ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ ក្រោយជំនួបរវាងរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក ដូមីនិក រ៉ាអាប់ (Dominic Raab) និងរដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន កាលពីថ្ងៃទី២៣ ខែមិថុនា។ ស្ថានទូតនេះថា ភាគីទាំងពីបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិរវាងចក្រភពអង់គ្លេស និងឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ហាសិទ្ធិមនុស្សផងដែរ។
បន្ថែមលើសេចក្តីថ្លែងការណ៍នេះ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីៗថា លោកបានលើកបញ្ហារំលោភសិទ្ធិមនុស្សជាច្រើននៅកម្ពុជា ពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពខាងសារព័ត៌មាន រួមទាំងការចាប់ខ្លួនសកម្មជនបរិស្ថាន នៃចលនាមាតាធម្មជាតិ និងសំណុំរឿងចោទប្រកាន់ និងការបន្តរឹតត្បិតសិទ្ធិនយោបាយប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខាផង។
រហូតមកដល់ពេលនេះ យុវជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ ៦ នាក់ហើយ កំពុងជាប់ពន្ធនាគារ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត។ ពួកគាត់ទាំង ៦ នាក់នេះ មានបីនាក់ ត្រូវអាជ្ញាធរទើបតែចាប់ខ្លួន មួយសប្តាហ៍មុនដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អង់គ្លេស ដោយមានខ្លះរងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងខ្លះរងបទចោទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ»។
ចំណែកឯប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា វិញ លោកនៅតែបន្តជាប់ក្តីក្តាំនៅតុលាការ ពីបទសន្ទិដ្ឋភាព ឬត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលល។ លោកគ្មានសេរីភាពធ្វើនយោបាយ ឬធ្វើដំណើរចេញពីដែនដីខ្មែរបាននោះឡើយ។
ជាងនេះទៅទៀត មានសកម្មជននយោបាយ សិទ្ធិមនុស្ស និងបរិស្ថានជិត ៨០ (៧៨) នាក់កំពុងជាប់ឃុំ ដោយសារតែការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរកម្ពុជា ទៅលើពួកគាត់។ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ក៏នៅជាប់ក្តីក្តាំតុលាការ មិនដឹងពេលណាបញ្ចប់នោះដែរ។
លោក ដូមីនិក រ៉ាអាប់ (Dominic Raab) ប្រាប់សារព័ត៌មានក្នុងស្រុកដដែលថា លោកបញ្ជាក់ប្រាប់ទៅភាគីកម្ពុជា ថាមតិជំទាស់និងការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយ វារែងស្លែងមែន ប៉ុន្តែវាប្រយោជន៍ដូចកញ្ចក់ សម្រាប់រដ្ឋាភិបាលឆ្លុះ និងកែខ្លួនឲ្យល្អជាងនេះទៅវិញទេ។ មិនតែប៉ុណ្ណោះ លោករម្លឹកប្រាប់ភាគីកម្ពុជាថា ការស្តារសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ គឺជារឿងសំខាន់ ព្រោះវាជួយដល់ការអភិវឌ្ឍគោលនយោបាយសេដ្ឋកិច្ចទៅអនាគត និងទាក់ទាញអ្នកវិនិយោគផង។
ផ្ទុយពីអ្វីដែលភាគីអង់គ្លេសថ្លែងជាសាធារណៈ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា គ្មាននិយាយមួយម៉ាត់ណាសោះ អំពីកិច្ចពិភាក្សា ជុំវិញបញ្ហាសិទ្ធិមនុស្សនេះ។ ជាងនេះទៅទៀត បើទោះបីជាជំនួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសអង់គ្លេសលើកនេះ គឺជាការបំពេញទស្សនកិច្ចលើកដំបូង ក្នុងរយៈពេល ៣០ ឆ្នាំ ក្នុងប្រវត្តិទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្ដី ក៏លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចមិនជួបរដ្ឋមន្រ្តីរូបនេះ ដោយលើកហេតុផលថា លោកត្រូវគ្រូពេទ្យឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ រហូតដល់ថ្ងៃទី៣ ខែកក្កដា ក្រោយលោកពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ដោយប្រយោល។ លោក ហ៊ុន សែន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អង់គ្លេសចំនួនពីរដូសរួចហើយ កាលពីជាងពីរខែមុន។
