ឯកអគ្គរដ្ឋទូត​អាមេរិក​ទៅ​ធ្វើ​ទស្សនកិច្ច​បណ្ណាល័យ​សម្ដេច​ម៉ែ

0:00 / 0:00

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក ផាទ្រីក ម័រហ្វី (Patrick Murphy ) និង​ភរិយា​បាន​អញ្ជើញ ទស្សនកិច្ច​ "បណ្ណាល័យ​សម្ដេច​ម៉ែ" នៅ​ថ្ងៃ​ទី២៦ តុលា ម្សិលមិញ។

លោក ផាទ្រីក ម័រហ្វី (Patrick Murphy ) ប្រាប់​កាសែត​ក្នុង​ស្រុក​ថា លោក​រីករាយ​ដែល មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ចងក្រង​ប្រវត្តិសាស្ត្រ​កម្ពុជា បង្កើត​បណ្ណាល័យ សម្ដេច​ម៉ែ​នេះ​ឡើង។ លោក​បញ្ជាក់​ថា ការ​បង្កើត​បណ្ណាល័យ​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្វែង​យល់​អំពី​ព្រឹត្តិការណ៍ ដែល​កើត​មាន​នៅ​ក្នុង​អតីតកាល ជាពិសេស ការ​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​សន្តិភាព និង​ការ​ផ្សះផ្សា​ជាតិ។ លោក​បន្ថែម​ថា សហរដ្ឋ​អាមេរិក មាន​ទិសដៅ​ស្រប​គ្នា​ជាមួយ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​កាល​ពី​ខែកញ្ញា​ថា បណ្ណាល័យ​សម្ដេចម៉ែ​ មិន​មែន​គ្រាន់​តែ​ជា​ទីតាំង​សម្រាប់​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ តែ​ប៉ុណ្ណោះ​នោះ​ទេ វា​ជា​កេរដំណែល​របស់​សម្ដេច​ម៉ែ​ និង​ស្ត្រី​កម្ពុជា​គ្រប់រូប។ ស្ត្រី​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​រួញរា​ក្នុង​ការ​ស្ដារ លើកស្ទួយ និង​កសាង​ប្រទេស​ជាតិ​សា​ជាថ្មី តាម​រយៈ​ការ​ចិញ្ចឹម​បីបាច់​គ្រួសារ ក្ដាប់​យក និង​ពង្រីក​ឱកាស​សេដ្ឋកិច្ច អភិរក្ស ការពារ និង​ពង្រឹង​សហគមន៍ វប្បធម៌ និង​ប្រទេស​ជាតិ​របស់​ខ្លួន​ ក្រោយ​ពេល​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ។ បណ្ណាល័យ​សម្ដេច​ម៉ែ បង្កើត​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ស្ត្រី​កម្ពុជា ទាំង​នៅ​ក្នុង​អតីតកាល បច្ចុប្បន្ន និង​អនាគត។ បណ្ណាល័យ​នេះ តម្កល់​ឯកសារ​ជាង ១លាន ៧សែន​ទំព័រ។

សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​សម្ពោធ​បណ្ណាល័យ​សម្ដេច​ម៉ែ​នៃ​វិទ្យាស្ថាន​ស្លឹករឹត ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ២០២០។

បណ្ណាល័យ​សម្ដេច​ម៉ែ តម្កល់​ទុក​សៀវភៅ​ប្រមាណ​ជាង ៣.០០០ក្បាល និង​ឯកសារ​ចំនួន ២.៨០០ប្រអប់​ ដែល​ប្រមែប្រមូល​ដោយ​លោក​ឯកអគ្គរាជទូត​បណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស ក្នុង​អំឡុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៃ​ការ​ងារ​ចង​ក្រង​កត់ត្រា​ឯកសារ​របស់​លោក​ស្ដីពី​រាជវង្សានុវង្ស និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា។

​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ឯក​អគ្គ​រដ្ឋទូត​អាមេរិក និង​ក្រុម​ការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ពិភាក្សា​លើ​ប្រធានបទ​មួយ​ចំនួន​ដូចជា បញ្ហា​សង្គមកិច្ច សុខភាព​ជន​រង​គ្រោះ​ពី​សម័យ​ខ្មែរក្រហម​នៅ​ក្នុង​រយៈ​កាល​នៃ​ជំងឺ​កូវីដ១៩ និង​គ្រោះ​ទឹក​ជំនន់។ ការ​ប្រមែប្រមូល​បទសម្ភាសន៍​ពី​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម ដែល​នៅ​សេសសល់​ប្រមាណ ៤លាន​នាក់​ផ្សេង​ទៀត និង​កិច្ច​ពិភាក្សា​បាន​ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង ដែល​ជា​ទីតាំង​តស៊ូ​ចុង​ក្រោយ​របស់​ខ្មែរក្រហម​ដើម្បី​បង្កើន​ សក្ដានុពល​វិស័យ​ទេសចរណ៍​និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ព្រមទាំង​ថែរក្សា​តំបន់​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ នៅ​ក្នុង​ទីតាំង​នេះ និង​បញ្ហា​មួយ​ចំនួន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។