សាលាដំបូងខេត្តស្វាយរៀង ចោទប្រកាន់ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង ដែលកំពុងរត់ភៀសខ្លួន ពីបទរួមគំនិតក្បត់ជាតិ និងញុះញង់ឲ្យប្រពឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការគាំទ្រផែនការវិលត្រឡប់ចូលកម្ពុជាវិញរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ មន្ត្រីគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលចាត់ទុកថា ការចោទប្រកាន់នេះគ្មានមូលដ្ឋានច្បាប់។
អយ្យការអមសាលាដំបូងខេត្តស្វាយរៀង សម្រេចចោទប្រកាន់ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង លោក ម៉ៅ វិបុល កំបាំងមុខ ពីបទរួមគំនិតក្បត់ជាតិ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យតុលាការខេត្តស្វាយរៀង ដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា បង្ហាញថា មូលហេតុដែលចោទប្រកាន់នេះ ដោយសារលោក ម៉ៅ វិបុល បានប្រកាសគាំទ្រ និងចូលរួមផែនការវិលត្រឡប់ចូលកម្ពុជាវិញរបស់លោក សម រង្ស៊ី ដែលរបបក្រុងភ្នំពេញ ចាត់ទុកថា ជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ប្រសិនបើអ្នកគាំទ្រផែនការរបស់លោក សម រង្ស៊ី ចូលសារភាពទាន់ពេលវេលា អាចនឹងត្រូវលើកលែងឲ្យរួចទោស។
ការចោទប្រកាន់នេះ បន្ទាប់ពីស្នងការនគរបាលខេត្តស្វាយរៀង បានចេញលិខិតកោះហៅលោក ម៉ៅ វិបុល ឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន កាលពីថ្ងៃទី២៣ ខែកញ្ញា ប៉ុន្តែមន្ត្រីបក្សប្រឆាំងរូបនេះ មិនបានចូលបំភ្លឺទេ ដោយសារកំពុងភៀសខ្លួននៅប្រទេសថៃ ពីព្រោះបារម្ភការចាប់ខ្លួន។
លោក ម៉ៅ វិបុល ថ្លែងប្រាប់អាស៊ីសេរីថា ការចោទប្រកាន់នេះ ជារឿងអយុត្តិធម៌បំផុត ហើយបង្ហាញថា របបលោក ហ៊ុន សែន កាន់តែសាហាវលែងដឹងខុសត្រូវ យកច្បាប់មកជាន់ឈ្លី ដើម្បីបម្រើមហិច្ឆិតានយោបាយរបស់ខ្លួន។ លោកអះអាងថា នៅតែគាំទ្រ និងចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ដើម្បីសង្គ្រោះកម្ពុជាចេញពីរបបផ្តាច់ការ៖«គ្រាន់តែគាំទ្រក្នុងនាមគាត់ជាមេបក្សប្រឆាំងហើយជាអ្នកស្រឡាញ់ជាតិស្រឡាញ់យុត្តិធម៌ចង់ឲ្យមានដំណោះស្រាយឲ្យខ្មែរ និងខ្មែរបានសុខ។ ក្នុងនាមខ្ញុំជាមន្ត្រីនយោបាយ ហើយគាត់ជាថ្នាក់ដឹកនាំគណបក្សដែរ ដូច្នេះយើងចូលរួមទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហាជាតិ ហើយមកចោទខ្ញុំថា ក្បត់ជាតិទៅវិញ វាមិនត្រឹមត្រូវទាល់តែសោះ។ អយុត្តិធម៌សម្រាប់ខ្ញុំ។ របបផ្តាច់ការមិនដែលឲ្យប្រជាពលរដ្ឋបានសុខទេ តែងតែធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ និងអ្នកស្រឡាញ់ប្រជាធិបតេយ្យ»។
លោក ម៉ៅ វិបុល ស្ថិតក្នុងចំណោមមន្ត្រី ១១៨រូបរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរបបក្រុងភ្នំពេញហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ លោកបានបង្ខំចិត្តរត់ភៀសខ្លួនទៅរស់នៅប្រទេសជិតខាងអស់រយះពេល ២ឆ្នាំហើយ ដើម្បីគេចពីការតាមចាប់ខ្លួន។ ទោះបីជារស់នៅក្នុងភាពជាជនភៀសខ្លួនក្តី លោក ម៉ៅ វិបុល នៅតែបង្ហោះសារនៅលើហ្វេសប៊ុកគាំទ្រគណបក្ស សង្គ្រោះជាតិ និងតែងតែរិះគន់របបក្រុងភ្នំពេញពីទង្វើបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចោទប្រកាន់ធ្ងន់ធ្ងរលើមន្ត្រី និងសកម្មជនបក្សប្រឆាំងតាមមូលដ្ឋាននេះ គឺជាយុទ្ធសាស្ត្របំបាក់ស្មារតី និងការគំរាមកំហែងបំភិតបំភ័យកុំឲ្យមានសន្ទុះគាំទ្រអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលកម្ពុជាវិញ។ លោកបន្តថា ចំណាត់ការរបស់រដ្ឋាភិបាលនេះ មិនបានផ្តល់ផលចំណេញដល់កម្ពុជានោះទេ ហើយកាន់តែធ្វើឲ្យមានការព្រួយបារម្ភរឿងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP របស់សហរដ្ឋអាមេរិកថែមទៀត៖ « បើសិនជាចោទប្រកាន់ពីអ្វីមួយ គឺទី១ ត្រូវមានធាតុផ្សុំនៃបទល្មើស និងភស្តុតាងគ្រប់គ្រាន់ ធ្វើបែបនេះទើបទៅតាមដំណើរការផ្លូវច្បាប់ តែបើសិនជាមិនមានគ្រប់គ្រាន់ទេ ហើយមានស្ថានភាពនយោបាយតានតឹងបែបនេះ ធ្វើឲ្យមានគេរិះគន់ការចាប់ខ្លួន និងការចោទប្រកាន់ពាក់ព័ន្ធរឿងនយោបាយច្រើនជាង » ។
មន្ត្រីសិទ្ធិមនុស្សកត់សម្គាល់ថា អាជ្ញាធររបបក្រុងភ្នំពេញ បានបង្កើនការវាយប្រហារកាន់តែខ្លាំងលើក្រុមអ្នកគាំទ្រ និងសកម្មជនបក្សប្រឆាំងតាមមូលដ្ឋាន បន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានកំណត់ថ្ងៃជាក់លាក់ក្នុងការវិលត្រឡប់មកកម្ពុជាវិញ។ គិតត្រឹមថ្ងៃទី២៧ កញ្ញា អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនសកម្មជនបក្សប្រឆាំង នៅតាមមូលដ្ឋានសរុប ២៩នាក់ ដាក់ក្នុងពន្ធនាគារ ហើយបានកោះហៅ និងចោទប្រកាន់សកម្មជនបក្សប្រឆាំងកើនដល់ជាង ១៦០នាក់ហើយ។ ក្រៅពីនេះ សកម្មជនបក្សប្រឆាំងមួយចំនួនទៀត ក៏កំពុងទទួលរងការគំរាមគំហែង និងរងការវាយដំតាមរូបភាពផ្សេងៗ ទៀត។
នៅក្នុងសំណុំរឿងគណបក្សប្រឆាំងដដែលនេះ។ តុលាការខេត្តកំពង់ចាម បានចោទប្រកាន់ លោក សឿន ស្រ៊ាង ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ការចោទប្រកាន់លើសកម្មជនគណបក្សសង្គ្រោះជាតិនេះ ដោយតុលាការខេត្តកំពង់ចាមលើកហេតុផលថា លោក សឿង ស្រ៊ាង ជាប់ពាក់ព័ន្ធនឹងការកៀរគរ ប្រជាពលរដ្ឋនៅស្រុកកំពុងសៀម និងស្រុកចំការលើ មកកាន់ទីក្រុងភ្នំពេញដើម្បីចូលរួមគាំទ្រគម្រោងវិលត្រឡប់មកកាន់មាតុប្រទេសវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពង់ចាម បានចាត់ទុកការដើរកៀរគររបស់លោក សឿន ស្រ៊ាង ថា ជាសកម្មភាពប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
អាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីលោក សឿង ស្រ៊ាង បានទេនៅថ្ងៃទី២៧ កញ្ញា។
ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ចាត់ទុកការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំងនេះថា ជាការគំរាមកំហែង ក្នុងហេតុផលនយោបាយ នៃរបបផ្តាច់ការរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។ លោកស្នើឲ្យរបបនេះ កុំរារាំងដំណើរវិលត្រឡប់ដោយសន្តិវិធីរបស់លោក សម រង្ស៊ី និងមន្រ្តីបក្សប្រឆាំង ដើម្បីប្រយោជន៍ប្រជាធិបតេយ្យ។ លោកព្រមានថា កេរឈ្មោះរបស់កម្ពុជា នឹងបន្តអាក្រក់ នៅក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ បើស្ថានភាពបច្ចុប្បន្ននៅតែមិនប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។