អាមេរិក​និង​កម្ពុជា​ធ្វើ​ពិធី​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​៣​នាក់

0:00 / 0:00

មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​មន្ត្រី​គណៈកម្មាធិការ​ទទួល​បន្ទុក​ឈ្លើយ​សឹក និង​យុទ្ធជន​បាត់​ខ្លួន​នៃ​ប្រទេស​កម្ពុជា បាន​ធ្វើ​ពិធី​មាតុ​ភូមិ​និវត្តន៍​អដ្ឋិធាតុ ដែល​គេ​ជឿ​ថា អាច​ជា​បំណែក​ឆ្អឹង​របស់​ទាហាន​​អាមេរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម​វៀតណាម។

ពិធី​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​​ទាហាន​អាមេរិក បាត់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា អំឡុង​ពេល​សង្គ្រាម​វៀតណាម ចំនួន ៣​នាក់ បាន​ចាប់​ផ្ដើម​នៅ​ម៉ោង ១០ និង ៣០​នាទី ព្រឹក​ថ្ងៃ​ពុធ ទី​២ ខែ​មេសា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​មាន​មន្ត្រី​កម្ពុជា និង​អាមេរិក​រាប់​រយ​នាក់​ចូល​រួម។

លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា និង​លោក សៀង ឡាប្រេស អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​កម្ពុជា ទទួល​បន្ទុក​ឈ្លើយ​សឹក និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម បាន​​ចូល​​​​រួម​​​ក្នុង​ពិធី​នេះ។

លោក វីល្លៀម ថត មាន​ប្រសាសន៍​ថា អដ្ឋិធាតុ​ទាំង​នេះ​អាច​ជា​ឆ្អឹង​របស់​ទាហាន​អាមេរិក ដែល​បាន​ស្លាប់​ក្នុង​កាតព្វកិច្ច​បម្រើ​ប្រទេស​ជាតិ​ជាង ៤០​ឆ្នាំ​មុន។ លោក​បន្ត​ថា ក្នុង​នាម​លោក​ជា​កូន​ប្រុស​​អ្នក​​បើក​​​​ឧទ្ធម្ភាគចក្រ ដែល​ធ្លាប់​ចូល​រួម​ក្នុង​បេសកកម្ម​សង្គ្រាម​វៀតណាម ចំនួន ២​ដង រូប​លោក​ពិតជា​មាន​កិត្តិយស​ដែល​បាន​ចូល​រួម​ពិធី​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​ដ៏​មាន​សារសំខាន់​នេះ។

លោក​បន្ត​ថា ការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក បាត់​ខ្លួន​នៅ​កម្ពុជា អាមេរិក​បាន​ស្នើ​កិច្ច​សហការ​ពី​រដ្ឋាភិបាល​​​​កម្ពុជា ​តាំង​ពី​ឆ្នាំ​១៩៩២ មក​ម្ល៉េះ។ លោក​បន្ត​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ក្រុម​ការងារ​ចម្រុះ អាមេរិក​និង​កម្ពុជា បាន​បញ្ចប់​បេសកកម្ម​ថ្មី​បំផុត ដោយ​បាន​រក​ឃើញ​អដ្ឋិធាតុ​ដែល​គេ​ជឿ​ថា អាច​​ជា​បំណែក​ឆ្អឹង​របស់​ជនជាតិ​អាមេរិក បាត់​ខ្លួន​នៅ​កម្ពុជា។

លោក វីល្លៀម ថត បាន​ថ្លែង​អំណរគុណ​ក្នុង​នាម​ពលរដ្ឋ​អាមេរិក និង​លោក បារាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ជូន​ចំពោះ​ពលរដ្ឋ និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជួយ​ស្វែង​រក​អដ្ឋិធាតុ​ពលរដ្ឋ​អាមេរិក បាត់​ខ្លួន​ក្នុង​សង្គ្រាម​វៀតណាម កន្លង​មក។

លោក សៀង ឡាប្រេស ជា​អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​កម្ពុជា ទទួល​បន្ទុក​ឈ្លើយ​សឹក និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម។ លោក​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​នោះ​ថា សកម្មភាព​ពុះពារ​គ្រប់​ឧបសគ្គ​របស់​ក្រុម​ការងារ​កម្ពុជា និង​អាមេរិក ដើម្បី​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក បាត់​ខ្លួន​កន្លង​មក បាន​នាំ​មក​នូវ​ថ្ងៃ​បញ្ចប់​នៃ​ការ​ទន្ទឹង​រង់ចាំ​យ៉ាង​​​ក្រៀមក្រំ​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ។

លោក​បន្ត​ថា កម្ពុជា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក បាត់​ខ្លួន​នៅ​ថ្ងៃ​អនាគត​ជា​បន្ត​ទៀត៖ «អាមេរិកាំង​គេ​មាន​ឯកសារ​របស់​គេ។ ជនជាតិ​គេ​ស្លាប់​នៅ​កន្លែង​ត្រង់​ណាៗ​នោះ គឺ​គេ​មាន​កន្លែង​របស់​គេ។ អ៊ីចឹង​យើង​សហការ​បាន​ជិតស្និទ្ធ​ណាស់។ យើង​អត់​លេង​សើច​បាន​ទេ ពីព្រោះ​ជា​បេសកកម្ម​មនុស្សធម៌​សុទ្ធសាធ ដូច​សម្ដេច​នាយក​មាន​ប្រសាសន៍​អ៊ីចឹង»

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ថានទូត​អាមេរិក បាន​ឲ្យ​ដឹង​ថា ទាហាន​អាមេរិក ចំនួន ៩០​នាក់ បាន​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​សង្គ្រាម​វៀតណាម។ រហូត​មក​ដល់​ពេល​នេះ បំណែក​ឆ្អឹង​នៃ​ទាហាន​​ចំនួន ៣៧​នាក់ បាន​រក​ឃើញ និង​កំណត់​អត្តសញ្ញាណ​រួច​ហើយ។ ប៉ុន្តែ​នៅ​មាន​ទាហាន​អាមេរិក​ចំនួន ៥៣​នាក់​ផ្សេង​ទៀត​នៅ​​បន្ត​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។