"រដ្ឋាភិបាល​ចង់​បិទ​សា​រព័ត៌មាន​ឌឹ ខេមបូឌា ដេលី ក្រោម​លេស​មិន​បង់​ពន្ធ"

ដោយ មួង ណារ៉េត
2017-08-21
Share
ឌឹ ខេមបូឌា ដេលី ២០១៧ ៨៥៥ សារព័ត៌មាន​ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Oung Sereyvuth

ម្ចាស់​សារព័ត៌មាន​ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា​រដ្ឋាភិបាល មាន​ចេតនា​នយោបាយ ក្នុង​ការ​ចង់​បិទ​កាសែត​នេះ ដោយ​យក​លេស​ថា ជំពាក់​ថ្លៃ​ពន្ធ​រដ្ឋាភិបាល ១០​ឆ្នាំម្ចាស់​ឌឹ ខេមបូឌា ដេលី សម្តែង​ការ​សោកស្តាយ បើ​ស្ថាប័ន​នេះ ត្រូវ​គេ​បិទ​ដោយសារ​រឿង​មិនបង់ពន្ធ​នេះ ព្រោះ​ការបិទ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សិទ្ធិសេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

ម្ចាស់​សារព័ត៌មាន​ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២០ ខែ​សីហា ម្សិលមិញ តាម​រយៈ​សារ​អេឡិចត្រូនិក ថា ការណ៍​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ ចោទ​សារព័ត៌មាន​នេះ ថា​ជំពាក់​ថ្លៃពន្ធ ៦លាន ១សែន​ដុល្លារ​នោះ គឺ​មិន​ឈរ​លើ​សច្ចភាព និង​មាន​ចេតនា​នយោបាយ ចង់​បិទ​សារព័ត៌មាន​នេះ​ចោល​តែម្តង។ អ្នកស្រី ដេប្រ៉ា ចាត់​ទុក​ចំណាត់​ការ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ មក​លើ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា​ជា​ការប្រហារ​ជីវិតជា​មុន​​សិន សឹម​កាត់​ក្តី​តាម​ក្រោយ”។ អ្នកស្រី​លើក​ឡើង​បន្ថែម​ ថាភ្លាមៗ​ ក្រោយ​ពី​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ប្រកាស​ចង់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង់ពន្ធ ស្រាប់តែ​សារព័ត៌មាន​ហ្វ្រេសញូ (Fresh News) ចុះផ្សាយ​រឿង​កាសែត ឌឹ ខេមបូឌា ដេលី ជំពាក់​ពន្ធរដ្ឋ​ភ្លាម ដែល​ម្ចាស់​ខ្លួនមិន​ដឹង​រឿង​នេះ​ជាមុន។ អ្នក​ស្រី​ អះអាងថា ការ​បែក​ធ្លាយ​ឯកសារជា​សាធារណៈ​បែប​នេះ កើតឡើង​ពី​លើក​រួច​មក​ហើយ។ ការ​បែកធ្លាយ​ឯកសារ​ឯកជន​បែបនេះ គឺជា​ការ​រំលោភ​ដល់​សិទ្ធិ​ឯកជន ដែល​ប៉ះពាល់​ដល់​ស្ថាប័ន​របស់​អ្នក​ស្រី។ អ្នកស្រី ដេប៉្រា បន្ត​ថា ខាង​អ្នកស្រី មិន​ដែល​ទទួល​បាន​ការ​ធ្វើសវនកម្ម និង​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​តាម​នីតិវិធី​នោះទេ។ ម្យ៉ាង​ទៀត អ្នកស្រី​បញ្ជាក់ថា ខាង​អ្នកស្រី​មិន​ដែល​ប្រកែក មិន​ព្រម​ធ្វើ​សវនកម្ម​ម្តងណា​នោះដែរ។ បើ​មាន​គេ​ចង់​ធ្វើ​សវនកម្ម អ្នកស្រី​ច្បាស់​ជា​សហការ​ពេញ​ទំហឹង​ តាំង​តែ​ពី​ដំបូង​មក​ម្ល៉េះ។ ដូច្នេះ អ្នកស្រី អះអាងថា អគ្គនាយកដ្ឋាន​ពន្ធដារ ប្រឌិត​ទិន្នន័យ​ ដែល​ថា កាសែត ឌឹ ខេមបូឌា ដេលី ជំពាក់​ពន្ធ​រដ្ឋ ៦លាន ១សែន​ដុល្លារ​ ក្នុង​រយៈពេល ១០ ឆ្នាំ​កន្ល​ង​មកនេះ ដោយ​បូក​បន្ថែម​ប្រាក់​ពិន័យ​ផង និង​ការ​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ផង រួចហើយ​​ធ្វើ​ឲ្យ​បែក​ធ្លាយ​ទៅ​មជ្ឈដ្ឋាន​សាធារណៈ។ អ្នកស្រី​ ដេប្រ៉ា មាន​ប្រសាសន៍​ទៀតថា អ្នក​ស្រី​មិន​ឃើញ​មាន​រឿងបែបនេះ កើត​ឡើង​ចំពោះ​អង្គភាព​ដទៃទៀត​ ក្រៅពី​កាសែត ឌឹ ខេមបូឌា ដេលី នោះ​ទេ។

