តើ​មូលហេតុ​អ្វី​បាន​ជា​ស្ត្រី​ជា​ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ពន្ធនាគារ នៅ​តែ​ខ្លាំង​ក្នុង​ការ​តស៊ូ​មតិ​តវ៉ា​ឲ្យ​ប្ដី​បាន​នៅ​ក្រៅ​ឃុំ?

ដោយ ខែ សុណង
2020-11-19
Share
សកម្មជនតវ៉ា 073120 ប្រពន្ធ​កូន និង​សាច់ញាតិ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​តវ៉ា​ជា​លើក​ទី៧ នៅ​មុខ​សាលាដំបូង​ក្រុងភ្នំពេញ​ឱ្យ​តុលាការ​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០ ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​ប្ដី និង​ឪពុក​ពួក​គាត់​ចេញ​ពី​ពន្ធនាគារ​វិញ។
រូប៖ សកម្មជន

ស្ត្រី​ជា​ប្រពន្ធ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ប្ដេជ្ញា​ចិត្ត​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ប្ដី​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាព​បាន​នៅ​ក្រៅ​ឃុំ​វិញ ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​និង​ការ​បង្ក្រាប​នានា​ឡើយ។ ក្រុម​ស្ត្រី​ទាំង​នោះ បាន​ជ្រើសរើស​យក​ថ្ងៃសុក្រ ជា​ថ្ងៃ​ដែល​ពួកគាត់​ជួបជុំ​គ្នា​តវ៉ា ពី​ស្ថាប័ន​ពាក់ព័ន្ធ បើ​ទោះ​ជា អាជ្ញាធរ​រាជធានី​ភ្នំពេញ​តែង​ប្រើ​កម្លាំង​បង្ក្រាប និង​តាម​ឃ្លាំមើល​ពួកគាត់​ស្ទើរ​គ្រប់​ជំហាន​ក្ដី។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ទង្វើ​របស់​អាជ្ញាធរ​ទៅ​វិញ​ទេ ដែល​ជា​ការ​រារាំង​មិន​ឲ្យ​ក្រុម​ស្ត្រី​ទាំងនោះ​ប្រើប្រាស់​សិទ្ធិ ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌។

តើ​មាន​អ្វី​ដែល​ជំរុញ​ទឹកចិត្ត​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង នៅ​តែ​ខ្លាំង​ក្នុង​ការ​តស៊ូមតិ​ទាមទារ​ដោះលែង​ប្ដី​នៅ​ក្រៅ​ឃុំ?

ក្រុម​ស្ត្រី​ដែល​គេ​ស្គាល់​ថា​ជា​ស្ត្រី​ថ្ងៃសុក្រ ជា​ញឹកញាប់​តែង​ជួបជុំ​គ្នា​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​អះអាង​ថា ពួកគាត់​រង​ការ​ធ្វើ​ទុក​បុក​ម្នេញ តាម​ឃ្លាំមើល​គ្រប់​សកម្មភាព និង​គំរាមកំហែង​ឲ្យ​ចុះចូល​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

