តុលាការ​កំពូល​ប្រកាស​សាល​ដីកា​ផ្ដន្ទាទោស​មន្ត្រី​បក្ស​ប្រឆាំង លោក ចៅ វាសនា ឱ្យ​ជាប់​ពន្ធនាគារ ៣ឆ្នាំ

ដោយ យ៉ង ចាន់តារា
2025.01.24
តុលាការ​កំពូល​ប្រកាស​សាល​ដីកា​ផ្ដន្ទាទោស​មន្ត្រី​បក្ស​ប្រឆាំង លោក ចៅ វាសនា ឱ្យ​ជាប់​ពន្ធនាគារ ៣ឆ្នាំ លោក ចៅ វាសនា អតីត​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេល​នគរបាល​នាំ​ខ្លួន​ទៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី១០ ខែវិច្ចិកា ឆ្នាំ២០២៣។
រូប៖ ពីពលរដ្ឋ

តុលាការ​កំពូល​ប្រកាស​សាល​ដីកា​ផ្ដន្ទាទោស​អតីត​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រុងប៉ោយប៉ែត លោក ចៅ វាសនា ឱ្យ​បន្ត​ជាប់​ពន្ធនាគារ ៣ឆ្នាំ​ដូច​តុលាការ​ថ្នាក់​ក្រោម។ គ្រួសារ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​ធ្វើ​ឡើង​ដោយ​មិន​ផ្អែក​លើ​ការ​ពិត និង​លំអៀង​ផ្នែក​នយោបាយ។

តុលាការ​កំពូល​នៅ​រសៀល​ថ្ងៃ​ទី២៤ ខែមករា ប្រកាស​សាលដីកា ដោយ​បាន​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​បាត់ដំបង ដែល​បាន​ផ្ដន្ទាទោស លោក ចៅ វាសនា ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦លាន​រៀល ហើយ​ត្រូវ​សង​សំណង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៨០លាន​រៀល ឬ​ប្រមាណ ២ម៉ឺន​ដុល្លារ ព្រម​ទាំង​ដក​សិទ្ធិ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ ទុក​ជា​បាន​ការ។

ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក សាលី ធារ៉ា លើក​ឡើង​ថា មូលហេតុ ដែល​តុលាការ​សម្រេច​បន្ត​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​លោក ចៅ វាសនា នេះ ដោយ​ផ្អែក​លើ​កំណត់​ហេតុ​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ខណៈ​ចៅក្រម​រូប​នេះ​ចោទ​ថា ដែល​លោក ចៅ វាសនា និង​មេធាវី​របស់​លោក​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដោះ​បន្ទុក​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» និង «ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នៃ​ការ​ធ្វើ​យុទ្ធនា​ការ​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង សន្លឹក​ឆ្នោត កាល​ពី​អំឡុង​ខែកក្កដា ឆ្នាំ២០២៣ កន្លង​ទៅ​នោះ​ទេ។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ចៅក្រម សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ចៅ វាសនា គឺ​លោក អែម ចន្ថា ថ្លែង​ក្នុង​នៅ​មុខ​តុលាការ​កំពូល​ថា លោក​មាន​ការ​សោកស្ដាយ ដែល​តុលាការ​កំពូល​មិន​ព្រម​ពិចារណា​លើ​ការ​ពិត ដែល​លោក និង​កូន​ក្ដី​របស់​លោក​បាន​បង្ហាញ​ទៅ​កាន់​តុលាការ​នោះ​ទេ​។ លោក​ថា បើ​តាម​អង្គហេតុ​កូនក្ដី​របស់​លោក​ត្រូវ​បាន​បុគ្គល​ឈ្មោះ សយ ឧត្តម បង្កើត​តេឡេក្រាម​ដោយ​ប្រើ​ឈ្មោះ ចៅ វាសនា ហើយ​បុគ្គល​ម្នាក់​នេះ គឺ​ជា​អ្នក ដែល​ប្រើប្រាស់​រូប​ភាព​ពី​ក្នុង​តេឡេក្រាម ដើម្បី​ប្ដឹង​កូនក្ដី​របស់​លោក។

លោក អែម ចន្ថា៖ «ខ្ញុំ​ជា​មេធាវី​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​គ្រប់​ជាន់​ថ្នាក់​មក​នេះ​​ ដោយ​មិន​មាន​បទ​ល្មើស អង្គហេតុ អង្គសេចក្ដី គឺ​ជា​ការ​ភ័ន្តច្រឡំ​ទាំង​ស្រុង ហើយ​នៅ​ក្នុង​សាលក្រម​ សាលដីកា គឺ​មិន​មាន​សំអាង​សេចក្ដី គេ​ហៅ​ថា ព្យសនកម្ម ឬ​ក៏​ទោស​ទណ្ឌ បទ​ល្មើស​អី ដែល​ត្រូវ​ទទួល​តែ​ម្ដង។ និយាយ​ទៅ​ភាព​អយុត្តិធម៌ ចំពោះ​កូន​ក្ដី​ខ្ញុំ​តែ​ម្ដង»

