សាច់ញាតិ និង​យុវជន​ចោទ​តុលាការ​កំពូល​ថា លាក់​បាំង​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កើត សារ៉ាយ

ដោយ ម៉ៅ សុធានី
2024.08.02
សាច់ញាតិ និង​យុវជន​ចោទ​តុលាការ​កំពូល​ថា លាក់​បាំង​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កើត សារ៉ាយ លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ (KSILA) កាល​ពី​ពេល​មិនទាន់ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ។
រូប៖ ហ្វេសប៊ុក

សាច់​ញាតិ និង​ក្រុម​ការងារ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) រិះគន់​តុលាការ​កំពូល​ថា បើកសវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កើត សារ៉ាយ ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​មេធាវី​ការពារ​ក្ដី និង​សាច់​ញាតិ។ ពួកគាត់​យល់​ឃើញ​ថា តុលាការ​កំពូល​កំពុង​រំលោភ​សិទ្ធិ​លើ​ជន​ជាប់​ឃុំ និង​ក្រុម​គ្រួសារ។

គ្រួសារ និង​ក្រុមការងារ​ដែល​បាន​ទៅ​ជួប​សួរ​សុខទុក្ខ​លោក កើត សារ៉ាយ នៅ​ពន្ធនាគារ​ព្រៃស (ម១) អះអាង​ថា ការណ៍​ដែល​តុលាការ​កំពូល​បាន​បើក​សវនា​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កើត សារ៉ាយ តែ​ម្នាក់​ឯង ដោយ​គ្មាន​ដីកា​កោះហៅ​មេធាវី​ការពារ​ក្ដី ឱ្យ​ចូល​សវនាការ​បែបនេះ គឺ​តុលាការ​មាន​ចេតនា​លាក់បាំង​ព័ត៌មាន និង​ចង់​ដាក់​បន្ទុក​ទៅ​លើ​ជន​ជាប់​ឃុំ​បន្ថែម។

គូ​ដណ្ដឹង​លោក កើត សារ៉ាយ គឺ​កញ្ញា នឿន ស្រីណែត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កញ្ញា​បាន​ទៅ​ជួប​សួរសុខទុក្ខ​លោក កើត សារ៉ាយ កាល​ពី​ថ្ងៃ​ទី១ ខែសីហា បន្ទាប់​ពី​កញ្ញា​ទទួល​ដំណឹង​ថា តុលាការ​កំពូល​បាន​កោះហៅ លោក​កើត សារ៉ាយ ឱ្យ​ចូល​សវនាការ​ភ្លាមៗ​ទាំង​មិន​មាន​លិខិត​កោះ​ហៅ​ពី​តុលាការ។ កញ្ញា​បន្ត​ថា លោក កើត សារ៉ាយ បាន​សួរ​ចៅក្រម​ស៊ើបសួរ​អំពី​មេធាវី​ការ​ក្ដី​របស់​លោក​ថា ហេតុអ្វី​មិន​ឃើញ​មេធាវី​ការពារ​ក្ដី​របស់​លោក​មក ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​មិន​ឆ្លើយ​នឹង​សំណួរ​លោក ឡើយ​ដោយ​ចៅក្រម​ស៊ើបសួរ​អះអាង​ថា នេះ​គ្រាន់តែ​ជា​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ។

កញ្ញា នឿន ស្រីណែត៖ «ទាក់ទង​នឹង​គោលជំហរ​របស់​គាត់​នៅ​តែ​មាន​គោលជំហរ​រឹងមាំ​បើ​ទោះ​បី​ជា​នៅ​ខណៈ​នេះ​គាត់​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ក៏​ពិត​មែន ប៉ុន្តែ​ខ្ញុំ​ជឿ​ថា គាត់​ស្ថិត​នៅតែ​ខ្លួន​ទេ​នៅ​ក្នុង​ពន្ធនាគារ​ប៉ុន្តែ​ចិត្ត​របស់​គាត់​ប្រាកដ​ជា​នៅ​ខាង​ក្រៅ​គិត​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គិត​ពី​បញ្ហា​ជាតិ​ដែល​កំពុង​កើត​មាន​ឡើង។ ទោះបីជា​ថ្ងៃនេះ​គាត់​នៅ​ក្នុង​ពន្ធនាគារ​គាត់​មិន​ពាក់​ស្បែកជើង​ប៉ុន្តែ​ថ្ងៃក្រោយ​គាត់​ចេញ​ពី​ពន្ធនាគារ​នៅ​តែ​បន្ត​មិន​ពាក់​ស្បែកជើង​ហើយ​បន្ត​ការងារ​ទៅ​មុខ​ទៀត»

តុលាការ​កំពូល​កាល​ពី​ថ្ងៃទី៣១ ខែ​កក្កដា បាន​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កើត សារ៉ាយ ពាក់ព័ន្ធ​នឹង​បទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម» ទាក់ទិន​ករណី​លោក ចុះ​ទៅ​ជួប​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ​ដែល​រត់​ពួន​ក្នុង​ព្រៃ ក្រោយ​អាជ្ញាធរ បាន​បំផ្លាញ​ផ្ទះ​សម្បែង និង​ដេញ​តាម​ចាប់​ខ្លួន​ពួកគាត់។ ទោះ​ជា​យ៉ាង​ណា សាច់​ញាតិ​លោក កើត សារ៉ាយ អះអាង​ថា តុលាការ បាន​បើក​សវនាការ​នោះ​ដោយ​មាន​តែ​វត្តមាន​លោក កើត សារ៉ាយ ម្នាក់​គត់ ខណៈ​សាច់​ញាតិ និង​មេធាវី​ការពារ​ក្តី ពុំ​បាន​ដឹង​នោះ​ទេ។ ពួកគាត់​ចាត់ទុកថា នេះ​គឺជា​ការរំលោភ​សិទ្ធិ និង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​លោក កើត សារ៉ាយ។