ប្រពន្ធ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចន្ថា ថ្លែង​ថា លោកស្រី​គ្មាន​អ្វី​ជា​ទីអាង​ក្នុង​សកម្មភាព​ដែល​ពួកគាត់​រួម​គ្នា​តវ៉ា​ឲ្យ​របប​ក្រុងភ្នំពេញ​ដោះលែង​ប្ដី​ក្រៅ​ពី​ការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​នាម​ជា​ពលរដ្ឋ​នោះ​ទេ។ លោកស្រី​បញ្ជាក់​ជំហរ​ថា ទោះ​ជា​មាន​សកម្មភាព​គំរាមកំហែង​របស់​អាជ្ញាធរ​បែប​ណា​ក្ដី ក៏​លោកស្រី​នឹង​មិន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ឡើយ ពីព្រោះ​លោកស្រី​យល់​ថា ពួកគាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​បើ​សិន​ជា​ទទួល​សារភាព ឬ​សរសេរ​លិខិត​សុំទោស​នោះ​មាន​ន័យ​ស្នើ​នឹង​ពួកគាត់​មាន​ទោស៖«បើ​សិន​ជា​ចាប់​ខ្ញុំ​មួយ​ទៀត​ក៏​មិន​ដឹង​ថា ប្រទេស​ហ្នឹង​យ៉ាង​ណា​ទេ ចាប់​ប្ដី​ហើយ​ចាប់​ប្រពន្ធ​គេ​ដាក់​គុក​ទៀត​អ៊ីចឹង​បំបិទ​សិទ្ធិ​សេរីភាព​គេ​ខ្លាំង​ណាស់។ ខ្ញុំ​ប្រើ​សិទ្ធិ​របស់​ខ្ញុំ ខ្ញុំ​ខឹង​ខ្លាំង​ណាស់​រឿង​អី​មក​ធ្វើបាប​ខ្ញុំ​ហើយ​មក​ធ្វើ​បាប​ខ្ញុំ​ទៀត។ សួរ​ថា​អ្នក​ជិតខាង​គេ​មើល​មក​ខ្ញុំ​យ៉ាង​ម៉េច​ដែល​មក​តាម​ខ្ញុំ​នេះ ខ្ញុំ​រឿង​អី? ខ្ញុំ​ខុស​អី? អ្នក​ជិតខាង​លឺ​ទាំង​អស់ ខ្ញុំ​ចុះ​ចូល​ទៅ​គេ​នឹង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។ ប្ដី​ខ្ញុំ​ខុស​អី​ឲ្យ​ចុះចូល​ឲ្យ​សារភាព? ប្ដី​ខ្ញុំ​ខុស​អី? ខ្ញុំ​ទៅ​ជួប​គាត់​គាត់​ថា​គេ​ឲ្យ​ធ្វើ​លិខិត​សុំទោស​រដ្ឋាភិបាល​ទៅ គេ​នឹង​លើកលែង​ទោស ខ្ញុំ​ថា​ឲ្យ​តែ​ហ៊ាន ខ្ញុំ​លែង​ចោល​ហ្មង អត់​ចិញ្ចឹម​ទៀត​ទេ សុំទោស​នៅ​ហ្នឹង​ចុះ។ ខ្ញុំ​សុំ​ដក​ខ្លួន​ចេញ ព្រោះ​ប្រពន្ធ​ហត់​ណាស់ ធ្វើ​ដើម្បី​ប្ដី​រក​ចិញ្ចឹម​កូន ចញ្ចឹម​ម្ដាយ គ្រប់​សព្វសារពើ​ទាំង​អៃ់ ហើយ​ទៅ​សារភាព​ទៀត។ ខ្ញុំ​ថា​ជីវិត​នេះ​យក​ប្ដី​អ្នក​នយោបាយ​ម្នាក់​នេះ​គឺ​ខុស​ប្រសិន​ជា​គាត់​សារភាព​មែន ខ្ញុំ​ដាច់​អហិការ​តែ​ម្ដង ព្រោះ​ដើរ​ដល់​ផ្លូវ​នេះ​ហើយ»

កាល​ពី​ថ្ងៃ​ទី៩ វិច្ឆិកា លោកស្រី ព្រំ ចន្ថា ឲ្យ​ដឹង​អាស៊ី​សេរី​ដឹង​ថា អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បញ្ជូន​មនុស្ស​ប្រុស​ស្លៀកពាក់​ស៊ីវិល​ចំនួន​៥​នាក់ ឲ្យ​តាមដាន​សកម្មភាព​លោកស្រី​រាល់ថ្ងៃ ហើយ​នៅ​ពី​រសៀល​ថ្ងៃ​ដដែល ពួកគេ​បាន​បង្ខំ​ឱ្យ​លោកស្រី​ឈប់​តវ៉ា​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម ហើយ​ងាក​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជា​ថ្នូរ​បាន​ដោះលែង​ប្ដី​របស់​លោក​ស្រី​មាន​សេរីភាព​វិញ។ លោកស្រី​អះអាង​ថា មនុស្ស​ទាំង​៥នាក់​នោះ មាន​២នាក់​ធ្វើ​ការ​នៅ​សាលា​ខណ្ឌ​ដូន​ពេញ ដែល​តែងតែ​ដឹកនាំ​កង​សន្តិសុខ​ចុះ​រារាំង​ការ​តវ៉ា​របស់​ពួក​លោកស្រី​ជា​ប្រចាំ។

