"ការ​បង្កើត​បក្ស​ថ្មី​របស់​អតីត​មន្ត្រី​សង្គ្រោះ​ជាតិ​ចំណេញ​សម្រាប់ CPP”

0:00 / 0:00

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ទទួល​បាន​ផល​ចំណេញ​ផ្នែក​នយោបាយ​ពី​ការបង្កើត​បក្ស​ថ្មី​ជា​បន្តបន្ទាប់​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​។ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា នេះ​ជា​ការ​លាប​ពណ៌ ប៉ុន្តែ​ទទួល​ស្គាល់​ថា គណបក្ស​នេះ​មិន​ចង់​ឱ្យ​បក្ស​ដទៃទៀត​រឹងមាំ​ឡើយ។

ការបង្កើត​គណបក្ស​ថ្មី​ជាច្រើន​ពី​សំណាក់​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​នោះ ហាក់​កំពុងតែ​ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ឱ្យ​បន្ត​ក្តោប​ក្តាប់​អំណាច​ត​ទៅមុខ​ទៀត​។​

សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍​ថា ចរន្ត​បើក​បក្ស​ថ្មី​នេះ​បង្ហាញ​ពី​ការ​បែកបាក់​ផ្ទៃក្នុង និង​អាច​បន្ថយឥទ្ធិពល​គណ​បក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្ត​ថា ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បង្កើត​បក្ស​ថ្មី​បែបនេះ ក៏​មានន័យថា អតីតមន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​ទទួលស្គាល់​សាលដីកា​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដែរ​។ លោក​សង្កត់ធ្ងន់​ថា ការ​បែក​​​​​បាក់​គ្នា​របស់​បក្ស​ប្រឆាំង គឺជា​កត្តា​ជោគជ័យ​របស់​គណបក្ស​កាន់អំណាច៖ « បើ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រឈម​នឹង​ការ​បែកបាក់​គ្នា វា​ជួយ​កម្លាំង​ចលករ​ឱ្យ​គណបក្សកាន់អំណាច​លែង​មាន​ក្តី​បារម្ភ លែង​មាន​ការ​ភ័យ​ព្រួយ​អំពី​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ដណ្តើម​យក​អំណាច​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត»។

ស្រដៀង​គ្នា​នេះ អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក មើលឃើញ​ថា ការ​បង្កើត​បក្ស​ថ្មី​ជាច្រើន​ពី​សំណាក់​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​ការ​ដើរ​ចូល​ស៊ង​នយោបាយ​របស់​បក្ស​កាន់អំណាច​។ លោក​ជឿ​ថា គណបក្ស​កាន់អំណាច​នឹង​មាន​លេស​ប្រាប់​ទៅ​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ ពីព្រោះ​មាន​គណបក្ស​ចូលរួម​ប្រកួតប្រជែង​ច្រើន​នៅ​ក្នុង​ការបោះឆ្នោត​​​៖ «ការដែល​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នេះ ខ្ញុំ​គិតថា គឺជា​រឿង​ផលប្រយោជន៍​ឯកជន​ច្រើនជាង​ផលប្រយោជន៍​រួម ហើយ​ជា​ការ​ដើរចូល​ក្នុង​អន្ទាក់​នយោបាយ​នៃ​ការ​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ។ មួយទៀត គឺជា​ការ​បំភ័ន្ត​ភ្នែក​ទៅដល់​អន្តរជាតិ​ថា ប្រទេស​កម្ពុជា​មាន​បក្ស​ច្រើន​ក្នុង​ការ​បោះឆ្នោត តែ​ធាតុ​ពិត​គឺជា​ការ​លម្អ​សួន​ប្រជាធិបតេយ្យ​ទេ»។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​វាយតម្លៃ​បែបនេះ បន្ទាប់​ពី​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បង្កើត​គណបក្ស​ថ្មី​ជា​បន្តបន្ទាប់​។ គិត​ត្រឹម​ដើមខែ​សីហា​នេះ មាន​គណបក្ស​នយោបាយ​ចំនួន ៦​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​សុំ​សិទ្ធិ​នយោបាយ​ពី​លោក ហ៊ុន សែន។

គណបក្ស​ទាំង ៦​នោះ រួមមាន «​គណបក្ស​ឆន្ទៈ​ខ្មែរ​»​របស់​ក្រុម​លោក គង់ គាំ «​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​»​របស់​ក្រុម​លោក ជីវ កត្តា «​គណបក្ស​ខ្មែរ​អភិរក្សនិយម​»​របស់​ក្រុម​លោក រៀល ខេមរិន្ទ្រ «​គណបក្ស​កែទម្រង់​កម្ពុជា» របស់​ក្រុម​លោក ប៉ុល ហំ និង​លោក អ៊ូ ច័ន្ទ​រ័ត្ន «​គណបក្ស​បេះដូង​ជាតិ​»​របស់​ក្រុម​លោក សៀម ភ្លុក និង​ចុងក្រោយ​គឺ​«​គណបក្ស​កម្ពុជា​និយម» របស់​ក្រុម​លោក យ៉ែម បុញ្ញឫទ្ធិ​។ គណបក្ស​ទាំង ៦​នេះ មាន​ខ្លះ​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​នៅ​ក្រសួង​មហាផ្ទៃ​រួចហើយ និង​ខ្លះទៀត​កំពុង​ដំណើរការ​នីតិវិធី​ដើម្បី​ក្លាយជា​បក្សនយោបាយ​ពេញលេញ​។​

