គណបក្សប្រឆាំងអ្នកវិភាគ និងពលរដ្ឋមួយចំនួនរិះគន់ចំពោះគម្រោងដំឡើងតំណែងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី។
ពួកគាត់ថា នាយករដ្ឋមន្ត្រី ជាបងដំឡើងតំណែងឲ្យប្អូនខ្លួនឯងយ៉ាងដូចច្នេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំបែបបក្ខពួកនិយម និងពង្រឹងអំណាចក្រុមគ្រួសារនិយម ដែលនាំឲ្យមានវិបត្តិធ្ងន់ធ្ងរក្នុងសង្គម។
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគនយោបាយមើលឃើញថា លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ចង់ដំឡើងតំណែងឲ្យប្អូនគឺលោក ហ៊ុន ម៉ានី ឲ្យទៅកាន់ដំណែងជាឧបនាយករដ្ឋមន្ត្រីនៅពេលនេះ គឺអាចជាការដោះស្រាយ វិបត្តិធំៗមួយចំនួនដែលកំពុងកើតមានឡើងក្នុងក្រុមគ្រួសារត្រកូលហ៊ុន និងទំនាស់ផលប្រយោជន៍ផ្ទៃក្នុងបក្សកាន់អំណាច។
អតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន មើលឃើញថា ក្រៅពីនេះទៀតការដំឡើងតំណែងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី នៅពេលនេះក៏ជាសេនារីយោមួយរបស់ក្រុមគ្រួសារត្រកូលហ៊ុន ក្នុងការបន្តអំណាចដឹកនាំប្រទេសបែបផ្ដាច់ការបក្ខពួកនិយមដើម្បីពង្រឹងអំណាចក្រុមគ្រួសារនិយមឲ្យមានសុវត្ថិភាព។
លោកបន្តថា ការធ្វើបែបនេះ នាំឲ្យរដ្ឋាភិបាលថ្មី បន្តពីឪពុកមកកូន ក្លាយជារដ្ឋាភិបាលមានក្បាលធំចម្លែកជាងគេនៅលើពិភពលោក និងជាការផ្ទេរអំណាចតពូជ។
លោក អ៊ំ សំអាន៖ «រដ្ឋាភិបាលក្បាលធំអ៊ីចឹងមិនមែនចិញ្ចឹមប្រជាពលរដ្ឋទេគឺឲ្យប្រជាពលរដ្ឋជាអ្នកចិញ្ចឹមរដ្ឋាភិបាលហ្នឹងតាមរយៈការចាប់ជំរិតប្រជាពលរដ្ឋឲ្យបង់ពន្ធចូលរដ្ឋ និងនាំឲ្យមានអំពើពុករលួយបក្ខពួកនិយម គ្រួសារនិយម រំលោភអំណាច មានភាពអយុត្តិធម៌ក្នុងសង្គមចុះខ្សោយនីតិរដ្ឋនិងអភិបាលកិច្ចល្អ...»។
រដ្ឋសភានឹងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីស្របតាមស្នើរបស់ លោក ហ៊ុន ម៉ាណែត។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានឧបនាយករដ្ឋមន្ត្រីចំនួន១០នាក់ និងទេសរដ្ឋមន្ត្រី២១នាក់ ដូច្នេះប្រសិនបើតែងតាំងលោក ហ៊ុន ម៉ានី ម្នាក់ទៀត នឹងឡើងដល់ចំនួន ១១នាក់ ហើយទេសរដ្ឋមន្ត្រីនឹងមានចំនួនដល់ទៅ ២៣នាក់ និងរដ្ឋមន្ត្រី មាន៣០នាក់។ ដូច្នេះបើគិតសរុបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ចាប់ពីអនុរដ្ឋលេខាធិការ រហូតដល់នាយករដ្ឋមន្ត្រី មានចំនួន ប្រហែល ១ពាន់៦ រយនាក់ (១,៦០០នាក់)។
ចំណែកប្រជាពលរដ្ឋ និងយុវជនមួយចំនួនវិញក៏មើលឃើញស្រដៀងគ្នានេះដែរ។ ពលករខ្មែរធ្វើការនៅប្រទេសថៃ កញ្ញា រឿយ ស៊ីន ចាត់ទុកការតែងតាំង លោក ហ៊ុន ម៉ានី នេះគឺជាការពង្រឹងអំណាចរបស់ក្រុមគ្រួសារត្រកូល ហ៊ុន ដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋឡើយ។
