សង្គមស៊ីវិលទាមទារឱ្យរបបក្រុងភ្នំពេញបើកការស៊ើបអង្កេតដោយឯករាជ្យទាក់ទិននឹងការបាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅក្នុងខេត្តកំពង់ចាមក្រោយពីសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៨ តុលា កន្លងទៅនេះ។ សំណើនេះ ធ្វើឡើងដោយសារតែ តុលាការខេត្តកំពង់ចាមប្រកាសថា លោក ហម វុទ្ធី សកម្មជនគណបក្សសង្គ្រោះជាតិបានរត់គេចខ្លួនបាត់ក្នុងពេលសមត្ថកិច្ចចាប់ខ្លួន។ អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានដាក់មន្ទិលសង្ស័យចំពោះការបាត់ខ្លួនសកម្មជនគណបក្សប្រឆាំងមួយរូប ក្រោយក្រុមអាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនកាលពីថ្ងៃទី៨ តុលាកន្លងទៅនេះ ថា អាចក្រែងជនជាប់ចោទត្រូវបានចាប់យកទៅធ្វើទារុណកម្មឬ យកទៅឃុំឃាំងនៅទីកន្លែងសម្ងាត់ណាមួយ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា បញ្ជាក់ថា យោងតាមច្បាប់ក្នុងរយៈពេល ៤៨ម៉ោង ក្រោយពីមានការចាប់ខ្លួនជនសង្ស័យណាមួយក៏ដោយអាជ្ញាធរត្រូវតែមានការជូនដំណឹងដល់សមាជិកក្រុមគ្រួសារឱ្យបានដឹង។ លោកបញ្ជាក់ថា ចំពោះករណីសកម្មជនគណបក្សប្រឆាំងនៅក្នុងខេត្តកំពង់ចាមនេះ មានចំណុចគួរឱ្យសង្ស័យពីការបិទបាំងព័ត៌មានពីអាជ្ញាធរ ដែលតម្រូវឱ្យមានការស៊ើបអង្កេតពាក់ព័ន្ធនឹងការបាត់ខ្លួននេះ៖ «គឺជាការទទួលខុសត្រូវរបស់សមត្ថកិច្ចសាមី ប្តីដែលបានចាប់ខ្លួនទៅលើប្តីគាត់ហ្នឹង ហើយបើសិនជាមានការមិនទទួលខុសត្រូវទៅលើការបាត់ខ្លួនហ្នឹងទេ គឺក្រុមគ្រួសារអាចមានសិទ្ធិក្នុងការប្ដឹងដើម្បីឱ្យមានការស៊ើបអង្កេត និងចាត់វិធានការទៅលើសមត្ថកិច្ចដែលធ្វើឱ្យមានការបាត់ខ្លួន ឬក៏ធ្វើឱ្យមានការគ្រោះថ្នាក់ដោយប្រការណាមួយទៅលើប្ដីរបស់គាត់ហ្នឹង»។
អាជ្ញាធរខេត្តកំពង់ចាមកាលពីថ្ងៃទី៨ តុលា កន្លងទៅនេះបានចាប់ខ្លួនសកម្មជនខេត្តកំពង់ចាមចំនួនពីរនាក់ ដោយចោទប្រកាន់ពីបទ «រួមគំនិតក្បត់» រួចហើយបញ្ជូនពួកគេទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សេចក្ដីប្រកាសព័ត៌មានរបស់តុលាការខេត្តកំពង់ចាមចេញផ្សាយនៅថ្ងៃទី៩ តុលា នេះបានឱ្យដឹងថា ជនសង្ស័យទាំងពីរ តុលាការបានសម្រេចឃុំខ្លួនលោក ដុង សុវណ្ណារិទ្ធ នៅក្នុងពន្ធនាគារ ចំណែកឯលោក ហម វុទ្ធី បានរត់គេចខ្លួនបាត់។
