិវឌ្ឍន៍​នេះ​ ​មានន័យ​ស្មើនឹង​រៀប​ក្បួន​ឲ្យ​ ​វៀតណាម​ ​គ្រប់គ្រង​ទឹកដី​ខេត្ត នា​ខេត្ត​ភាគ​ឦសាន​ ​ដោយ​ជៀស​មិន​ផុត​នោះ​ទេ​ ​ប្រសិនបើ​រដ្ឋាភិបាល​មិន​ដក​ខ្លួន​ចេញ។ លោក​សង្កេតឃើញ​ថា​ ​រដ្ឋាភិបាល​ហាក់​ផ្តល់​ព័ត៌មាន​តិចតួច​បំផុត​ ​ពី​គម្រោង​អភិឌ្ឍន៍​នេះ៖ «រឿង​អស់នេះ​យើង​បារម្ភ​ព្រោះ​វា​មិនមែន​ជា​បញ្ហា​គណបក្ស​នយោបាយ​ ​ហើយ​វា​មិនមែន​ជា​បញ្ហា​របស់​រដ្ឋាភិបាល​ ​លោក​ ​ហ៊ុន​ ​សែន​ ​តែម្នាក់ឯង​នោះ​ទេ​ ​វា​ជា​បញ្ហា​ជាតិ​ទាំងអស់គ្នា​ ​ហើយ​វា​នាំ​គ្រោះថ្នាក់​ណាស់​។​ ​សរុប​សេចក្តី​មក​អំពាវនាវ​ហើយ​ ​អំពាវនាវ​ទៀត​ ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ​ត្រូវតែ​ដកខ្លួន​ចេញ​ ​ពី​គម្រោង​អភិវឌ្ឍន៍​ហ្នឹង​ ​ព្រោះ​វា​អត់មាន​ផល​ចំណេញ​មក​កម្ពុជា​ទេ »

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ព្រួយបារម្ភ​ខ្លាំង​ ​ប្រសិនបើ​គម្រោង​អភិវឌ្ឍន៍​នេះ​ធ្វើឡើង​ដោយ​ជោគជ័យ​ ​គឺ​វៀតណាម​ ​នឹង​គ្រប់គ្រង​ខេត្ត​ខ្មែរ​ទាំងបួន​យ៉ាង​ណែន​ ​តាមរយៈ​គោល​នយោបាយ​ប្រជាសាស្ត្រ​ ​ប្រើ​សិទ្ធិ​ចូល​ធ្វើការ​ ​និង​សិទ្ធិ​បង្កើត​ជំនួញ​ក្នុង​តំបន់​ខេត្ត​ខ្មែរ​ទាំង​ ​៤​ ​ពីព្រោះ​វៀតណាម​មាន​ប្រជាជន​ច្រើនជាង​កម្ពុជា​ ​ហូរ​ចូល​មក​រស់នៅ​លើទឹក​ដី​កម្ពុជា​កាន់តែ​ច្រើន។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ​តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​ ​នៅ​ថ្ងៃ​ទី១៥ ធ្នូ។

តែ​យ៉ាងណា​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​ធ្លាប់​លើកឡើង​ថា​ ​ផែនការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ពិសេស​នេះ​ ​មាន​ច្រើន​ផ្នែក​។​ ​លោក​ទទួលស្គាល់​ថា​ ​តំបន់​ខ្លះ​មិនទាន់​អភិវឌ្ឍ​ ​ពលរដ្ឋ​មិនទាន់​ទទួល​បានផល​ពី​កិច្ចព្រមព្រៀង​នេះ​ក៏​ពិតមែន​ ​ដោយសារ​តំបន់​នោះ​កំពុង​ស្ថិត​ ​ក្នុង​កិច្ចពិភាក្សា​ជាមួយ​ក្រុម​ការងារ​នៃ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​បង្គោល​ព្រំដែន។