ចំណែក​ប្រពន្ធ​ចៅសង្កាត់​ផ្សារ​ដេប៉ូ៣​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ លោក​ស្រី សុខ បូលីម៉ា រៀបរាប់​ថា ថ្មីៗ នេះ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​មិន​អនុញ្ញាត​ឲ្យ​លោកស្រី​ចូល​សួរ​សុខ​ទុក្ខ​ប្ដី​របស់​គាត់​ឡើយ។ លោកស្រី​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​ជា​ការ​ធ្វើ​ឱ្យ​លោកស្រី​ឈឺ​ចាប់​កាន់​តែ​ខ្លាំង ពីព្រោះ​លោក​ស្រី​មិន​បាន​ជួប​មុខ​ប្ដី​របស់​គាត់​អស់​រយៈពេល​២សប្ដាហ៍​ទៅ​ហើយ។ លោកស្រី​ថ្លែង​ទាំង​អួល​ដើម​ករ​ថា ការ​ដែល​មន្ត្រី​ពន្ធនាគារ​ហាមឃាត់​មិន​ឲ្យ​លោកស្រី​ចូល​សួរ​សុខទុក្ខ​ប្ដី​នេះ គឺ​ជា​ការ​ធ្វើ​ដាក់​សម្ពាធ​លើ​គ្រួសារ​លោកស្រី និង​ដោយសារ​អាជ្ញាធរ​មិន​ពេញ​ចិត្ត​ពួកគាត់​ដែល​តែង​ប្រើប្រាស់​សិទ្ធិ​តវ៉ា​ដោយ​អហិង្សា​រៀង​រាល់​ថ្ងៃសុក្រ ដើម្បី​ទាមទារ​ឱ្យ​​តុលាការ​ដោះលែង​ប្ដី​ពួកគាត់​ជា​បន្តបន្ទាប់​នោះ៖ «ដល់​ខ្ញុំ​អត់​បាន​ជួប​គាត់​​អីចឹង​ខ្ញុំ​​បារម្ភ​ពី​សុខភាព​គាត់​មែន​ទែន​ ណា​មួយ​គាត់​លើស​ឈាម​ គាត់​កើត​រមាស់​​ទៀត​ ហើយ​លេច​ថ្នាំ​យ៉ាង​ម៉េច​ក៏​អត់​ជា​ដែរ​ ដោយសារ​ទឹក​ហ្នឹង​មេរោគ​នៅ​ក្នុង​ហ្នឹង​។​ដំណាក់​កាល​នេះ​ខ្ញុំ​អត់​មាន​ទន់​ជ្រាយ​ទេ​ ទោះ​បី​ចាប់​ខ្ញុំ​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ណា​ក៏​ខ្ញុំ​ទៅ​មុខ​ជា​និច្ច​ដែរ»

លោកស្រី សុខ បូលីម៉ា ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​ធាក់​ផ្ដួល​ម៉ូតូ​របស់​លោក​ស្រី​បណ្ដាល​ឱ្យ​គាត់​ដួល​របួស​ជើង​ធ្ងន់ធ្ងរ​កាល​ពី​ថ្ងៃទី៣ ខែវិច្ឆិកា ខណៈ​ប្រពន្ធ​កូន​សកម្មជន​បក្ស​ប្រឆាំង កំពុង​ជាប់​ឃុំ​ដទៃ​ទៀត​នោះ ក៏​ត្រូវ​បាន​អាជ្ញាធរ​តាម​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាមកំហែង​ឲ្យ​បញ្ឈប់​ការ​តវ៉ា​ជា​រៀង​រាល់​ថ្ងៃសុក្រ​ដែរ។

