មន្ត្រី​បក្ស​កាន់អំណាច​សំខាន់ៗ ​រក្សា​ភាព​ស្ងៀមស្ងាត់ មុន​សភា​បោះឆ្នោត​តែងតាំង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី

0:00 / 0:00

មេដឹកនាំ​គណបក្សកាន់អំណាច​សំខាន់ៗ​ ជាពិសេស​ ក្រុម​លោក សាយ ឈុំ លោក ស ខេង លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន ជាដើម រក្សា​ភាព​ស្ងៀមស្ងាត់​ នៅ​មុន​ពេល​រដ្ឋសភា​គ្រោង​បោះឆ្នោត​តែងតាំង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​។ មន្ត្រី​បក្ស​កាន់អំណាច​អះអាង​ថា​ គណបក្ស​នេះ​ពុំ​មាន​ទំនាស់​ផ្ទៃក្នុង​នោះ​ទេ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​វិញ​យល់​ថា ភាព​ស្ងៀមស្ងាត់​អាច​មក​ពី​មេដឹកនាំ​ទាំងនោះ​មិន​ពេញចិត្ត។

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​សំខាន់ៗ រួមមាន​លោក សាយ ឈុំ លោក ស ខេង លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន មិន​ទាន់​បង្ហាញ​មតិយោបល់ ជា​សាធារណៈ​នៅ​ឡើយ​ជុំវិញ​ផែន​ការ​លើក​បន្តុប​លោក ហ៊ុន ម៉ានី ឱ្យ​ឡើង​ធ្វើជា​ឧបនាយករដ្ឋមន្ត្រី បន្ទាប់​ពី​បងប្រុស​គឺ​លោក ហ៊ុន ម៉ាណែត កំពុង​កាន់​កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ស្រាប់។

កាល​ពី​ពេល​ថ្មីៗ​ នេះ លោក ហ៊ុន ម៉ាណែត បាន​ស្នើ​តែងតាំង​ប្អូនប្រុស​បង្កើត គឺ​លោក ហ៊ុន ម៉ានី ធ្វើជា​ឧបនាយករដ្ឋមន្ត្រី និង​ស្នើ​តែងតាំង​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម ២​រូប​បន្ថែម​ទៀត​ គឺ​លោក ស្រ៊ី ថាមរុង្គ និង​លោក ប៉ែន វិបុល។ បើសិន​គ្មាន​ការប្រែប្រួល​អ្វី​នោះ​ទេ រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្សកាន់អំណាច​នឹង​បើក​កិច្ចប្រជុំ​វិសាមញ្ញ​ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​សមាសភាព​ពួក​គេ​ ​នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ដែល​មេដឹកនាំ​បក្ស​មិន​បាន​ចេញ​សារ​ណាមួយ​ទាក់ទង​ការ​ដំឡើង​តំណែង លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​មិនមែន​មានន័យ​ថា បក្ស​នេះ​កំពុង​មាន​ជម្លោះ​ផ្ទៃ​នោះ​ទេ។ លោក​អះអាង​ថា ការ​ជ្រើសរើស​លោក ហ៊ុន ម៉ានី ឱ្យ​ធ្វើ​ជា ឧបនាយករដ្ឋមន្ត្រី​កន្លង​មក​ផ្អែក​លើ​ស្នាដៃ និង​សមត្ថភាព ហើយ​ការ​សម្រេច​ជា​រួម​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ចំនួន ​៥៧​នាក់ ដែល​ក្នុង​នោះ​ ក៏​មាន​ថ្នាក់​ដឹកនាំ​ ៤​រូប ​គឺ​លោក សាយ ឈុំ លោក ស ខេង លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន ជា​អ្នក​សម្រេច​ផង​ដែរ។

លោក សុខ ឥសាន៖ «ការតែងតាំង​មន្ត្រី ឬ​ឥស្សរជន​នៅក្នុង​ត្រកូល​ទេវតា ត្រកូល​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​អត់​គិត​ថា តែងតាំង​អ្នកនេះ​កូន​របស់​អ្នកនេះ អ្នកនេះ​កូន​របស់​អ្នកនោះ​គឺ​អត់​ទេ អត់​យក​អាហ្នឹង​មក​និយាយ​ទេ និយាយ​ពី​លក្ខណសម្បត្តិ​បុគ្គល​ ដែល​ត្រូវ​តែងតាំង​ថា តើ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ស្របតាម​សំណូមពរ​ត្រូវការ​របស់​ប្រទេសជាតិ​ដែរ ឬទេ? អាហ្នឹង​ទើប​គេ​សម្រេច​តែងតាំងអ្នក​ក្រោយ​មាន​គុណ​សម្បត្តិ​ដែរ តែ​គេ​យក​ជន​ ដែល​ឆ្នើម​ជាងគេ​សិន»។

