អ្នក​សង្កេតការណ៍​ថា កម្ពុជា​ត្រូវ​ពង្រឹង​ផ្ទៃក្នុង​ជាង​ពឹង​មហាអំណាច ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ

0:00 / 0:00

កំពូល​មហា​អំណាច​ទាំង​ពីរ គឺ​សហរដ្ឋ​អាមេរិក និង​ចិន កំពុង​ប្រជែង​ឥទ្ធិពល​គ្នា​យ៉ាង​ស្រួច​ស្រាល់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក។ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​បាន​បង្ហាញ​ជំហរ​គាំទ្រ​សហរដ្ឋ​អាមេរិក និង​ខ្លះ​ទៀត​គាំទ្រ​ប្រទេស​ចិន។ ដោយ​ឡែក កម្ពុជា​ដែល​មាន​គោល​នយោបាយ​អព្យាក្រឹត​ ត្រូវ​បាន​ក្រុម​អ្នក​សង្កេតការណ៍​វាយ​តម្លៃ​ថា កំពុង​លម្អៀង​កាន់​តែ​ខ្លាំង​ទៅ​រក​ក្រុង​ប៉េកាំង និង​បង្កើត​ភាព​រកាំរកូស​ច្រើន​ជាមួយ​សហរដ្ឋ​អាមេរិក។ ទោះ​ជា​បែប​នេះ​ក្ដី ទាំង​សហរដ្ឋ​អាមេរិក និង​ចិន បន្ត​អះអាង​ថា ពួក​គេ​គាំទ្រ​ដល់​អធិបតេយ្យ​កម្ពុជា​។ តើ​កម្ពុជា​គួរ​ធ្វើ​បែប​ណា ដើម្បី​កុំ​ឱ្យ​ផុង​ខ្លួន​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​នេះ?

គណបក្ស​ប្រឆាំង និង​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ លើក​ឡើង​ថា កម្ពុជា​ត្រូវ​តែ​ពង្រឹង​ឯកភាព​ផ្ទៃក្នុង និង​ប្រកាន់​នយោបាយ​អព្យាក្រឹត ជាង​រំពឹង​លើ​ប្រទេស​មហាអំណាច ដើម្បី​រក្សា​អធិបតេយ្យ ឬ​ភាព​ម្ចាស់​ការ​របស់​ខ្លួន​។ ជាពិសេស ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានា​ថា ខ្លួន​មិន​លម្អៀង​ខ្លាំង​ពេក​ទៅ​រក​មហាអំណាច​ចិន ដែល​នាំ​ហានិភ័យ​ដល់​សន្តិសុខ​តំបន់។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ប្រទេស​​ចិន និង​សហរដ្ឋ​អាមេរិក​ សុទ្ធតែ​បាន​បញ្ជាក់​ជំហរ​គាំទ្រ​អធិបតេយ្យ​កម្ពុជា ប៉ុន្តែ​លោក​យល់ថា មហាអំណាច​ទាំងពីរ​មាន​ទិស​ដៅ​នយោបាយ​ផ្សេងគ្នា។ លោក​ថា សហរដ្ឋ​អាមេរិក​ទំនង​គ្រាន់​តែ​ចង់​ឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ ហើយ​ធ្វើ​ខ្លួន​ឱ្យ​ក្លាយ​ជា​ប្រទេស​អព្យាក្រឹត​ដូច​មាន​ចែង​ក្នុងរដ្ឋ​ធម្មនុញ្ញ និង​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ ចំណែកប្រទេស​ចិន​វិញ លោក​ជឿ​ថា ចិន​មាន​បំណង​យក​កម្ពុជា​ជា​ទីតាំង​យុទ្ធសាស្ត្រ​ ដើម្បី​អនុវត្ត​គោលនយោបាយ​វាតទីនិយម​របស់​ខ្លួន ជាង​ការ​ជួយ​ពង្រឹង​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា៖ « បើ​កាល​ណា ហ៊ុន សែន គាត់​យក​កម្ពុជា​ទៅ​ដាក់​ឱ្យ​ចិន​ធ្វើ​ជា​មូលដ្ឋាន​យោធា សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​មួយ​ដែរ ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មួយ​ដែរ ក៏​អាមេរិក​មិន​អាច​នៅ​ស្ងៀម​បាន​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់ ព្រោះ​អាមេរិក​ក៏​ត្រូវ​ធានា​ក្នុង​តំបន់​ឱ្យ​វា​មាន​សន្តិសុខ​ល្អ​ដែរ »

