សមាជិកគណបក្សសង្គ្រោះជាតិ ស្រុកកំពង់រោទិ៍ សោកស្ដាយ ដែលចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង លើកពេលសាកសួរសំណុំរឿងចោទប្រកាន់សមាជិកបក្សប្រឆាំងថា បានជេរប្រមាថជាសាធារណៈនោះ ដោយមិនបានជូនដំណឹងជាមុន។
លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្ស សង្គ្រោះជាតិ ស្រុកកំពង់រោទិ៍ លោក វ៉ាន់ សឿន ឲ្យដឹងថា លោកបានចូលខ្លួនតាមដីកាបង្គាប់ឲ្យចូលខ្លួន នៅរសៀលថ្ងៃទី១៣ វិច្ឆិកា នៅសាលាដំបូងខេត្តស្វាយរៀង ប៉ុន្ដែបានរង់ចាំជាង ២ម៉ោង ទើបមន្ត្រីផ្នែករដ្ឋបាលប្រាប់ថា ចៅក្រមស៊ើបសួរ កាន់សំណុំរឿង មានធុរៈរវល់នៅខេត្តផ្សេង ហើយករណីនេះ ត្រូវលើកពេលទៅថ្ងៃក្រោយ ដោយមិនទាន់កំណត់ពេលណាទេ។
សមាជិកគណបក្សសង្គ្រោះជាតិស្រុកកំពង់រោទិ៍ លោក វ៉ាន់ សឿន ត្រូវបានចៅក្រមស៊ើបសួរ លោក ឈុន ដាវី ចេញដីកាបង្គាប់ឲ្យចូលខ្លួន នៅម៉ោង ២រសៀល ថ្ងៃទី១៣ វិច្ឆិកាជាកំហិត ដើម្បីសាកសួរពីដំណើររឿង បទជេរប្រមាថជាសាធារណៈ ដែលប្រព្រឹត្តិនៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ កាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៧ តាមមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ។ ក្នុងដីកាបង្គាប់ឲ្យចូលខ្លួន ចៅក្រមស៊ើបសួរ លោក ឈុន ដាវី បានព្រមានថា ក្នុងករណីមិនចូលខ្លួនតាមការកំណត់ទេ ចៅក្រមនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន។
សមាជិកគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង លោក គង់ ម៉ាស់ ដែលបានអមដំណើរ លោក វ៉ាន់ សឿន រង់ចាំឃ្លាំមើលការស៊ើបសួរ ស្ដីបន្ទោសថា រដ្ឋបាលសាលាដំបូងខេត្ត និងចៅក្រមស៊ើបសួរ មិនគួរចាត់ទុកភាពយុត្តិធម៌របស់សមាជិកបក្សប្រឆាំងជាការលេងសើចបែបនេះទេ។ លោក គង់ ម៉ាស់ បន្ដថា ប្រសិនបើចៅក្រមកាន់សំណុំរឿងជាប់រវល់ ឬមានធុរៈ គួរចេញលិខិតជូនដំណឹងទៅជនរងការចោទវិញ ដូចចៅក្រមធ្លាប់ចេញដីកាឲ្យចូលខ្លួនដែរ។ លោក គង់ ម៉ាស់ យល់ថា ចៅក្រមស៊ើបសួរ លោក ឈុន ដាវី និងរដ្ឋបាលសាលាដំបូងខេត្តស្វាយរៀង មិនគួរខ្ជីខ្ជាលើទំនួលខុសត្រូវរបស់ខ្លួនបែបនេះទេ។
ករណីសំណុំរឿងប្ដឹងបរិហារកេរ្តិ៍ ជេរប្រមាថជាសាធារណៈលើសមាជិកបក្សប្រឆាំងស្រុកកំពង់រោទិ៍នេះ ត្រូវបានជនរងការចោទប្រកាន់ លោក វ៉ាន់ សឿន រំលឹកថា កើតឡើង កាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយសារលោកបាននិយាយលេងជាមួយក្រុមសមាជិកគណបក្ស សង្គ្រោះជាតិ ស្រុកកំពង់រោទិ៍ នៅមុខការិយាល័យគណៈកម្មការជាតិរៀបចំការបោះឆ្នោតឃុំញរ នៃស្រុកកំពង់រោទិ៍។ បន្ទាប់មក សមាជិកក្រុមប្រឹក្សាឃុំ គណបក្ស ប្រជាជនកម្ពុជា លោក កង ឈិន យល់ថា ការនិយាយលេងនោះ ជាការឌឺដង ឬជេរប្រមាថលើរូបគាត់ ទើបមានការខឹងសម្បារ ក៏កើតជាវិវាទនឹងគ្នា ប៉ុន្ដែក្រោយមក មានការសម្របសម្រួលគ្នាបិទបញ្ចប់វិវាទ ដោយមានការដឹងឮពីតំណាងគណៈកម្មការរៀបចំការបោះឆ្នោតឃុំញរ តំណាងគណបក្ស ប្រជាជនកម្ពុជា និងតំណាងបក្ស សង្គ្រោះជាតិ រួចរាល់ហើយ។
