លោក ហ៊ុន ម៉ាណែត អះអាង​ថា មាន​មេ​ដឹកនាំ​ប្រទេស​ជាច្រើន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក​ទទួល​បាន​ការ​អបអរ​ពី​សហគមន៍​អន្តរជាតិ​កាន់តែ​ច្រើន បើ​ទោះ​ជា​មេដឹកនាំ​ប្រទេស​សេរី​ធំៗ មិន​ទាន់​ផ្ញើ​សារ​អបអរ​ក្ដី។ ទោះ​យ៉ាង​ណា​ក្ដី អ្នក​ជំនាញ កិច្ចការ​អន្តរជាតិ យល់​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរ​ចាប់​ផ្ដើម​ស្ដាប់​សំណើ​របស់​ក្រុម​ប្រទេស​លោក​សេរី ដែល​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​សេរី​ទាំង​នោះ​ផ្ដល់​តម្លៃ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត។

បើ​ទោះ​ជា​ក្ដី លោក ហ៊ុន ម៉ាណែត អះអាង​ដដែលៗ​ថា ការ​ឡើង​កាន់​តំណែង​ជា នាយករដ្ឋមន្ត្រី​របស់​លោក​មាន​ពលរដ្ឋ​ជាង ៦លាន​នាក់​បោះ​ឆ្នោត​ឱ្យ​ក្ដី ក៏​នាយករដ្ឋមន្ត្រី​រូប​នេះ ហាក់​នៅ​តែ​បារម្ភ​ពី​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​របស់​លោក ក្នុង​ឆាក​អន្តរជាតិ ជា​ពិសេស​ការ​ទទួល​ស្គាល់ ឬ​ការ​ស្វាគមន៍​ពី​ក្រុម​ប្រទេស​លោក​សេរី។ លោក ហ៊ុន ម៉់ាណែត អះអាង​ថា នៅ​ពេលនេះ មាន​មេ​ដឹកនាំ និង​អតីត​មេ​ដឹកនាំ​ប្រទេស​នានា​ មន្ត្រី​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប រួម​ទាំង​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​អបអរ​រដ្ឋាភិបាល​ថ្មី​របស់​លោក និង​បាន​ហៅ​លោក​ថា ជា​នាយក​រដ្ឋមន្ត្រី។

លោក ហ៊ុន ម៉ាណែត៖«គាត់​ថា គ្មាន​អន្តរជាតិ​ណា​គាំទ្រ​ព្រោះ​គេ​មិន​ផ្ញើ​លិខិត​អបអរ​សាទរ​រឿង​អបអរសាទរ​មិនមែន​ជា​កាតព្វកិច្ច​ដែល​ប្រទេស​មួយៗ​ត្រូវ​ផ្ញើ​ឱ្យ​ប្រទេស​ទៅ​ប្រទេស​ណា​ទេ គឺ​ជា​មនោសញ្ចេតនា បើ​គេ​ដក​ទូត​ចេញ​បាន​គេ​អត់​ទទួល​ធ្វើ​ការ​ជាមួយ​ បើ​គេ​ផ្ដាច់​ចំណង​ការទូត»។

លោក ហ៊ុន ម៉ាណែត អួតអាង​បែប​នេះ​ ក្រោយ​ពេល​ប្រធាន​គណៈកម្មការ​អឺរ៉ុប​អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) បាន​ផ្ញើ​សារ​អបអរសាទរ​ជូន ​លោក កាល​ពី​ថ្ងៃ​ទី២៥ ខែ​សីហា ក្នុង​ឱកាស​ដែល​លោក​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី។ ចំណែក​ក្រុម​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ រួម​ទាំង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ផង ក៏​បាន​ជួប​លោក​ដែរ។

ទោះ​បែប​នេះ​​ក្ដី​លោក ហ៊ុន ម៉ាណែត មិន​បាន​បង្ហាញ​ឱ្យ​សាធារណជន​​ដឹង​ពី​សំណើ​របស់​ក្រុម​សមាជិក​ព្រឹទ្ធ​សភា ដែល​ទាមទារ​ទៅ​រដ្ឋាភិបាល​របស់​លោក​ឱ្យ​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ដោះលែង​អ្នក​ទោស​នយោបាយ​នោះ​ទេ។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​ថា មន្ត្រី​បំពេញ​ទស្សនកិច្ច​មកពី​គណៈកម្មាធិការ​បែងចែក​ថវិកា​ជាតិ​នៃ​ព្រឹទ្ធសភា​អាមេរិក ដែល​មក​ជួប​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី២៨ ខែ​សីហា បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើក​ឡើង​វិញ​នូវ​លំហ​សេរីភាព​ពលរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​លើ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ដោយ​ធានា​ថា​ពលរដ្ឋ​កម្ពុជា​ទាំងអស់​អាច​ចូលរួម​បាន ដោយ​សេរី​ក្នុង​ដំណើរ​ការ​នយោបាយ។ ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ឱ្យ​ដឹង​ទៀត​ថា សហរដ្ឋអាមេរិក​ ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​បុគ្គល និង​សកម្មជន​នយោបាយ រួមមាន​លោក កឹម សុខា និង​កញ្ញា សេង ធារី ​ជាដើម។ ភាគី​សហរដ្ឋអាមេរិក​សង្កត់ធ្ងន់​ទៀត​ថា ការ​ប្ដេជ្ញា​ចិត្ត​ដ៏​យូរ​អង្វែង​របស់​សហរដ្ឋអាមេរិក​ចំពោះ​ពលរដ្ឋ​កម្ពុជា និង​បំណង​ប្រាថ្នា​របស់​ពួកគេ​ សម្រាប់​ប្រទេស​ដែល​មាន​វិបុលភាព ប្រជាធិបតេយ្យ និង​ឯករាជ្យ ដែល​គ្រប់​សំឡេង​ត្រូវ​បាន​ស្ដាប់ និង​គោរព។