ក្រៅពី​តែងតាំង​លោក ហ៊ុន ម៉ានី នោះ កន្លងទៅ​លោក ហ៊ុន ម៉ាណែត ក៏​បាន​តែងតាំង​លោក នេត សាវឿន ដែល​ត្រូវជា​បងថ្លៃ​ជីដូនមួយ​របស់​លោក​ឡើង​ជា ឧបនាយករដ្ឋមន្ត្រី និង​ទទួលបន្ទុក​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​នៅ​ពេល​អវត្តមាន​របស់​លោក​ដែរ ខណៈ​ឪពុកក្មេក​របស់​លោក គឺ​លោក ពេជ សោភ័ន តែងតាំង​ជា​ទេសរដ្ឋមន្ត្រី។

ចំណែកលោក ហ៊ុន សែន ដែល​ជា​ឪពុក​បង្កើត ក៏​នឹង​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា ហើយ​ទទួល​ភារកិច្ច​ជា​ប្រមុខរដ្ឋ​ស្ដីទី ដោយ​មិនទាន់​គិតដល់​បងប្អូន និង​បងប្អូន សាច់ថ្លៃ​ជាច្រើន​នាក់​ទៀត​របស់លោក ហ៊ុន ម៉ាណែត ដែល​កំពុង​កាន់​តួនាទី​សំខាន់ៗ​ នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ ទាំង​ស៊ីវិល និង​កងកម្លាំង​ប្រដាប់អាវុធ​ផង។

អតីត​តំណាងរាស្ត្រ​ខេត្តសៀមរាប និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន អាះអាង​ថា លោក​បាន​ទទួល​ដំណឹង​ជា​បន្ត​បន្ទាប់ ពី​ផ្ទៃក្នុង​បក្ស​កាន់អំណាច ជាពិសេស ​ទាក់ទង​ការ​តែងតាំង​​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​ ដែល​ធ្វើ​ឱ្យ​មន្ត្រី​នៅ​ក្នុង​ជួរ​គណបក្ស​នេះ​មួយ​ចំនួន​មិន​ពេញចិត្ត​ឡើយ។ ទោះ​ជាយ៉ាងណា​ក្ដី លោក​ថា មូលហេតុ ​ដែល​ពួកគេ​រក្សា​ភាព​ស្ងៀមស្ងាត់ ឬ​មិន​ហ៊ាន ជំទាស់​ដោយ​បើក​ចំហ​នោះ ដោយសារតែ​បច្ចុប្បន្ន​លោក ហ៊ុន សែន និង​បក្ខពួក កំពុង​ក្តោប​ក្តាប់​អំណាច​ពេញ​ដៃ ​ដែល​គ្រោះថ្នាក់​ដល់​ពួកគេ។

លោក អ៊ំ សំអាន៖ «នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ប្រទេស​ គឺ​គេ​ផ្តល់​ព័ត៌មាន​មក​ឱ្យ គេ​អត់​សប្បាយ​ចិត្ត​ទេ ដែល​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី ហើយ​ឥឡូវ​តែងតាំង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​ទៀត គឺ​គេ​កាន់តែ​មិន​សប្បាយចិត្ត​ហើយ ទោះបី​គេ​អត់​បាន​សម្ដែង​ចេញ​ជា​សាធារណៈ​ តែ​ផ្ទៃក្នុង​ គេ​អត់​សប្បាយចិត្ត គេ​អត់​ហ៊ាន​សម្ដែង​ជា​សាធារណៈ​ខ្លាច​ត្រកូល​ហ៊ុន​បង្ក្រាប​ដោយ​គេ​សម្ងំ​សុខ​សិន​ទៅ ប៉ុន្តែ​ប្រសិនបើ​អត់​ពី​លោក ហ៊ុន សែន ទៅ​គេ​នឹង​រើ​បម្រាស់​ហើយ»។

រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន ១០​នាក់ និង​ទេសរដ្ឋមន្ត្រី ២១​នាក់​រួច​ហើយ។ ដូចនេះ ប្រសិនបើ​រាប់ទាំង​លោក ហ៊ុន ម៉ានី ទៀត​នឹង​ធ្វើ​ឱ្យ​ចំនួន​ឧបនាយករដ្ឋមន្ត្រី​ឡើង​ដល់ ១១​នាក់ ហើយ​ទេសរដ្ឋមន្ត្រី​នឹង​កើន​ដល់​ទៅ​២៣​នាក់​។ ចំណែក​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ចាប់​ពី​អនុរដ្ឋលេខាធិការ រហូត​ដល់​នាយករដ្ឋមន្ត្រី​មាន​ចំនួន​ប្រហែល ១​ពាន់ ៦​រយ​នាក់ (១.៦០០​នាក់​) ដោយ​មិនទាន់​គិត​ពី​ចំនួន​ទីប្រឹក្សា ជំនួយការ​រាប់​ពាន់​នាក់​ទៀត​នៅ​ឡើយ។មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម​យល់​ថា ការ​ពង្រឹង​អំណាច​ដើម្បី​ធានា​នូវ​អំណាច​ត​វង្ស​ត្រកូល​បែប​នេះ បើសិន​ពលរដ្ឋ​ខ្មែរ​មិន​បាន​ទប់​ស្កាត់​ឱ្យ​ទាន់​ពេល​នោះ​ទេ នឹង​គ្រោះថ្នាក់​ដល់​ជោគវាសនា​ជាតិ​ទៅ​ថ្ងៃ​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។