តុលាការ​កំពូល​​នឹង​ប្រកាស​សាលដីកា​​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​​​​ឪពុក​ លោក ស៊ន តារា នៅ​ថ្ងៃ​ទី​២១ ខែ​មីនា

តុលាការ​កំពូល​​នឹង​ប្រកាស​សាលដីកា​​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​​​ឪពុក​​​​អ្នក​អត្ថាធិប្បាយ​នយោបាយ​​ លោក ស៊ន តារា គឺ លោក សុខ ស៊ុនណារ៉េត នៅ​ថ្ងៃ​ទី​២១ ខែ​មីនា។ គ្រួសារ​ និង​​មន្ត្រី​​សង្គម​ស៊ីវិល​​​សង្ឃឹម​​ថា តុលាការ​កំពូល​​​នឹង​សម្រេច​​សេចក្ដី​ដោយ​ផ្អែក​លើ​ការ​ពិត​ និង​មិន​លំអៀង​ទៅ​គណបក្ស​កាន់​អំណាច។

តុលាការ​កំពូល​​​​​បើក​សវនាការ​​ អសាធារណៈ​លើ​សំណុំ​រឿង​​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​​​​លើ​​​ ​​អតីត​ទាហាន​សឹក​រង​ខេត្ត​កំពង់​ស្ពឺ និង​ជា​ឪពុក​របស់​ លោក ស៊ន តារា គឺ​​ លោក សុខ ស៊ុនណារ៉េត​ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ដែល​ត្រូវ​បាន​​​​​​ចោទ​ប្រកាន់​ពី​បទ «រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន»។

លោក សុខ ស៊ុនណារ៉េត ត្រូវ​ពិនិត្យសុខភាព​តាម​កាល​កំណត់​របស់​ពេទ្យ​ថៃ

ប្អូន​ប្រុស​របស់​លោក ស៊ន តារា គឺ​ លោក​ ស៊ន សារ៉ាត ដែល​បាន​ចូល​ស្តាប់​នៅ​ក្នុង​បន្ទប់​សវនាការ​​​ ​លើក​ឡើង​​​ថា សវនាការ​​បាន​​​​ធ្វើ​ឡើង​ត្រឹម​រយៈ​ពេល​​៥​​នាទី​ដោយ​ចៅក្រម​ជំនុំ​ជម្រះ​បាន​ឱ្យ​មេធាវី​​​ការ​ពារ​ក្ដី​​ឪពុក​​របស់​លោក​​លើក​ឡើង​ពី​គោលបំណង​ដែល​ស្នើ​សុំ​ឱ្យ​ លោក សុខ ស៊ុនណារ៉េត បាន​នៅ​ក្រៅ​ឃុំ​​ ​ហើយ​មេធាវី​បាន​លើក​ឡើង​ថា កូនក្ដី​របស់​លោក​ត្រូវ​ទៅ​ពិនិត្យ​​​សុខភាព​​តាម​ការ​កំណត់​របស់​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ​​នៅ​ខែ​មេសា​ខាង​មុខ។ លោក ស៊ន សារ៉ាត រំពឹង​ថា ចៅក្រម​ជំនុំ​ជម្រះ​នឹង​ទទួល​យក​តាម​ការ​ស្នើ​សុំ​របស់​​​ឪពុក​លោក​​ដើម្បី​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន។

លោក ស៊ន សារ៉ាត៖«ហេតុ​ផល​ដោយសារ​គាត់​​ ដោយ​សារ​គាត់​ត្រូវ​ការ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​ជា​ទៀង​ទាត់​របស់​​គាត់​ ហើយ​គាត់​​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង​​​គាត់​ឧស្សាហ៍​​មាន​បញ្ហា​សុខភាព​ជា​ពិសេស​ជង្គង់​គាត់​​ជា​រឿយៗ​​តែង​តែ​ឈឺ​ អ៊ីចឹង​ហើយ​ទើប​យើង​ស្នើ​សុំ​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ហើយ​ទី​មួយ​ដោយ​សារ​មាន​វេជ្ជបញ្ជា​​​ពី​មន្ទីរពេទ្យ​ហ្នឹង​​ត្រូវ​ពិនិត្យ​មើល​ជង្គង់​​គាត់​ជា​ទៀត​​គាត់»។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សុខ ស៊ុនណារ៉េត គឺ​លោក អ៊ឹម ផាន់ណា បដិសេធ​ឆ្លើយ​តប​​​ជុំវិញ​ករណី​នេះ។ ប្រធាន​ចៅក្រម​ជំនុំជម្រះ​​ លោក សឹង បញ្ញាវុឌ្ឍ​ កំណត់​យក​ថ្ងៃ​ទី​២១ ខែ​មីនា​ ​ប្រកាស​សាលដីកា​លើ​សំណុំ​រឿង​នេះ។

