តុលាការ​កំពូល​​គ្រោង​ប្រកាស​សាល​ដីកា​លើ​សំណុំ​រឿង​មន្ត្រី​បក្ស​ប្រឆាំង​លោក ចៅ វាសនា នៅ​ថ្ងៃ​ទី២៤ មករា

0:00 / 0:00

តុលាការ​កំពូល​គ្រោង​ប្រកាស​សាល​ដីកា​លើ​សំណុំ​រឿង​អតីត​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រុងប៉ោយប៉ែត លោក ចៅ វាសនា នៅ​ថ្ងៃ​ទី២៤ ខែមករា។ គ្រួសារ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​​ឱ្យ​តុលាការ​កំពូល​ផ្ដល់​ភាព​ស្អាតស្អំ​ដល់​លោក ចៅ វាសនា ជា​ជាង​​សម្រេច​សេចក្ដី​ដោយ​លំអៀង​ផ្នែក​នយោបាយ​។

តុលាការ​កំពូល​បើក​សវនាការ នៅ​រសៀល​ថ្ងៃ​ទី២១ ខែមករា លើ​បណ្ដឹង​សាទុក្ខ ដែល​លោក ចៅ វាសនា បាន​ប្ដឹង​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​បាត់ដំបង​បាន​ផ្ដន្ទាទោស​លោក ចៅ វាសនា ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦លាន​រៀល ហើយ​ត្រូវ​សង​សំណង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៨០លាន​រៀល ឬ​ប្រមាណ ២ម៉ឺន​ដុល្លារ​ ព្រម​ទាំង​ដក​សិទ្ធិ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ។

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ចៅ វាសនា គឺ​លោក អែម ចន្ថា ថ្លែង​ក្នុង​សវនាការ​ថា មូលហេតុ ដែល​កូន​ក្ដី​របស់​លោក​ប្ដឹង​មក​តុលាការ​កំពូល​នេះ គឺ​ដោយ​សារ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ និង​សាលាឧទ្ធរណ៍​បាត់ដំបង មិន​បាន​សម្រេច​សេចក្ដី​ទៅ​តាម​អង្គហេតុ​ពិត។ លោក អែម ចន្ថា លើក​ឡើង​ថា បើ​តាម​អង្គហេតុ​កូនក្ដី​របស់​លោក​ត្រូវ​បាន​បុគ្គល​ឈ្មោះ សយ ឧត្តម បង្កើត​តេឡេក្រាម​ដោយ​ប្រើ​ឈ្មោះ ចៅ វាសនា ហើយ​បុគ្គល​ម្នាក់​នេះ គឺ​ជា​អ្នក ដែល​ប្រើប្រាស់​រូបភាព​ពី​ក្នុង​តេឡេក្រាម ដើម្បី​ប្ដឹង​កូនក្ដី​របស់​លោក។

លោក អែម ចន្ថា ឱ្យ​ដឹង​ថា​ក្នុង​រឿង​នេះ​មាន​វិមតិសង្ស័យ និង​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ជា​ច្រើន​សម្រាប់​ចោទ​ប្រកាន់​ទៅ​លើ​កូនក្ដី​របស់​លោក​នោះ​ទេ ព្រោះ​ថា តុលាការ​មិន​បាន​ឱ្យ​បុគ្គល​ឈ្មោះ​ សយ ឧត្តម នោះ​មក​ជជែក​ដេញដោល​នៅ​ក្នុង​សវនាការ​នោះ​ទេ ហើយ​ភស្តុតាង​ផ្សេងៗ តុលាការ​យក​តែ​តាម​មន្ត្រី​នគរបាល​យុត្តិធម៌​ផ្ដល់​ឱ្យ​ប៉ុណ្ណោះ។

ដោយ​ឡែក លោក ចៅ វាសនា បាន​បញ្ជាក់​ទៅ​កាន់​ចៅក្រម​ជំនុំ​ជម្រះ​ថា អង្គហេតុ ដែល​បាន​ចោទ​ប្រកាន់​លើ​រូប​លោក គឺ​ជា​ការ​ប្រឌិត​ឡើង​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ចៅក្រម​ជំនុំ​ជម្រះ​មិន​បាន​ឱ្យ​លោក ចៅ វាសនា លើក​ឡើង​សំណូមពរ​ចុង​ក្រោយ​នោះ​ទេ។

ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក សាលី ធារ៉ា បិទ​បញ្ចប់​សវនាការ និង​សម្រេច​ប្រកាស​សាលដីកា​នៅ​រសៀល​ថ្ងៃ​ទី២៤ ខែមករា។ ក្នុង​សវនាការ​នេះ ក៏​មាន​មន្ត្រី​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ ចូលរួម​ឃ្លាំមើល​ដែរ។

