មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសវៀតណាមអ្នកស្រី ផាំ ធូ ហាង (Pham Thu Hang) ទទួលស្គាល់ថាគណនីមួយចំនួនដែលរិះគន់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅលើបណ្ដាញសង្គមតិកតុក (TikTok) មានប្រភពចេញពីប្រទេសវៀតណាម ពិតប្រាកដមែន ប៉ុន្តែមិនតំណាងឱ្យរដ្ឋាភិបាលវៀតណាមនោះទេ។ ការឆ្លើយតបរបស់ភាគីវៀតណាមនេះ អ្នកឃ្លាំមើលយល់ថា ដើម្បីឱ្យលោក ហ៊ុន សែន ស្ងប់ចិត្ត។
សារព័ត៌មានVietnam Express ដកស្រងការលើកឡើងរបស់អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាមអ្នកស្រី ផាំ ធូ ហាង នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែឧសភា ថា គណនីមួយចំនួនដែលរិះគន់លោក ហ៊ុន សែន គឺជាការបញ្ចេញមតិផ្ទាល់ខ្លួន មិនតំណាងឱ្យរដ្ឋាភិបាល និងប្រជាជនវៀតណាមទាំងមូលឡើយ។
អ្នកស្រីការពារថា រដ្ឋាភិបាលវៀតណាម មិនគាំទ្រចំពោះការបញ្ចេញមតិញុះញង់និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរនោះទេ។
ជុំវិញការឆ្លើយតបនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យ ក្រសួងបរទេសកម្ពុជាលោក ជុំ សន្ទរី បានទេ នៅថ្ងៃទី២៤ ខែឧសភា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
កាលពីថ្ងៃទី២០ ខែឧសភា រដ្ឋមន្ត្រីការបរទេសកម្ពុជា បានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាមកសួរនាំ ជុំវិញរឿងខ្លឹមសារជេរប្រមាថលោក ហ៊ុន សែន នៅលើបណ្ដាញសង្គមតិកតុក (TikTok)។
ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែឧសភា ស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយវៀតណាមស្រាវជ្រាវរកមុខអ្នកដែលបានបង្ហោះខ្លឹមសារជេរប្រមាថលោក ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន។
ទោះជាយ៉ាងណា អ្នកនាំពាក្យព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាអាណត្តិមុន គឺលោក ម៉ម ប៊ុននាង សុំមិនធ្វើអត្ថាធិប្បាយដោយថាអាណត្តិទី៥នេះមិនទាន់មានការតែងតាំងអ្នកនាំពាក្យថ្មីនៅឡើយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែឧសភា ថា ការឆ្លើយរបស់ភាគីវៀតណាមនេះគឺដើម្បីការពារប្រយោជន៍ប្រជាពលរដ្ឋខ្លួនផងនិងបង្ហាញពីការគួរសមក្នុងកម្រិតការទូតឱ្យលោក ហ៊ុន សែន ស្ងប់ចិត្ត។ លោកថា រដ្ឋាភិបាលវៀតណាមមិនហ៊ានចាត់វិធានការឬធ្វើអ្វីឱ្យប្រជាពលរដ្ឋខ្លួនថ្នាំងថ្នាក់ចិត្តឡើយ។
លោក ម៉ែន ណាត៖«បើប៉ះពាល់ដល់កម្មវិធីនយោបាយផ្ទៃក្នុងជាតិរបស់គេ!គេអាចចាត់វិធានការលើពលរដ្ឋគេដែរ ក៏ប៉ុន្តែបើសិនទិតៀនហ្នឹងប៉ះពាល់ដល់ផ្ទៃក្នុងជាតិរបស់បរទេសជិតខាងរបស់វៀតណាម គឺវៀតណាមគេធ្វើមិនដឹង មិនឮទេ។ អាហ្នឹងជាពិសោធមួយ ដែលពួកជនជាតិវៀតណាមធ្វើបាតុកម្មដុតរោងចក្រចិនប៉ុន្មានឆ្នាំមុន កាលពីឆ្នាំ២០១៨។ ដុតហើយវៀតណាមចាប់មនុស្ស២ ទៅ ៣ នាក់យកទៅអប់រំ រៀនសូត្រ បន្ទាប់មកដោះលែងវិញ។ គេការពារប្រជាពលរដ្ឋគេតើ គេគ្រាន់តែធ្វើបំពេញមុខការទូត»។
កាលពីពេលថ្មីៗភាគីវៀតណាម ក៏បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាផ្ដល់ព័ត៌មាន លម្អិតអំពីគម្រោងព្រែកជីកហ្វូណនដល់ខ្លួន។ ការទាមទារនេះ ក្រោយពីអ្នកជំនាញ របស់រដ្ឋាភិបាលវៀតណាមវាយតម្លៃ ថា ព្រែកជីកហ្វូណននេះ មិនត្រឹមតែបម្រើឱ្យ សេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កផលប៉ះពាល់ដល់បរិស្ថាន និងថែមទាំងបម្រើឱ្យវិស័យយោធារបស់ចិនទៀតផង។
ក្រុមអ្នកវិភាគមួយចំនួនអះអាងថា ការធ្វើដូច្នេះ គឺជានយោបាយប្រជាភិថុតិរបស់ ត្រកូល«ហ៊ុន» និងគណបក្សប្រជាជនកម្ពុជា ដើម្បីលាងជម្រះកម្អែលដានប្រវត្តិ សាស្ត្រ ដែលក្រុមមេដឹកនាំកម្ពុជា និងគណបក្សកាន់អំណាចបច្ចុប្បន្នជា «អាយ៉ង» របស់វៀតណាម។ ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួន ក៏នៅតែគាំទ្រកម្ពុជាឱ្យជីកព្រែកជីកហ្វូណនជាប្រវត្តិសាស្ត្រនេះដែរ ដើម្បីឱ្យកម្ពុជាឈប់ពឹងផ្អែកលើការដឹកជញ្ជូនផ្លូវទឹកឆ្លងកាត់តាមវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។