សាលាឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា ទៅតាមការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ មន្ត្រីសង្គមស៊ីវិល ស្នើឱ្យចៅក្រមគួរពិចារណាឡើងវិញ និងអនុញ្ញាតឱ្យលោក ថាច់ សេដ្ឋា នៅក្រៅឃុំដើម្បីដោះស្រាយជាមួយដើមបណ្ដឹង និងចូលរួមការបោះឆ្នោតនៅពេលខាងមុខ។
ចៅក្រមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ភូ ពៅស៊ុន នៅថ្ងៃទី២១ ខែកុម្ភៈ បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំ របស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ក្នុងសំណុំរឿងចេញសែកគ្មានសាច់ប្រាក់ ឬសែកស្អុយ។
សហមេធាវីការពារក្ដីលោក ថាច់ សេដ្ឋា ម្នាក់គឺលោកមេធាវី សឺន ជុំជួន ឱ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី២១ ខែកុម្ភៈថា កូនក្ដីរបស់លោក គឺលោក ថាច់ សេដ្ឋា បានឆ្លើយបំភ្លឺទៅចៅក្រមថា លោកមិនបានចេញសែកស្អុយដូចការចោទប្រកាន់ឡើយ។ លោកបន្តថា ក្នុងសវនាការថា លោក ថាច់ សេដ្ឋា បញ្ជាក់ទៅចៅក្រមថា កន្លងមកលោកបានចរចាជាមួយដើមបណ្ដឹងរួចហើយ និងបានកំណត់ការសងបំណុលជាដំណាក់កាល។ លោក សឺន ជុំជួន យល់ឃើញថា ការសម្រេចរបស់សាលាឧទ្ធរណ៍នេះ គឺមិនបានផ្ដល់យុត្តិធម៌ឱ្យលោក ថាច់ សេដ្ឋា ទេ។ លោកបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយសហមេធាវីបន្តទៀត ដើម្បីរកនីតិវិធីស្នើឱ្យលោក ថាច់ សេដ្ឋា បាននៅក្រៅឃុំ។
លោក ថាច់ សេដ្ឋា៖ «កូនក្ដីខ្ញុំបានចរចាសងជាដំណាក់កាល ប៉ុន្តែខាងដើមបណ្ដឹងរដ្ឋប្បវេណី គេមិនព្រមទទួលយក។ នេះជារឿងចម្លែក ដែលធ្វើឱ្យយើងងឿងឆ្ងល់ដែរថា រឿងរបស់គាត់ ជារឿងបុគ្គល ឬជារឿងនយោបាយ»។
អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬចេញសែកមិនមានសាច់ប្រាក់ចំនួន ៥សន្លឹក កាលពីអំឡុងឆ្នាំ២០១៩ ដែលប្ដឹងដោយក្រុមហ៊ុនឯកជនមួយ ឈ្មោះ ក្រុមហ៊ុន រិន ឆាយ។ ប៉ុន្តែមេធាវីរបស់លោក ថាច់ សេដ្ឋា ឱ្យដឹងថា លោក ថាច់ សេដ្ឋា បដិសេធមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ហើយរឿងនេះ គឺជាបណ្ដឹងក្រោមរូបភាពនយោបាយ។ តែទោះជាយ៉ាងណា មន្ត្រីរដ្ឋាភិបាលថា សំណុំរឿងលោក ថាច់ សេដ្ឋា គឺជារឿងផ្លូវច្បាប់។
ទាក់ទងនឹងរឿងនេះ មេធាវីការរបស់លោក ថាច់ សេដ្ឋា ធ្លាប់លើឡើងថាសំណុំរឿងនេះ អាចបញ្ចប់ក្រៅប្រព័ន្ធតុលាការបានប្រសិនបើភាគីដើមបណ្ដឹងយល់ព្រមដកពាក្យប្ដឹងពីលោក ថាច់ សេដ្ឋា វិញ។ ប៉ុន្តែមេធាវីដើមបណ្ដឹង បដិសេធចរចាជាមួយមេធាវីការពារក្ដីរបស់លោក ថាច់ សេដ្ឋា ដោយពួកគេរក្សាជំហរដោះស្រាយបញ្ហានេះតាមផ្លូវតុលាការ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ប្លង់ សំណាង ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២១ ខែកុម្ភៈ។
អ្នកច្បាប់ និងសង្គមស៊ីវិលសង្កេតឃើញថា បណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជនគណបក្សប្រឆាំង និងអ្នកទោសមនសិការ តែងតែត្រូវតុលាការបដិសេធ បើទោះបីពួកគេមានលក្ខខណ្ឌច្បាស់លាស់ ស្របពេលដែលអង្គហេតុក្នុងការចោទប្រកាន់នោះគ្មានភាពច្បាស់លាស់ក្ដី ដែលផ្ទុយស្រលះពីឧកញ៉ា និងអ្នកមានអំណាច ដែលប្រព្រឹត្តិបទឧក្រិដ្ឋមួយចំនួន គឺពួកគេអាចក្រៅឃុំដោយប្រើជីវិតតាមបែបអភិជនបាន។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការស្នើសុំនៅក្រៅឃុំ របស់លោក ថាច់ សេដ្ឋា គឺស្របតាមក្រមនីតិវិធី និងមានលក្ខខណ្ឌច្បាស់លាស់។ លោកយល់ឃើញថា តុលាការគួរតែផ្ដល់ឱកាសឱ្យលោក ថាច់ សេដ្ឋា បាននៅក្រៅឃុំ ដើម្បីបំពេញកាតព្វកិច្ចនយោបាយ និងដោះស្រាយរឿងបំណុលជាមួយដើមបណ្ដឹង។
លោក អំ សំអាត៖ «ការនៅក្រៅឃុំបណ្ដោះអាសន្ន មិនមែនបញ្ចប់រឿងទេ។ ដំណើរការសំណុំរឿងវានៅតែបន្ត។ ប៉ុន្តែមនុស្សអាចនៅក្រៅឃុំបណ្ដោះអាសន្នបាន ហើយជាពិសេសគាត់ជាអ្នកនយោបាយអ៊ីចឹងទៅ គាត់មានឱកាសក្នុងការធ្វើនយោបាយ ក៏ដូចជាការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិខាងមុខនេះ»។
អ្នកតាមដានបញ្ហានយោបាយសង្កេតឃើញថា ករណីចាប់ខ្លួន និងប្ដឹងថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះ មិនមែនជារឿងថ្មី និងចម្លែកឡើយ នៅក្នុងបរិបទនយោបាយនៅកម្ពុជា។ ក្នុងនោះលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក តែងមានឥទ្ធិពលលើប្រព័ន្ធតុលាការ និងប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីគំរាមកំហែង និងរំលាយគណបក្សប្រឆាំងនៅមុនការបោះឆ្នោតម្ដងៗ។
ជាឧទាហរណ៍ ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីឆ្នាំ២០១៧ ក្រោមការចោទក្បត់ជាតិ និងករណីគណបក្សប្រជាជនកម្ពុជា ប្ដឹងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទៅតុលាការដូចជា លោក សុន ឆ័យ លោក គង់ គាំ និងការរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ ហើយករណីចុងក្រោយនេះ តុលាការ បានចាប់ឃុំខ្លួន លោក ថាច់ សេដ្ឋា ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។