ប្រទេស​ចិន​បាន​ដាក់​ចេញ​នូវ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ ដែល​ជា​​យុទ្ធសាស្ត្រ​រយៈពេល​វែង ដើម្បី​ឈាន​ឡើង​ជា​មហាអំណាច​ពិភពលោក​ទី​មួយ ខណៈ​បច្ចុប្បន្ន​ចិន​ជា​មហាអំណាច​លេខ​ពីរ​តាម​ពីក្រោយ​សហរដ្ឋ​អាមេរិក។ តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​នេះ របប​ក្រុង​ប៉េកាំង​បាន​ផ្តល់​ជំនួយ និង​កម្ចី​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដល់​ក្រុម​ប្រទេស​ដែល​ចូល​រួម និង​គាំទ្រ​គម្រោង​ខ្នាត​យក្ស​មួយ​នេះ។

របបលោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ ហើយ​ចិន​ក៏​បាន​ផ្តល់​ជំនួយ និង​កម្ចី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដល់​របប​នេះ​ជា​បន្ត​បន្ទាប់។ ក្រៅ​ពី​ជំនួយ​អភិវឌ្ឍន៍​ ចិន​បាន​ផ្តល់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​​ទៀត​លើ​វិស័យ​យោធា​ដល់​របប​ក្រុង​ភ្នំពេញ និង​បាន​ប្រកាស​ធ្វើ​ជា​ខ្នង​បង្អែក​របស់​របប​ក្រុងភ្នំពេញ នៅ​ពេល​ក្រុម​ប្រទេស​លោក​ខាង​លិច​ថ្កោល​ទោស និង​ព្រមាន​ដាក់​ទណ្ឌកម្ម​ឆ្លើយតប​នឹង​​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​រំលាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត អំឡុង​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​កម្ពុជា ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) បាន​អះអាង​ថា ចិន​នៅ​តែ​បន្ត​គាំទ្រ​កម្ពុជា​យ៉ាង​រឹងមាំ ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​រក្សា​បាន​នូវ​អធិបតេយ្យ​ដ៏​ថ្លៃថ្នូរ​របស់​ខ្លួន។

ចំណែក សហរដ្ឋ​អាមេរិក​វិញ​បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​ថា សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ចិត្ត​គាំទ្រ​​ដល់​អធិបតេយ្យ​កម្ពុជា។ សហរដ្ឋ​អាមេរិក​អះអាង​ថា ខ្លួន​​ស្វាគមន៍​រាល់​កិច្ច​សន្ទនា​ស្ដីពី​តម្រូវ​ការ​ និង​អ្វី​ដែល​សហរដ្ឋ​អាមេរិក​អាច​ជួយ​បាន ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដើម្បី​ឱ្យ​កម្ពុជា​រក្សា​បាន​នូវ​ឯករាជ្យ និង​គាំទ្រ​ដល់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​សេរី និង​បើក​ទូលាយ។ ការ​ប្រកាស​បែប​នេះ​របស់​សហរដ្ឋ​អាមេរិក កើត​មាន​ឡើង​ក្រោយ​របប​លោក ហ៊ុន សែន វាយ​កម្ទេច​អាគារ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដោយ​ស្ងាត់ៗ ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​អាក់​អន់​ចិត្ត និង​ដាក់​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​លើ​ការ​អនុញ្ញាត​ឱ្យ​យោធា​ចិន​បោះ​ទីតាំង​នៅ​មូលដ្ឋាន​កង​ទ័ព​រាម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា រដ្ឋ​ធម្មនុញ្ញ​ធានា​យ៉ាង​ពេញលេញ​​នូវ​អធិបតេយ្យ​ជាតិ ប៉ុន្តែ​កម្ពុជា​ហាក់​កំពុង​បាត់​បង់​ភាព​ម្ចាស់​ការ​បណ្ដើរៗ ហើយ តាម​រយៈ​ការ​នយោបាយ​លម្អៀង​ទៅ​រក​របស់​លោក ហ៊ុន សែន។ លោក​បន្ត​ថា មេ​ដឹក​នាំ​ក្រាញ​អំណាច​រូប​នេះ​កំពុង​តែ​យក​ជាតិ​ខ្មែរ​ជា​ល្បែង​ភូមិសាស្ត្រ​នយោបាយ ដោយ​ជ្រើស​រើស​យក​ប្រទេស​ចិន​ជា​ខ្នង​បង្អែក។ លោ​ក​ជឿ​ថា ល្បែង​នយោបាយ​នេះ​បើ​នៅ​តែ​បន្ត​ទៀត នោះ​នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​លោក ហ៊ុន សែន ខ្លួន​ឯង​ផ្ទាល់ និង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល៖ « បើ​ដើរ​តាម​គោលការណ៍​នៃ​រដ្ឋ​ធម្មនុញ្ញ យើង​គោរព​សិទ្ធិមនុស្ស យើង​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ទៅ គឺ​ប្រទេស​ណាមួយ​អត់​អាច​មក​រំលោភ​បំពាន​ដើម្បី​យក​ចំណេញ​ពី​យើង​បាន​ទេ ដូច​ប្រទេស​ចិន​ក្តី សហរដ្ឋ​អាមេរិក​ក្តី ប្រទេស​ជិត​ខាង​ក្តី សុទ្ធ​តែ​ជា​ហត្ថលេខី។ ហើយ​បើ​ប្រទេស​ណាមួយ​មាន​បំណង​បំពាន​ គឺ​យើង​អាច​ស្នើសុំ​ឱ្យ​មាន​ការ​កោះ​ប្រជុំ​សន្និសីទ​ទីក្រុង​ប៉ារីស​ឡើង​វិញ​បាន ដើម្បី​និយាយ​ពី​រឿង​ទាំង​អស់​នេះ។ ប៉ុន្តែ លោក ហ៊ុន សែន ហ្នឹង គាត់​បាន​ដើរ​ឆ្ងាយ​ចេញ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហើយ »

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែង​ថា កម្ពុជា​ប្រកាន់​គោល​នយោបាយ​ការ​បរទេស​មិន​លម្អៀង ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ លោក​យល់ថា ការ​ដែល​សហរដ្ឋ​អាមេរិក និង​ចិន​ ប្រកាស​គាំទ្រ​អធិបតេយ្យ​កម្ពុជា គឺ​ដោយ​សារ​មហាអំណាច​ទាំងពីរ​ សុទ្ធតែ​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​​ក្រុង​ប៉ារីស ដែល​មាន​ចំណែក​ជួយ​ដល់​កម្ពុជា។ លោក​សង្កត់ធ្ងន់​ថា កម្ពុជា​មិន​ចង់​បង្កើត​ទំនាស់​ជាមួយ​ប្រទេស​ណា​នោះ​ទេ ជាពិសេស ប្រទេស​មហាអំណាច​តែ​ម្ដង ព្រោះ​កម្ពុជា​ជា​ប្រទេស​តូច និង​ធ្លាប់​ឆ្លងកាត់​សោកនាដកម្ម​រាប់​មិន​អស់​ក្នុង​អតីតកាល៖ « យើង​ចៀសវាង​ណាស់​អំពី​បញ្ហា​បដិវាទកម្ម​ជាមួយ​បណ្ដា​ប្រទេសជិតខាង ប្រទេស​នៅ​ក្នុង​តំបន់ ហើយ​ប្រទេស​នៅ​លើ​ពិភព​លោក​ទាំងមូល។ យើង​មិន​ចង់​ឱ្យ​មាន​អរិភាព​ជាមួយ​គ្នា​ទេ ក៏​ប៉ុន្តែ​ដែល​លឺ​ពាក្យ​ថា​អរិភាព ពាក្យ​តាន​តឹង ភាព​ធូរ​ស្រាល​នេះ វា​មក​តែ​ពី​រឿង​អ្នក​វិភាគ អា​ហ្នឹង​អ៊ីចឹង។ យើង​កុំ​រត់​តាម​ខួរ​ក្បាល​អ្នកវិភាគ អត់​ត្រូវ​ទេ។ យើង​យក​ការ​ជាក់​ស្ដែង ហើយ​មាន​បញ្ហា​និយាយចំៗ​ជាមួយ​គ្នា​មក។ អា​ហ្នឹង មានន័យ​ថា យើង​យល់​ចិត្ត​គ្នា​ហើយ វា​អត់​មាន​បញ្ហា​ដែល​សង្ស័យ​អ្វី​ទៀត​ទេ។ ហើយ​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ ដូច​ខ្ញុំ​ប្រៀប​ថា ស្រមោច​អ៊ីចឹង យើង​មាន​ហេតុ​ផល​អ្វី យើង​មាន​កម្លាំង​អ្វី យើង​មាន​មធ្យោបាយ​អ្វី​ទៅ​ប្រឆាំង​ជាមួយ​ដំរី​នោះ »

ទោះ​ជា​បែប​នេះ​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ទទួល​ស្គាល់​ថា លោក​ដឹកនាំ​លម្អៀង​ទៅ​រក​ចិន ព្រោះ​លោក​ងាយ​ស្រួល​ធ្វើ​ការ​ជាមួយ។ លោក​ថែម​ទាំង​បញ្ជាក់​ទៀត​ថា បើ​​ចិន​មិន​ជួយ​​ទេ មិន​ដឹង​ថា ប្រទេស​ណា​ជួយ​កម្ពុជា​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​ខ្នាត​ធំ​នោះ​ទេ។ ថ្មីៗ នេះ​ទៀត លោក ហ៊ុន សែន បា​ន​ស៊កសៀត​ឱ្យ​សហភាព​អឺរ៉ុប​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គង់​តែ​ត្រូវ​បាត់​បង់​នៅ​ថ្ងៃ​ណា​មួយ​ តែ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន គឺ​នៅ​គង់​វង្ស​ជា​រៀង​រហូត។

ប្រទេស​ចិន គឺ​ជា​ដៃ​គូ​អភិវឌ្ឍន៍​ធំ​ជាងគេ​របស់​កម្ពុជា តែ​ក៏​ជា​ម្ចាស់​បំណុល​ធំជាង​គេ​របស់​កម្ពុជា​ដែរ។ គិត​ត្រឹម​ចុង​ឆ្នាំ២០១៨ កម្ពុជា​ជំពាក់​បំណុល​​ចិន​​ជាង ៤ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ចំណោម​បំណុល​បរទេស​សរុប​ជាង ៩ពាន់​លាន​ដុល្លារ។ ស្ថាប័ន​អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​ព្រួយ​បារម្ភ​ថា ជំនួយ និង​កម្ចី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ អាច​នឹង​រុញច្រាន​កម្ពុជា​ឱ្យ​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន ហើយ​ចុង​ក្រោយ​កម្ពុជា​នឹង​បាត់​ឯករាជ្យ​លើ​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​របស់​ខ្លួន។

ក្រៅ​ពី​នេះ ក្រុមហ៊ុន​របស់​ចិន​ដែល​មក​បោះ​ទុន​រក​ស៊ី​នៅ​កម្ពុជា​វិញ ខ្លះ​បង្កើត​ទំនាស់​រ៉ាំរ៉ៃ​ជាមួយ​ពលរដ្ឋ​មូលដ្ឋាន ខ្លះ​ទៀត​រង​ការ​ចោទ​ប្រកាន់​រឿង​បំផ្លាញ​បរិស្ថាន​ និង​មួយ​ចំនួន​កំពុង​ជាប់​សង្ស័យ​ពី​រឿង​អនុវត្ត​គម្រោងការណ៍​​សម្ងាត់​ឱ្យ​យោធា​ចិន។ ជាឧទាហរណ៍​ ក្រុមហ៊ុន​ យូឌីជី (UDG) កំពុង​ស្ថាបនា​វាល​យន្តហោះ​ខ្នាត​ធំ និង​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ក្នុង​ខេត្ត​កោះកុង ដែល​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​វាយ​តម្លៃ​ថា ជា​ទីតាំង​ដែល​យន្ត​ហោះ និង​នាវា​ចម្បាំង​របស់​ចិន​អាច​ចូល​ចត​បាន។