ទាក់ទង​រឿង​នេះ​ដែរ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេត​ឃើញ​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ក្រុម​ប្រទេស​មហាអំណាច​នៃ​លោក​សេរី​នៅឡើយ​ទេ។ លោក​បន្ត​ទៀត​ថា មក​ដល់​ពេល​នេះ ប្រទេស​ភាគ​ច្រើន​ដែល​ផ្ដល់​តម្លៃ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ច្រើនតែ​ប្រទេស​កុម្មុយនិស្ត។ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​រូប​នេះ យល់​ថា ដើម្បី​ឱ្យ​ក្រុម​ប្រទេស​សេរី​ផ្ដល់​តម្លៃ​ដល់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត លុះត្រាតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពិនិត្យ​មើល​ឡើង​វិញ នូវ​សំណើ​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ ដែល​ទាមទារ​ឱ្យ​កម្ពុជា​មាន​ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ដោះលែង​អ្នកទោស​នយោបាយ​ជា​ដើម។

លោកា ឯម សុវណ្ណារ៉ា៖«គេ​លើក​ឡើង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​លំហ​សេរីភាព​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ហ្នឹង​ឱ្យ​ទូលាយ បើសិនបើ​រដ្ឋាភិបាល​ថ្មី​មិន​ងាក ឬ​ឆ្លើយ​តប​នឹង​បញ្ហា​ហ្នឹង​ទេ អត្ថប្រយោជន៍​ពាណិជ្ជកម្មGSPឬ​ក៏EBAអាច​ប្រឈម​ការបាត់បង់​ដែរ​បាទ»។

ជុំវិញ​ការ​លើកឡើង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃ​ទី២៩ ខែ​សីហា។ រីឯ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​លើកឡើង​មិន​ខុស​ពី​លោក ហ៊ុន ម៉ាណែត ដែរ​ថា រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន ម៉ាណែត កំពុង​ទទួល​បាន​ការ​អបអរ​ពី​បណ្ដា​ប្រទេស​នានា។ លោក​សុខ ឥសាន អះអាង​ទៀត​ថា ចំពោះ​ជំហរ​នយោបាយ​ការ​បរទេសនៃ​រដ្ឋាភិបាល​ថ្មី ក៏​មិន​ខុស​ពី​រដ្ឋាភិបាល​មុន​ដែរ គឺ​នៅតែ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ តែ​លោក​ថា ចំពោះ​ជន​ណា​ប្រព្រឹត្តិ​ល្មើស​ច្បាប់​ គឺ​ត្រូវ​អនុវត្ត​តាម​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង។

លោក សុខ ឥសាន៖«ប្រទេស​ណា​ក៏ដោយ​មិន​អាច​ដោះលែង​អ្នកទោស​អ្នក​ប្រព្រឹត្តិ​ល្មើស​ច្បាប់​ទេ ហើយ​ក៏​មិន​អាច​អនុគ្រោះ​ឱ្យ​អ្នក​ប្រព្រឹត្តិ​ល្មើស​ច្បាប់​បាន​ដែរ»។

លោក ហ៊ុន ម៉ាណែត បាន​ឡើង​មក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី តាមរយៈ​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី២៣ ខែកក្កដា​កន្លង​ទៅ ដែល​រង​ការរិះគន់​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ​ថា លោក ហ៊ុន សែន ធ្វើឡើង​ដោយ​បង្គ្រប់​កិច្ច ព្រោះ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម។

ក្រុម​អ្នក​ឃ្លាំមើល​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ទេ រដ្ឋាភិបាល​នេះ​អាច​រង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប ដែល​គេ​អាច​នឹង​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EB ១០០% ហើយ​សហរដ្ឋអាមេរិក ក៏​មិន​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា​វិញ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។