"ជំនួប​រវាង​មេដឹកនាំ​កម្ពុជា និង​ប្រមុខ​ការទូត​វៀតណាម មិន​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា"

0:00 / 0:00

មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង និង​អ្នកវិភាគ ថា ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រមុខ​ការទូត​វៀតណាម មិន​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​នោះ​ទេ។ ការ​លើកឡើង​នេះ ខណៈ​ដែល​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពីរ​ថ្ងៃ​ដោយ​ជួបពិភាក្សា​ជាមួយ​លោក ហ៊ុន សែន អំពី​វិបត្តិ​របស់​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) និង​បញ្ហា​ពាក់ព័ន្ធ​របស់​អាស៊ាន រួម​ទាំង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​និង​អ្នកវិភាគ​នយោបាយ លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​វៀតណាម​នៅ​កម្ពុជា គឺជា​ការ​ប្រើ​ឥទ្ធិពល ដើម្បី​ស្វែងរក​ផលប្រយោជន៍​ពី​កម្ពុជា​ដែល​កំពុង​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​វៀតណាម​មក​កម្ពុជា មិនមែន​គ្រាន់តែ​ដើម្បី​សរសើរ​និង​គាំទ្រ​លោក ហ៊ុន សែន រឿង​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទំនងជា​មក​ដាក់​សម្ពាធ​កុំ​ឲ្យ​កម្ពុជា​លម្អៀង​ទៅ​រក​ចិន ពន្លឿន​ការ​បោះបង្គោល​ព្រំដែន និង​ផ្តល់​ភាព​ស្របច្បាប់​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ជាដើម៖ «វៀតណាម ព្រួយបារម្ភ​រឿង​កម្ពុជា​លម្អៀង​ទៅ​ខាង​ចិន ម្ល៉ោះ​ហើយ​ទើប​បានជា​វៀតណាម មក​កម្ពុជា​ពេល​នេះ ទោះបីជា​ប្រធានាធិបតី​វៀតណាម ទើប​មក​ហើយ​ក៏ដោយ ក៏​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​មក​បន្ថែម​ទៀត​ដើម្បី​ប្រាប់​កម្ពុជា​ថា កុំ​លម្អៀង​ទៅ​ចិន​ខ្លាំងពេក ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ព្រោះ​វៀតណាម ក៏​ធ្លាប់​ជួយ​កម្ពុជា ហើយ​លោក ហ៊ុន សែន ក៏​វៀតណាម ធ្លាប់​ជួយ​លើក​បន្តុប​កន្លងមក​ដែរ តាំងពី​ទសវត្ស​ទី​៨០​មក​ម្ល៉េះ​។ មួយទៀត អាច​មក​ពន្លឿ​ន​ដើម្បី​បោះ បង្គោល​ព្រំដែន ព្រោះ​វៀតណាម​មិនដែល​ខាន​ទេ​រឿង​ព្រំដែន រឿង​ទឹកដី​នេះ ។ មួយទៀត ខ្ញុំ ក៏​យល់ថា វៀតណាម​ប្រាកដជា​រំលឹក​ឲ្យ​កម្ពុជា​ផ្តល់​ភាព​ស្របច្បាប់ ជួយ​ទំនុកបម្រុង​ដល់​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា»។

ការ​បញ្ចេញ​ទស្សនៈ​បែបនេះ ស្រប​ពេល​រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ មករា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បាន​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជួប​ជាមួយ​មន្ត្រី​កំពូលៗ​កម្ពុជា​ច្រើន​នាក់​ទៀត​រួម​ទាំង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ជាដើម​។​

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក កៅ គឹមហួន ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា ក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ប្រមុខ​ការទូត​វៀតណាម បាន​លើក​សរសើរ​លោក ហ៊ុន សែន រឿង​ទៅ​មីយ៉ាន់ម៉ា ថា ជា​កិច្ចការ​ដ៏​មានតម្លៃ ព្រមទាំង​គាំទ្រ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​។ ក្រៅ​ពី​នេះ ភាគី​ទាំងពីរ បាន​ប្ដេជ្ញា​បន្ត​រក្សា​សន្តិភាព​តាម​ព្រំដែន ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ ព្រមទាំង​បង្កើន​ការ​តភ្ជាប់​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជាមួយគ្នា​បន្ថែម​ទៀត​ផង​ដែរ។