កញ្ញា រឿយ ស៊ីន៖ «ខ្ញុំមើលឃើញថា គាត់តែងតាំងគឺជាការតែងតាំងបន្តពូជមិនមែនបន្តវេន បើដូចថា យុវជនគឺបន្តវេនទៅដូចជាទំពាំងស្នងឫស្សី ដើម្បីប្រទេសជាតិ ប៉ុន្តែគ្រួសារត្រកូលហ៊ុននេះ គឺគាត់ធ្វើរបៀបបន្តពូជ ដើម្បីតែក្រុមគ្រួសាររបស់គាត់ គាត់មិនដែលជួយប្រជាពលរដ្ឋយើងឱ្យមានសិទ្ធិសេរីភាពមានតែការគាបសង្កត់»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងថា ការតែងតាំងលោក ហ៊ុន ម៉ានី នេះគឺស្របតាមស្មារតីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សជាប់ឆ្នោត។
លោក សុខ ឥសាន៖ «គ្រួសារនិយមគ្រួសាររបស់គណបក្សប្រជាជនកម្ពុជាគ្រប់គ្នា គ្រួសារទេវតាអាហ្នឹងវាអ៊ីចឹង វាជានិន្នាការគណបក្សណាក៏ដោយ កាលណាឈ្នះឆ្នោតមិនអាចយកមន្ត្រីគណបក្សផ្សេងយកមកតែងតាំងទេ គឺគណបក្សណាឈ្នះឆ្នោតគឺគណបក្សនោះយកមន្ត្រីរបស់ខ្លួនមកតែងតាំងជាពិសេសគណបក្សប្រជាជនកម្ពុជា មាននីតិវិធីធ្វើត្រឹមត្រូវ»។
រីឯអ្នកវិភាគសង្គម និងនយោបាយ លោក គឹម សុខ វិញ មើលឃើញថា ការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីពេលនេះ បង្ហាញថា លោក ហ៊ុន ម៉ា ណែត លែងទុកទុក្ខចិត្តមន្ត្រីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាលមួយចំនួនធំ ក្នុងផែនការទ្រទ្រង់អំណាចត្រកូលហ៊ុនឲ្យរឹងមាំយូរអង្វែង ដូច្នេះការតែងតាំង លោក ហ៊ុន ម៉ានី នេះគឺជាការពង្រឹងវិស័យអំណាចផ្ទៃក្នុងរបស់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ា ណែត ដោយគេប្រើយុទ្ធសាស្ត្ររុញ លោក ហ៊ុន ម៉ានី ឲ្យមានអំណាចកៀកនឹងនាយករដ្ឋមន្ត្រី ហើយដើរតួជាសំណាញ់ក្រសោបអំណាចប្រកបដោយសុវត្ថិភាព និងជាខែលសម្រាប់បង្ក្រាបកុំឲ្យមានចរន្តបះបោរផ្ទៃក្នុងបក្ស។
លោក គឹម សុខ៖ «ពីព្រោះអីផ្ទៃក្នុងរបស់រដ្ឋាភិបាលវាសំខាន់ជាងគេ ករណីរដ្ឋាភិបាលមានភាពច្របូកច្របល់យ៉ាងណា គឺអាផ្ទៃក្នុងស៊ីវិលវានឹងផ្ទុះមុនគេ មុនកងទ័ពទៅទៀត អ៊ីចឹងហើយបានជាឲ្យ ហ៊ុន ម៉ានី ពង្រឹងការត្រួតពិនិត្យផ្ទៃក្នុងហ្នឹង និងមានអំណាចស្នូលប្រហាក់ប្រហែលនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងត្រួតពិនិត្យគ្រប់ស្ថាប័នរដ្ឋទាំងអស់»។
ក្រៅពីត្រៀមតែងតាំង លោក ហ៊ុន ម៉ានី ឱ្យឡើងជាឧបនាយករដ្ឋមន្ត្រីនោះ កន្លងទៅលោក ហ៊ុន ម៉ាណែត ក៏បានតែងតាំងលោក នេត សាវឿន ដែលត្រូវជាបងថ្លៃជីដូនមួយរបស់លោកឡើងជាឧបនាយករដ្ឋមន្ត្រី និងទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី នៅពេលអវត្តមានរបស់លោកដែរ ខណៈឪពុកក្មេករបស់លោក គឺលោក ពេជ សោភ័ន តែងតាំងជាទេសរដ្ឋមន្ត្រី ។ ចំណែក លោក ហ៊ុន សែន ដែលជាឪពុកបង្កើត ក៏នឹងក្លាយជាប្រធានព្រឹទ្ធសភា ហើយទទួលភារកិច្ចប្រមុខរដ្ឋស្ដីទី។ នេះនៅមិនទាន់គិតដល់បងប្អូន បងបង្កើត និងបងប្អូនសាច់ថ្លៃជាច្រើននាក់ទៀត ព្រមទាំងសាច់ញាតិ ជិតឆ្ងាយរបស់ លោក ហ៊ុន ម៉ាណែត ដែលកំពុងកាន់តួនាទីសំខាន់ៗនៅតាមក្រសួងស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងក្ដោបក្ដាប់សេដ្ឋកិច្ចស្រុកខ្មែរទាំងមូលផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