ជាងកន្លះឆ្នាំក្រោយមក គឺនៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៨ តំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ព្រះរាជអាជ្ញារង លោក គង់ ច័ន្ទខេមរិន្ទ បានចេញដីកាកោះហៅលោក វ៉ាន់ សឿន ពីបទបរិហារបង្ខូចកេរ្តិ៍ លើករណីនោះ។ កាលណោះ លោក វ៉ាន់ សឿន មិនបានចូលខ្លួនតាមដីកាកោះទេ ដោយសារលោកយល់ថា ករណីនេះ ភាគីទាំងពីរបានសម្របសម្រួលគ្នាបិទបញ្ចប់រួចហើយ តាំងពីឆ្នាំ២០១៧។
នេះមិនមែនជាលើកទី១ ទេ ដែលមន្ត្រីស្ថាប័នតុលាការនៅខេត្តស្វាយរៀង រងការចោទប្រកាន់ពីពលរដ្ឋថា មានភាពខ្ជីខ្ជា គ្មានការខុសត្រូវលើការងារ ក្នុងការចេញដីកាកោះហៅពលរដ្ឋ ប៉ុន្ដែពេលពលរដ្ឋចូលតាមដីកាកោះ មន្ត្រីស្ថាប័ននេះបែរជាគ្មានវត្តមាននៅតុលាការទៅវិញ។ កាលពីថ្ងៃទី៣ ខែតុលា កសិករមានជម្លោះដីធ្លី ៤នាក់ នៅស្រុករមាសហែក ក៏បានសម្ដែងការខកចិត្តលើភាពមិនទទួលខុសត្រូវលើការងាររបស់ស្ថាប័នសាលាដំបូងខេត្តស្វាយរៀងដែរ ដោយពួកគេអះអាងថា បានរង់ចាំជាង ៣ម៉ោងដែរ ទើបមានមន្ត្រីចេញមកប្រាប់ថា ចៅក្រម និងក្រឡាបញ្ជី មិនបើកសវនាការទេ និងត្រូវលើកពេលទៅពេលក្រោយ ដោយសារមន្ត្រីទាំងនោះជាប់រវល់ធ្វើបុណ្យ។
អាស៊ីសេរីមិនទាន់អាចរកប្រភពទាក់ទងចៅក្រមស៊ើបសួរ លោក ឈុន ដាវី សុំការបំភ្លឺពីមូលហេតុនៃការខកខានដោយមិនបានជូនដំណឹងនេះបានទេ នៅថ្ងៃទី១៣ វិច្ឆិកា។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា បើត្រឹមតែការជូនដំណឹងជាប្រភេទកិច្ចការងាររដ្ឋបាល មានភាពខ្ជីខ្ជាទៅហើយ ចុះទម្រាំការសម្រេចក្ដី ឬការស្វែងរកភាពយុត្តិធម៌ ធ្វើមេ្ដចអាចឲ្យពលរដ្ឋមានជំនឿទុកចិត្តបាន។ សង្គមស៊ីវិលរូបនេះ ជំរុញឲ្យក្រសួងយុត្តិធម៌ពិនិត្យមើលកិច្ចការងាររដ្ឋបាលនេះឡើងវិញ ដើម្បីផ្ដល់ជំនឿចិត្តផ្នែករដ្ឋបាលរបស់ស្ថាប័នតុលាការជូនប្រជាពលរដ្ឋ៖ «»
សមាជិកបក្សប្រឆាំង ស្រុកកំពង់រោទិ៍ លោក វ៉ាន់ សឿន ឲ្យដឹងថា បើទោះជាបែបណាក្ដី លោក មិនទាន់សម្រេចចិត្តថា នឹងទៅសម្របសម្រួលស្នើសុំឲ្យដើមចោទ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំញរ លោក កង ឈិន ដកពាក្យបណ្ដឹងវិញ ឬយ៉ាងណានៅឡើយទេ ព្រោះលោកនៅតែយល់ថា លោកមិនមានកំហុស និងមិនបានជេរប្រមាថមន្ត្រីបក្សកាន់អំណាចទេ។ ប៉ុន្ដែបណ្ដឹងនេះ ដោយសារតែលោកមិនព្រមចុះចូលជាមួយបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
