សាច់ញាតិស្នើឱ្យតុលាការខេត្តកំពង់ស្ពឺដោះលែងឪពុករបស់អ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត ឱ្យនៅក្រៅឃុំ ខណៈលោកកំពុងមានជំងឺនៅក្នុងពន្ធនាគារ។ សំណើនេះធ្វើឡើងស្របពេលជនជាប់ឃុំប្រគល់សិទ្ធិឱ្យមេធាវីតតាំងក្តី ស្វែងរកយុត្តិធម៌នៅតុលាការ។ អ្នកឃ្លាំមើល និងសាធារណជនទូទៅចាត់ទុកការណីនេះជាការធ្វើទុក្ខបុកម្នេញ គំរាមកំហែងឆ្លងដែនក្នុងគោលដៅបំបិទមាត់លោក ស៊ន តារា មិនឱ្យបន្តនិយាយរិះគន់គ្រួសារត្រកូល ហ៊ុន ពីក្រៅប្រទេស។
សាច់ញាតិបារម្ភថា ប្រសិនបើតុលាការបន្តឃុំខ្លួនលោក សុខ ស៊ុនណារ៉េត នៅពន្ធនាគារនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពគាត់កាន់តែខ្លាំង។
កូនប្រុសរបស់លោក សុខ ស៊ុនណារ៉េត ម្នាក់នៅប្រទេសកម្ពុជា ប្រាប់វិទ្យុអាស៊ីសេរី សុំមិនបញ្ចេញឈ្មោះនិងសំឡេងថា មកដល់ពេលនេះ ឪពុករបស់លោកបានជួបពិភាក្សាជាមួយមេធាវី ដើម្បីដំណើរការរឿងក្តីតាមនីតវិធីរួចហើយ។លោកថា បច្ចុប្បន្នលោក សុខ ស៊ុនណារ៉េត មានវ័យកាន់តែចាស់ និងមានជំងឺច្រើនមុខ ដូចជាជំងឺលើសឈាម និងខ្លាញ់ដែលលេបថ្នាំជាប្រចាំ។ ជាងនេះទៅទៀត ឪពុករបស់លោកកំពុងជាប់ឃុំ នៅក្នុងបន្ទប់មួយតូចចង្អៀតជាមួយអ្នកជាប់ឃុំប្រមាណ៧០នាក់ ដែលធ្វើឱ្យគាត់ពិបាកដេក ជាពិសេសពិបាកធ្វើចលនានៅត្រង់អង្គង់ខាងឆ្វេង ដែលទើបតែវះកាត់ហើយ។ លោកស្នើដល់តុលាការអនុញ្ញាតឱ្យឪពុកបាននៅក្រៅឃុំ ដើម្បីគាត់ទទួលការពិនិត្យព្យាបាលជំងឺ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ។
ចំណែកកូនប្រុសច្បងរបស់លោក សុខ ស៊ុនណារ៉េត គឺលោក ស៊ន តារា ដែលជាអ្នកអត្ថាធិប្បាយសង្គមដ៏មានប្រជាប្រិយភាព បានបង្ហោះសារនៅលើហ្វេសប៊ុកជាបន្តបន្ទាប់ ដោយលើកឡើងពីការតស៊ូរបស់ឪពុកនៅលើសមរភូមិសង្គ្រោម និងបង្ហាញទុក្ខក្រៀមក្រំរបស់គ្រួសារលោក ក្រោយពេលសមត្ថកិច្ចចាប់ឪពុកដាក់ពន្ធនាគារទាំងអយុត្តិធម៌។
លោក ស៊ន តារា កំពុងរស់នៅប្រទេសបារាំង បានបង្ហោះរូបថតលោកកំពុងនិយាយជាមួយម្តាយ តាមប្រព័ន្ធវីដេអូ ដែលម្តាយយំសោកនៅចំពោះមុខលោក និងអមដោយសារថាកាលឪពុករបស់លោកដេកព្រៃ ធ្វើសង្គ្រាមការពារទឹកដី គឺម្តាយរបស់លោកមិនដែលយំទេ តែពេលនេះស្រុកសន្តិភាពហើយ ទឹកភ្នែកម្តាយជន់ជាទន្លេ តើឱ្យលោកពិពណ៌នាពីទុក្ខវេទនានេះយ៉ាងដូចម្តេចក្នុងសម័យនេះ?
