មន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីស្ថានទូតមួយចំនួនប្រចាំកម្ពុជា ថ្លែងសារសាទរចំពោះការរំលត់ភ្លើងនយោបាយជាប់គាំងក្រោយការបោះឆ្នោតសភានីតិកាលទី៥ របស់ថ្នាក់ដឹកនាំកំពូលៗនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
មន្ត្រីអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសាទរចំពោះមេដឹកនាំបក្សនយោបាយខ្មែរទាំងពីរ ដែលបានជួបចរចាគ្នាទម្លុះទម្លាយភាពទាល់ច្រកនយោបាយ ដែលជាប់គាំងអស់ពេលជិតមួយឆ្នាំកន្លងមកនេះ។ ក៏ប៉ុន្តែ អង្គការសហប្រជាជាតិ ព្រួយបារម្ភខ្លាចបក្សទាំងពីរមិនអាចកែទម្រង់លើបញ្ហាផ្សេងៗដូចពាក្យសន្យា ចំពោះការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដូចដែលមេដឹកនាំកំពូលៗរបស់គណបក្សទាំងពីរ បានសន្យាក្នុងជំនួបចរចាកាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ។
សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចុះថ្ងៃទី២២ ខែកក្កដា បានស្រង់សម្ដីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស គឺ លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ថា៖ «យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ គ្រាន់តែជាការកំណត់ចំណាំនៃការចាប់ផ្ដើមការងារកែទម្រង់ ចំពោះស្ថាប័នរដ្ឋមួយនេះតែប៉ុណ្ណោះ»។
លោកបន្តថា៖ «នេះជាឱកាសមួយក្នុងការអនុវត្តនូវការកែទម្រង់លក្ខណៈស៊ីជម្រៅចុងក្រោយ ឲ្យស្របតាមនិយាមអន្តរជាតិ ដូចដែលរូបលោកបានបញ្ជាក់ក្នុងរបាយការណ៍របស់លោក ស្ដីអំពីការកែទម្រង់ការបោះឆ្នោត ប្រព័ន្ធយុត្តិធម៌ និងរដ្ឋសភាកន្លងមកម្ល៉េះ។ ដូច្នេះ ស្ថានភាពដែលបានលេចឡើងកាលពីពេលបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣ កន្លងមក នឹងមិនកើតឡើងច្រំដែលទៀតទេ»។
ទោះជាបែបណា លោក សុរិយា ស៊ូប៊ែឌី បញ្ជាក់ថា អង្គការសហប្រជាជាតិ នៅតែព្រួយបារម្ភអំពីវាសនាអនាគតរបស់បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត និងសកម្មជនបក្សសង្គ្រោះជាតិ ទាំង ៨នាក់ ដែលតុលាការទើបដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះ ថានឹងអាចប្រឈមការចោទប្រកាន់ណាមួយយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុផលជម្លោះនយោបាយនៅពេលណាមួយជាក់ជាមិនខាន។ លោកបានអំពាវនាវដល់មេដឹកនាំបក្សទាំងពីរ ធ្វើការរួមគ្នាក្នុងភាពទទួលខុសត្រូវ ក្នុងការអនុវត្ត និងត្រួតពិនិត្យនៃការគោរពសិទ្ធិមនុស្សដោយឯករាជ្យ។
ស្រដៀងគ្នាដែរ លោកស្រី ពុង ឈីវកេក នាយិកាអង្គការលីកាដូ (Licadho) ក៏សាទរជំនួបចរចាទទួលជោគជ័យរវាងមេដឹកនាំកំពូលគណបក្សទាំងពីរនេះដែរ។ ប៉ុន្តែ លោកស្រីបានសំណូមពរទៅដល់មេដឹកនាំគណបក្សទាំងពីរ ត្រូវធ្វើរួមគ្នាដឹកនាំប្រទេសឲ្យស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីឲ្យពលរដ្ឋរួចផុតពីការគំរាមកំហែង និងសង្គមជាតិរីកចម្រើន។