ក្ដីសង្ឃឹមតិចតួច​ថា មាន​ការ​ដោះលែង​លោក សុខ ស៊ុនណារ៉េត

ជុំវិញ​ករណី​នេះ​ អតីត​​​ជំទប់​ទី២ សង្កាត់​ប៉ោយប៉ែត​ អ្នកស្រី ចៅ រតនៈ ដែល​​ឪពុក​របស់​​អ្នកស្រី​កំពុង​ជាប់​ពន្ធនាគារ​​ដែរ​នោះ​មាន​ក្ដី​រំពឹង​តិច​តួច​ថា តុលាការ​នឹង​សម្រេច​ឱ្យ​លោក សុខ ស៊ុនណារ៉េត​ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ អ្នកស្រី​ថា ការ​ចាប់​ខ្លួន លោក សុខ ស៊ុនណារ៉េត​ នេះ​ធ្វើ​ឡើង​ដោយ​សារ​តែ​សកម្មភាព​កូន​ប្រុស​របស់​លោក​ គឺ​ លោក​ ស៊ន តារា តែង​រិះគន់​មក​លើ​រដ្ឋាភិបាល​នៅ​លើ​បណ្ដាញ​សង្គម​។ ​​

អ្នកស្រី ចៅ រតនៈ ថា​​តុលាការ​កម្រ​ផ្ដល់​យុត្តិធម៌​ ឬ​ស្វែង​រក​ការ​ពិត​​ទៅ​លើ​​មន្ត្រី​នយោបាយ​បក្ស​ប្រឆាំង​ ហើយ​ពួកគាត់​ជា​ច្រើន​នាក់​​បាន​ជាប់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស។ ទោះ​ជា​យ៉ាង​ណា​ អ្នក​ស្រី​ថា​​​តុលាការ​នឹង​សម្រេច​ឱ្យ​ ​មន្ត្រី​​បក្ស​ប្រឆាំង​​ទាំង​ឡាយ​ណា​រួច​ទោស​ ឬ​នៅ​ក្រៅ​ឃុំ​ ប្រសិន​បើ​ពួកគាត់​ចុះ​ចូល​ជា​មួយ​គណបក្ស​​​ប្រជាជន​កម្ពុជា​ ឬ​​​ចេញ​វីដេអូ​សុំ​ទោស​​រដ្ឋាភិបាល។

អ្នកស្រី ចៅ រតនៈ៖«អ៊ីចឹង​វា​ជា​ហេតុ​ការ​មួយ​ដែល​​​​ពួក​ខ្ញុំ​មិន​ទទួល​យក​ទេ​​ ដោយ​សារ​ការ​ចោទ​ប្រកាន់​ពី​តុលាការ​​មក​កាន់​ខ្ញុំ​ទាំង​អស់​គ្នា​ថា​មាន​បទ​ល្មើស​ញុះញង់​ បង្ក​អសន្តិសុខ​​​អី​ជា​ដើម​​អ៊ីចឹង​​ទៅ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​លើក​ដៃ​សុំ​ទោស​ ដែល​មាន​សមាជិក​មួយ​ចំនួន​លើក​ដៃ​សុំ​ទោស​ ឬ​ចុះ​ចូល​វា​តែង​តែ​មាន​សេរីភាព​មក​​វិញ​​​ ​អ៊ីចឹង​​វា​ដូច​ជា​ការ​លេង​សើច​មែន​ទែន​ សម្រាប់​សមាជិក​សមាជិកា​ដូច​អ្នក​ដែល​ជាប់​ពន្ធនាគារ​ដទៃ​ទៀត​​​​​​ អ៊ីចឹង​វា​ជា​ចារឹក​​នយោបាយ​ដោយសារ​ផ្អែក​លើ​រូបភាព​បែប​ហ្នឹង»។

«ល្បិច​លោក ហ៊ុន សែន ធ្វើ​បាប​លោក ស៊ន តារា នៅ​ក្រៅប្រទេស»

