ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប ឲ្យដឹងថា រហូតដល់ម៉ោង ៣រសៀលថ្ងៃពុធ ទី៣០ ខែសីហា បើទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្ថែមមួយថ្ងៃទៀត ឲ្យប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មីមកចុះឈ្មោះក៏ដោយ ក៏ចំនួនអ្នកមកចុះឈ្មោះពេលនេះ គឺបានតែ ៨២% នៃចំនួនអ្នកដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតសរុបប៉ុណ្ណោះ។
មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប យល់ថា ការបាត់ចំនួនប្រជាពលរដ្ឋជាច្រើនដែលមិនមកចុះឈ្មោះបោះឆ្នោត ដោយសារតែមូលហេតុច្រើនយ៉ាង អាចចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស និងខ្លះទៀតខ្វះឯកសារបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ជាដើម។
ក្រុមចុះឈ្មោះបោះឆ្នោតនៅឃុំលាងដៃ ចម្ងាយប្រមាណជិត ២០គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប ឲ្យដឹងថា បើទោះបីជា គ.ជ.ប បានបន្ថែមមួយថ្ងៃសម្រាប់ឲ្យចុះឈ្មោះអ្នកបោះឆ្នោតបន្តទៀតក៏ដោយ ក៏នៅការិយាល័យចុះឈ្មោះក្នុងឃុំរបស់គេ មិនសូវមានមនុស្សចេញចូលមកចុះឈ្មោះទេនៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា។
ប្រធានក្រុមចុះឈ្មោះបោះឆ្នោតឃុំលាងដៃ គឺលោក ហាស់ សំបូរ។ លោកមានប្រសាសន៍កាលពីម៉ោងជាង ១០ព្រឹកថ្ងៃពុធ ថា មានមនុស្សតែជាង ១០នាក់ប៉ុណ្ណោះដែលបានមកចុះឈ្មោះបោះឆ្នោតនៅថ្ងៃចុងក្រោយនេះ។ លោក ហាស់ សំបូរ បញ្ជាក់ទៀតថា នៅក្នុងឃុំលាងដៃ ទាំងមូល អ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតប្រមាណជាង ៦.២០០នាក់ ក៏ប៉ុន្តែរយៈពេល ៩០ថ្ងៃកន្លងទៅ គឺមានប្រជាពលរដ្ឋចំនួនតែ ៨២% ទេដែលមកចុះឈ្មោះបោះឆ្នោត។
ប្រធានក្រុមចុះឈ្មោះបោះឆ្នោតដដែលយល់ថា មានមូលហេតុជាច្រើនដែលប្រជាពលរដ្ឋចំនួន ១៨% ទៀតមិនបានមកចុះឈ្មោះបោះឆ្នោត៖ « ប្រហែលជាបងប្អូនខ្លះចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ខ្លះទៀតខ្វះឯកសារបញ្ជាក់ អត្តសញ្ញាណដើម្បី ចុះឈ្មោះ ឯខ្លះ ទៀតស្លាប់ ជាដើម »។
អាជ្ញាធរឃុំលាងដៃ ក៏យល់ស្របទៅនឹងតួលេខរបស់ក្រុមអ្នកចុះឈ្មោះបោះឆ្នោត ដែលអះអាងថាប្រជាពលរដ្ឋចំនួន ១៨% នៅមិនទាន់បានចុះឈ្មោះបោះឆ្នោតនោះដែរ។
មេឃុំលាងដៃ លោក ខុង ឆន មានប្រសាសន៍ថា ក្រៅពីប្រជាពលរដ្ឋខ្លះចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ខ្លះខ្វះឯកសារបញ្ជាក់អត្តសញ្ញាណ គឺពលរដ្ឋខ្លះទៀតមិនចាប់អារម្មណ៍នឹងការចុះឈ្មោះបោះឆ្នោតតែម្ដង៖ « មានការសោកស្ដាយណាស់ចំពោះអ្នកមិនមកចុះឈ្មោះបោះឆ្នោត ពីព្រោះខ្ញុំបាននិយាយប្រាប់ទៅមេភូមិ ជាច្រើនដង ឲ្យពលរដ្ឋមកចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា »។
អ្នកដែលមកចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី៣០ ខែវិច្ឆិកា ខ្លះនិយាយថា ពួកគេយឺតយ៉ាវដោយសារតែទៅធ្វើការនៅឯខេត្តឆ្ងាយ និងខ្លះទៀតមិនមានអត្តសញ្ញាណប័ណ្ណ ជាដើម។
ស្ត្រីឈ្មោះ សែន ភី នៅភូមិដូនឪ ដែលទើបតែមកចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី៣០ ខែវិច្ឆិកា ឲ្យដឹងថា ពីព្រោះតែរូបគាត់ធ្វើអត្តសញ្ញាណប័ណ្ណមិនទាន់បាន៖ « ខ្ញុំអត់មានអត្តសញ្ញាណប័ណ្ណ សួរទៅ គេថា មិនទាន់ធ្លាក់មកៗ ទើបមកចុះឈ្មោះមិនបាន »។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប លោក នឹម វ៉ាន់សំ ឲ្យដឹងថា បើទោះបីជា គ.ជ.ប បានបន្ថែមមួយថ្ងៃទៀតនៅថ្ងៃទី៣០ ខែវិច្ឆិកា ឲ្យមន្ត្រីបន្តចុះឈ្មោះអ្នកបោះឆ្នោតទៅក្នុងបញ្ជីថ្មីក៏ដោយ ក៏ពលរដ្ឋដែលមកចុះឈ្មោះបោះឆ្នោតបានតែ ៨២% នៃចំនួនអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតសរុបជាង ៥៩ម៉ឺននាក់នោះ។
ចំណែកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះវិហារ វិញឲ្យដឹងថា ខេត្តនោះមានអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតសរុបប្រមាណជាង ១៣ម៉ឺន ៤ពាន់នាក់ ក៏ប៉ុន្តែមានប្រជាពលរដ្ឋតែ ៨៥% ប៉ុណ្ណោះដែលបានចុះឈ្មោះបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