ប្រតិកម្ម​របស់​​ម្ចាស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល ដែល​ជា​កូន​ស្រី​របស់​លោក ប៊ើណាត គ្រីស័រ (Bernard Krisher) ស្ថាបនិក​សារព័ត៌មាន​នេះ គឺធ្វើ​ឡើង​បន្ទាប់​ពី​លោក គង់ វិបុល នៃ​អគ្គ​នាយករដ្ឋាន​ពន្ធដារ ប្រាប់​សារព័ត៌មាន Fresh News កាលពី​ថ្ងៃទី១៩ ខែ​សីហា ​ថា អគ្គនាយករដ្ឋាន​ពន្ធដារនឹង​ចាប់​ផ្តើម​អនុវត្ត​ការ​រឹប​អូស​ពន្ធ​នេះ​ ចាប់ថ្ងៃទី ០៤ ខែ កញ្ញា​ ខាង​មុខនេះ។ លោក គង់ វិបុល​ អះអាងថា ការ​អនុវត្ត​ការ​រឹបអូស​ពន្ធ​នេះ រួម​មាន​ការ​ព្យួរ​អាជ្ញាប័ណ្ណ បង្កក​គណនី​ក្រុមហ៊ុន និង​ឈាន​ដល់​ការ​បិទ​កាសែត​ទាំងស្រុង​តែ​ម្ដង បើ​កាសែត​នេះ មិន​បង់​ពន្ធ​ជូន​រដ្ឋ។

អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដែល​ចង់​បិទ​កាសែត ឌឹ ខេមបូឌា ដេលី បែប​នេះ ថា​មាន​​ចេតនា​នយោបាយ​ ដោយ​គ្រាន់តែ​​យក​លេស​​ជំពាក់​ថ្លៃពន្ធ។ អ្នកស្រី​សម្តែង​ការ​សោកស្តាយ ថា​បើ​ស្ថាប័ន​នេះ ត្រូវ​គេ​បិទ​មែន នោះ​នឹង​ផ្ដល់​នូវ​ភាពដ៏​សោកសៅ​មួយ ផ្នែក​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ អ្នក​ស្រី​បំភ្លឺ​បន្ថែមថា កាសែត ឌឹ ខេមបូឌា ដេលី បង្កើត​ឡើង​ដោយ​ឱពុក​របស់​អ្នកស្រី គឺលោក ប៊ើណាត គ្រីស័រ (Bernard Krisher) តាំង​ពី​ឆ្នាំ ១៩៩៣ មក​ម្ល៉េះ គឺ​ក្នុង​គោល​បំណង​ពង្រឹង​សេរីភាព​សារព័ត៌មាននៅ​កម្ពុជា តាមរយៈការ​បណ្តុះ​បណ្តាល​អ្នកកាសែត​ខ្មែរ។ លោក ប៊ើណាត គ្រីស័រ មិន​យក​ប្រាក់​ខែទេ និង​បើកស្ថាប័ន​នេះ​ជា​លក្ខណៈ​សហគ្រាស​សង្គម។ អ្នកស្រី​បន្ត​ថា ស្ថាប័ន​កាសែត ឌឹ ខេមបូឌា ដេលី ទើបតែ​បង្កើត​ជា​ក្រុមហ៊ុន​សាជីវកម្ម​ឯកជន នៅ​ខែ​មេសា ឆ្នាំ​២០១៧ នេះ​ប៉ុណ្ណោះ។ ដូច្នេះ បើ​រដ្ឋ​តម្រូវ​ឲ្យ​លោក ប៊ើណាត គ្រីស័រ បង់​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ ត្រូវ​តែ​ធ្វើ​សវនកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​មួយ​ ដោយ​ត្រូវ​ពិនិត្យមើល​ប្រាក់ចំណូល​និង​ចំណាយ ប្រាក់​បរិច្ចាគរបស់​លោក ប៊ើណាត គ្រីស័រ ហើយ​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​ត្រឹមត្រូវ និង​ស្មើ​ភាព​គ្នា​គ្រប់​ស្ថាប័ន​ទាំងអស់។