ស្ថាបនិក​គណបក្ស​កម្ពុ​ជា​និយម និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​ដ៏​សំខាន់​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក យ៉ែម បុញ្ញឫទ្ធិ បាន​បកស្រាយ​ថា មូលហេតុ​ដែល​លោក​បង្កើត​បក្ស​ថ្មី​នេះ គឺ​ដើម្បី​រួមចំណែក​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​។ លោក​បញ្ជាក់​ថា ការ​បង្កើត​បក្ស​ថ្មី​ដើម្បី​ប្រជែង​ការ​បោះឆ្នោត គឺជា​ទស្សនវិស័យ​វែងឆ្ងាយ៖ « អ្វីៗ​សុទ្ធ​តែ​មាន​ចំណុច​ចាប់ផ្តើម​។ ការរៀបចំ​ចងក្រង​សកម្មជន​ដែល​ចូលរួម​តស៊ូ​ជា​យូរលង់​មក​ហើយ ព្រោះ​លោក​ស្រឡាញ់​ប្រជាធិបតេយ្យ សេរីភាព ចង់​ឱ្យ​មាន​យុត្តិធម៌​សង្គម ចង់​ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​នៅ​តាម​មូលដ្ឋាន ត្រូវការ​ចងក្រង​កម្លាំង ហើយ​ចាប់ផ្តើម​បន្តដំណើរ​ទៅមុខ​ទៀត​។ យើង​មិន​ត្រូវ​ទុក​លំហ​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចោល​ទទេ​អ៊ីចឹង​នោះ​ទេ»។

ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកសង្កេតការណ៍​ជឿជាក់​ថា គណបក្ស​ថ្មីៗ​ដែល​បាន​បង្កើត​ឡើង​ទាំងនេះ​នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​នោះ​ទេ ប្រសិនបើ​គ្មាន​ការប្រកាស​គាំទ្រ​ពី​ប្រមុខ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា​។ ជាមួយ​គ្នា​នេះ ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន អាច​នឹង​ថ្កោលទោស​ការបង្កើត​បក្ស​ថ្មី​នេះ​ថា ជា​​​​​​​​​​​​​​​ការ​ជាន់ឈ្លី​ឆន្ទៈ និង​ការ​​លះបង់​របស់​ពួកគាត់​ថែមទៀត។

ប៉ុន្តែ​ការបង្កើត​បក្ស​ថ្មី​ជា​បន្តបន្ទាប់​ដោយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​នេះ ទទួល​បានការ​សាទរ​ពី​គណបក្ស​កាន់អំណាច។

មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ការបង្កើត​បក្ស​ថ្មី​កាន់តែ​ច្រើន​នេះ​បង្ហាញថា កម្ពុជា​មាន​លំហ​នយោបាយ​ពេញលេញ​។ ចំពោះ​មតិ​ដែល​ថា​ការ​បើក​បក្ស​ថ្មី​នេះ​ជា​ការ​ជួយ​ដល់​បក្ស​កាន់អំណាច​នោះ លោក សុខ ឥសាន ចាត់ទុកថា នេះ​ជា​ការ​លាប​ពណ៌​។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចង់ឱ្យ​គណបក្ស​ដទៃទៀត​រឹងមាំ​នោះ​ទេ​៖ «​វា​ជា​រឿង​ធម្មតា​ដែល​គណបក្ស​ប្រកួតប្រជែង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី គ្មាន​គណបក្ស​ណាមួយ​ចង់ឱ្យ​ដៃគូ​របស់​ខ្លួន​ខ្លាំង​នោះ​ទេ»។

ទំនងជា​ដោយសារ​ហេតុផល​នេះ​ហើយ ទើប​របប​ក្រុងភ្នំពេញ​ចាប់ផ្តើម​រឹតត្បិត​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ របស់​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ថ្ងៃទី១ សីហា​ថា មន្ត្រី​បក្ស​ប្រឆាំង​រូប​ណា​ដែល​ធ្វើឱ្យ​លោក​ទាស់ចិត្ត លោក​នឹង​មិន​ផ្តល់​សិទ្ធិ​នយោបាយ​ឱ្យ​ពួកគេ​វិញ​នោះ​ទេ ទោះបី​ជា​មាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏ដោយ៖ «​ទោះបី​រដ្ឋមន្ត្រី​មហាផ្ទៃ​ថា​អាហ្នឹង​មិនដែល​ប្រព្រឹត្ត​ខុស ប៉ុន្តែ​យើង​ព្យាករណ៍​ដឹង​ថា អាហ្នឹង​មុខតែ​មក​ដើម្បី​បំផ្លាញ​ហើយ មិន​ឱ្យ​សិទ្ធិ​ហ្អែង​ទេ​។ បើ​ខ្ញុំ​មិន​ចុះហត្ថលេខា​ស្នើ​ទៅ​ព្រះមហាក្សត្រ ព្រះមហាក្សត្រ​ក៏​ទ្រង់​មិន​ឡាយ​ព្រះហស្ថលេខា​ឱ្យ​សិទ្ធិ​អ្នកឯង​ដែរ»។

មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ដែល​លោក ហ៊ុន សែន មិន​យល់ព្រម​ផ្តល់​សិទ្ធិ​នយោបាយ​តាម​ការ​ស្នើសុំ​នោះ គឺ​លោក​មេធាវី ជូ​ង ជូ​ងី និង​លោក ញឹម គឹម​ញ៉ុ​ល​។ លោក​ទាំងពីរ​ជា​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កូតា​ខាង​លោក សម រង្ស៊ី។

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការ​មិន​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​មន្ត្រី​បក្ស​ប្រឆាំង​នេះ អាច​មក​ពី​មេ​បក្ស​កាន់អំណាច​ព្រួយបារម្ភ​ពី​ការ​ចង​សម្ពន្ធភាព​គ្នា​ឡើងវិញ​នៃ​ក្រុម​មន្ត្រី និង​គណបក្ស​នយោបាយ​ថ្មី​ដែល​បែក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ជុំវិញ​ការបង្កើត​បក្ស​ថ្មី​ជា​បន្តបន្ទាប់​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍ថា នេះ​ជា​សិទ្ធិ​របស់​បុគ្គល​។ លោក​ថា បញ្ហា​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​តស៊ូ​ត​ទៅមុខ​​ទៀត ទាំង​មធ្យោបាយ​ការទូត និង​សកម្មភាព​នៅក្នុង​ប្រទេស ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ៖ «​បើ​យើង​ (​ បក្ស​ថ្មី​ )​ ថា យើង​ចង់​បន្ត យើង​ចង់​ពង្រឹង​ប្រជាធិបតេយ្យ យើង​ត្រូវ​មាន​សេចក្តី​ក្លាហាន ហ៊ាន​តស៊ូ​មតិ ហ៊ាន​តតាំង​ជាមួយនឹង​អំណាច​ផ្ដាច់ការ​ទៅ​។ អាហ្នឹង​ក្រែង​សង្ឃឹម​ថា ប្រជាពលរដ្ឋ​យល់​ខ្លះ ប៉ុន្តែ​បើ​យើង​ទៅ​ធ្វើ​អ្វី​ដោយ​ស្ងៀមស្ងាត់ គ្រាន់តែ​លម្អ​លោក ហ៊ុន សែន រង្វាន់​ពី​ប្រជាពលរដ្ឋ​គឺ​ការ​ថ្កោលទោស​ហ្នឹងឯង»។

លោក អេង ឆៃអ៊ាង គូសបញ្ជាក់​ទៀត​ថា គេ​មិនអាច​យក​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ប្រៀបធៀប​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច (FUNCINPEC) ដែល​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​នោះ​បាន​ទេ ពីព្រោះ​តែ​ជំហរ​នយោបាយ​ខុសគ្នា​។ លោក​ពន្យល់​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជំហរ​នយោបាយ​រឹងមាំ និង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​ឆន្ទៈ​របស់​ពលរដ្ឋ ដូច្នេះ​ពលរដ្ឋ​នៅតែ​ជឿជាក់​លើ​គណបក្ស​នេះ ទោះ​ជា​មាន​មន្ត្រី​ខ្លះ​ចេញទៅ​បង្កើត​បក្សនយោបាយ​ថ្មី​ក៏ដោយ។

​ក្រុម​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ក៏​ឯកភាព​នឹង​ចំណុច​នេះ​ដែរ ព្រោះ​តម្លៃ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​បាត់បង់​ទៅណា​ឡើយ ជាពិសេស​ស្មារតី​សង្គ្រោះ​ជាតិ​នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​ពលរដ្ឋ​ភាគច្រើន ដែល​ចង់បាន​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា​។​

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​ជឿជាក់​ថា ស្មារតី​គាំទ្រ​សង្គ្រោះ​ជាតិ​អាច​នឹង​លេច​ឡើង​គ្រប់​ពេល ប្រសិនបើ​លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​បែកបាក់​គ្នា ហើយ​មានឱកាស​ពេញលេញ​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើងវិញ​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ ពួកគេ​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប ក៏​ត្រូវ​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​បក្ស និង​បង្កើន​សកម្មភាព​ឱ្យបាន​ខ្លាំងក្លា​ផងដែរ ជាពិសេស​ការ​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ និង​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។