អាជ្ញាធររបបក្រុងភ្នំពេញអះអាងថា ជនសង្ស័យដែលបានប្រើប្រាស់អំពើហិង្សាលើចៅសង្កាត់ខាងគណបក្សប្រឆាំង បានរត់គេចខ្លួនបាត់ដោយមិនដឹងថា កំពុងលាក់ខ្លួននៅក្នុងប្រទេស ឬ កំពុងស្នាក់នៅឯក្រៅប្រទេសទេ។ មន្ត្រីការពារសិទ្ធិមនុស្សមិនជឿលើការអះអាងនេះទេ ដោយបានរិះគន់ថា កម្ពុជានៅតែអនុវត្តស្តង់ដារពីររវាងអ្នកគាំទ្រគណបក្សប្រឆាំង និងអ្នកគាំទ្ររដ្ឋាភិបាល។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ប្រាប់អាស៊ីសេរីថា អាជ្ញាធរកំពុងតែស្វែងរកចាប់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាមកលើសកម្មជនគណបក្សសង្គ្រោះជាតិ ដោយមិនប្រកាន់និន្នាការនយោបាយទេ។
លោកបញ្ជាក់ថា បើទោះបីដំណឹងចុងក្រោយសមត្ថកិច្ចទើបទទួលបានថា ជនសង្ស័យបានរត់ភៀសខ្លួនក៏ដោយ ក៏អាជ្ញាធរមិនបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនទេ។ លោកនិយាយថា នឹងនាំខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ដើម្បីបញ្ឈប់ការចោទប្រកាន់មកលើរដ្ឋាភិបាលថា ការអនុវត្តច្បាប់មានភាពលំអៀង៖ «ទុកឱ្យខ្ញុំធ្វើការបន្តិច សុំកុំធ្វើការស៊ើបអង្កេតខាងខ្ញុំវិញអី។ ក្រុមសមត្ថកិច្ចកំពុងការពារសិទ្ធិសេរីភាពរបស់គាត់ណាស់។ គេមិនបណ្ដែតបណ្ដោយឱ្យធ្វើផ្ដេសផ្ដាសទេ។លទ្ធភាពក្នុងការស្រាវជ្រាវមិនមែនតែរាប់ខែរកមិនឃើញនោះទេ ពីព្រោះគាត់មិននៅមួយកន្លែងឱ្យយើងចាប់ឯណា»។
ចៅសង្កាត់កោះដាច់មកពីគណបក្សសង្គ្រោះជាតិលោក ស៊ិន បូណា កាលពីនៅថ្ងៃទី២៥ ខែកញ្ញាកន្លងទៅនេះ ត្រូវជនមិនស្គាល់មុខពីរនាក់ យកដំបងដែកដេញវាយសំពងរហូតបាក់ដៃខាងឆ្វេង។ ហេតុការណ៍ហិង្សានេះ បានកើតឡើងក្នុងពេលសកម្មជនគណបក្សប្រឆាំងរូបនេះ កំពុងជិះម៉ូតូតាមផ្លូវជាតិ៦A ម្តុំវត្តគៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនដៃដល់មានគ្នាពីរនាក់ពាក់មួកសុវត្ថិភាព និងបិទមុខជិត បានធាក់ម៉ូតូជនរងគ្រោះឱ្យដួលក្នុងពេលកំពុងបើកបរទិសដៅស្របគ្នា។ ក្រោយមកមានជនដៃដល់ម្នាក់ក្នុងចំណោមពីរនាក់ ដោយមានកាំភ្លើងនៅចង្កេះទៀតផង បានយកដំបងដែកមកវាយជនរងគ្រោះរហូតដល់រងរបួសបាក់ឆ្អឹងដៃខាងឆ្វេង។
ចៅសង្កាត់កោះដាច់ខាងគណបក្សសង្គ្រោះជាតិ លោក ស៊ិន បូណា ថា លោកបានចេញពីមន្ទីរពេទ្យមកស្នាក់នៅក្នុងផ្ទះហើយតែរបួសរបស់លោក មិនទាន់ជាសះស្បើយនៅឡើយដោយសារតែរបួសមានសភាពធ្ងន់ធ្ងរពេក។