ទោះបី​ជា​អគ្គនាយករដ្ឋាន​ពន្ធដារ បាន​ចេញ​សេចក្តី​បំភ្លឺនៅថ្ងៃទី ១៦ ខែ​សីហា ឆ្នាំ ២០១៧ ថា​ចំណាត់​ការ​ពន្ធដារ​នាពេល​ថ្មីៗកន្លងមកនេះ ចំពោះ​សហគ្រាស​មួយ​ចំនួន រួម​ទាំង​សហគ្រាស​ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ព័ត៌មាន​ និង អង្គការ​សង្គមស៊ីវិល គ្មាន​ចិរិត​នយោបាយ​ក៏ដោយ ក៏ចំណាត់​ការ​របស់​រដ្ឋាភិបាល កើត​ភ្លាមៗ​ក្រោយ​ចេញលទ្ធផល​បឋមនៃការ​បោះឆ្នោត​ឃុំ​-សង្កាត់ ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​តំណែង​ជា​​មេឃុំ និង​ចៅ​សង្កាត់ ជិត ៥០០​ឃុំ-សង្កាត់។ ភ្លាមៗ​ក្រោយ​ចេញ​លទ្ធផល​បោះឆ្នោតនោះ លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ​ស៊ើបអង្កេត និង​បិទបន្ទប់​ស្ថានការណ៍​បោះឆ្នោត ដែល​ជា​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល ៤០​អង្គការ ដោយសារ​ការ​ប្រកាស​ពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរការ​បោះឆ្នោត។ ក្រោយ​មកទៀត លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ស៊ើបអង្កេត និង​បណ្ដេញ​អង្គការ​អាមេរិក​មួយ ដែល​បើក​នៅ​ស្រុក​ខ្មែរបាន ២៥​ឆ្នាំ​មក​ហើយ ឈ្មោះ​អង្គការ​មេត្រី​អន្តរជាតិ ឬ AIM ដែល​ជួយកុមារ​រងគ្រោះ​ ដោយសារ​​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​តំបន់​ស្វាយប៉ាក ព្រោះ​លោក ហ៊ុន​ សែន ចោទ​ថា អង្គការ​នេះ​ធ្វើ​ឲ្យ​ខូច​កិត្តិយស​នារី​ខ្មែរ ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​ព័ត៌មាន​អំពី​ម្តាយ​លក់​ព្រហ្មចារីកូន​ស្រី ដើម្បី​ដោះបំណុល។ បន្ត​មក​ទៀត លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ស៊ើបអង្កេត និង​យក​ពន្ធ​ពី​អង្គការ​សង្គម​ស៊ីវិល។ ភ្លាមៗ​ក្រោយ​ការ​បញ្ជានេះ ក៏​មាន​ការ​លេច​ធ្លាយឯកសារ​ពន្ធដារ ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ជំពាក់​រដ្ឋ។ វិទ្យាស្ថាន​ប្រជាធិបតេយ្យ ឬ NDI របស់​អាមេរិក ក៏​រងការ​ចោទ​ប្រកាន់​ ពី​មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ថា​បម្រើ​បក្ស​ប្រឆាំង ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល ប៉ុន្តែ​ត្រូវ​បាន​អង្គការ​នេះ បដិសេធ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ ពី​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល បាន​នៅឡើយ​ទេ​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល