អ្នកឃ្លាំមើលលើកឡើងថា ព្រះមហាក្សត្រគួរតែជំរុញឱ្យអ្នកនយោបាយបក្សកាន់អំណាច ដែលដោយដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ងាកមកគោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញ ដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកការរីកចម្រើន ព្រោះថាបញ្ហាទាំងនេះ គឺជាក្ដីប្រាថ្នារបស់ប្រជារាស្ត្រគ្រប់រូបជាយូរមកហើយ។ ការលើកឡើងនេះ ស្របដែលរដ្ឋាភិបាលកំពុងត្រៀមរៀបចំព្រះរាជពិធីបួងសួង របស់ព្រះមហាក្សត្រ នៅមុខប្រាសាទអង្គរវត្ត នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីសុំសេចក្ដីសុខចម្រើនដល់ប្រជារាស្ត្រខ្មែរ។
ស្របពេលប្រជារាស្ត្រកំពុងជួបទុក្ខលំបាក ដោយសារតែបញ្ហាសេដ្ឋកិច្ចធ្លាក់ គ្មានការងារទៀងទាត់ជំពាក់បំណុលវ័ណ្ឌកនិង បញ្ហាជាប់គាំងនយោបាយជាដើម ប្រជារាស្ត្រតែងតែសញ្ជឹងចង់ឃើញ ព្រះមហាក្សត្រ មានព្រះរាជបន្ទូល និងធ្វើព្រះរាជអន្តរាគមន៍ ឱ្យអ្នកនយោបាយផ្សះផ្សាគ្នាឡើងវិញ ទាំងបក្សកាន់អំណាច និងបក្សប្រឆាំង ដើម្បីឆ្ពោះទៅរកការដឹកនាំប្រទេសតាមគន្លងទសពិធរាជធម៌ពិតប្រាកដ ដើម្បីប្រជាពលរដ្ឋ មាននូវសេចក្ដីសុខសាន្តត្រាណ ។
ព្រះរាជតួនាទីដ៏សំខាន់ព្រះមហាក្សត្រ គឺស្វែងរកការផ្សះផ្សាជាតិ
អ្នកសិក្សាបញ្ហាសង្គម និងនយោបាយ លោក ប៉ោ មករា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែមីនា ថា ការត្រៀមរៀបចំពិធីបួងសួង របស់ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅខាងមុខ ប្រាសាទអង្គរវត្ត នៅមុនថ្ងៃចូលឆ្នាំខ្មែរនេះ គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ព្រះមហាក្សត្រមុនៗ ដែលតែងតែប្រារព្ធឡើងដើម្បីបួងសួងសុំសិរីសួស្ដី និង សេចក្ដីសុខចម្រើនជូនប្រជារាស្ត្រ។ លោកបន្តថា លើសពីនោះព្រះមហាក្សត្រ ក៏មានព្រះរាជតួនាទីដ៏សំខាន់ គឺស្វែងរកការផ្សះផ្សាជាតិ ដើម្បីជំរុញឱ្យអ្នកនយោបាយចេះសាមគ្គី និងរួបរួមគ្នាឡើង ដែលព្រះអង្គគួរតែមាន ព្រះរាជបន្ទូលដែរ។
លោក ប៉ោ មករា៖«នៅក្នុងមាត្រ៨ ព្រះមហាក្សត្រ ព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះអង្គមានព្រះរាជសិទ្ធិក្នុងការបង្រួបបង្រួមនយោបាយ បង្រួបបង្រួមប្រជាពលរដ្ឋឱ្យមានការស្រុះស្រួលគ្នា ឱ្យមានការសាមគ្គីគ្នាឡើង។ បញ្ហាទាំងនេះ ព្រះអង្គអាចជំរុញឱ្យ រាជរដ្ឋាភិបាល ឱ្យអ្នកអនុវត្តច្បាប់ ឱ្យតុលាការក្នុងការគោរពសិទ្ធិមនុស្ស។ ក្នុងការបើកលំហ លទ្ធិប្រជាធិបតេយ្យ និងឱ្យពលរដ្ឋចូលរួមក្នុងស្ថានភាពនយោបាយ ដោយពេញលេញ និងគ្មានការភ័យខ្លាច»។
នៅថ្ងៃទី១១ ខែមីនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គុយ សុផល រួមនឹងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងត្រៀមរៀបចំព្រះរាជពិធីបួងសួងរបស់ព្រះមហាក្សត្រ ដើម្បីសុំសេចក្ដីសុខចម្រើនដល់ប្រជារាស្ត្រ និងប្រទេសជាតិ។ លោកគុយ សុផល បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃដដែលនេះថា ព្រះរាជពិធីនេះ គឺជាការបង្ហាញអំពីសីលធម៌របស់ប្រជាជនខ្មែរដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកដីទេវតារក្សាលោក និងបុព្វបុរសខ្មែរ។ ទន្ទឹមនោះលោកថា នេះគឺជាទំនៀមទម្លាប់ប្រពៃណីនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាពលរដ្ឋ គ្រប់រូបបានរក្សា និងគោរពមកជាយូរហើយ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គុយ សុផល ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១១ ខែមីនា។
អ្នកឃ្លាំមើលរំពឹងថា ព្រះមហាក្សត្រដើរតាមលំនាំព្រះបាទជ័យវរ្ម័នទី៧
ទោះជាយ៉ាងណា ការត្រៀមរៀបចំព្រះរាជពិធីបួងសួងរបស់មហាក្សត្រ ប្រជារាស្ត្រ និងអ្នកឃ្លាំមើល រំពឹងថា ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គគួរតែ ឆ្លៀតក្នុងឱកាសនោះ ជំរុញឱ្យអ្នកនយោបាយ ងាកមកដឹកនាំប្រទេសឆ្ពោះទៅរកភាពរីកចម្រើន និង ចាត់ទុកទុក្ខលំបាករបស់ប្រជារាស្ត្រជាធំ ជាជាងច្បាមអំណាចដើម្បីតែបក្សពួកនិយម ។ ការណ៍នេះ គឺដើម្បី រំលឹកនិងដើរតាមលំនាំព្រះបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គធ្លាប់បានផ្ដាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជារាស្ត្រឱ្យដឹងតៗគ្នាមកថា «ទុក្ខរបស់ប្រជារាស្ត្រ ជាទុក្ខរបស់ព្រះអង្គ»។
ទាក់ទិនរឿងនេះអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ហាក់ស្ទាក់ស្ទើរ ក្នុងការធ្វើអត្ថាធិប្បាយ លើករណីនេះ ប៉ុន្តែលោកថា ការរៀបចំព្រះរាជពិធីបួងសួងសុំសិរីសួស្ដីដល់ប្រទេសជាតិ និងប្រជារាស្ត្រ របស់ព្រះមហាក្សត្រ នៅពេលខាងមុននេះ គឺជាព្រះរាជសារមួយសំខាន់ដើម្បីជំរុញឱ្យអ្នកនយោបាយ គិតគូរពីទុក្ខលំបាករបស់ប្រជារាស្ត្រ ព្រោះថា បច្ចុប្បន្ន ព្រះអង្គមានតែមធ្យោបាយមួយនេះទេ ដែលព្រះអង្គ មានព្រះរាជកិច្ចអាចធ្វើបាន។
លោក ឯម សុវណ្ណារ៉ា៖«ខ្ញុំគិតថា ទោះជាយ៉ាងណា ជាសារ ជាការដាស់ស្មារតីឱ្យអ្នកនយោបាយ ឱ្យពិចារណា ឱ្យគិតលើរឿងសុខសន្តិភាព សេរីមង្គល ដល់ពលរដ្ឋនៅក្នុងប្រទេស។ ថ្វីត្បិតតែ អត់មានមធ្យោបាយអីផ្សេង តែលោកមានតែមមធ្យោបាយនេះទេ តាមទស្សនៈខ្ញុំ។ យើងឃើញ យើងដឹងទាំងអស់គ្នា។ យើងពិបាកធ្វើការអត្ថាធិប្បាយណាស់ កិច្ចការហ្នឹង»។
អត្ថបទដែលទាក់ទង៖
[ ព្រះមហាក្សត្រ ដាស់តឿនពលរដ្ឋកុំឱ្យបារម្ភពីការគាបសង្កត់ណាមួយពេលទៅបោះឆ្នោតOpens in new window ]
សេចក្ដីប្រកាសរបស់រដ្ឋាភិបាល ចុះនៅថ្ងៃទី៤ ខែមីនា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំព្រះរាជពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី១១ ដល់១២ ខែមេសា។ ក្នុងនោះឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គុយ សុផល ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ហ៊ុន ម៉ានី គឺជាអនុប្រធាន ចំណែក អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការរៀបចំរៀបចំបុណ្យជាតិ លោក ឈិន កេតនា គឺជាអនុប្រធានអចិន្ត្រៃយ៍។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលលើកឡើងថា ការរៀបចំព្រះរាជពិធីបួងសួង របស់ព្រះមហាក្សត្រ នៅឆ្នាំនេះ គឺដើម្បីបង្វែរការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋ ខណៈដែលកន្លងមក ពិធីនេះ គេសង្កេតឃើញភាគច្រើនមានតែមន្ត្រីរដ្ឋាភិបាល និង កូនចៅគ្រួសារត្រកូល«ហ៊ុន»ប៉ុណ្ណោះ ជាអ្នករៀបចំបួងសួង នៅពេល ជិតចូលឆ្នាំខ្មែរម្ដងៗ។ ជាមួយគ្នានោះ កន្លងមកព្រះសង្ឃ និងអ្នកឃ្លាំមើល យល់ថា សេចក្ដីសុខសម្រាប់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរគ្រប់រូប មិនមែនកើតឡើងដោយសារតែការបន់ស្រន់នោះទេ។ ក៏ប៉ុន្តែសេចក្ដីសុខ និងស្ថិរភាពយូរអង្វែង កើតមានឡើងពិតប្រាកដតាមរយៈទង្វើល្អដែលមេដឹកនាំជាអ្នកប្រព្រឹត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។