លោកស្រីក៏ស្នើដល់រដ្ឋាភិបាល ឬបក្សទាំងពីរ សហការគ្នាលុបបំបាត់សកម្មភាពហិង្សា និងគំរាមកំហែងផ្សេងៗ ឲ្យអស់ពីសង្គមកម្ពុជា នាថ្ងៃអនាគត៖ «ធ្វើម៉េចឲ្យប្រជាពលរដ្ឋខ្មែរយើងបានទទួលសេរីភាពគ្រប់គ្រាន់ដូចនៅក្នុងរដ្ឋធម្មនុញ្ញ ដូចនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ តែប៉ុណ្ណឹង ប្រជាជនបានសុខ ហើយអាចអភិវឌ្ឍប្រទេសជាតិបាន។ ហើយសុំម្យ៉ាងទៀត ឲ្យធ្វើម៉េចដាក់ក្នុងកិច្ចព្រមព្រៀងទីក្រុងភ្នំពេញ នេះដាក់ថានឹងកែស្ថាប័នជាតិឲ្យបានឯករាជ្យ សុំឲ្យមានស្ថាប័នជាតិមួយឯករាជ្យ គឺប្រព័ន្ធតុលាការ»។
ទាក់ទិនបញ្ហានេះដែរ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសជប៉ុន ដោយបានអបអរសាទរពីភាពជោគជ័យនៃជំនួបចរចា រវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឈានដល់បញ្ចប់វិវាទនយោបាយជាប់គាំងនៅក្រោយការបោះឆ្នោតសភានីតិកាលទី៥ នៅកម្ពុជា។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២២ ខែកក្កដា បានកត់សម្គាល់ជាដំបូងថា រដ្ឋាភិបាលជប៉ុន ស្វាគមន៍ចំពោះការព្រមព្រៀងគ្នារវាងមេដឹកនាំកំពូលៗរបស់គណបក្សកាន់អំណាច និងបក្សប្រឆាំង នៅកម្ពុជា។
រដ្ឋមន្ត្រីការបរទេសជប៉ុន បញ្ជាក់ថា ជប៉ុន បានតាមដានស្ថានការណ៍នយោបាយយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីកើតមានអំពើហិង្សាគួរឲ្យសោកស្ដាយមួយ កាលពីថ្ងៃទី១៥ ខែកក្កដា នៅក្បែរទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសជប៉ុន បញ្ជាក់ថា កន្លងមក រដ្ឋាភិបាលជប៉ុន បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ ឬគណបក្សឈ្នះអាសនៈសភានីតិកាលទី៥ទាំងពីរ ឲ្យប្រឹងប្រែងស្វែងរកដំណោះស្រាយបញ្ចប់វិវាទនយោបាយជាប់គាំងនៅកម្ពុជា ឲ្យបានឆាប់។
ទោះយ៉ាងណា ប្រទេសជប៉ុន មានជំនឿថា តាមរយៈកិច្ចព្រមព្រៀងរវាងមេដឹកនាំកំពូលគណបក្សនយោបាយទាំងពីរ នឹងនាំឲ្យមានការបង្រួបបង្រួម និងផ្សះផ្សាជាតិរីកចម្រើនទៅមុខ ហើយរដ្ឋសភាកម្ពុជា នឹងមានដំណើរការជាប្រក្រតីឡើងវិញក្នុងពេលដ៏ឆាប់។
ត្រង់ចំណុចនេះ ប្រទេសជប៉ុន ចង់ឲ្យគណបក្សទាំងពីរបន្តពិភាក្សា និងសហប្រតិបត្តិការឈានដល់ធ្វើកំណែទម្រង់ផ្សេងៗ ដើម្បីជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមជាតិ តាមរយៈការពិភាក្សាគ្នាប្រកបដោយស្មារតីស្ថាបនានៅក្នុងរដ្ឋសភា។
នៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងបន្តតាមដានសភាពការណ៍វិវឌ្ឍន៍នៅកម្ពុជា ដោយយកចិត្តទុកដាក់។ បន្ថែមលើនេះ ក៏បន្តគាំទ្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ផ្សេងៗ រួមទាំងកសាងប្រទេសជាតិឲ្យរីកចម្រើននាថ្ងៃអនាគតថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