ភរិយាលោក ហម វុទ្ធី អ្នកស្រី ខាន់ សារ៉ន បញ្ជាក់ថា អ្នកស្រីបានទៅតាមរកស្វាមីនៅក្នុងពន្ធនាគារ តុលាការខេត្ត និងស្នងការប៉ូលិសខេត្តកំពង់ចាម នៅតែរកស្វាមីមិនទាន់ឃើញឡើយ។
អ្នកស្រីព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពលោក ហម វុទ្ធី យ៉ាងអាថ៌កំបាំងក្នុងខណៈពេលដែលស្ថិតនៅក្នុងដៃរបស់សមត្ថកិច្ច៖ «ខ្ញុំបារម្ភខ្លាំងមែនទែន មិនដឹងគេយកប្តីខ្ញុំទៅណា ហើយគេបំបាត់ភស្តុតាង។ ខ្ញុំគិតអត់ចេញទេបង។ ខ្ញុំដូចជាចង់យ៉ាងម៉េចទេក្នុងខ្លួន»។
អាស៊ីសេរីមិនទាន់អាចទាក់ទងស្នងការប៉ូលិសខេត្តកំពង់ចាម លោក ឯម កុសល បានទេ នៅថ្ងៃ០៩ តុលានេះ។
ការបាត់ខ្លួនអនុប្រធានប្រតិបត្តិស្រុកបាធាយខេត្តកំពង់ចាម លោក ហម វុទ្ធី នេះត្រូវមន្ត្រីបក្សប្រឆាំងដាក់មន្ទិលសង្ស័យថា របបក្រុងភ្នំពេញអាចសម្លាប់ជនរងគ្រោះ ដោយវាយដំធ្វើទារុណកម្ម ឬយកទៅឃុំឃាំងក្នុងកន្លែងណាមួយផ្សេងទៀត ដែលបិទបាំងពីក្រុមគ្រួសារ និងសង្គមស៊ីវិល។
សមាជិកគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម លោក គង់ ស៊ីវង្ស អំពាវនាវឱ្យអង្គការសង្គមស៊ីវិលក្នុង និងក្រៅប្រទេសជួយស្វែងរកលោក ហម វុទ្ធី ដើម្បីបញ្ចប់ការចោទប្រកាន់ទៅលើក្រុមសមត្ថកិច្ច៖ «ពួកយើងនៅតែមានមន្ទិលសង្ស័យពាក់ព័ន្ធនឹងបញ្ហាដែលសមត្ថកិច្ចចាប់ខ្លួននេះ។ ដោយមិនដឹងថា យកលោក ហម វុទ្ធី ទៅណា។ មកដល់ពេលនេះហើយមិនឃើញពួកគាត់ ដូច្នេះក៏សូមសំណូមពរដល់វិទ្យុអាស៊ីសេរីផងដែរ ឱ្យតាមសួរតាមប្រមាញ់រកលោក ហម វុទ្ធីដោយឱ្យទាក់ទងទៅនឹងសមត្ថកិច្ចនៅក្នុងទីក្រុងភ្នំពេញ និង ខេត្តកំពង់ចាមផងបានដើម្បីតាមដានករណីនេះផង»។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋានត្រូវរបបក្រុងភ្នំពេញចេញដីកាកោះហៅរហូតមកដល់ថ្ងៃទី៩ តុលា នេះមានចំនួន១៧៩នាក់ ហើយ នៅក្នុងខណៈពេលមានសកម្មជនគណបក្សចំនួន៣៦នាក់ផ្សេងទៀត កំពុងចាប់ឃុំខ្លួននៅក្នុងពន្ធនាគារដោយចោទប្រកាន់ដូចៗគ្នាពាក់ព័ន្ធនឹងរៀបចំគម្រោងចាំទទួលលោក សម រង្ស៊ី វិលចូលមាតុប្រទេសវិញនៅដើមខែវិច្ឆិកាខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