ទោះជា​យ៉ាងណា អ្នកវិភាគ​នយោបាយ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ យល់​ថា ដំណើរ​ទស្សនកិច្ច​នេះ មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​ធំ​ដំ​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ គ្រាន់តែ​វៀតណាម ជួយ​លើកមុខ​លោក ហ៊ុន សែន ដែល​កំពុង​រង​ការរិះគន់​រឿង​ទៅ​មី​យ៉ាន់​ម៉ា​តែប៉ុណ្ណោះ​។​លោក ជឿថា ក្នុង​ជំនួប​ជាមួយ​ក្រុម​មេដឹកនាំ​កម្ពុជា​នោះ ប្រមុខ​ការទូត​វៀតណាម ប្រាកដជា​លើកឡើង​រឿង​ជំហរ កម្ពុជា​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ព្រមទាំង​ផ្តល់​យោបល់ ឲ្យ​កម្ពុជា ចេះ​សម្រប​ខ្លួន​ដើម្បី​កុំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​កិច្ចប្រជុំ​អាស៊ាន៖ «រឿង​ដែល​សំខាន់​បំផុត គឺ​វៀតណាម បារម្ភ​ថា អាស៊ាន និង អាមេរិក មិន​អាច​ប្រជុំ​បាន ហើយ​មិន​អាច​ប្រជុំ​បាន​ទេ វា​ខូច​ដល់​គម្រោង​នៃ​ផលប្រយោជន៍​ដ៏​ធំ​របស់​វៀតណាម ទាំង​ផលប្រយោជន៍​ពី​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ - អាមេរិក និង​ផលប្រយោជន៍​អាមេរិក​ -​ វៀតណាម​ដែល​វៀតណាម​គ្រោង​ដាក់​គម្រោង ច្រើនណាស់​ជាមួយ​សហរដ្ឋអាមេរិក ពេល​ដែល​កិច្ចប្រជុំ​អាមេរិក និង​អាស៊ាន​។ ទាក់ទង​កម្ពុជា និង​វៀតណាម​ផ្ទាល់​វិញ ខ្ញុំ​ឃើញ​រឿង​២​ដែល​វៀតណាម​ប្រឹង​ជំរុញ​ទី​១ គឺ​ផ្តល់​ឯកសារ​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម​រាប់​សែន​នាក់​និង​ការ​ពន្លឿន​អភិវឌ្ឍ តំបន់ត្រីកោណ​ដែល​កម្ពុជា​មាន​ខេត្ត​៤ គឺ​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី»។

កន្លងមក ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ជា​ឯកតោភាគី​ទៅ​ប្រទេស​មីយ៉ាន់ម៉ា បណ្តាល​ឲ្យ​មានការ​រិះគន់​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​សំខាន់ៗ​មួយចំនួន​ដូចជា​សិង្ហ​បុរី​(Singapore) និង​ម៉ាឡេស៊ី ប៉ុន្តែ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​កុម្មុយនីស្ត​មួយចំនួន​ដូចជា​ប្រទេស​ចិន និង​វៀតណាម​ជាដើម។​អ្វី​ដែល​សមាជិក​អាស៊ាន​មួយចំនួន រិះគន់​នោះ ព្រោះតែ​លោក ហ៊ុន សែន ព្យាយាម​ទទួលស្គាល់​របប​សឹក​ភូមា និង​ចង់​ឲ្យ​មេដឹកនាំ​យោធា​ភូមា ចូលរួម​កិច្ចប្រជុំ​អាស៊ាន ខណៈ​ដែល​របប​សឹក​ភូមា មិនបាន​អនុវត្ត​តាម​កិច្ច​ព្រមពៀង​រួម​៥​ចំណុច​របស់​អាស៊ាន ដោយ​នៅតែ​បន្ត​បាញ់ប្រហារ និង​កាប់សម្លាប់​ប្រជាជន​ភូមា​ដែល​តវ៉ា​ចង់បាន​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដែល​គ្រោង​ធ្វើ​កាលពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែមករា ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​កាល​កំណត់។

ក្រុម​អ្នកឃ្លាំមើល យល់​ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន លោក ហ៊ុន សែន គួរតែ​ប្រកាន់​ជំហរ​ពហុភាគី​និយម ទើប​អាច​ជួយ​ឱ្យ​កម្ពុជា រៀបចំ​កិច្ចប្រជុំ​កំពូល និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទាំងឡាយ​របស់​អាស៊ាន​បាន​ដោយ​រលូន និង​អាច​ទាក់ទាញ​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។