មេធាវីខ្មែរអាមេរិកាំង និងជាសកម្មជនសិទ្ធិមនុស្សល្បីឈ្មោះ កញ្ញា សេង ធារី ចាប់ផ្តើមធ្វើកូដកម្មបង្អត់អាហាររយៈពេល១០ថ្ងៃក្នុងគុកខេត្តព្រះវិហារ ដើម្បីទាមទារឱ្យដោះលែងកញ្ញា និងអ្នកទោសនយោបាយដទៃទៀត។ នេះបើតាមការឱ្យដឹងរបស់មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី គឺលោក ចារិត ហ្គិនស័រ (Jared Genser) តាមរយៈសេចក្តីប្រកាសព័ត៌មានមួយផ្សាយនៅថ្ងៃទី១៧ ខែកក្កដា។ ការធ្វើកូដកម្មបង្អត់អាហារនេះ ក៏ដើម្បីទាញចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិពាក់ព័ន្ធនឹងការធ្លាក់ចុះដុនដាបនៃស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្រោមរបបលោក ហ៊ុន សែន។
ការប្រកាសចាប់ផ្តើមធ្វើកូដកម្មបង្អត់អាហាររបស់កញ្ញា សេង ធារី នៅថ្ងៃទី១៧ ខែកក្កដា ធ្វើឡើងក្រោយសំណុំរឿងរបស់កញ្ញា ត្រូវបានក្រុមការងារអង្គការសហប្រជាជាតិប្រឆាំងនឹងការឃុំខ្លួនតាមទំនើងចិត្ត រកឃើញ និងចាត់ទុកក្នុងសេចក្ដីសម្រេចមួយ កាលពីថ្ងៃទី១២ ខែកក្កដាថា ជាការឃុំខ្លួនតាមទំនើងចិត្ត ជារឿងនយោបាយ និងរំលោភច្បាប់អន្តរជាតិ។
កញ្ញា សេង ធារី អំពាវនាវដល់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិជារួម ឱ្យនិយាយរិះគន់ចំពោះការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកម្ពុជា ថ្ងៃទី២៣ ខែកក្កដា ដែលរងនូវការថ្កោលទោសដោយសារការមិនឱ្យគណបក្សប្រឆាំងធំជាងគេ គឺគណបក្សភ្លើងទៀន ចូលរួម។ កញ្ញាក៏អំពាវនាវដល់រដ្ឋបាលលោកប្រធានាធិបតី ប៊ៃឌិន (Biden Administration) ឱ្យចាត់នូវជំហានបន្ថែមទៀត ដើម្បីធានាឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់នៅកម្ពុជា។
បងប្រុសកញ្ញា សេង ធារី គឺលោក សេង ម៉ារឌី ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានដដែលថា ក្រុមគ្រួសាររបស់លោកព្រួយបារម្ភជាខ្លាំងចំពោះសុខភាពរបស់កញ្ញា សេង ធារី។ ក៏ប៉ុន្តែ ពួកគេយល់ពីបំណងប្រាថ្នារបស់កញ្ញាដែលចង់សម្តែងមតិរិះគន់ទង្វើអយុត្តិធម៌ទាំងនេះ។ លោកថា ក្រុមគ្រួសាររបស់លោកអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក ចូ ប៊ៃឌិន និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនថូនី ប៊ី្លនឃិន (Antony Blinken) ឱ្យចាត់បញ្ចូលសំណុំរឿងរបស់កញ្ញាជាសំណុំរឿង «ឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់» ស្ថិតក្រោមច្បាប់ «ឡឺវីនសុន» (Levinson Act) ជាបន្ទាន់។ តាមរយៈច្បាប់នេះ សំណុំរឿងរបស់កញ្ញានឹងត្រូវផ្ទេរទៅឱ្យបេសកជនប្រធានាធិបតីអាមេរិកស្តីពីកិច្ចការចំណាប់ខ្មាំង ជាអ្នកទទួលខុសត្រូវ និងកំណត់អាទិភាពស្វែងរកដំណោះស្រាយឱ្យមានការដោះលែងកញ្ញា សេង ធារី។
ដោយឡែក មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី គឺលោក ចារិត ហ្គិនស័រ (Jared Genser) ពន្យល់ថា ការធ្វើកូដកម្មបង្អត់អាហាររបស់កញ្ញា សេង ធារី នេះ គឺជាការតស៊ូដោយសន្តិវិធី និងដ៏មានឥទ្ធិពលដើម្បីបង្ហាញពីការរឹតត្បិតដ៏ធ្ងន់ធ្ងរមកលើគណបក្សនយោបាយប្រឆាំងនៅកម្ពុជា និងថាការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា នឹងមិនសេរី និងយុត្តិធម៌ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។