ពលរដ្ឋ​ជិត​២០%​នៅ​ខេត្ត​សៀមរាប​និង​ខេត្ត​ព្រះវិហារ​នៅ​តែ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត

0:00 / 0:00

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា រហូត​ដល់​ម៉ោង ៣​រសៀល​ថ្ងៃ​ពុធ ទី​៣០ ខែ​សីហា បើ​ទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​បន្ថែម​មួយ​ថ្ងៃ​ទៀត ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​មក​ចុះ​ឈ្មោះ​ក៏ដោយ ក៏​ចំនួន​អ្នក​មក​ចុះ​ឈ្មោះ​ពេល​នេះ គឺ​បាន​តែ ៨២% នៃ​ចំនួន​អ្នក​ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​ប៉ុណ្ណោះ។

មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប យល់​ថា ការ​បាត់​ចំនួន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​មិន​មក​ចុះ​ឈ្មោះ​បោះឆ្នោត ដោយសារ​តែ​មូលហេតុ​ច្រើន​យ៉ាង អាច​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស និង​ខ្លះ​ទៀត​ខ្វះ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​ខ្លួន ជាដើម។

ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​លាងដៃ ចម្ងាយ​ប្រមាណ​ជិត ២០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា គ.ជ.ប បាន​បន្ថែម​មួយ​ថ្ងៃ​សម្រាប់​ឲ្យ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​បន្ត​ទៀត​ក៏ដោយ ក៏​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​ក្នុង​ឃុំ​របស់​គេ មិន​សូវ​មាន​មនុស្ស​ចេញ​ចូល​មក​ចុះ​ឈ្មោះ​ទេ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​វិច្ឆិកា។

ប្រធាន​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​លាងដៃ គឺ​លោក ហាស់ សំបូរ។ លោក​មាន​ប្រសាសន៍​កាល​ពី​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​ពុធ ថា មាន​មនុស្ស​តែ​ជាង ១០​នាក់​ប៉ុណ្ណោះ​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ។ លោក ហាស់ សំបូរ បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ឃុំ​លាងដៃ ទាំងមូល អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រមាណ​ជាង ៦.២០០​នាក់ ក៏ប៉ុន្តែ​រយៈពេល ៩០​ថ្ងៃ​កន្លង​ទៅ គឺ​មាន​ប្រជាពលរដ្ឋ​ចំនួន​តែ ៨២% ទេ​ដែល​មក​ចុះ​ឈ្មោះ​បោះឆ្នោត។

ប្រធាន​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​ដដែល​យល់​ថា មាន​មូលហេតុ​ជាច្រើន​ដែល​ប្រជាពលរដ្ឋ​ចំនួន ១៨% ទៀត​មិន​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត៖ « ប្រហែល​ជា​បង​ប្អូន​ខ្លះ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ខ្លះ​ទៀត​ខ្វះ​ឯកសារ​បញ្ជាក់​ អត្តសញ្ញាណ​ដើម្បី ​ចុះ​ឈ្មោះ ឯ​ខ្លះ​ ទៀត​ស្លាប់ ជាដើម »

អាជ្ញាធរ​ឃុំ​លាងដៃ ក៏​យល់​ស្រប​ទៅ​នឹង​តួលេខ​របស់​ក្រុម​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​អះអាង​ថា​ប្រជាពលរដ្ឋ​ចំនួន ១៨% នៅ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ដែរ។

មេ​ឃុំ​លាងដៃ លោក ខុង ឆន មាន​ប្រសាសន៍​ថា ក្រៅ​ពី​ប្រជាពលរដ្ឋ​ខ្លះ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ខ្លះ​ខ្វះ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ គឺ​ពលរដ្ឋ​ខ្លះ​ទៀត​មិន​ចាប់​អារម្មណ៍​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តែ​ម្ដង៖ « មាន​ការ​សោកស្ដាយ​ណាស់​ចំពោះ​អ្នក​មិន​មក​ចុះ​ឈ្មោះ​បោះឆ្នោត ពីព្រោះ​ខ្ញុំ​បាន​និយាយ​ប្រាប់​ទៅ​មេ​ភូមិ​ ជាច្រើន​ដង ឲ្យ​ពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា »

អ្នក​ដែល​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ខ្លះ​និយាយ​ថា ពួក​គេ​យឺតយ៉ាវ​ដោយសារ​តែ​ទៅ​ធ្វើ​ការ​នៅ​ឯ​ខេត្ត​ឆ្ងាយ និង​ខ្លះ​ទៀត​មិន​មាន​អត្តសញ្ញាណប័ណ្ណ ជាដើម។

ស្ត្រី​ឈ្មោះ សែន ភី នៅ​ភូមិ​ដូនឪ ដែល​ទើប​តែ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា ពីព្រោះ​តែ​រូប​គាត់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​មិន​ទាន់​បាន៖ « ខ្ញុំ​អត់​មាន​អត្តសញ្ញាណប័ណ្ណ សួរ​ទៅ​ គេ​ថា​ មិន​ទាន់​ធ្លាក់​មកៗ ទើប​មក​ចុះ​ឈ្មោះ​មិន​បាន »

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប លោក នឹម វ៉ាន់សំ ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា គ.ជ.ប បាន​បន្ថែម​មួយ​ថ្ងៃ​ទៀត​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឲ្យ​មន្ត្រី​បន្ត​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ទៅ​ក្នុង​បញ្ជី​ថ្មី​ក៏ដោយ ក៏​ពលរដ្ឋ​ដែល​មក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​តែ ៨២% នៃ​ចំនួន​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​ជាង ៥៩​ម៉ឺន​នាក់​នោះ។

ចំណែក​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ព្រះវិហារ វិញ​ឲ្យ​ដឹង​ថា ខេត្ត​នោះ​មាន​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​ប្រមាណ​ជាង ១៣​ម៉ឺន ៤​ពាន់​នាក់ ក៏ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​តែ ៨៥% ប៉ុណ្ណោះ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។