លោកទាមទារឱ្យរបបក្រុងភ្នំពេញចាប់ជនសង្ស័យមកផ្ដន្ទាទោសឱ្យបាន ដើម្បីបញ្ជាក់ឱ្យដឹងថា អ្នកណានៅពីក្រោយខ្នងដែរបញ្ជាឱ្យវាយប្រហារមកលើលោកបែបនេះ។ តែរហូតមកដល់ពេលនេះបានត្រឹមតែសមត្ថកិច្ចមកធ្វើកំណត់ហេតុប៉ុណ្ណោះ៖ «ឱ្យអាជ្ញាធរជួយវែកមុខរកជនដៃដល់អ៊ីចឹងទៅ ហើយខ្ញុំវាបានធូរខ្លះហើយ តែវានៅមានការចុកចាប់ដោយសារតែដៃខាងឆ្វេងគេវ៉ៃតាំងពីស្មារហូតដល់ចុងដៃ»។
អំពើហិង្សាទៅលើសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់នេះបានកើតមានឡើងក្នុងខណៈពេលដែលថ្ងៃកំណត់នែការវិលត្រឡប់របស់លោក សម រង្ស៊ី វិលចូលមកកាន់មាតុប្រទេសវិញកាន់តែខិតជិតចូលមកដល់នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ។
រាល់ករណីអំពើហិង្សាមកលើសកម្មជនគណបក្សសង្គ្រោះជាតិម្តងៗអាជ្ញាធររបបក្រុងភ្នំពេញមិនដែលចាប់ជនសង្ស័យណាម្នាក់យកមកកាត់ទោសតាមច្បាប់ទេ។
មន្ត្រីនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា បញ្ជាក់ថា លោកគ្មានជំនឿថាសមត្ថកិច្ចកម្ពុជាហ៊ានចាប់ជនសង្ស័យទៅផ្ដន្ទាទោសទេ ដោយសារតែលោកសង្កេតឃើញថា រាល់អំពើហិង្សាម្តងៗដែលកើតមានទៅលើក្រុមអង្គការសង្គមស៊ីវិល សកម្មជនដីធ្លី និង គណបក្សនយោបាយមិនដែលឃើញអាជ្ញាធរចាប់ជនសង្ស័យទៅផ្ដន្ទាទោសបានម្នាក់ទេ៖ «ក្នុងរឿងគណបក្សនយោបាយដែលមាននិន្នាការផ្សេងពីគ្នាហើយបង្ហាញឱ្យឃើញថា អត់បានយកចិត្តទុកដាក់បែបនេះវាជាការឱ្យកាន់តែឃើញច្បាស់ថា សមត្ថកិច្ចទាំងអស់ហ្នឹងអត់បានយកចិត្តទុកដាក់ទៅលើការអនុវត្តច្បាប់ទៅលើអ្នកដែលរងគ្រោះដែលមាននិន្នាការនយោបាយដែលផ្ទុយពីខ្លួនហ្នឹង។ អ៊ីចឹងយើងឃើញហើយ វាធ្វើឱ្យការអនុវត្តច្បាប់ហ្នឹងមានការចោទប្រកាន់ទៅលើថា ជាការអនុវត្តដោយស្តង់ដារពីរកន្លងមករហូតមកដល់រឿងនយោបាយអីជាដើម»។
ករណីហិង្សាទៅលើលោក ស៊ិន បូណា ជាករណីទី១២ ហើយដែលជនដៃដល់វាយសំពងសកម្មជនគណបក្សប្រឆាំង ហើយគ្មានសំណុំរឿងមួយណាដែលសមត្ថកិច្ចបានរកឃើញជនប្រព្រឹត្តនោះទេ។អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា បើកម្ពុជានៅតែអនុវត្តច្បាប់តាមស្តង់ដារពីរនោះ កម្ពុជាអាចនឹងជួបវិបត្តិនយោបាយដោះស្រាយមិនចេញនាពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។