កាល​ពី​ឆ្នាំ​២០២៣ កន្លង​ទៅ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ថា នឹង​ធ្វើ​ទុក្ខបុកម្នេញ​គ្រួសារ លោក ស៊ន តារា ដើម្បី​ជា​ការ​សង​សឹក​ដែល​កាល​នោះ លោក ស៊ន តារា មិន​ព្រម​បញ្ឈប់​រិះគន់​រដ្ឋាភិបាល​រឿង​គ្មាន​លុយ​រៀប​ចំ​ពិធី​បុណ្យ​អុំទូក និង​ថា​យក​លុយ​ទៅ​រៀប​ចំ​ស៊ីហ្គេម ដោយ​មិន​គិត​គូរ​ពី​ពលរដ្ឋ​ក្រីក្រ។ បន្ថែម​ពី​នេះ​ ​លោក ហ៊ុន សែន​​ បាន​ព្យាយាម​ អូសទាញ​លោក ស៊ន តារា ឱ្យ​ផ្ដាច់​ខ្លួន​ចេញ​ពី​បក្ស​ប្រឆាំង​មិន​បាន​ដូច​បំណង លោក ហ៊ុន សែន បាន​បង្ខំ​ឱ្យ​ឪពុក​របស់​លោក ស៊ន តារា កាត់​កាល់​កូនប្រុស​ចោល និង​ព្រមាន​ថា បើ​ឪពុក​ម្តាយ​ប្រដៅ​លោក ស៊ន តារា មិន​បាន​ទេ លោក​នឹង​ដក​តំណែង​សាច់ញាតិ​របស់​លោក ស៊ន តារា ធ្វើការ​នៅ​ក្នុង​ជួរ​រដ្ឋ​ចោល​ទាំងអស់។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល​អ្នក​ស្រី ម៉ៅ ធីតា​​ បាន​ទេ​ នៅ​ថ្ងៃ​ទី៥ ខែ​មីនា។

អត្ថបទ​ដែល​ទាក់ទង៖

គ្រួសារ និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​តុលាការ​កំពូល​ឱ្យ​ដោះ​លែង​ឪពុក​លោក ស៊ន តារា នៅ​ក្រៅ​ឃុំOpens in new window ]

គ្រួសារ​លោក ស៊ន តារា សោកស្ដាយ ចំពោះ​សាលា​ឧទ្ធរណ៍ ដែល​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ឪពុកOpens in new window ]

សាច់ញាតិ​របស់​លោក ស៊ន តារា ស្នើ​ឱ្យ​តុលាការ​ដោះលែង​ឪពុក​ឱ្យ​មាន​សេរីភាព​វិញOpens in new window ]

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក(Adhoc) លោក យី សុខសាន្ត មាន​ប្រសាសន៍​ថា តាម​រយៈ​​​អង្គហេតុ​​ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ លោក សុខ​ ស៊ុនណារ៉េត បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថា ជា​ករណី​នយោបាយ​ ដូច្នេះ​លោក​សង្ឃឹម​ថា ស្ថាប័ន​តុលាការ​​ដែល​តែង​តែ​អះអាង​ពី​ឯករាជ្យ​ភាព​របស់​ខ្លួន​នោះ​នឹង​សម្រេច​ឱ្យ​លោក សុខ ស៊ុនណារ៉េត ទទួល​បាន​យុត្តិធម៌។

លោក យី សុខសាន្ត៖«គឺ​ខ្ញុំ​យល់​ថា​តុលាការ​នឹង​ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​​​​ទៅ​លើ​រូប​គាត់​​​ ពី​ព្រោះ​​អ្វី​ដែល​យើង​​មើល​ឃើញ​ថា​តុលាការ​ដែល​ជា​ស្ថាប័ន​មួយ​ដែល​ឯក​រាជ្យ​ ​មិន​រណប​គណបក្ស​នយោបាយ​ ឬ​អ្នក​មាន​អំណាច​​ណា​ដែរ​ ដូច្នេះ​លោក​នឹង​វិនិច្ឆ័យ​ដោយ​យុត្តិធម៌​សម្រាប់​គាត់»។

ក្រោយ​ពេល អាជ្ញាធរ​​រដ្ឋាភិបាល​ត្រកូល ហ៊ុន បាន​ចាប់ខ្លួន​ឪពុក​ដាក់​ពន្ធនាគារ​មក លោក ស៊ន តារា បាន​ផ្អាក​អត្ថាធិប្បាយ​រឿង​បញ្ហា​នយោបាយ និង​សង្គម​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន។ ប៉ុន្តែ​លោក ស៊ន តារា បង្ហោះ​សារ​រៀបរាប់​ពី​ការ​តស៊ូ​របស់​ឪពុក ដែល​យក​ជីវិត​ជា​ទុន​ការពារ​ជាតិ ដោយ​ស្មោះត្រង់​នៅ​លើ​សម​ភូមិ​សង្គ្រាម ព្រមទាំង​បង្ហាញ​ពី​ទុក្ខ​ក្រៀមក្រំ​របស់​គ្រួសារ​លោក ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ឪពុក​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។