តុលាការ​កំពូល​នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​ឪពុក​លោក ស៊ន តារា រឿង​សុំ​នៅ​ក្រៅ​ឃុំ នៅ​ថ្ងៃ​ទី១៦ មករា

មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ លោក ជុំ សែនសន្ទា បាន​កោះ​ហៅ​មេធាវី​នៃ​សមាគម​អាដហុក ដែល​ការពារ​ក្ដី​ឱ្យ លោក សុខ ស៊ុនណារ៉េត គឺ អ៊ឹម ផាន់ណា ឱ្យ​ចូល​ខ្លួន នៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ ដើម្បី​ជំនុំជម្រះ​ក្ដី ករណី​ស្នើ​ឱ្យ​កូន​ក្ដី លោក សុខ ស៊ុនណារ៉េត ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន នៅថ្ងៃទី១៦ មករា វេលាម៉ោង ២រសៀល នៅ​បន្ទប់​សវនាការ​ទី២ ជា​កំណត់។

ដីកាកោះចុះថ្ងៃទី១០មករា ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន កាល​ពី​ថ្ងៃ​ទី១៥ មករា ឱ្យ​ដឹង​ថា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នឹង​ធ្វើ​ការ​ពិភាក្សា​ដេញដោល​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​មេធាវី ការពារ​សិទ្ធិ​ត្រូវ​ចោទ ឈ្មោះ សុខ ស៊ុនណារ៉េត ដែល​បាន​ប្ដឹង​ឧទ្ធរណ៍​នឹង​ដីកា​សម្រេច​មិន​ព្រម​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ថ្ងៃ​ទី៥ ខែធ្នូ ឆ្នាំ២០២៤ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខែត្រកំពង់ស្ពឺ ពី​បទ "រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន" ប្រព្រឹត្តិ​នៅ​ភូមិដក់ពរ សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខែត្រកំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​លោក អ៊ឹម ផាន់ណា ជា​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សុខ ស៊ុនណារ៉េត ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បន្ថែម​បាន​ទេ កាល​ពី​យប់​ថ្ងៃទី១៥ មករា។

ចៅក្រម​ស៊ើបសួរ កាល​ពី​ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ២០២៤ បាន​សម្រេច​បន្ត​ឃុំ​ឪពុក​របស់​លោក ស៊ន តារា គឺ​លោក សុខ ស៊ុនណារ៉េត នៅ​ក្នុង​ពន្ធនាគារ ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​បន្ត​នីតិវិធី​តុលាការ។

ការ​សម្រេច​ឃុំ​ខ្លួន​នេះ បន្ទាប់​ពី កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ចាប់​ខ្លួន​លោក សុខ ស៊ុនណារ៉េត កាល​ពី​ថ្ងៃ​ទី១៣ ខែវិច្ឆិកា អំឡុង​ពេល​មេបញ្ជាការ​ភូមិភាគ៣ បាន​ហៅ​លោក​ឱ្យ​ទៅ​ជួប។

តុលាការ​ខេត្តកំពង់ស្ពឺ​បាន​ចោទ​ប្រកាន់​លោក ពាក់ព័ន្ធ​ការ​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​បញ្ជូន​ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នេះ។ ប៉ុន្តែ លោក សុខ ស៊ុណារ៉េត បដិសេធ​ការ​ចោទប្រកាន់ ដោយ​អះអាង​ថា លោក​មិន​បាន​ដឹង​រឿង​នេះ តាំង​ពី​ដំបូង​រហូត​ដល់​ចាប់​ខ្លួន និង​មិន​ពាក់ព័ន្ធ​អង្គហេតុ​ចោទ​ប្រកាន់​នោះ​ទេ។

លោក សុខ ស៊ុនណារ៉េត បាន​ប្រាប់​តុលាការ​ថា លោក​ជា​មនុស្ស​ស្អាតស្អំ ដោយ​មិន​បាន​រក្សា​ទុក​សារធាតុ​ញៀន ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ​ទេ ស្រប​ពេល​លោក​ជា​អតីត​យោធិន ចូល​បម្រើ​ការងារ​ជូន​ជាតិ​ដោយ​ភក្ដីភាព ស្ទើរ​ពេញ​មួយ​ជីវិត ដោយ​បន្សល់​ទុក​នូវ​ស្នាមរបួស និង​ជំងឺ​រ៉ាំរ៉ៃ​មក​ទល់​សព្វថ្ងៃ។

ក្រោយ​ពី​ចាប់​ខ្លួន លោក ស៊ន តារា ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេកបុក​រំលឹក​ថា អាជ្ញាធរ​ចាប់​ខ្លួន​ឪពុក​របស់​លោក យក​ទៅ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ នៅ​ពេល​របប​ត្រកូល ហ៊ុន មិន​អាច​ធ្វើ​អ្វី​លើ​រូប​លោក ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង។

លោក ស៊ន តារា ធ្លាប់​អះអាង​ថា លោក​នឹង​ធ្វើ​យុទ្ធនាការ​ស្វែងរក​យុត្តិធម៌​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដោះលែង​ឪពុក​របស់​លោក​ឱ្យ​មាន​សេរីភាព​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ៕