ក្រុម​ស្ត្រី​ថ្ងៃសុក្រ បាន​ចាប់​ផ្ដើម​ទៅ​តវ៉ា​នៅ​មុខ​តុលាការ ជា​ច្រើន​ខែ​ដោយ​ពួកគាត់​កាន់​រូបថត​ប្ដី លើក​បដា​និង​គោះ​ឆ្នាំង​បាយ​ស្រែក​សុំ​អន្តរាគមន៍​ពី​តុលាការ​ឲ្យ​ដោះលែង​ប្ដី​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ តែ​គ្មាន​សញ្ញា​វិជ្ជមាន​នោះ​ទេ។

បច្ចុប្បន្ន​ពួកគាត់​បាន​បង្វែរ​ការ​តវ៉ា​ដោយ​មិន​នៅ​តែ​មួយ​កន្លែង​ឡើយ ពោល​គឺ​ពួកគាត់​នាំ​គ្នា​ដើរ​ដាក់​ញត្តិ​តាម​បណ្ដា​ទូត​ប្រទេស​ប្រជាធិបតេយ្យ ស្នើ​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ និង​ចុង​ក្រោយ​ពួកគាត់​ទៅ​បន់ស្រន់​នៅ​ទី​សក្ការ​បូជា​ព្រះអង្គ​ដង​ទុង ឬ​ព្រះអង្គ​ដង​កើ មុខ​ព្រះបរមរាជវាំង​វិញ។ អ្វី​ដែល​ទទួល​បាន​គឺ​ពួកគាត់​រង​ការ​រារាំង និង​បង្ក្រាប​មិន​ឲ្យ​ជួបជុំ​គ្នា​ពី​សំណាក់​អាជ្ញាធរ​សន្តិសុខ​ក្រុង​ជា​រៀង​រាល់​លើក។

