មន្ត្រី គ.ជ.ប ខេត្តតាកែវសួរនាំក្រុមប្រឹក្សាឃុំបក្សភ្លើងទៀនម្នាក់ ក្រោយថតសន្លឹកឆ្នោតនៅក្នុងបន្ទប់សម្ងាត់

ដោយ ច័ន្ទ ដារ៉ូ
2024.02.26
មន្ត្រី គ.ជ.ប ខេត្តតាកែវសួរនាំក្រុមប្រឹក្សាឃុំបក្សភ្លើងទៀនម្នាក់ ក្រោយថតសន្លឹកឆ្នោតនៅក្នុងបន្ទប់សម្ងាត់ លោក ឃុត វណ្ណី ជំទប់ទី២នៅឃុំចំបក់នៃគណបក្សភ្លើងទៀន ស្រុកបាទី​ ខេត្តតាកែវ។
រូប​៖ តេឡេក្រាមលោក ឃុត វណ្ណី

គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​តាកែវ​ហៅ​​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ភ្លើង​ទៀន​ម្នាក់​ទៅ​សួរនាំ​ក្រោយ​ថត​សន្លឹកឆ្នោត​នៅ​ក្នុង​បន្ទប់​សម្ងាត់ ខណៈ​អង្គ​បោះឆ្នោត​របស់​បក្ស​ប្រឆាំង​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​មួយ​ចំនួន​ទៅ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ដោយ​អារម្មណ៍​ភិតភ័យ និង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព។

គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​តាកែវ​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណបក្ស​ភ្លើង​ទៀន​ម្នាក់​នៅ​ឃុំ​ចំបក់ ស្រុក​បាទី​ត្រឡប់​ទៅ​ផ្ទះ​វិញហើយ ក្រោយ​ពេល​មន្ត្រី​បោះឆ្នោត​ខេត្ត​នេះ​សាកសួរ​ពាក់ព័ន្ធ​ករណី​ថត​សន្លឹក​ឆ្នោត​ក្នុង​បន្ទប់​សម្ងាត់​អំឡុង​ពេល​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ​។

ជំទប់ទី២​នៅ​ឃុំ​ចំបក់ ដែល​ជា​អង្គ​បោះឆ្នោត​មក​ពី​គណបក្ស​ភ្លើង​ទៀន​លោក ឃុត វណ្ណី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ មន្ត្រី​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​បាន​ហៅ​លោក​ទៅ​សាក​សួរ និង​ធ្វើ​កំណត់​ហេតុ​រយៈពេល​ជាង​ ២ម៉ោង​ ជុំវិញ​រឿង​លោក​ថត​សន្លឹកឆ្នោត​របស់​លោក​នៅ​ក្នុង​ទូរស័ព្ទ​ដៃ។ លោក​បញ្ជាក់​ថា ការ​ថត​រូប​នោះ​សម្រាប់​រក្សា​ទុក​ឯកជន ដោយ​សារ​លោក​ពុំ​​មាន​ចេតនា​អាក្រក់​ណា​មួយ​យក​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដំណើរ​ការ​បោះឆ្នោត​នោះ​ឡើយ​។ បន្ទាប់មក​លោក​ឱ្យ​ដឹង​ថា មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​បាន​ឱ្យ​លោក​ត្រឡប់​ទៅ​ផ្ទះ​ដោយ​តម្រូវ​ឱ្យ​លោក​ធ្វើ​កិច្ច​សន្យា​ទទួល​ខុស​ត្រូវ បើ​សិន​ជា​មាន​ករណី​រូប​ថត​បែក​ធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម។

លោក  ឃុត វណ្ណី៖ «​គណៈ​កម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​បាន​បញ្ជាក់​ថា​សម្រាប់ គ..ប មិន​អី​ទេ​សម្រប​សម្រួល​ហើយ ប៉ុន្តែ​គាត់​បារម្ភ​ខ្លាច​គណបក្ស​នយោបាយ​ផ្សេង​ប្ដឹង​ករណី​របស់​ខ្ញុំ​ហ្នឹង ខ្ញុំ​មិន​បារម្ភ​ផ្លូវ​ច្បាប់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​អ្វី​ទេ គាត់​មិន​ប្ដឹង​អ៊ី​ទៅ​យើង​ក៏​សប្បាយ​ចិត្ត​ដែរ»

ទាក់ទង​នឹង​ដំណើរការ​បោះឆ្នោត​នេះ​ដែរ អង្គ​បោះឆ្នោត​ដែល​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បក្ស​ប្រឆាំង​មួយ​ចំនួន​អះអាង​ថា ពួកគេ​បាន​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ដោយ​ភិតភ័យ និង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព។