ចៅក្រម​តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់ លោក កើត សារ៉ាយ នៅ​ថ្ងៃ​ទី៧ ខែសីហា ខាងមុខ។ ដោយឡែក​នៅថ្ងៃទី២២ ខែសីហា សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្ដី​ក្នុង​សំណុំ​រឿង​នេះ។

អគ្គលេខាធិការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ កញ្ញា រៀម ស្រីពេជ្ររតនា ថ្លែង​ថា ការណ៍​ដែល​តុលាការ​កំពូល​បើក​សវនាការ​លើ​លោក កើត សារ៉ាយ ស្ងាត់​ៗ​បែប​នេះ​គឺ​បង្ហាញ​ថា សវនាការ​នោះ​ធ្វើ​ឡើង​មិន​ស្រប​តាម​នីតិវិធី​ច្បាប់ និង​មាន​ភាព​មិន​ប្រក្រតី។ កញ្ញា​ទាមទារ​ឱ្យ​តុលាការ​ដោះលែង លោក កើត សារ៉ាយ ដោយ​ឥត​លក្ខខណ្ឌ​ពីព្រោះ លោក កើត សារ៉ាយ មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ឡើយ។

កញ្ញា រៀម ស្រីពេជ្ររតនា៖ «សោកស្ដាយ​ត្រង់​ថា​ពួក​យើង​ជា​ក្រុម​ការងារ​យ៉ាង​ហោច​ណាស់​ផ្ដល់​ដំណឹង​ដល់​ពួក​យើង ឬ​ក៏​ផ្ដល់​ដំណឹង​ដល់​មេធាវី​វា​ជា​រឿង​សោកស្ដាយ​បំផុត​ដែល​តុលាការ​ធ្វើ​រឿង​បែប​នេះ​បំបិទ​ទាំង​សិទ្ធិ​បុគ្គល​ថែម​ទាំង​ធ្វើ​ឱ្យ​យើង​អ្នក​ដែល​នៅ​ក្រៅ​មាន​ភាព​សោកស្ដាយ។ មាន​រឿង​លាក់បាំង​នៅ​ពី​ក្រោយ​ខ្នង​ដែល​មិន​ចង់​ឱ្យ​ពួក​យើង​ទៅ​មើល​ហើយ​ជាពិសេស​មិន​ចង់​ឱ្យ​យុវជន​បាន​ដឹង​ពី​សវនាការ​របស់​លោក កើត សារ៉ាយ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២ ខែសីហា។

សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក កើត សារ៉ាយ កាល​ពី​ថ្ងៃ​ទី៥ ខែមេសា នៅ​ទីស្នាក់ការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់ រាជធានី​ភ្នំពេញ ក្រោយ​ពេល​លោក​បាន​ចុះ​ទៅ​ជួប​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ឃុំ​ស្រយ៉ង់ ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​បង្ក្រាប​ដោយ​ហិង្សា និង​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។

លោក កើត សារ៉ាយ មាន​មេធាវី​ចំនួន​២​រូប​ដើម្បី​ជួយ​ការពារ​ក្ដី គឺ​ម្នាក់​មក​ពី​អង្គការ​លីកាដូ (LICADHO) និង​ម្នាក់​ទៀត​មក​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc)

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា សំណុំ​រឿ​របស់​លោក កើត សារ៉ាយ នេះ​គឺ​មេធាវី​របស់​លោក មិន​ទទួល​បាន​ដីកា​ហោះ​ហៅ​ពី​តុលាការ​ឡើយ។ លោក​បញ្ជាក់​ថា តាម​នីតិវិធី​ច្បាប់​ជន​ជាប់​ចោទ​គ្រប់​រូប​គឺ​មាន​សិទ្ធិ​មាន​មេធាវី​ការពារ​ក្ដី​ដើម្បី​ធានា​ថា ការ​ជំនុំជម្រះ​ក្ដី​មាន​ភាព​យុត្តិធម៌ និង​ស្មើ​ភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់។

លោក អំ សំអាត៖ «រឿង​ហ្នឹង​ខ្ញុំ​ឃើញ​ថា ករណី​លោក កើត សារ៉ាយ ឥឡូវ​ហ្នឹង​គឺ​គ្រាន់តែ​ជា​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន យើង​ឃើញ​ថា​អង្គ​សេចក្ដី​ត្រូវ​បាន​បញ្ចប់​ការ​ស៊ើបសួរ​នៅ​ចៅក្រម​ស៊ើបសួរ​ហើយ។ អ៊ីចឹង​អ្វី​សំខាន់​ត្រូវតែ​ពិនិត្យ​ដាក់​កាលបរិច្ឆេទ​ក្នុង​ការ​បើក​សវនាការ​ឱ្យ​បាន​ឆាប់រហ័ស»

ថ្វីត្បិត លោក កើត សារ៉ាយ កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ក្ដី ក៏​ប៉ុន្តែ​លោក​តែងតែ​ផ្ដាំ​ឱ្យ​ក្រុម​ការងារ និង​យុវជន​ផ្សេង​ទៀត​កុំ​ភិតភ័យ ហើយ​ក្រោកឈរ​ឡើង​ដើម្បី​បន្ត​ការងារ​សង្គម​ដើម្បី​ជួយ​ជាតិ​មាតុភូមិ។

គ្រួសារ និង​មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោទ និង​ដោះលែង​លោក កើត សារ៉ាយ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ពីព្រោះ​សកម្មភាព​របស់​លោក កើត សារ៉ាយ ធ្វើ​កន្លង​មក​គឺ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដល់​ពលរដ្ឋ​គឺ​មិនមែន​ជា​ញុះញង់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។