ក្រៅពីនេះ លោក ស៊ន តារា រំលឹកថា កន្លងទៅឪពុករបស់លោក ត្រូវបានលោក ហ៊ុន សែន ហៅទៅជួបសួរសុខទុក្ខដល់ផ្ទះ ក្រោយពេលលោក ហ៊ុន សែន ព្រមានលោកឱ្យឈប់និយាយរិះគន់។ លោក ស៊ន តារា សរសេរបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនបន្តថា ឪពុកលោកកាន់អាវុធច្បាំង យកជីវិតជាទុនការពារជាតិដោយស្មោះត្រង់ រហូតកម្ពុជាបញ្ចប់សង្គ្រោមប្រដាប់អាវុធ តែចុងក្រោយឪពុកលោកបែរជាជាប់គុកយ៉ាងខ្លោចផ្សារទៅវិញ។
កាលពីថ្ងៃទី១៣ខែវិច្ឆិកា កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ដែលជាឪពុករបស់លោក ស៊ន តារា នៅក្រុងច្បារមន។ការចាប់ខ្លួននេះកើតឡើងអំឡុងពេលមេបញ្ជាការភូមិភាគ៣ បានហៅឱ្យលោកទៅជួប។ តុលាការខេត្តកំពង់ស្ពឺបានចោទប្រកាន់លោក ពាក់ព័ន្ធការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបញ្ជូនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តនេះ។
ទោះជាយ៉ាងណា មជ្ឈដ្ឋានទូទៅមើលឃើញថា នេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងបង្ហាញពីភាពព្រៃផ្សៃរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបសំឡេងរិះគន់ទាំងក្នុងនិងក្រៅប្រទេស។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរីថាសំណុំរឿងឪពុករបស់លោក ស៊ន តារា គឺមេធាវីរបស់សមាគមអាដហុក បានដាក់ពាក្យការពារក្តី ទៅសាលាដំបូងខេត្តកំពង់ស្ពឺរួចរាល់ហើយ ដោយនីតិវិធីបន្តទៀត មេធាវីនឹងដាក់ពាក្យស្នើសុំឱ្យតុលាការដោះលែង លោក សុខ ស៊ុនណារ៉េត នៅក្រៅឃុំក្នុងសប្តាហ៍ក្រោយនេះ។
មន្រ្តីសិទ្ធិមនុស្សរូបនេះនៅតែមើលឃើញថា ដំណើររឿងចាប់ខ្លួនឪពុករបស់អ្នកអត្ថាធិប្បាយសង្គម និងនយោបាយ លោក ស៊ន តារា បើផ្ទៀងផ្ទាត់ជាមួយអង្គហេតុ និងប្រវត្តិតស៊ូលះលង់ដើម្បីជាតិរបស់លោក សុខ ស៊ុនណារ៉េត កន្លងទៅក្តីក្តាំនេះហាក់មានភាពមិនក្រតី។ លោកចង់ឃើញតុលាការដោះលែងជនជាប់ចោទឱ្យនៅក្រៅឃុំបណ្តោះអាសន្នទៅព្យាបាលជំងឺ ព្រមទាំងបើកការស៊ើបអង្កេតករណីចាទប្រកាន់នេះ ដើម្បីបញ្ចៀសការរិះពីសហគមន៍ជាតិនិងអន្តរជាតិពាក់ព័ន្ធរឿងនយោបាយ។
លោក យិន ម៉េងលី៖ «បើតាមព័ត៌មានដែលយើងទទួលបានហ្នឹងគឺថា លោក ណារ៉េត ពុំមានជាអ្នកជួញដូរគ្រឿងញៀនទេ បើពិនិត្យទៅលើប្រវត្តិ អត្តសញ្ញាណប្រវត្តិរូបរបស់គាត់ យើងពិនិត្យទៅលើអង្គហេតុ យើងនៅតែជឿជាក់អ៊ីចឹង អ៊ីចឹងយើងនៅតែទទូចដល់ចៅក្រម ដោះលែងឱ្យនៅក្រៅឃុំ ទម្លាក់បទចោទ ដើម្បីឱ្យគាត់បានរស់នៅក្នុងសង្គម ជួបជុំគ្រួសារ នៅក្នុងជីវិតចុងក្រោយរបស់គាត់ផងបាទ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភណ្ឌ ដើម្បីបកស្រាយបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី១ ខែធ្នូ។ ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ក៏មិនអាចទាក់ទងបានដែរ។
លោក សុខ ស៊ុនណារ៉េត អាយុ៦៦ឆ្នាំ ធ្លាប់ជាទាហានសឹករងខេត្តកំពង់ស្ពឺ និងធ្លាប់មានតួនាទីជានាយរងសេនាធិការ និងបានចូលនិវត្តន៍នៅឆ្នាំ២០២២។ កន្លងមកដោយសារលោក ហ៊ុន សែន អូសទាញលោក ស៊ន តារា ឱ្យផ្តាច់ខ្លួនចេញពីបក្សប្រឆាំងមិនបានដូចបំណង មេបក្សកាន់អំណាចដែលត្រួតត្រាអំណាចគ្រប់ស្ថាប័នទាំងអស់នៅកម្ពុជារូបនេះ បានបង្ខំឱ្យឪពុករបស់លោក ស៊ន តារា កាត់កាល់កូនប្រុសចោល និងព្រមានថា បើឪពុកម្តាយប្រដៅលោក ស៊ន តារា មិនបានទេ លោកនឹងដកតំណែងសាច់ញាតិរបស់លោក ស៊ន តារា ធ្វើការនៅក្នុងជួររដ្ឋចោលទាំងអស់។
មន្រ្តីគណបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សអន្តរជាតិ រិះគន់ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ថា ប្រើវិធីស្មោគក្រោគប្រឌិតរឿង ចាប់ឪពុករបស់លោក ស៊ន តារា ធ្វើជាចំណាប់ខ្មាំង ដើម្បីឱ្យលោក ស៊ន តារា ឈប់និយាយពីបញ្ហាសង្គម នយោបាយ និងភាពអសកម្មក្រោមការដឹកនាំរបស់រដ្ឋាភិបាលត្រកូលហ៊ុនតទៅទៀត។ ពួកគាត់ថ្កោលទោស និងចាត់ទុកករណីនេះថាជាអំពើឧក្រិដ្ឋគាបសង្កត់ឆ្លងដែន ហើយទាមទារឱ្យរដ្ឋាភិបាលដោះលែងលោក សុខ ស៊ុនណារ៉េត ឱ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