ការសម្រេចមិនជួបរដ្ឋមន្រ្តីការបរទេសអង់គ្លេស ក្នុងពេលដែលលោក ហ៊ុន សែន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចពីរដូសហើយបែបនេះ ធ្វើឲ្យមានមន្ទិលថា លោក ហ៊ុន សែន អាចគេច មិនចង់ជួបផ្ទាល់ ជាមួយតំណាងប្រទេសប្រជាធិបតេយ្យសេរី ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនេះ ព្រោះកាលអនុរដ្ឋមន្រ្តីការបរទេសអាមេរិកអ្នកស្រី វិនឌី ស្សឺម៉ិន (Wendy Sherman) ជួបលោក ហ៊ុន សែន អ្នកស្រីបានរម្លឹកកម្ពុជាជាច្រើនអំពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងភាពឯករាជ្យរបស់កម្ពុជា។
អ្នកវិភាគនយោបាយ ដែលហ៊ានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ឥតសំចៃមាត់ និងកំពុងរស់នៅនិរទេសខ្លួន នៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខថា លោកមិនភ្ញាក់ផ្អើលទេដែលថា ប្រទេសអង់គ្លេសនឹងនៅតែប្រើនយោបាយការទូត ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជា ស្តារសិទ្ធិមនុស្ស និងគោរពប្រជាធិបតេយ្យឡើងវិញ ហើយហ៊ានលើកឡើងជាសាធារណៈ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ស្របពេលដែលភាគីកម្ពុជា មិនហ៊ានសរសេររឿងនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននោះ៖ «អង់គ្លេសច្បាស់ជាលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលកំពុងតែឆេះខ្លោច នៅកម្ពុជា។ ដោយសារតែពុំមានចម្លើយត្រឹមត្រូវ តបនឹងរដ្ឋមន្រ្តីការបរទេសអង់គ្លេស ទើបលោក ប្រាក់ សុខុន មិនឆ្លើយអ្វីទាំងអស់ ហើយលោក ហ៊ុន សែន ប្រកាសធ្វើចត្តាឡីស័ក ឲ្យបានមុន កុំឲ្យរងភាពអាម៉ាស់ផ្ទាល់»។
ប៉ុន្តែលោក គឹម សុខ បន្តថា ជាទម្លាប់ការទូត ទោះបីជាលោក ហ៊ុន សែន គេចមុខ និងលោក ប្រាក់ សុខុន មិនឆ្លើយបដិសេធ នូវអ្វីដែលជាការលើកឡើង ក្នុងន័យរម្លឹក ប្រដៅ ឬក៏ស្តីបន្ទោសរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេសក៏ដោយ ក៏នោះស្មើនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ទទួលស្គាល់ និងដឹងឮ និងទទួលពាក្យរបស់គេ យកទៅពិចារណាអនុវត្ត៖ «ដូច្នេះរដ្ឋាភិបាលលោក ហ៊ុន សែន ជាប់គន្លឹះការទូតរបស់អង់គ្លេស មួយជាន់ទៀតហើយ បន្ទាប់ពីរើខ្លួនមិនរួច ពីកម្លាំងសង្កត់នៃមេដឹកនាំការទូតរបស់សហរដ្ឋអាមេរិក»។
កាល អនុរដ្ឋមន្ត្រីការបរទេសអាមេរិកអ្នកស្រី វិនឌី ស្សឺម៉ិន (Wendy Sherman) ជួបលោក ហ៊ុន សែន នៅដើមខែមិថុនា អ្នកស្រីបានលើកឡើងអំពីបញ្ហាជាច្រើន មានជាអាទិ៍ ការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ កង្វល់អំពីវត្តមានកងទ័ពចិននៅកម្ពុជា និងជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ កាលណោះកម្ពុជា ក៏មិនសរសេរអ្វីមួយម៉ាត់អំពីរឿងនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននោះដែរ។
ទោះបីជាមិនបានសរសេរអំពីបញ្ហាសិទ្ធិមនុស្ស ដែលបានជជែកក្នុងកិច្ចប្រជុំ ភាគីកម្ពុជាច្បិចយករឿងប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP ដោយកម្ពុជាសរសេរអះអាងថា ខ្លួនអរគុណរដ្ឋាភិបាលអង់គ្លេស ដែលបន្តផ្តល់ប្រព័ន្ធនេះដល់កម្ពុជា។ ប៉ុន្តែចំណុចនេះ ភាគីអង់គ្លេសមិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននោះទេ។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺជុំវិញរឿងនេះ ពីមន្រ្តីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បាននៅឡើយទេ។
ទោះជាយ៉ាងនេះក្ដី អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម នៅតែយល់ថា ប្រទេសប្រជាធិបតេយ្យសេរី ដូចជាប្រទេសអង់គ្លេស ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមួយដែរ នៅតែបន្តបញ្ជាក់ជំហរច្បាស់ថា បើកម្ពុជាមិនស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនោះទេ ទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងកម្ពុជា និងសហគមន៍អន្តរជាតិ នឹងនៅតែមានភាពល្អក់កករ និងខាតបង់ប្រយោជន៍ជាតិខ្មែរទាំងមូល និងយូរអង្វែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។