ក្រុមប្រឹក្សា​សង្កាត់​នៅ​រាជធានី​ភ្នំពេញ​មក​ពី​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រុម​ប្រឹក្សា​សង្កាត់​បក្ស​ភ្លើង​ទៀន​បាន​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្ត​បន្ទាប់​នៅ​មុន​ពេល​បោះឆ្នោត។  ប្រភព​ដដែល​ថា នៅ​ថ្ងៃ​បោះឆ្នោត​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ស្លៀកពាក់​ស៊ីវិល​ហាក់​ជា​ក្រុម​រៀបចំ​ទុក​ជា​មុន បាន​តាម​ថត​រូប​ក្រុម​ប្រឹក្សា​សង្កាត់​បក្ស​ភ្លើង​ទៀន នៅ​បរិវេណ​ការិយាល័យ​បោះឆ្នោត​ក្នុង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ក្រុង​ភ្នំពេញ។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​អង្គ​បោះឆ្នោត​របស់​បក្ស​ប្រឆាំង​ភាគ​ច្រើន​ប្រញាប់ប្រញាល់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយសារ​ពួកគេ​ភ័យ​ខ្លាច​អាជ្ញាធរ​ធ្វើបាប​ទៅ​ដល់​មូលដ្ឋាន​ដូច​សមាជិក​បក្ស​រង​គ្រោះ​ដទៃ​ទៀត​ដែរ។

មន្ត្រី​បក្ស​ភ្លើង​ទៀន​សុំ​មិន​បញ្ចេញ​ឈ្មោះ​៖ «ខ្ញុំ​យល់​ថា​ពួកគាត់​មាន​អារម្មណ៍​ភិតភ័យ​ច្រើន​ដល់​រូបភាព​អ៊ីចឹង​ពិបាក​ណាស់ ​អ្នក​ខ្លះ​ដល់​ពេល​ឃើញ​គេ​តាម​ថត​អ៊ីចឹង​ប្រញាប់​ឡើង​លើ​ឡាន​​ជិះ​ទៅ​ឱ្យ​ផុត​ៗ​ ទៅ​ដោយ​ខ្លាច​គេ​ថត​បាន​រូប​គាត់ ឬ​ខ្លាច​អសន្តិសុខ​អ៊ីចឹង​ទៅ។ អង្គ​​បោះឆ្នោត​ភាគ​ច្រើន​ភ័យ​ខ្លាច​ច្រើន។ ចំនួន​តិច ​ដែល​គាត់​អត់​ខ្វល់​ថា​ ថត​អ៊ី​ថត​ទៅ យក​រូប​ថត​ហ្នឹង​ទៅ​ណា​ទៅ​ៗ​»​

ជុំវិញ​រឿង​នេះ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា លើក​ឡើង​ថា ការ​ថត​សន្លឹក​ឆ្នោត​នៅ​ក្នុង​បន្ទប់​សម្ងាត់​ជា​សកម្មភាព​បំពាន​ច្បាប់​អំឡុង​ដំណើរ​ការបោះឆ្នោត ដូច្នេះ​មន្ត្រី​បោះឆ្នោត​ត្រូវ​ហៅ​ជន​នោះ​ដើម្បី​សាកសួរ​ដោះស្រាយ​តាម​នីតិ​វិធី។

លោក ហង្ស ពុទ្ធា៖ «ការបោះឆ្នោត​ព្រឹទ្ធសភា​ប្រព្រឹត្ត​រយៈ​ពេល​មួយ​ថ្ងៃ​ដោយ​រលូន​ដោយ​គ្មាន​អំពើ​ហិង្សា ឬ​ក៏​អត់​​មាន​បញ្ហា​សណ្ដាប់​ធ្នាប់​សង្គម​កើត​ឡើង​ទេ ផ្ទុយ​ទៅ​វិញ​ការរៀបចំ​ការបោះឆ្នោត​នេះ​មាន​កិច្ច​សហការ​​ល្អ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់»។

ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤ មាន​អង្គ​បោះឆ្នោត​ជិត ​១ម៉ឺន ២ពាន់នាក់​ (១១.៧៤៧) ក្នុង​នោះ​តំណាង​រាស្ត្រ​ក្នុង​តំណែង​ចំនួន​ ១២៥នាក់ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្នុង​តំណែង​ចំនួន​ជាង ​១ម៉ឺន​ ១ពាន់ (១១.៦២២)នាក់។ ទោះជាយ៉ាងណាក៏ដោយ បរិយាកាស​នៃ​ការបោះឆ្នោត​អ​សកល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អង្គ​បោះឆ្នោត​មក​ពី​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​អាជ្ញាធរ​របស់​គណបក្ស​កាន់​អំណាច​អូស​ទាញ​ក្រោម​រូបភាព​ទិញ​ទឹកចិត្ត គំរាមកំហែង ឬ​បំភិតបំភ័យ​ក្នុង​គោល​បំណង​ឱ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ស្រប​ពេល​អាជ្ញាធរ​គ្មាន​វិធានការ​ទប់ស្កាត់​ឡើយ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បញ្ជាក់​ថា បើ​គ្មាន​ពាក្យ​បណ្ដឹង​តវ៉ា ឬ​បណ្ដឹង​ជំទាស់​ពាក់ព័ន្ធ​នឹង​លទ្ធផល​បណ្ដោះ​អាសន្ន​នោះ​ទេ គ.ជ.ប​ នឹង​គ្រោង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​​ការបោះឆ្នោត​ព្រឹទ្ធសភា អាណត្តិ​ទី៥ ចន្លោះ​​ពី​ថ្ងៃ​ទី៤ ​ដល់ថ្ងៃ​ទី៦ ខែ​មីនា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។