ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី ថ្លែងព្រះរាជសន្ទរកថានៅក្នុងមហាសន្និបាតអង្គការយូណេស្កូ លើកទី៤១ ដោយផ្តោតលើសមិទ្ធផលសំខាន់ៗដែលអង្គការយូណេស្កូបានដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជានៅប្រទេសបារាំងកាលពីថ្ងៃ១២ ខែវិច្ឆិកា។
ព្រះអង្គមានព្រះរាជបន្ទូលនៅចំពោះមុខមេដឹកនាំជាង ២០ប្រទេសដែលបានមកចូលរួមនៅទីក្រុងប៉ារីសថា អង្គការយូណេស្កូនៅកម្ពុជាធ្វើការក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា (UNDAF) ឆ្នាំ២០១៩-២០២៣ ដែលសំដៅលើកកម្ពស់វិស័យអប់រំ បរិស្ថាន ព័ត៌មាន និងមរតកវប្បធម៌ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។
មហាសន្និបាតអង្គការយូណេស្កូលើកទី៤១ ដែលជាខួបលើកទី៧៥ នៃអង្គការយូណេស្កូ (UNESCO) បានផ្តើមចាប់តាំងពីថ្ងៃទី១០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាប្រធានគណៈប្រតិភូរដ្ឋាភិបាលអ្នកស្រី ភឿង សកុណា ក៏បានថ្លែងកាលពីថ្ងៃទី១២ ខែវិច្ឆិកាថា រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តអភិរក្ស ថែរក្សា និងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ប្រាសាទរបស់កម្ពុជាចំនួន៣ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាមរយៈមហាសន្និបាតអង្គការយូណេស្កូ រួមមាន ប្រាសាទអង្គរត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩២បន្ទាប់មកប្រាសាទព្រះវិហារកាលពីឆ្នាំ២០០៨និងតំបន់ប្រាសាទសម្បូរព្រៃគុកកាលពីឆ្នាំ២០១៧។
ចំណែកសម្បត្តិវប្បធម៌អរូបិយ ចំនួន៥ ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូផងដែរ រួមមាន ល្ខោនខោល ដាក់បញ្ចូលនៅឆ្នាំ២០១៨ ចាប៉ីដងវែង នៅឆ្នាំ២០១៦ ល្បែងទាញព្រ័ត្រ នៅឆ្នាំ២០១៥ របាំព្រះរាជទ្រព្យ នៅឆ្នាំ២០០៣ និងល្ខោនស្រមោលស្បែកធំ នៅឆ្នាំ២០០៥។ ជាមួយគ្នានេះ គុនល្បុក្កតោ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជាស្នើអង្គការយូណេស្កូឲ្យពិចារណាដើម្បីដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។