គឺ​ទីតាំង​របស់​ក្រុមហ៊ុន​យូឌីជី និង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នេះ​ហើយ ដែល​ក្រុម​អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ ព្រួយ​បារម្ភ​ថា អាច​ជា​ទីតាំង​ឈរជើង​របស់​យោធា​ចិន​នៅ​កម្ពុជា។ ក្រុម​អ្នក​ជំនាញ​អះអាង​ថា ​បើ​​​រឿង​នេះ​កើត​ឡើង​មែន នោះ​​​ចិន​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង​​ក្នុង​ការ​ទាម​ទារ​យក​​តំបន់​ជម្លោះ​ក្នុង​​សមុទ្រ​ចិន​ខាង​ត្បូង និង​​មាន​​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​​យ៉ាង​ច្រើន​​សម្បើម​​។ លើស​ពី​​នេះ​ទៅទៀត ចិន​នឹង​អាច​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​បន្ថែម​ទៀត​លើ​ច្រក​សមុទ្រ​ម៉ាឡាកា (Malacca) ដែល​ជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​។ នេះ​ជា​សេណារីយ៉ូ​ដ៏​គ្រោះថ្នាក់ និង​​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​ប្រទេស​​សម្ពន្ធ​មិត្ត​របស់​​អាមេរិក​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ហើយដែល​សហរដ្ឋ​អាមេរិក​មិន​អាច​ឱប​ដៃ​ឈរ​មើល​បាន​ឡើយ។ ក្នុង​បរិបទ​បែប​នេះ សហរដ្ឋ​អាមេរិក​អាមេរិក​បាន​​ដាស់​តឿន​របប​លោក ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត​ថា វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​នឹង​ប៉ះពាល់​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ហើយ​បង្ក​ការ​រំខាន និង​បង្កើត​អស្ថិរភាព​ក្នុង​​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ទាំងមូល។

សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា និង​ជា​អ្នក​ជំនាញ​ខាង​ភូមិសាស្ត្រនយោបាយ បណ្ឌិត រ៉ូ វណ្ណៈ មាន​ប្រសាសន៍​ថា ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​អាមេរិក និង​ចិន​ អាច​នឹង​ទាញ​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ប្រសិន​បើ​កម្ពុជា​ជ្រើស​រើស​យក​ភាគី​ណា​មួយ។ លោក​បន្ត​ថា ជម្រើស​ល្អ​សម្រាប់​កម្ពុជា គឺ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស​មហាអំណាច ដើម្បី​ទាញ​យក​ប្រយោជន៍​ជាតិ​របស់​ខ្លួន៖ « ការ​ងាក​ទៅ​រក​មហាអំណាច​មួ​យ​ផ្ដាច់​មុខ វា​ដូច​ជា​យើង​ងាក​ទៅ​រក​ភ្លើង។ យើង​ដឹង​ហើយ​ថា បើ​យើង​នៅ​ក្បែរ​ភ្លើង យើង​អាច​ឆាប​ឆេះ​រលាក ប៉ុន្តែ​បើ​យើង​នៅ​ឆ្ងាយ​ពី​ភ្លើង​ពេក វា​ធ្វើ​ឱ្យ​យើង​រងា​ឯកា យើង​ត្រូវ​ការ​កម្ដៅ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​យើង​ត្រូវ​ធ្វើ​តុល្យភាព​អំណាច​ឱ្យ​ឆ្លាត​វៃ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ជាជាង​យើង​ទៅ​ឱប​ក្រសោប​មហាអំណាច​ណាមួយ​ដាច់​ណាត់ ដែល​ធ្វើ​ឱ្យ​យើង​ផុង​ខ្លួន​ឆេះ​នៅ​ក្នុង​សង្គ្រាម​ភូមិសាស្ត្រ​នយោបាយ​។ ធ្វើ​យ៉ាង​ណា​ក៏​ដោយ​ជា​ប្រទេស​តូច សុខ​ចិត្ត​ឈ្នះ​ជាតិ​ឱ្យ​ចាញ់​ចិត្ត​ចុះ កុំ​ឱ្យ​ឈ្នះ​ចិត្ត​ ចាញ់​ជាតិ »

ក្រៅ​ពី​នេះ បណ្ឌិត រ៉ូ វណ្ណៈ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​​ត្រូវ​ប្រឹងប្រែង​ពង្រឹង​ឯកភាព​ផ្ទៃក្នុង និង​កសាង​សង្គម​ដ៏​រឹងមាំ​មួយ​លើ​មាគ៌ា​ប្រជាធិបតេយ្យ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ជាតិ។ លោក​សង្កត់​ធ្ងន់​ថា មាន​តែ​ការ​ធ្វើ​បែប​នេះ​ទេ ទើប​ប្រទេស​មហាអំណាច​មិន​មាន​លេស​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ឬ​ដាក់​សម្ពាធ​លើ​កម្ពុជា ឱ្យ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ពួក​គេ ហើយ​កម្ពុជា​អាច​ចៀស​ផុត​ពី​ការ​ជាន់​ដាន​ប្រវត្តិសាស្ត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។