កូនស្រី​របស់​លោក ចៅ វាសនា គឺ​អ្នកស្រី ចៅ រតនៈ លើក​ឡើង​ថា ឪពុក​របស់​លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ​ពេញ​ម្ដង​មក​ហើយ ខណៈ​ដែល​ពេល​នេះ​តុលាការ​បាន​កាត់​ទោស​ឱ្យ​ឪពុក​អ្នក​ស្រី​ជាប់​ពន្ធនាគារ ៣ឆ្នាំ​ម្ដង​ទៀត។ អ្នកស្រី​ថា ការ​កាត់​ទោស​លើ​ឪពុក​អ្នក​ស្រី​ម្ដង​ហើយ​ម្ដង​ទៀត​បង្ហាញ​ថា តុលាការ​សម្រេច​សេចក្ដី​មាន​ភាព​លំអៀង​ខាង​នយោបាយ ខណៈ​ដែល​ឪពុក​របស់​អ្នក​ស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

អ្នកស្រី ចៅ រតនៈ៖ «ខ្ញុំ​យល់​ថា តុលាការ​មិន​គួរ​ណា​មិន​ផ្ដល់​យុត្តិធម៌​ជូន​មន្ត្រី​នៅ​ក្នុង​គណបក្ស​ប្រឆាំង​នោះ​ទេ​ ដោយ​សារ​តែ​ទង្វើ​បែប​នេះ​បង្ហាញ​ថា​តុលាការ​មាន​ចរិត​នូវ​ការ​រើសអើង សម្រាប់​គណបក្ស​ប្រឆាំង ដែល​មិន​មាន​លទ្ធភាព​ផ្ដល់​ជូន​គាត់​បាន»

ជុំវិញ​ករណី​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍​ថា អង្គការ​សង្គម​ស៊ីវិល​សោក​ស្ដាយ​ដែល​តុលាការ​កំពូល​បន្ត​ផ្ដន្ទាទោស​លោក ចៅ វាសនា ដូច​តុលាការ​ថ្នាក់​ក្រោម ខណៈ​ដែល​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​បាន​កត់​សម្គាល់​ថា សកម្មភាព​នយោបាយ​របស់​លោក ចៅ វាសនា នា​ពេល​កន្លង​មក​នេះ គឺ​ជា​អនុវត្ត​សិទ្ធិ។

លោក នី សុខា៖ «ដោយ​យើង​ឃើញ​ថា​សកម្មជន ជា​ពិសេស សកម្មជន​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​យើង​យល់​ថា​ពួកគេ​គ្រាន់​តែ​បាន​ប្រើ​ប្រាស់​នូវ​ការ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​នយោបាយ​ស្រប​តាម​គោលការណ៍​ច្បាប់​ ហើយ​នៅ​បន្ត​ទទួល​រង​នូវ​ទុក្ខ​ទោស ការ​ដាក់​ទោស​ទណ្ឌ​ នេះ​គឺ​ជា​រឿង​មួយ​ដែល​យើង​នៅ​មាន​ការ​ព្រួយបារម្ភ»

សាច់ញាតិ សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចាប់ ​ឃុំ​ខ្លួន និង​ការ​​ផ្ដន្ទាទោស​លោក ចៅ វាសនា​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​លើ​សកម្មជន​បក្ស​ប្រឆាំង។ ពួកគាត់ ទាមទារ​ឱ្យ​រដ្ឋាភិបាល ដោះ​លែង​សកម្មជន​នយោបាយ​រូប​នេះ ឱ្យ​មាន​សេរីភាព​វិញ៕

អត្ថបទទាក់ទងនឹងរឿងលោក ចៅ វាសនា៖

សាច់ញាតិឈឺចាប់ ដែលតុលាការឃុំខ្លួនលោក ចៅ វាសនា

សាច់ញាតិលោក ចៅ វាសនា ប្ដឹងទាស់នឹងការសម្រេចរបស់តុលាករជាន់ទាបទៅសាលាឧទ្ធរណ៍

អាជ្ញាធរបង្ខំលោក ចៅ វាសនា ឱ្យចុះចូលជាមួយបក្រកាន់អំណាច

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។