នៅ​ខាង​ក្រៅ​សវនាការ​ឯ​ណេះ​វិញ មាន​ពលរដ្ឋ និង​អ្នក​នយោបាយ​ប្រមាណ ៣០នាក់ បាន​មក​គាំទ្រ​លោក ចៅ វាសនា ក្នុង​នោះ មាន​រួម​ទាំង​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រធាន​ស្ដីទី​គណបក្ស​កម្លាំង​ជាតិ លោក ជា មុនី និង​ប្រពន្ធ​លោក ថាច់ សេដ្ឋា គឺ​លោកស្រី ថាច់ សុខបូរ៉ានី ជា​ដើម។

ប្រធាន​​ស្ដីទី​គណបក្ស​កម្លាំង​ជាតិ លោក ជា មុនី លើក​ឡើង​ថា លោក​មិន​មាន​ក្ដី​រំពឹង​ថា តុលាការ​កំពូល​នឹង​ផ្ដល់​យុត្តិធម៌​ឱ្យ​នោះ​ទេ លោក ចៅ វាសនា ព្រោះ​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​កម្រ​ផ្ដល់​ភាព​ស្អាតស្អំ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រីក្រ សកម្មជន​នយោបាយ​ប្រឆាំង និង​សកម្មជន​សង្គម​នោះ​ឡើយ។

លោក ជា មុនី៖«អត់​មាន​សង្ឃឹមៗ ទេ ជឿ​ខ្ញុំ​ទៅ​រឿង​អ្នក​ប្រជាធិបតេយ្យ រឿង​បក្ស​ប្រឆាំង កម្រ​នឹង​សង្ឃឹម​បាន​យុត្តិធម៌​ណាស់ កម្រ​ណាស់»។

កូនស្រី​របស់​លោក ចៅ វាសនា គឺ​អ្នកស្រី ចៅ រតនៈ លើក​ឡើង​ថា ឪពុក​របស់​អ្នកស្រី​តែងតែ​បង្ហាញ​ពី​ភាព​ស្អាតស្អំ​នៅ​ក្នុង​តុលាការ បើ​ទោះ​ជា​កន្លង​មក តុលាការ​មិន​ដែល​ផ្ដល់​យុត្តិធម៌​ដល់​ឪពុក​អ្នកស្រី​ក៏ដោយ។ អ្នកស្រី​ថា តុលាការ​គួរ​បើក​ចិត្ត​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា និង​សម្រេច​សេចក្ដី​ដោយ​ផ្អែក​លើ​ការ​ពិត​ជា​ជាង​ការ​កាត់​ក្ដី​តាម​អ្នក​នយោបាយ។

អ្នកស្រី ចៅ រតនៈ៖«តុលាការ​យើង​នៅ​ប្រកាន់ ដោយសារ​គាត់​នៅ​ក្នុង​គណបក្ស​ប្រឆាំង។ គាត់​តែង​តែ​លើក​ឡើង​នៅ​ក្នុង​សវនាការ​សួរ​ថា ការ​មិន​រក​យុត្តិធម៌​ជូន​គាត់ ដោយសារ​គាត់​នៅ​ក្នុង​បក្ស​ប្រឆាំង ឬ​បែប​មិញ​នេះ គឺ​ជា​សំណួរ ដែល​ឪពុក​របស់​ខ្ញុំ​ចង់​សួរ​ទៅ​តុលាការ​ទាំង​អស់ ទាំង​សាលាដំបូង សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​គាត់​រំពឹង​ថា សាលា​ទាំង​អស់​គ្នា​នេះ គឺ​ជា​ខ្មែរ​ទាំង​អស់​គ្នា»។

ជុំវិញ​ករណី​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាតមាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក ចៅ វាសនា ដោយ​ផ្អែក​តែ​ទៅ​លើ​បណ្ដាញ​សង្គម​តេឡេក្រាម គឺ​បង្ហាញ​ថា មិន​មាន​ភស្តុតាង​រឹងមាំ​នោះ​ទេ ខណៈ​ដែល​កន្លង​មក​អង្គការ​ជាតិ និង​អន្តរជាតិ​កត់សម្គាល់​ថា ការ​ចោទ​ប្រកាន់ និង​ការ​កាត់​ទោស​លើ​លោក ចៅ វាសនា ​គឺ​ជា​រឿង​នយោបាយ។

លោក អំ សំអាត៖«អ៊ីចឹង​ករណី​យើង​ឃើញ​ថា ម្ដង​ជា​ពីរ​ដង​ហើយ ដែល​លោក ចៅ វាសនា ត្រូវ​បាន​ចោទ​ប្រកាន់ ត្រូវ​បាន​ឃុំ​ខ្លួន ហើយ​ដែល​គេ​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​លើ​លោក ចៅ វសនា នេះ គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ជា​ដើម»។

អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​ជា​លើក​ទីពីរ​ កាល​ពី​ ​ខែ​កក្កដា ឆ្នាំ២០២៣ ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​​​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នៃ​ការ​ធ្វើ​យុទ្ធនា​ការ​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង សន្លឹកឆ្នោត។ទោះ​ជា​យ៉ាងណា​ក្ដី សាច់ញាតិ សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន និង​ការ​ផ្ដន្ទាទោស​លោក ចៅ វាសនា ថា ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​លើ​សកម្មជន​បក្ស​ប្រឆាំង៕