សមាជិក​ក្រុម​ការងារ​ ​១​០​០​រាត្រី​ ​និង​ជា​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ​ ​លោក​ ​ឃីម​ ​សុខុម​ ​គាំទ្រ​សេចក្តីថ្លែង​ការណ៍​នេះ​ដោយ​ចាត់ទុកថា​ ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ​បង្កប់​អា​ថ៍​កំបាំង​ជាច្រើន​ ​ដែល​រដ្ឋាភិបាល​ហាក់​លាក់លៀម។ លោក​គ្មាន​សង្ឃឹម​ទាល់តែសោះ​ថា​ ​កម្ពុជា​នឹង​ទាញ​ប្រយោជន៍​ ​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​ប្រកប​ដោយ​តម្លា​ភាព​ ​ពីព្រោះ​វៀតណាម​គ្មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​អនុវត្ត​ផែនការ​នេះ​ទេ៖ «អត់​សង្ឃឹម​ទាល់តែសោះ​ហ្មង​សម្រាប់​ខ្ញុំ​ថា​ ​កា​រដាក់​តំបន់​ត្រីកោណ​ហ្នឹង​ ​វា​បានផល​ចំណេញ​មក​លើ​ប្រជាជន​កម្ពុជា​គឺ យើង​អត់​សង្ឃឹម​ថា​ ​បានទេ​ ​ដូច្នេះ​យើង​បារម្ភ​ខ្លាច​តែ​បាត់​ទៅវិញ​ទេ​។​ ​ខ្លាច​បំផុត​ខ្លាច​បាត់​តំបន់​ខេត្ត​យើង​ប៉ុន្មានទៀត​។​ ​ភាព​ក​ម្សោ​យ​ច្រើន​ណាស់​កម្ពុជា​ ​យើង​ទៅ​លេងល្បែង​ហ្នឹង​ជាមួយ​វៀតណាម​ ​អត់​ចំណេញ​ទេ​គឺ​ ​ខាត »

តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​ ​ឬ​ហៅថា​ (C​L​V​) ​បាន​ព្រមព្រៀង​បង្កើត​ឡើង​ ​កាលពី​ឆ្នាំ១៩៩៩ ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ​ឡាវ​ ​និង​វៀតណាម​។​ ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួមគ្នា​នេះ​ ​មាន​ខេត្ត​ចំនួន​១​៣​ ​ជា​ចំណុះ​។​ ​ភាគី​កម្ពុជា​ ​បាន​ដាក់បញ្ចូល​ខេត្ត​ក្រចេះ​ ​ស្ទឹង​ត្រែង​ ​រតនគិរី​ ​និង​មណ្ឌលគិរី​ ​ជា​ដើមទុន​ ​ដែល​មាន​ពលរដ្ឋ​ប្រហែលជា​ង​ ​៥​សែន​នាក់​។​ ​រីឯ​ប្រទេស​ឡាវ​ ​ក៏បាន​ដាក់បញ្ចូល​ទឹកដី​របស់​ខ្លួន​ចំនួន​ ​៤​ខេត្ត​ដែរ​ ​មាន​ខេត្ត​អា​តា​ពើ​ (​At​tape​us​) ​ចំប៉ា​សាក់​ (Champ​as​a​k) ​សាលា​វ៉ាន់​ (S​a​lava​n) ​សេ​កុង​ (S​e​kon​g​) ​ដែល​មាន​មនុស្ស​ប្រមាណ​ ​៧​សែន​នាក់​។​ ​ចំណែក​ភាគី​វៀតណាម​ ​បាន​ដាក់បញ្ចូល​ទឹកដី​របស់​ខ្លួន​ចំនួន​ ​៥​ ​គឺ​ខេត្ត​យ៉ា​ឡាយ​ (G​i​a​ ​L​a​i​) ​កន​តុ​ម​ (Kon ​T​u​m​) ​ដាក់​ឡាក់​ (​D​a​k ​L​a​k) ​ដា​ណា​ង​ (​D​a​ N​an​g​) ប៊ិ​ញ​ភឿ​ក​ (Bin​h​ ​P​h​uoc) ​ដែល​ខេត្ត​ទាំងនេះ​មាន​មនុស្ស​ជាង​ ​៧​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។