ឆ្នាំងបាយ​ដែល​ពួកគាត់​គោះ​នេះ គឺ​ជា​និមិត្តរូប​ដែល​ចង់​បង្ហាញ​ថា របប​ក្រុងភ្នំពេញ​ចាប់​បង្គោល​គ្រួសារ​របស់​ពួកគាត់​ដោយ​គ្មាន​ទោស​កំហុស ដាក់​ពន្ធនាគារ និង​យក​ពួកគាត់​ជា​ចំណាប់ខ្មាំង​នយោបាយ។ ទង្វើ​នេះ បាន​ធ្វើ​ឲ្យ​ស្ត្រី​ទាំង​នោះ មាន​ការ​លំបាក​ខាង​ជីវភាព ដើរ​តួ​ជា​បង្គោល​ក្នុង​ផ្ទះ​ប្រកប​របប​ចិញ្ចឹម​គ្រួសារ​ផង ដើរ​តវ៉ា​រក​យុត្តិធម៌​ផង និង​រងគ្រោះ​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ថែម​ទៀត។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី មូរ សុខហួរ យល់​ថា ដោយ​ការ​រើសអើង​នយោបាយ​លើ​ស្ត្រី​អ្នក​តវ៉ា​រៀងរាល់​ថ្ងៃសុក្រ មិន​ត្រូវ​បាន​ស្ថាប័ន​និង​ក្រសួង​ពាក់ព័ន្ធ​ពិសេស​ក្រសួង​កិច្ចការ​នារី​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​ពួកគាត់​នោះ​ទេ ប្រការ​នេះ​ហើយ​ដែល​នាំ​ឲ្យ​ស្ត្រី​ទាំង​នោះ​កាន់​តែ​រងគ្រោះ​ថែម​ទៀត៖«ក្រសួង​កិច្ចការ​នារី​ដែល​ជា​តំណាង​នៃ​ស្ត្រី​គួរ​តែ​បញ្ចេញ​មតិ​របស់​ខ្លួន យក​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ជូន​ដំណើរ​ដល់​ស្ត្រី​ថ្ងៃសុក្រ​ឲ្យ​ទទួល​បាន​នូវ​ជ័យជំនះ ហើយ​ស្ត្រី​ថ្ងៃសុក្រ​គ្មាន​បំណង​ចង់​បាន​អ្វី​ក្រៅ​ពី​ដោះលែង​ស្វាមី​និង​ឪពុក​របស់​ខ្លួន​ទេ។ ការ​តវ៉ា​នេះ​ខ្ញុំ​យល់​ឃើញ​ថា ជា​ការ​ត្រឹមត្រូវ ជា​ការ​តវ៉ា​ដោយ​អហិង្សា ជា​ការ​តវ៉ា​ដោយ​ផ្ដល់​នូវ​តម្លៃ នៃ​ភាព​រឹងមុំាំ និង​ភាព​ថ្លៃថ្នូរ​ដល់​ស្ត្រី​ខ្មែរ​យើង»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc) ​លោក ស៊ឹង សែន​ករុណា មើល​ឃើញ​ថា ស្ត្រី​ជា​ប្រពន្ធ​សកម្មជន​ពិត​ជា​រងគ្រោះ​ផ្ទួនៗ ក្នុង​គ្រា​ដែល​សំណុំរឿង​ពួកគាត់​មិន​ត្រូវ​បាន​ដោះស្រាយ ហើយ​ពួកគាត់​បាន​បន្ត​រងគ្រោះ​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​នានា​ព្រោះ​តែ​សកម្មភាព​តវ៉ា​នេះ។ លោក​សង្កេត​ឃើញ​ថា នេះ​ជា​សំណុំរឿង​ផ្នែក​នយោបាយ​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ដំណោះស្រាយ​អាច​មាន​ទៅ​បាន​គឺ​អាស្រ័យ​ទៅ​លើ​ការ​សម្របសម្រួល​នយោបាយ​ក្នុង​ប្រទេស៖ «ខ្ញុំ​យល់​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំង​អស់ ប្រហែល​ជា​លោក​មិន​ហ៊ាន​អារ​កាត់​សម្រេច​រក​យុត្តិធម៌​ជូន​ទៅ​សកម្មជន​ទាំង​អស់​ហ្នឹង​ទេ។ បើ​កាល​ណា​មិន​អាច​ផ្ដល់​យុត្តិធម៌​ដោះលែង​ប្ដី​ពួកគាត់​មិន​បាន​ចឹង យើង​ដឹង​ស្រាប់​ហើយ​គាត់​មិន​អស់ចិត្ត​គាត់​ច្បាស់​ជា បន្ត​ទាមទារ​តវ៉ា​ទៅ​តាម​អ្វី​ដែល​ពួកគាត់​យល់​ឃើញ​ថា កន្លែង​ណាមួយ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​អាច​ស្ងប់​ចិត្ត​ស្ងប់​អារម្មណ៍ ឬ​ក៏​រក​ស្ថាប័ន​ណាមួយ​ដែល​គិត​ថា​អាច​ជួយ​អន្តរាគមន៍​ដោះលែង​បាន»

ចាប់​តាំងពី​ខែមករា រហូត​ដល់​ខែវិច្ឆិកា​នេះ របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ អ្នក​នយោបាយ សកម្មជន យុវជន ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យ៉ាង​ហោច​ណាស់​ក៏​ជាង ៤០​នាក់។ សកម្ម​ជន​បក្ស​ប្រឆាំង​ច្រើន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់​បញ្ជា និង​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ជាដើម។ ចំណែក​ក្រុម​សកម្មជន អ្នក​នយោបាយ​មិន​មែន​បក្ស​សង្គ្រោះ​ជាតិ និង​យុវជន​វិញ រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ដែរ។

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង បាន​ទទូច​ដល់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នេះ​វិញ ដោយ​យល់​ឃើញ​ថា អ្នក​ទាំង​នោះ បាន​សម្ដែង​មតិ និង​អនុវត្ត​សិទ្ធិ​នយោបាយ មិន​មែន​ជា​បទល្មើស​នោះ​ទេ តែ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ធានា​ឱ្យ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

ក្រុម​ស្ត្រី​ថ្ងៃសុក្រ ប្ដេជ្ញា​ថា ពួកគាត់​ដឹង​ច្បាស់​ថា នេះ​សំណុំរឿង​នយោបាយ ប្ដី​របស់​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ឡើយ ហេតុ​នេះ​ហើយ​ទើប​ជំរុញ​ទឹកចិត្ត​ឲ្យ​ពួកគាត់​ស៊ូប្ដូរ​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។